អាជ្ញាធររាជធានីភ្នំពេញបានបដិសេធសំណើសុំរៀបចំឱ្យមានការជួបជុំនៅសួនប្រជាធិបតេយ្យសម្រាប់ទិវានារីអន្តរជាតិ ដោយព្រមានថាបើសិនជាអ្នករៀបចំនៅតែបន្តធ្វើនឹងត្រូវរងនូវវិធានការផ្លូវច្បាប់។
រដ្ឋបាលរាជធានីភ្នំពេញបានបដិសេធសំណើរបស់អង្គការសង្គមស៊ីវិល និងសហជីព ដែលគ្រោងរៀបចំកម្មវិធីនេះនៅចុងសប្ដាហ៍ ដោយមានអ្នកចូលរួមប្រមាណជា៥០០នាក់ នៅសួនប្រជាធិបតេយ្យ។ អ្នករៀបចំបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរបានណែនាំឲ្យរៀបចំកម្មវិធីនៅការិយាល័យរបស់ខ្លួន ឬទីតាំងឯកជនផ្សេងវិញ។
អាជ្ញាធររាជធានីបានព្រមានថាបើសិនជាកម្មវិធីបន្តធ្វើ និង«ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម» នោះអ្នករៀបចំនឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់។
លោកស្រី ដោរ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា អាជ្ញាធរមិនបានហាមឃាត់ការរៀបចំពិធីសម្រាប់ទិវានារីអន្តរជាតិនោះទេ តែហាមឃាត់ក្នុងការយកទីតាំងសួនប្រជាធិបតេយ្យមកប្រើប្រាស់ ដោយថា «វាមិនស្របតាមគោលបំណងរបស់ទីតាំង»។
លោកស្រីអះអាងថា សួនប្រជាធិបតេយ្យបង្កើតឡើងសម្រាប់ការធ្វើបាតុកម្ម និងសម្ដែងមតិ មិនមែនសម្រាប់ការរៀបចំពិធី ឬពិធីរំឮកខួបនោះទេ។
លោកស្រីបញ្ចាក់ថា៖ «ពិធីបែបហ្នឹង មិនដែលរៀបចំនៅទីនោះទេ»។
កាលពីឆ្នាំមុន ក្រុមអង្គការសង្គមស៊ីវិលបានរៀបចំទិវាអន្តរជាតិនារីនៅសួនប្រជាធិបតេយ្យ ដោយមានការចូលរួមពីអង្គការសង្គមស៊ីវិលជិត៨០ស្ថាប័ន។

អ្នករៀបចំកម្មវិធីបានបង្ហាញការខកចិត្ត និងយល់ថាការបដិសេធនេះហាក់ផ្ទុយគ្នាទៅនឹងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការគាំទ្រ និងលើកកម្ពស់សិទ្ធិស្រ្តី និងកុមារ។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានប្រសាសន៍ថា៖ «ថ្ងៃ៨ មីនា គឺជាថ្ងៃឈប់សម្រាកផ្លូវការរបស់កម្ពុជា»។ លោក វ៉ន ពៅ ជាអ្នករៀបចំមួយរូប សម្រាប់ទិវាអន្តរជាតិនារី ក្នុងខួបទី១១៥ ក្នុងឆ្នាំ២០២៦។
លោកបន្តថា ការរារាំងមិនឲ្យមានការរៀបចំកម្មវិធីនៅសួនប្រជាធិបតេយ្យ គឺជាការមិនគោរពគោលការណ៍រដ្ឋធម្មនុញ្ញ និងហាក់មានភាពរើសអើងមកលើអង្គការស្ថាប័នឯករាជ្យ។ លោក កត់សម្គាល់ថា កន្លងមកធ្លាប់មានកម្មវិធីជាច្រើនត្រូវបានរៀបចំនៅទីនោះ។
លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា (CATU) បង្ហាញកង្វល់ប្រហាក់ប្រហែលនឹងលោក វន់ ពៅ ដែរ។
លោកស្រីឱ្យដឹងថា៖ «គោលដៅរបស់យើងគឺធានាឲ្យភាគីពាក់ព័ន្ធបានយល់ច្បាស់ពីបញ្ហាចម្បងដែលស្រ្តី និងក្មេងស្រ្តីកំពុងជួបប្រទះ និងផ្តល់ជាដំណោះស្រាយដល់ពួកគាត់»។ អ្នកស្រីបន្ថែមថា សួនប្រជាធិបតេយ្យមានទីធ្លាធំ អាចឲ្យក្រុមការងារផ្សព្វផ្សាយរឿងនេះបានទូលំទូលាយ។
ក្រុមអ្នករៀបចំលើកឡើងថាអំពើហិង្សា និងការរើសអើងនៅតែជាបញ្ហាសម្រាប់ស្ត្រី និងក្មេងស្រីនៅកម្ពុជា។
របាយការណ៍របស់រដ្ឋាភិបាលធ្វើឡើងសម្រាប់ឆ្នាំ២០២១-២០២២ បានរកឃើញថា ស្រ្តីកម្ពុជាម្នាក់ក្នុងចំណោមប្រាំនាក់ ធ្លាប់ជួបបញ្ហាផ្លូវចិត្តក្នុងទំនាក់ទំនងគ្រួសារ បញ្ហារំលោភបំពានផ្លូវភេទ និងរាងកាយពីដៃគូ ឬអតីតដៃគូ។ ក្រុមអង្គការសង្គមស៊ីវិលម្ដងហើយម្ដងទៀតបានអំពាវនាវឲ្យរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ដែលអនុម័តតាំងពីពីរទសវត្សមុន ក្នុងគោលបំណងទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការពារជនរងគ្រោះ។
ក្រុមអង្គការសង្គមស៊ីវិលក៏បានអំពាវនាវឲ្យបង្កើនការគាំពារដល់កម្មករដែលជាស្រ្តីផងដែរ។
តំណាងអង្គការសង្គមស៊ីវិល និងសហជីពជាង៥០ស្ថាប័នបានដាក់ញ្ញត្តិទៅរដ្ឋាភិបាលកាលពីថ្ងៃទី៥ ខែមីនា ដោយបានអំពាវនាវឲ្យរដ្ឋាភិបាលផ្ដល់សច្ចាប័នលើអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារលេខ ១៩០ (No. 190) ស្ដីពីអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញនៅកន្លែងការងារ (C-190)។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះលើកឡើងថា ការផ្ដល់សច្ចាប័នលើអនុសញ្ញានេះ នឹងជួយពង្រឹងកិច្ចខិតខំដែលមានស្រាប់ឲ្យបង្កើតក្របខណ្ឌច្បាប់គ្រប់ជ្រុងជ្រោយមួយសម្រាប់ការពារ និងយកចិត្តទុកដាក់លើអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញនៅកន្លែងការងារ។ ក្រុមអង្គការដដែលលើកពីរបាយការណ៍ដែលស្រ្តីកំពុងប្រឈមនឹងអំពើហិសង្សាផ្អែកលើយេនឌ័រ នៅពេលអ្នកទាំងនោះបានតស៊ូទាមទារសិទ្ធិការងារ និងសិទ្ធិមូលដ្ឋានផ្សេងទៀត។
លោក William Conklin នាយកកម្មវិធីប្រចាំប្រទេសនៃអង្គការ Solidarity Center Cambodia មានប្រសាសន៍ថា៖ «នេះជាមូលហេតុដែលមានចលនាសហជីពទូទាំងពិភពលោករៀបចំទិវាអន្តរជាតិនារី ពីព្រោះថាវាធ្វើដើម្បីការងារ អំពីកម្លាំងពលកម្ម និងអំពីការធានាដល់ការគោរពដល់សិទ្ធិនៃការរស់រាន»។
អ្នកស្រី ប៉េង សុខឃីម វ័យ៥៤ឆ្នាំ ជាកម្មករឡឥដ្ឋនៅខេត្តកណ្ដាល លើកឡើងថា ការប្រារព្ធទិវាអន្តរជាតិនារី គឺមានសារសំខាន់ដើម្បីបានលើកពីបញ្ហារបស់ស្រ្តី។ អ្នកស្រីបន្តថាសិទ្ធិការងារ ត្រូវបានម្ចាស់ឡឥដ្ឋរំលោភបំពាន ហើយសំឡេងរបស់កម្មករមិនសូវមានអ្នកឮនោះទេ។
អ្នកស្រីឱ្យដឹងទៀតថា៖ «អនុសញ្ញាលេខ C-190 គឺមានសារសំខាន់ ព្រោះយើងអាចទទួលបានប្រាក់ខែ និងថ្ងៃឈប់សម្រាកសមរម្យ។ ជារួម វាពិតជាមានប្រយោជន៍សម្រាប់កម្មករ…ខ្ញុំសង្ឃឹមថារដ្ឋាភិបាលនឹងពន្លឿនដំណើរការនេះដើម្បីជួយដល់កម្មករក្រៅប្រព័ន្ធ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Phnom Penh Denies Freedom Park Gathering for International Women’s Day









