ការសិក្សាស្រាវជ្រាវមួយដែលដឹកនាំដោយវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) ដែលមានចំណងជើងថា «តម្រូវការអភិវឌ្ឍន៍ជំនាញសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៥» បានបង្ហាញថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធភាគច្រើនកំពុងប្រឈមជាមួយនឹងបញ្ហាអភិវឌ្ឍន៍ជំនាញ ខណៈប្រមាណ៦០ភាគរយនៃអ្នកចូលរួមក្នុងការធ្វើស្ទង់មតិ ត្រូវបានរកឃើញថា ពួកគេមិនដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលផ្លូវការទេ ដែលធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពក្នុងការសម្របខ្លួន និងការអភិវឌ្ឍ។
ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ អង្គការAPI សហការជាមួយអង្គការសង្គមស៊ីវិលចំនួន៥ទៀត រួមមាន សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA)ផង បានធ្វើការស្ទង់មតិអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ១ ១៣២ នាក់ ក្នុងខេត្តចំនួន១០។
តាមរយៈការឆ្លើយសំណួររបស់អ្នកចូលរួមបានបង្ហាញថា ជាង៦១ភាគរយនៃអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមិនដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលផ្លូវការទេ ដែលធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរបស់ពួកគេក្នុងការសម្របខ្លួន និងអភិវឌ្ឍ។
ទន្ទឹមនឹងនេះ បញ្ហាទីពីរ គឺភាពជាសហគ្រិនភាព។ ស្ទើរតែពាក់កណ្តាលនៃអ្នកចូលរួមឆ្លើយសំណួរបានបើកដំណើរការអាជីវកម្មរបស់ពួកគេ ឬជួយអាជីវកម្មក្នុងគ្រួសារ ប៉ុន្តែភាគច្រើនប្រឈមមុខនឹងការធ្លាក់ចុះនៃប្រាក់ចំណូលដោយសារបញ្ហាសេដ្ឋកិច្ច និងការកើនឡើងនៃការចំណាយ។
ជុំវិញបញ្ហានេះ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានឲ្យដឹងថា ជាក់ស្ដែងកន្លងមកអង្គការសង្គមស៊ីវិលយបានផ្ដល់វគ្គបណ្ដុះបណ្ដាលជូនបងប្អូនពលរដ្ឋជាច្រើន តែភាគច្រើនទាក់ទងជាមួយសិទ្ធិប្រជាពលរដ្ឋ សិទ្ធិសហជីព និងសមាគម។ តែដោយឡែកទាក់ទងជាមួយនឹងជំនាញគ្រប់គ្រងអាជីវកម្ម លោកថាមិនទាន់បានធ្វើការបណ្ដុះបណ្ដាលទេដោយសារវាត្រូវការការបណ្ដុះបណ្ដាលលើជំនាញវិជ្ជាជីវៈនេះត្រូវការការចំណាយថវិកាច្រើន។
លោក វន់ ពៅ បាននិយាយថា៖ «យើងអត់មានថវិការសម្រាប់បណ្ដុះបណ្ដាលទេ ព្រោះមិនទាន់មានគ្រូជំនាញនៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវដល់ពួកគាត់ទេ។ មួយទៀត ពួកគាត់មិនមានពេលវេលាគ្រាប់គ្រាន់សម្រាប់ចូលរួមទេ ព្រោះពួកគាត់រកមួយថ្ងៃខ្វះមួយថ្ងៃ បើគាត់ចំណាយពេលមករៀនធ្វើអោយពួកគាត់ខាតពេលរកស៊ីប្រចាំថ្ងៃរបស់គាត់។»
លោកបន្តថា បច្ចុប្បន្ននេះ អង្គការសង្គមស៊ីវិលកំពុងប្រឈមមុននឹងបញ្ហាហរិញ្ញវត្ថុ បន្ទាប់ពីបាត់បងជំនួយរបស់អាមេរិក ដែលធ្វើឱ្យខ្វះខាតកញ្ចប់ថវិការបណ្ដុះបណ្ដាល។
យ៉ាងណាមិញ លោកក៏បានបន្ថែមដែរថា រាជរដ្ឋាភិបាលក៏បានចូលរួមមួយចំណែកខ្លះដែរក្នុងការជួយដោះស្រាយបញ្ហាដែលបងប្អូនពលរដ្ឋជួបប្រទះ ដោយកន្លងទៅសាលារាជធានីភ្នំពេញបានបង្កលក្ខណៈឱ្យបងប្អូនលក់តាមផ្លូវអាចលក់បាននៅថ្ងៃសៅរ៍ អាទិត្យ តាមផ្លូវកម្សាន្តថ្មើរជើង។
ក្រៅពីនេះ លោកឱ្យដឹងថា រដ្ឋក៏មានគោលនយោបាយទាក់ទងការអភិវឌ្ឍកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងចុះបញ្ជីអ្នកដែលមានក្នុងសេដកិច្ចក្រៅប្រព័ន្ធក្នុង ប.ស.ស តែហាក់មិនទាន់បានអនុវត្តបានពេញលេញ។
លោកបន្តថា៖ «ប៉ុន្តែគោលនយោបាយទាំងនោះមិនទាន់បានអនុវត្តបានត្រឹមត្រូវទេ ជាក់ស្ដែងរាល់ថ្ងៃយើងមើលឃើញថានៅតាមទីសាធារណៈ តាមទីរួមខេត្តមួយចំនួន ពួកគាត់នៅតែរងការបណ្ដេញចេញ»។
លោក វន់ ពៅ បានសំណូមពរទៅរដ្ឋាភិបាលគួរតែជួយគិតគូររៀបចំយន្តការបង្រៀនវិជ្ជាជីវៈទាក់ទងការគ្រប់គ្រងមុខជំនួញរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវរៀបចំកន្លែងដែលអាចលក់ដូរបានសមរម្យ ដើម្បីបញ្ចៀសការបណ្ដេញចេញពីកន្លែងមួយទៅកន្លែងមួយ។

កន្លងទៅ នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺអនុវត្តតាមគោលការណ៍ ស្ម័គ្រចិត្តទាំងស្រុង មិនមានការបង្ខិតបង្ខំ និង មិនគិតថ្លៃអ្វីទាំងអស់។ លោកបន្តថា ការចុះឈ្មោះនេះមិនត្រឹមតែដើម្បីឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានអត្តសញ្ញាណផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែនឹងបើកផ្លូវទៅកាន់ឱកាសរីកចម្រើន និងការគាំទ្រនានាបន្ថែមទៀត។
តែយ៉ាងណាមិញ ក្នុងរបាយការណ៍នេះ បានបញ្ជាក់ថា ប្រសិនបើឧបសគ្គក្នុងផ្នែករដ្ឋបាល និងហិរញ្ញវត្ថុត្រូវបានកាត់បន្ថយ ជិតពាក់កណ្តាលនៃពួកគាត់នឹងពិចារណាទៅលើការផ្លាស់ប្តូរដោយចុះបញ្ជីជាផ្លូវការសម្រាប់ការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ពាក់ព័ន្ធនឹងបញ្ហានេះលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារមានប្រសាសន៍ថា ក្រសួងការងារមានវគ្គបណ្ដុះបណ្ដាល១លាន៥សែននាក់ជូនបងប្អូនទូទៅ មិនថាកម្មករ ឬអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទេ ដើម្បីឱ្យពួកគាត់មានជំនាញ។
លោកបានថ្លែងថា៖ «ពួកគាត់នឹងទទួលបានប្រាក់ឧបត្ថមពីការបណ្ដុះបណ្ដាលជំនាញ៤៥មុខរបស់រដ្ឋាភិបាលទូទាំងប្រទេស»។
នៅក្នុងរបាយការណ៍នេះក៏បានរកឃើញដែលថា ឧបសគ្គសំខាន់ផ្សេងទៀតដូចជាការខ្វះខាតពេលវេលា ត្រូវការចំណាយខ្ពស់លើការបណ្តុះបណ្តាល និងភាពមិនច្បាស់លាស់អំពីជំនាញដែលខ្លួនមានក៏ចូលរួមក្នុងការបង្អាក់ការអភិវឌ្ឍន៍ជំនាញផងដែរ។
ក្រៅពីនេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏មានបញ្ហាប្រឈមទាក់ទងជាមួយ ចំណេះដឹងតិចតួចផ្នែកឌីជីថល និងហិរញ្ញវត្ថុក្នុងការគ្រប់គ្រងអាជីវកម្មផងដែរ។
លោកស្រី សួន ហៀក ជាអ្នកលក់ផ្លែឈើនៅក្នុងផ្សារ៧មករា ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឱ្យដឹងថា ការលក់ដូររបស់លោកស្រីនេះ គឺមិនបានឆ្លងការរៀនសូត្រ ឬវគ្គបណ្ដុះបណ្ដាលអ្វីទេ ពោលគឺលក់ដូរតាមបែបបុរាណ និងរៀនតតាមគ្រួសារ។
លោកស្រីបានប្រាប់ថា៖ «ពីមុនខ្ញុំធ្លាប់ឃើញគេមានសាលាបង្រៀនបច្ចេកទេសមានវគ្គបង្រៀនដែរ ប៉ុន្តែមិនបានចាប់អារម្មណ៍មិនបានចូលរៀនទេ ដោយសារបងរវល់ផង និងមិនទទួលបានព័ត៌មានច្បាស់លាស់ទេ»។លោកស្រីក៏បានបញ្ជាក់ដែរថា រាល់ថ្ងៃនេះពិបាកលក់ដូរណាស់ ព្រោះលោកស្រីមិនសូវជំនាញ ខណៈអ្នកលក់ក៏មានការកើនច្រើន។ តាមការមើលឃើញរបស់លោកស្រី រាល់ថ្ងៃនេះអ្នករកស៊ីលក់ដូរតាមផ្ទះ តាមរទេះរុញជួបការលំបាក ដោយប្រឈមនឹងរើសអើង ខ្លះត្រូវគេបណ្ដេញចេញ ខ្លះដណ្ដើមកន្លែងគ្នាលក់ ហើយការលក់ដូរតាមចញ្ចើមផ្លូវបែបនេះមិនមានសុវត្តិភាពនោះទេ។
អាជីវករម្នាក់ទៀតដែលជាអ្នកលក់នំខ្មែរនៅខេត្តបាត់ដំបង អ្នកស្រី ផេង សុផាន់ណា ឲ្យដឹងថា ប្រកបមុខរបធ្វើនំខ្មែរលក់តាំងពីយូមកហើយ មិនដែលបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលអី្វទេ ពោលលក់តាមគ្រួសារពីដើមមក។ ខណៈដែលមិនដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធជាមួយអាជីវកម្មបែបនេះ លោកក៏ជួបការលំបាកផងដែរក្នុងការលក់ដូរ ជាពិសេសនៅពេលដែលសេដ្ឋកិច្ចធ្លាក់ចុះផង។
អ្នកស្រីបន្ថែមថា៖ «វាពិបាកសម្រាប់អ្នកលក់ដូរតូចតាចដូចពួកខ្ញុំ។ ប្រសិនបើស្ថានភាពក្នុងស្រុកដំណើរការល្អ មានសេដ្ឋកិច្ចល្អ អាចនិងមានភាពងាយស្រួលសម្រាប់អ្នកលក់ដូរផ្សេងទៀតតាមដងផ្លូវក្ដី តាមតូបតូចៗក្ដី»៕










