សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ក្រសួងវប្បធម៌ បានអំពាវនាវដល់យុវជនត្រូវយល់ដឹងពីទិវានៃក្តីស្រឡាញ់ប្រកបដោយភាពថ្លៃថ្នូរ

កន្លែងលក់ផ្កាមួយ ក្បែរវិមានឯករាជ្យ កំពុងមមាញឹករៀបចំផ្កាជូនភ្ញៀវ ក្នុងទិវានៃក្តីស្រឡាញ់ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។(ខេមបូចា/ សុខ ស្រីម៉ី)
កន្លែងលក់ផ្កាមួយ ក្បែរវិមានឯករាជ្យ កំពុងមមាញឹករៀបចំផ្កាជូនភ្ញៀវ ក្នុងទិវានៃក្តីស្រឡាញ់ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។(ខេមបូចា/ សុខ ស្រីម៉ី)

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់​មាតាបិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ ជាពិសេសយុវជនដើម្បីចូលរួមផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំទៅដល់បងប្អូនកូនចៅ ក្នុងទិវានៃក្តីស្រឡាញ់នេះ ​ក្នុងគោលបំណងដើម្បីបង្ហាញអារម្មណ៍មនោសញ្ចេតនា និងកាយវិការចែករំលែកក្ដីស្រឡាញ់ប្រកបទៅដោយភាពថ្លៃថ្នូរទៅលើមនុស្សជុំវិញខ្លួន។ យោងតាមសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីអំពាវនាវ កាលថ្ងៃទី១២ ខែកុម្ភៈ ក្នុងទិវានៃក្តីស្រឡាញ់ ថា ការស្វែងយល់ឲ្យបានច្បាស់អំពីទិវានេះ គឺជាភាពចាំបាច់ដើម្បីចៀសវាងការអនុវត្តខុស និងការបង្កបរិយាកាសសង្គមថ្មីដែលខុសពីចរិតលក្ខណៈនៃសង្គមកម្ពុជា ជាពិសេសគឺសកម្មភាពជ្រួលជ្រើមដែលធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់ សីលធម៌សង្គម កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលផ្ទាល់ខ្លួន និងអ្នកដទៃ។

ពិធីបុណ្យទិវានៃក្ដីស្រឡាញ់ គឺជាពិធីបុណ្យដែលគេធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងថ្ងៃទី១៤ កុម្ភៈ​ ដែល​មនុស្សទូទាំងពិភពលោកបង្ហាញពីក្ដីស្រឡាញ់របស់ពួកគេទៅលើមនុស្សជុំវិញខ្លួនតាមរយៈការជូនផ្កា​ ឬកាដូផ្សេងៗ ឬបង្ហាញអារម្មណ៍របស់ពួកគេទៅកាន់មនុស្សដែលពួកគេស្រឡាញ់ក្នុងថ្ងៃនេះ។

ជានេះទៅទៀត ក្រសួងបានកត់សម្គាល់ថា យុវជនមួយចំនួនតូចនៅតែបន្តយល់ខុសពីអត្ថន័យនៃទិវានេះដោយប្រព្រឹត្តសកម្មភាពខុសឆ្គងមួយចំនួន​ដែលបង្កផលប៉ះពាល់អវិជ្ជមានដល់បុគ្គលខ្លួនឯងផ្ទាល់ និងដល់តម្លៃប្រពៃណីទំនៀមទម្លាប់អត្ដសញ្ញាណជាតិផងដែរ។

សូមបញ្ជាក់ថា ពិធីបុណ្យនេះមិនមែនជាផ្នែកនៃពិធីបុណ្យប្រពៃណីជាតិខ្មែរឡើយ ទិវាវ៉ាឡិនថាញ៍ (Valentine Day) ឬហៅថា ទិវាព្រះសន្តវ៉ាឡិនថាញ៍ ត្រូវបានប្រារព្ធរៀងរាល់ឆ្នាំ គឺថ្ងៃទី១៤ ខែកុម្ភៈ។ ដើមកំណើតទិវានេះ ជាពិធីបុណ្យសាសនាគ្រីស្ទ ដើម្បីគោរពដល់បុរសម្នាក់ឈ្មោះ វ៉ាឡិនថាញ៍ ដែលត្រូវបានចាត់ទុកថា ជាមរណជនដើម្បីជំនឿ។ ក្រោយមក វាបានក្លាយជាថ្ងៃពិសេសសម្រាប់បង្ហាញសេចក្ដីស្រឡាញ់ និងភាពរ៉ូមែនទិក។ សព្វថ្ងៃ មនុស្សជាច្រើននៅជុំវិញពិភពលោក ប្រារព្ធថ្ងៃនេះដោយការជូនផ្កា និងអំណោយដល់អ្នកដែលពួកគេស្រឡាញ់។

ក្នុងឱកាសនេះ ក្រសួងវប្បធម៍ និងវិចិត្រសិល្បះក៏បាន ចេញសេចក្ដីអំពាវនាវថា ថ្ងៃ១៤ កុម្ភះដែលគេនិយមហៅថា ទិវានៃក្ដីស្រឡាញ់ គឺបានជះទ្ធិពលទៅដល់ស្រទាប់យុវជនដោយបានប្រើទិវានេះធ្វើសកម្មភាពនានា ក្នុងការបង្ហាញនូវសេចក្តីស្រឡាញ់ចំពោះមាតាបិតា អាណាព្យាបាល ក្រុមគ្រួសារ ចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ និងមិត្តភក្តិជាដើម។

បើយោងទៅតាមផុសរបស់យូនីសេហ្វកម្ពុជាបានឱ្យដឹងថា ទិវានៃក្តីស្រឡាញ់ គឺជាពេលវេលានៃការផ្តល់ក្តីស្រឡាញ់ ការគោរព និងការទុកចិត្ត។ ប៉ុន្តែ មិនមែនគ្រប់គ្នាដែលនិយាយថា «បងស្រឡាញ់អូន» ឬ «អូនស្រឡាញ់បង» សុទ្ធតែមានបំណងល្អនោះទេ។​ ជនខិលខូចមួយចំនួនប្រើពាក្យផ្អែមល្ហែម កាដូ និងការយកចិត្តទុកដាក់ ដើម្បីឆ្លៀតឱកាសក្នុងថ្ងៃនេះ ក្នុងគោលបំណងបោកបញ្ឆោត ឬកេងប្រវ័ញ្ចលើយុវជន។

អង្គការUnicef ក៏បានលើកឡើងពីវិធីសាស្រ្តមួយចំនួនដើម្បីការពារខ្លួនអ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក​ រួមទាំងសញ្ញាកត់សម្គាល់មួយចំនួនដើម្បីប្រុងប្រយ័ត្នពីការលួងលោម និងបោកបញ្ឆោត។

ត្រីម្នាក់លក់ផ្កា​​កុលាប​ នៅ​ហាង​មួយ ក្នុងរាជធានីភ្នំពេញ ​ក្នុងទិវា​នៃក្តី​ស្រឡាញ់​ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ (ខេមបូចា/ ព្រីង សំរាំង)

ណែត ចន្ធូ​​ និស្សិតឆ្នាំទីមួយនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកគណិតវិទ្យា បានប្រាប់ សារព័ត៍មានខេមបូចា ថា ពិធីបុណ្យទិវានៃក្ដីស្រឡាញ់ គឺជាថ្ងៃដែលផ្ដល់ក្ដីស្រឡាញ់ទៅកាន់មនុស្សជុំវិញខ្លួន ប៉ុន្តែកញ្ញាក៏យល់ឃើញថា ទិវានេះក៏ដូចជាថ្ងៃធម្មតាដែរដោយសារតែកញ្ញាមិនដែលប្រារព្ធទិវានេះទេ ហើយកញ្ញាគិតថា មនុស្សទាំងអស់មិនចាំបាច់បង្ហាញក្ដីស្រឡាញ់ជាមួយនឹងសម្ភារៈអ្វីឡើយ ប៉ុន្តែកញ្ញាគិតថា ការស្ដាប់បង្គាប់ឪពុកម្តាយ គឺគ្រប់គ្រាន់ហើយសម្រាប់ថ្ងៃនោះ។

កញ្ញា ចន្ធូ បានបន្ថែមថា៖ «ខ្ញុំយល់ឃើញថា ល្អព្រោះបានធ្វើឱ្យយុវជនយើង បានដឹងថា ទិវានៃក្ដីស្រឡាញ់នេះ គឺមិនមែនសម្រាប់តែមនុស្សពីរនាក់ទេ​ គឺសម្រាប់មនុស្សជុំវិញខ្លួនដែលយើងស្រឡាញ់​ធ្វើឱ្យយុវជនមួយចំនួនចេះក្រើនរំឭកទៅលើមនុស្សជុំវិញខ្លួន ទោះបីជាមិនមែនជាឪពុកម្តាយ អាចថាជាមិត្តភក្តិ ឬអ្នកផ្សេងដែលលំបាកដូចជាអ្នកដើរតាមផ្លូវ ជាដើម»។

យុវជនម្នាក់ទៀត ញ៉ាច ពុទ្ធា និស្សិតឆ្នាំទីមួយនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកវិទ្យាសាស្ត្រ បានប្រាប់ សារព័ត៍មានខេមបូចា ថា ពិធីបុណ្យទិវានៃក្ដីស្រឡាញ់ គឺជាថ្ងៃដែលប្រៀបដូចទៅនឹងថ្ងៃធម្មតា ប៉ុន្តែ យុវជនត្រូវយល់ថា​ ទិវានេះមិនមែនតែយុវវ័យប៉ុណ្ណោះទេ គឺសម្រាប់មនុស្យទូទាំងពិភពលោក។

លោក ពុទ្ធា បានបន្ថែមថា៖ «បុណ្យ ទិវានៃក្ដីស្រឡាញ់នេះមិនមែនសម្រាប់តែសង្សារដែរគេច្រើនតែនិយាយថាបុណ្យសង្សារនោះទេ តែជាបុណ្យដែលផ្ដល់ក្ដីស្រឡាញ់ទៅកាន់ឪពុកម្តាយ និងធ្វើអំពើល្អទៅកាន់មនុស្សជុំវិញខ្លួន»។

លោកស្រី អេង ចាន់ឌី នាយកប្រតិបត្តិរបស់យេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា​ បានប្រាប់ សារព័ត៌មានខេមបូចា ថា ថ្ងៃបុណ្យទិវានៃក្តីស្រឡាញ់ គួរត្រូវបានយល់ថា ជាថ្ងៃបង្ហាញពីក្តីស្រឡាញ់ដែលមានការគោរព ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ មិនមែនជាការបង្ហាញស្នេហាតាមរយៈសម្ពាធ ឬការបង្ខិតបង្ខំឡើយ។

លោកស្រី​ បានបន្តថា៖ «ខ្ញុំក្តីស្រឡាញ់ពិតប្រាកដ គឺផ្អែកលើ​​ការយល់ព្រម (consent) ការគោរព​សិទ្ធិ និងកាយសម្បទាផ្ទាល់ខ្លួន ការស្មើភាពរវាងភេទ និងការទទួលខុសត្រូវ​ចំពោះ​ខ្លួនឯង»។

លោកស្រី​ ក៏បានលើកឡើងទៀតថា សម្រាប់យុវជនដែលមានទំនាក់ទំនងស្នេហា សារៈសំខាន់បំផុតគឺការយល់ដឹងអំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ (SRHR)។ការសម្រេចចិត្តណាមួយ គួរត្រូវធ្វើដោយការយល់ដឹង ពេញចិត្ត និងមានព័ត៌មានត្រឹមត្រូវ។

លោកស្រី ចាន់ឌី បានបន្ថែមថា «ទិវានេះអាចអបអរសាទរបានប្រសិនបើយើងយល់ន័យវា​ដោយវិជ្ជមាន ជាថ្ងៃនៃក្តីស្រឡាញ់ដែលមានការគោរព សុវត្ថិភាព និងទំនួលខុសត្រូវ។ប៉ុន្តែ យើងគួរប្រុងប្រយ័ត្នចំពោះការបកស្រាយដែលអាចបង្កហានិភ័យ ឬប៉ះពាល់ដល់​សិទ្ធិ​និង​អនាគតយុវជន៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម