សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កម្មករតាមផ្ទះអំពាវនាវឱ្យមានកំណែទម្រង់ច្បាប់ និងសន្តិសុខសង្គម​ឡើងវិញ ដើម្បីធានាសិទ្ធិការងារស្មើគ្នា

អង្គការសង្គមស៊ីវិល និងកម្មករ ចូលរួមប្រារព្ធទិវាអន្តរជាតិកម្មករការងារតាមផ្ទះ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។ (សង់ត្រាល់)
អង្គការសង្គមស៊ីវិល និងកម្មករ ចូលរួមប្រារព្ធទិវាអន្តរជាតិកម្មករការងារតាមផ្ទះ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។ (សង់ត្រាល់)

សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) និងអង្គការអ៊ុកស្វាម(Oxfam) បានស្នើឱ្យរដ្ឋាភិបាលធ្វើឱ្យប្រសើរឡើងនូវសន្តិសុខសង្គម និងការគាំពារកម្មករតាមផ្ទះតាមរយៈច្បាប់ ដោយសង្កត់ធ្ងន់ថាពួកគេសមនឹងទទួលបានសិទ្ធិដូចគ្នាដែលបានផ្តល់ឱ្យកម្មករផ្សេងទៀត ដូចជាការទទួលបានលក្ខខណ្ឌការងារត្រឹមត្រូវ និងការថែទាំសុខភាព។

ក្រុមនេះបានអំពាវនាវនៅក្នុងវេទិកាមួយដែលធ្វើឡើងរួមគ្នាជាមួយទិវាអន្តរជាតិកម្មករការងារតាមផ្ទះ ក្រោមប្រធានបទ «គាំពារសង្គម និងការងារសមរម្យសម្រាប់កម្មករការងារតាមផ្ទះ» កាលពីថ្ងៃទី១៥ ខែមិថុនា ថាឱ្យមានការអនុម័តអនុសញ្ញាលេខ ១៨៩ របស់អង្គការពលកម្មអន្តរជាតិ (ILO)។

វេទិកានេះក៏បានបង្ហាញពីឱកាសសម្រាប់ការសន្ទនាដោយផ្ទាល់រវាងភាគីពាក់ព័ន្ធ និងកម្មករតាមផ្ទះ ដែលបានលើកឡើងពីបញ្ហាប្រឈម ការយល់ដឹង និងបទពិសោធន៍ទាក់ទងនឹងគោលនយោបាយ និងការអនុវត្តកិច្ចគាំពារសង្គម។ ជាមួយគ្នា ពួកគេបានជំរុញឱ្យអ្នកបង្កើតគោលនយោបាយអនុវត្តវិធានការ និងដំណោះស្រាយ។

កម្មករតាមផ្ទះ គឺជាមនុស្សដែលធ្វើការក្នុងគ្រួសាររបស់និយោជក។ ប្រភេទនៃសេវាកម្មទាំងនោះរួមមានប្រភេទសម្រាប់បុគ្គល ឬគ្រួសារមួយ ចាប់ពីការផ្តល់ការថែទាំកុមារ និងមនុស្សចាស់ក្នុងបន្ទុក រួមទាំងការសម្អាត និងការថែទាំតាមផ្ទះផងដែរ។ ប៉ុន្តែរហូតមកទល់ពេលបច្ចុប្បន្ន កម្មករបម្រើការងារតាមផ្ទះមិនមានសិទ្ធិទទួលបានគម្រោងរបស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ទេ ដោយសារពួកគេមិនត្រូវបានគ្របដណ្តប់ដោយច្បាប់ការងារកម្ពុជាឆ្នាំ ១៩៩៧។

យោងតាមសមាគម ​​IDEA និងអង្គការ Oxfam ឱ្យដឹងថា កម្មករតាមផ្ទះបានដើរតួនាទីមិនអាចកាត់ថ្លៃបាននៅក្នុងសង្គម ដោយពួកគេបានផ្តល់សេវាថែទាំដោយផ្ទាល់ និងដោយប្រយោលសំខាន់ៗដល់គ្រួសារឯកជន។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេសដែលមានចំណូលមធ្យមកម្រិតទាបជាច្រើន ការផ្តល់ការគាំពារសង្គមប្រកបដោយប្រសិទ្ធភាពនៅតែជាបញ្ហាប្រឈមដ៏សំខាន់ ដែលធ្វើឱ្យកម្មករក្រៅប្រព័ន្ធប្រឈមនឹងហានិភ័យនៃការដកចេញពីការធានារ៉ាប់រងសង្គម។

ដោយទទួលស្គាល់ពីសារៈសំខាន់នៃការអភិវឌ្ឍរួម អង្គការ ILO តាមរយៈអនុសញ្ញាលេខ ១៨៩ បានបញ្ជាក់ថា សិទ្ធិកម្មករតាមផ្ទះគួរតែត្រូវបានគេមើលឃើញថាស្មើនឹងកម្មករផ្សេងទៀតដែលមានសិទ្ធិទទួលបានការងារសមរម្យ។

អង្គការ ILO បានឱ្យដឹងទៀតថា សេដ្ឋកិច្ចក្រៅប្រព័ន្ធមានច្រើនជាងពាក់កណ្តាលនៃកម្លាំងពលកម្មពិភពលោក ដែលនេះជាស្ថានភាពជាក់ស្ដែងសម្រាប់ប្រទេសកម្ពុជាផងដែរ។ នៅក្នុងការស្រាវជ្រាវឆ្នាំ ២០១៨ អង្គការ ILO បានប៉ាន់ប្រមាណថា ប្រាក់ចំណូលកើតចេញពីអ្នកធ្វើការតាមផ្ទះប្រមាណ ២៤០,០០០ នាក់បានជួយទ្រទ្រង់ជីវភាពរស់នៅរបស់គ្រួសារកម្ពុជា ក៏ដូចជាបានដើរតួជាផ្នែកមួយក្នុងការលុបបំបាត់ភាពក្រីក្រ។

អនុវត្ត​ច្បាប់​តឹងរ៉ឹង

ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ កម្មករតាមផ្ទះបានលើកឡើងថា ពួកគេបានប្រឈមមុខនឹងបញ្ហាទាក់ទងនឹងការឈប់សម្រាក ដោយសារពួកគេមិនមានការឈប់សម្រាកប្រចាំឆ្នាំដូចបុគ្គលិកដទៃទៀត។ លើសពីនេះ និយោជកនឹងកាត់ប្រាក់បៀវត្សរ៍របស់ពួកគេ ប្រសិនបើសេវាកម្មរបស់ពួកគេត្រូវបានបញ្ចប់។

ប្រធានក្រុមកម្មករការងារតាមផ្ទះ អ្នកស្រី យ៉ុង ស្រីមុំ ​បាន​និយាយ​ថា បណ្តាញនេះតែងតែ​តាម​ដាន​និង​លើក​ទឹក​ចិត្ត​ពួក​គេ​ពេល​ជួប​បញ្ហា​ជាមួយ​ម្ចាស់​ផ្ទះ។

អ្នកស្រីបានស្នើទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធនានា ដោយជំរុញម្ចាស់ផ្ទះឱ្យចុះឈ្មោះកម្មករតាមផ្ទះជាមួយបេឡាជាតិរបបសន្តិសុខសង្គម។

អ្នកស្រី ថ្លែងក្នុងវេទិកាថា៖ «ម្ចាស់ផ្ទះខ្លះមិនចេញបណ្ណ ប.ស.ស.ទេ ហើយកម្មកររបស់ពួកគេហាក់ដូចជាពិបាកក្នុងការចុះឈ្មោះដោយខ្លួនឯង»។

អ្នកចូលរួមម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា អ្នកស្រីបានសម្រេចចិត្តដាក់ពាក្យសុំបណ្ណ ប.ស.ស ដោយខ្លួនឯង ដោយសារតែម្ចាស់ផ្ទះដែលគាត់កំពុងធ្វើការឱ្យមិនមានឆន្ទៈក្នុងការចេញបណ្ណ ប.ស.ស.។

អ្នកស្រីបន្ថែមថា លុះត្រាតែរដ្ឋាភិបាលប្តេជ្ញាដោះស្រាយបញ្ហានេះ ទើបពលករធ្វើការតាមផ្ទះអាចទទួលបានបណ្ណបេឡាជាតិរបបសន្តិសុខសង្គមដោយស្របច្បាប់។

អ្នកស្រីនិយាយថា៖ «ខ្ញុំ​គិត​ថា បើ​អាជ្ញាធរ​បេឡាជាតិ​របប​សន្តិសុខ​សង្គម​ជូន​ដំណឹង​តែ​ម្ចាស់​ផ្ទះ វា​នឹង​មិន [បង្ខំ] ម្ចាស់ផ្ទះ [ឱ្យ​ធ្វើ​អ្វី] ទេ។​​ ប៉ុន្តែ​ប្រសិន​បើ​រដ្ឋាភិបាល​ដាក់​ការ​អនុវត្ត​តឹងរ៉ឹង​លើ​ម្ចាស់​ផ្ទះ​ឱ្យ​ធ្វើ [បណ្ណប.ស.ស.] ព្រម​ទាំងធ្វើការត្រួត​ពិនិត្យ​ផ្ទះ ឬ​ក្រុមហ៊ុនឱ្យដិតដល់នោះ [ពួកគេ​នឹង​ប្រកាន់​ខ្ជាប់]»។

ផ្ដល់ភាពស្របច្បាប់ជូន​កម្មករ​តាម​ផ្ទះ

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) លោក វន់ ពៅ មានប្រសាសន៍ថា សមាគម និងអង្គការដៃគូបាននឹងកំពុងអំពាវនាវឱ្យរដ្ឋាភិបាលផ្តល់សច្ចាប័នលើអនុសញ្ញា ILO លេខ ១៨៩។

ទោះបីជាមានឯកសារ និងពិធីការស្របច្បាប់ និងការអនុវត្តមានកម្រិតក៏ដោយ កម្មករធ្វើការតាមផ្ទះប្រមាណ ៧៥,៨ លាននាក់នៅទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជា នៅតែប្រឈមមុខនឹងការដកចេញពីការងារ ការការពារការងារ សន្តិសុខសង្គម ឬការគាំពារសង្គម និងការរំលោភសិទ្ធិជាមូលដ្ឋាន។

លោក ពៅ បានថ្លែងថា ពួកគេជារឿយៗប្រឈមមុខនឹងការរើសអើង ឬការយាយី ការកេងប្រវ័ញ្ចសេដ្ឋកិច្ច ការបៀតបៀនដោយពាក្យសំដី អំពើហិង្សាផ្អែកលើយេនឌ័រ និងកង្វះឯកជនភាព។ ទន្ទឹមនឹងនេះ សិទ្ធិចូលរួមសហជីពនៅមានកម្រិតនៅឡើយ ដោយនិយោជកមួយចំនួនមិនបានដឹងពីការគាំពារសង្គម ឬមិនបានចុះឈ្មោះកម្មករតាមផ្ទះជាមួយបេឡាជាតិរបបសន្តិសុខសង្គមឡើយ។

លោក ពៅ បានមានប្រសាសន៍ថា៖ «ឯកសារ និងបទប្បញ្ញត្តិច្បាប់នៅក្នុងស្រុកមួយចំនួននៅតែខ្វះយន្តការជាក់ស្តែងសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃការគាំពារកម្មករតាមផ្ទះ»។ លោកបន្តថា៖ «ខ្ញុំក៏ស្នើសុំឱ្យ ILO លើកទឹកចិត្តប្រទេសជាសមាជិកឱ្យផ្តល់សច្ចាប័នលើអនុសញ្ញាលេខ​១៨៩ ស្តីពីកម្មករតាមផ្ទះផងដែរ»។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) លោក វន់ ពៅ ថ្លែងក្នុងទិវាអន្តរជាតិកម្មករការងារតាមផ្ទះ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។ (សង់ត្រាល់)

រដ្ឋាភិបាលគួរតែរៀបចំឡើងវិញនូវផែនទីបង្ហាញផ្លូវសម្រាប់ការផ្តល់សច្ចាប័នលើអនុសញ្ញាលេខ ១៨៩ ដើម្បីជំរុញម្ចាស់ផ្ទះដែលមានកម្មករក្នុងបន្ទុក ឱ្យចុះឈ្មោះពួកគេនៅក្រោម ប.ស.ស និងធ្វើអធិការកិច្ចលើម្ចាស់ផ្ទះដើម្បីពិនិត្យមើលថាតើអ្នកណាខ្លះមិនទាន់បានចុះឈ្មោះកម្មករជាមួយ ប.ស.ស.។

ថ្លែងក្នុងវេទិកាដោយភ្ជាប់ជាមួយនឹងរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់អង្គការ ILO លោក តាន់ វិសាល តំណាងអង្គការ Oxfam បាននិយាយថា កម្មករតាមផ្ទះនៅតែមិនមានម៉ោងធ្វើការជាក់លាក់ មិនត្រូវបានផ្តល់ថ្ងៃឈប់សម្រាក និងការឈប់សម្រាកប្រចាំឆ្នាំ និងមិនទទួលបានប្រាក់ឈ្នួលអប្បបរមា ការឈប់សម្រាកលំហែមាតុភាព សំណង ការឈប់សម្រាកឈឺ ក៏ដូចជាសំណងសម្រាប់គ្រោះថ្នាក់ការងារឡើយ។

លោក វិសាល មានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនឹងពិចារណាផ្តល់សច្ចាប័នលើអនុសញ្ញា ILO លេខ ១៨៩ ក្នុងពេលឆាប់ៗនេះ ដើម្បីជាប្រយោជន៍រួមសម្រាប់កម្មករតាមផ្ទះទាំងអស់»។

ស្រដៀងគ្នានេះដែរ តំណាងបណ្តាញគាំពារសង្គមសម្រាប់ទាំងអស់គ្នា (SP4ALL) អ្នកស្រី អ៊ូ ទេពផល្លីន មានប្រសាសន៍ថា នៅពេលដែលរដ្ឋាភិបាលផ្តល់សច្ចាប័នលើអនុសញ្ញា ILO ស្តីពីកម្មករតាមផ្ទះ កម្មករនឹងមានសិទ្ធិដូចកម្មករផ្សេងទៀតដែរ។ ដូច្នេះ វានឹងអនុញ្ញាតឱ្យពួកគេបំពេញកាតព្វកិច្ចពន្ធរបស់ពួកគេជូនរដ្ឋ ជាថ្នូរនឹងការដោះស្រាយនូវតម្រូវការរបស់ពួកគេត្រឡប់មកវិញ។

នៅពេលដែលរដ្ឋធានានូវការការពារផលប្រយោជន៍ និងសិទ្ធិការងារ កម្មករតាមផ្ទះនឹងមិនចាំបាច់ព្រួយបារម្ភអំពីការបាត់បង់ការងារ ឬអត្ថប្រយោជន៍របស់ពួកគេទេ ពីព្រោះរដ្ឋនឹងដើរតួជាអាណាព្យាបាល។

អ្នកស្រីបន្ថែមថា៖ «ប្រសិនបើកម្មករធ្វើការតាមផ្ទះត្រូវបានចុះបញ្ជីពេញលេញ និយោជកនឹងមានការការពារពេញលេញ ហើយពន្ធនឹងត្រូវបង់តាមនោះ។ រដ្ឋមានប្រាក់ចំណូល ហើយប្រជាជនមានការងារ និងការការពារពេញលេញ»។

តំណាងបណ្តាញគាំពារសង្គមសម្រាប់ទាំងអស់គ្នា (SP4ALL) អ្នកស្រី អ៊ូ ទេពផល្លីន ថ្លែងក្នុងទិវាអន្តរជាតិកម្មករការងារតាមផ្ទះ នៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៥។ (សង់ត្រាល់)

ហ្វីលីពីនជាប្រទេសក្នុងតំបន់តែមួយគត់ដែលបានផ្តល់សច្ចាប័នលើអនុសញ្ញា ILO

រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក គុជ សុមាន មានប្រសាសន៍ថា ក្រសួងនឹងពិនិត្យលើសេចក្តីប្រកាសមុនៗ ដើម្បីពិនិត្យប្រសិទ្ធភាព។

លោកទទួលស្គាល់ថា ចំណុចនេះពិតជាល្អ ដោយសារក្រសួងកំពុងនឹងបង្កើតគោលនយោបាយជាតិថ្មី ដោយលោកបន្ថែមថា ធាតុចូលពីវេទិកានេះនឹងត្រូវបានសិក្សាជាអាទិភាព ដើម្បីផ្តល់ការគាំទ្រដល់ក្រុមគោលដៅជាក់លាក់។

លោកថ្លែងថា៖ «កម្មករតាមផ្ទះគឺជាក្រុមគោលដៅមួយ ប៉ុន្តែយើងក៏មានក្រុមគោលដៅផ្សេងទៀត។ យើងនឹងសិក្សាកញ្ចប់សន្តិសុខសង្គមផ្សេងទៀតដែលនឹងមានភាពបត់បែនជាងមុនក្នុងការឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង»។

អ្នកសម្របសម្រួលគម្រោងជាតិរបស់អង្គការ ILO លោក វ៉ាន់ វីត បានលើកឡើងថា មានតែប្រទេសហ្វីលីពីនប៉ុណ្ណោះដែលបានផ្តល់សច្ចាប័នលើអនុសញ្ញា ILO នៅក្នុងតំបន់អាស៊ី ហើយប្រទេសនេះក៏បានលើកទឹកចិត្តប្រទេសផ្សេងទៀតឱ្យបង្កើតច្បាប់ គោលនយោបាយ និងបទប្បញ្ញត្តិដែលអាចធ្វើឱ្យប្រសើរឡើងនូវស្ថានភាព ការការពារសិទ្ធិ និងអត្ថប្រយោជន៍របស់កម្មករតាមផ្ទះផងដែរ។

លោក វីត បាននិយាយថា៖ «អង្គការ ILO កំពុងគាំទ្រដល់ការអភិវឌ្ឍគោលនយោបាយថ្មី ហើយគោលនយោបាយថ្មីនេះផ្តោតលើសុវត្ថិភាពការងារ ប៉ុន្តែក៏រួមបញ្ចូលលក្ខខណ្ឌការងារនៅផ្ទះ និងពលករតាមផ្ទះដែលធ្វើការនៅក្រៅប្រទេសផងដែរ។ សម្រាប់វិស័យឯកជន យើងក៏បានបង្កើតក្រមវិជ្ជាជីវៈ និងក្រមប្រតិបត្តិ ដើម្បីការពារសិទ្ធិស្របតាមស្តង់ដារការងារកម្ពុជា និងអន្តរជាតិ»។

ក្នុងឆ្នាំ២០១៧ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងលេខ ៣៣៦ ស្តីពីការចុះឈ្មោះកម្មករក្រៅប្រព័ន្ធក្នុង ប.ស.ស ដើម្បីធានានូវសិទ្ធិទទួលបានប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល ដើម្បីពួកគេអាចទទួលបានប្រាក់ឧបត្ថម្ភបន្ថែម។

យោងតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម នៅពេលដែលកម្មករការងារតាមផ្ទះទៅធ្វើការនៅកន្លែងណាមួយ មានន័យថាបុគ្គលនោះជានិយោជិតរួចហើយ។ ដូច្នេះ និយោជកគួរតែចុះឈ្មោះពួកគេជាមួយបេឡាជាតិរបបសន្តិសុខសង្គម។ ហើយអ្នកដែលខកខានក្នុងការចុះឈ្មោះបេឡាជាតិរបបសន្តិសុខសង្គមមានន័យថា «និយោជកខុសច្បាប់» ដែលស្នើឱ្យភាគីទាំងអស់ពិភាក្សាអំពីបញ្ហានេះ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Domestic Workers Deserve Equal Employment Rights; Call for Legal and Social Security Reforms

ព័ត៌មានថ្មី

អត្ថបទពេញនិយម