ប្រជាពលរដ្ឋ១៦៨គ្រួសារ នៅលើកោះមាស ក្នុងស្រុកកៀនស្វាយ ដែលមានវិវាទដីធ្លីជាមួយឧកញ្ញ៉ា ឃុន ស៊ា បានយកថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨មីនា ដើរដង្ហែ និងធ្វើពិធីសាសនាទាមទារឱ្យរដ្ឋាភិបាលផ្តល់បណ្ណកម្មសិទ្ធិដីធ្លីដល់ពួកគាត់ ខណៈនៅភ្នំពេញអង្គការសមាគ និងសហជីពបានរៀបចំប្រារព្ធទិវានេះទាំងឆក់កណ្តៀត ដោយសារតែសាលារាជធានីភ្នំពេញនៅទីបំផុតមិនអនុញ្ញាតិឱ្យពួកគេប្រារព្ធពិធីនេះនៅទីលានប្រជាធិបតេយ្យទៅតាមការគ្រោងទុក។
ថ្នាក់ដឹកនាំសហគមន៍កោះមាសនៅព្រឹកថ្ងៃអាទិត្យទី៨ ខែមីនា ដែលជាថ្ងៃទិវាសិទ្ធិអន្តរជាតិនារី បានដឹកនាំប្រជាពលរដ្ឋ១៦៨គ្រួសារ ដែលរស់នៅលើកោះមាស ដែលមានទំហំជាង៣៤០ហិកតា ស្ថិតក្នុងឃុំភូមិធំ ស្រុកកៀនស្វាយខេត្តកណ្តាលនេះធ្វើបុណ្យបួងសួងតាមបែបសាសនាសូមឱ្យម្ចាស់ទឹកម្ចាស់ដីជួយការពារទឹកដីរបស់ពួកគាត់។ ជាមួយគ្នានេះពួកគាត់ប្រមាណជា២០០នាក់បាននាំគ្នាកាន់បដាដើរស្រែកទាមទារសូមឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលឆាប់ចេញបណ្ណកាន់កាប់ដីធ្លីឱ្យពួកគាត់ស្របទៅតាមច្បាប់ហើយបើចង់យកដីផ្ទះនិងដីចម្ការរបស់ពួកគាត់ទៅឱ្យក្រុមហ៊ុន ឃុន ស៊ា ក្រោមរូបភាពអភិវឌ្ឍត្រូវទិញទៅតាមតម្លៃទីផ្សារ។
ជាមួយគ្នានេះ ក្រុមអ្នកភូមិក៏បានធ្វើពិធីបួងសួងដោយនិយាយព្រមៗគ្នាថា៖ «ប្រជាពលរដ្ឋនៅសហគមន៍សាមគ្គីកោះមាស សូមប្តឹងដល់លោកតាម្ចាស់ទឹកម្ចាស់ដីម្ចាស់ព្រៃព្រឹក្សាឥឡូវនេះ យើងតវ៉ាតាមផ្លូវច្បាប់រដ្ឋអស់កន្លែងហើយ តែមិនបានលទ្ធផលអីទេមានតែធ្វើតាមវិធីសាសនាគឺប្តឹងផ្តល់ដល់លោកតាម្ចាស់ទឹកម្ចាស់ដី សូមជួយការពារប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះមាសឱ្យបានសុខសប្បាយឱ្យបានជ័យជម្នះលើសត្រូវដែលប៉ុនប៉ងបៀនបៀនចង់បានដីរបស់យើង»។
អ្នកស្រី យិន មឿន អាយុ៧៣ឆ្នាំ អ្នកស្រី ខេង ចម្រើន អាយុ៦៨ឆ្នាំ អ្នកស្រី តុប វ៉ន អាយុ៧៣ឆ្នាំ អ្នកស្រី ឈឹម អឿន អាយុ៧៤ឆ្នាំ និងអ្នកស្រី ហ៊ឹម ផល្លា អាយុ៥៧ឆ្នាំ បានប្រាប់ សារព័ត៌មានខេមបូចា នៅកន្លែងប្រារព្ធពិធីនៅលើកោះមាសថា ពិធីដែលធ្វើឡើងនៅចំថ្ងៃទិវាសិទ្ធិអន្តរជាតិនារី៨មីនានេះ គឺដើម្បីផ្ញើសារទៅអាជ្ញាធរខេត្តកណ្តាល ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងរាជរដ្ឋាភិបាលជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សូមជួយអន្តរាគមន៍ពន្លឿនការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់ ហើយបើនៅតែប៉ុនប៉ងយកដីកោះមាសទាំងអស់ប្រគល់ទៅឱ្យក្រុមហ៊ុនលោកឧកញ៉ា ឃុន ស៊ា ក្រោមរូបភាពធ្វើការអភិវឌ្ឍអ្វីមួយ គឺត្រូវទិញដីតាមតម្លៃទីផ្សារ មិនអាចផ្តល់តម្លៃតាមតែចិត្តក្រុមហ៊ុន ឃុន ស៊ា ចង់បានហើយបង្ខំឱ្យប្រជាពលរដ្ឋព្រមទទួលយកក្នុង១ម៉ែត្រការ៉េតម្លៃ៨ដុល្លារនោះទេ។
អ្នកស្រី ឈឹម អឿន អាយុ៧៤ឆ្នាំ ដែលរស់នៅលើកោះមាសតាំងពីឆ្នាំ១៩៨៣ មកបានឱ្យដឹងថា អាជ្ញាធរបានចែកដីឱ្យគ្រួសារអ្នកស្រីទទឹង១០ម៉ែត្រ និងបណ្តោយប្រមាណជាង១២០០ម៉ែត្រដោយមានលិខិតស្នាមកាន់កាប់ត្រឹមត្រូវ។
ស្រ្តីដែលមានសម្បុរខ្មៅស្រអែមរូបនេះនិយាយថា៖ «សូមរាជរដ្ឋាភិបាល ពិសេសសម្តេច ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ឱ្យអាជ្ញាធរចេញបណ្ណកម្មសិទ្ធិដីឱ្យខ្ញុំ និងអ្នករស់នៅលើកោះមាសទាំងអស់ឱ្យបានឆាប់ដើម្បីឱ្យពួកយើងខ្ញុំអាចរស់នៅមានភាពកក់ក្តៅផងពីព្រោះដីនេះខ្ញុំបានរស់នៅដាំដុះដំណាំផ្សេងៗយូរណាស់មកហើយ ប៉ុន្តែឥឡូវនេះអាជ្ញាធរគេអត់ចេញបណ្ណឱ្យទេពិបាកណាស់ភ័យបារម្ភខ្លាំងណាស់»។
ជាមួយគ្នានេះ អ្នកស្រី អ៊ុក រ៉ាឌី អាយុ៥៩ឆ្នាំ ដែលមានដីទទឹង ១០ម៉ែត្រ និងបណ្តោយជាង១០០០ម៉ែត្របានប្រាប់ សារព័ត៌មានខេមបូចា ថា អ្នកស្រីបានរស់នៅលើកោះមាសនេះជាង៤០ឆ្នាំមកហើយពោលគឺចាប់តាំងពីក្រោយឆ្នាំ១៩៧៩មកម្លេះ។ ស្ត្រីរូបនេះនិយាយថា អ្នកស្រីក៏ដូចជាអ្នកភូមិដទៃទៀតសូមសំណូមពរឱ្យអាជ្ញាធរឆាប់ចេញប្លង់កម្មសិទ្ធិឱ្យអ្នកភូមិប៉ុន្តែបើក្រុមហ៊ុនលោក ឃុន ស៊ា ចង់ទិញដី ពលរដ្ឋក៏មិនជំទាស់ដែរ ប៉ុន្តែសូមឱ្យទិញតាមតម្លៃទីផ្សារ។
អ្នកស្រីនិយាយថា៖ «បើឱ្យតម្លៃត្រឹម៨ដុល្លារក្នុង១ម៉ែត្រការ៉េ ប្រជាជនមិនអាចយកលុយនេះទៅទិញផ្ទះ និងទិញដីសម្រាប់ថ្វើចម្ការដាំដំណាំចិញ្ចឹមជីវិតបានវិញទេ ហើយបើរដ្ឋាភិបាលយកដីទាំងអស់នេះឱ្យក្រុមហ៊ុន តើប្រជាពលរដ្ឋត្រូវរស់នៅយ៉ាងម៉េចក្នុងការចិញ្ចឹមជីវិតតកូនតចៅទៅមុខទៀត?»។
ទន្ទឹមនឹងនេះ លោក ឈឹម រី អាយុជាង៨០ឆ្នាំ ដែលជាចាស់ព្រឹទ្ធាចារ្យនៅលើកោះមាសបានឱ្យដឹងថា កោះនេះជាទឹកដីកំណើតរបស់លោក ហើយលោកមានឯកសារកាន់កាប់ដីធ្លីស្របតាមច្បាប់ដែលចេញដោយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។ ប៉ុន្តែនៅពេលដែលលោកនិងអ្នកភូមិទាំងអស់នៅលើកោះនេះស្នើសុំបណ្ណកម្មសិទ្ធិដីធ្លីអាជ្ញាធរស្រុកកៀនស្វាយខេត្តកណ្តាលបែរជាមិនព្រមចេញឱ្យដោយប្រាប់ថា ដីនៅលើកោះនេះទាំងអស់ត្រូវបានរដ្ឋាភិបាលប្រគល់ទៅឱ្យក្រុមហ៊ុន ឃុន ស៊ា ដើម្បីធ្វើការអភិវឌ្ឍ។
លោកបន្តថា អាជ្ញាធរបានចុះវាស់វែងដីធ្លីរបស់ប្រជាពលរដ្ឋនៅលើកោះមាសទាំងអស់តាំងពីឆ្នាំ២០០០មក ប៉ុន្តែបែរជាបង្កកមិនចេញប្លង់ឱ្យពលរដ្ឋ។
បុរសដែលមានសក់ស្កូវសពេញក្បាលរូបនេះបាននិយាយទាំងទឹកមុខស្រពាប់ស្រពោននៅពីមុខផ្ទះជញ្ជាំងថ្មដំបូលប្រក់ស័ង្កសីរបស់លោកថា៖ «គេវាស់ដីយើងហើយតែគេមិនចេញប្លង់ឱ្យយើងម្ចាស់ដី ប៉ុន្តែគេចេញប្លង់ឱ្យឧកញ៉ា ឃុន ស៊ា ហីចៅហ្វាយស្រុកប្រាប់យើងថា បើយើងចង់ដោះដូរលក់ដូរដីអីគឺត្រូវមានទោសអ៊ីចឹង។ គេជាឧកញ៉ាធ្វើប្លង់បាន យើងជាប្រជាជនធ្វើប្លង់អត់បាន។ ដំណោះស្រាយគេឱ្យយើងតែ៨ដុល្លារទេក្នុង១ម៉ែត្រការ៉េ ហើយគេគំរាមយើងរហូតពិបាកណាស់។ មន្ត្រីមានសិទ្ធិមានអំណាចគេអត់មើលយើងជាប្រជាជនទេ គេយកដីយើងទៅឱ្យឧកញ៉ាអ្នកមានអំណាច»។

បើតាមលោក ឈឹម រី កោះនេះមានទំហំជាង៣៤០ហិកតា និងមានមានប្រជាជនកំពុងរស់នៅចំនួន១៦៨គ្រួសារ។ ប្រជាជននៅលើកោះនេះរស់នៅដោយពឹងផ្អែកទាំងស្រុងទៅលើការដាំបន្លែលក់ចិញ្ចឹមជីវិតមានដូចជាប៉េងប៉ោះ ត្រប់ ននោង ត្រឡាច និងបន្លែផ្សេងៗទៀត។
បើតាមអ្នកភូមិពួកគាត់បានយកឯកសារទៅដាក់នៅតាមក្រសួងស្ថាប័នរដ្ឋសូមឱ្យថ្នាក់ដឹកនាំជួយអន្តរាគមន៍ដោះស្រាយក្នុងនោះមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ ព្រឹទ្ធសភា និងអង្គភាពប្រឆាំងអំពើពុករលួយ ជាដើម ក៏ប៉ុន្តែរហូតមកដល់ពេលនេះស្ថាប័នទាំងនោះស្ងប់ស្ងាត់មិនឃើញឆ្លើយតបទេ ឮតែអាជ្ញាធរបានបោះពាក្យសម្តីបង្ខំឱ្យពលរដ្ឋលក់ដីក្នុងតម្លៃដែលពួកគាត់មិនអាចទទួលយកបានដាច់ខាត។
សារព័ត៌មានខេមបូចា មិនអាចទាក់ទងលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើសុំធ្វើការអត្ថាធិប្បាយលើបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋនៅកោះមាសនេះបានទេ។
យ៉ាងណាក្តីនៅក្នុងឱកាសអបអរខួបលើកទី១១៥ ទិវាអន្តរជាតិនារី៨មីនាឆ្នាំ២០២៦ ក្រោមប្រធានបទ«សន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារ» លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញលិខិតចំហមួយចូលរួមអបអរសាទរ ដោយបានធ្វើការកត់សម្គាល់ថា ទោះបីជាកម្ពុជាត្រូវប្រឈមការលំបាក និងឧបសគ្គទាំងកក្តាខាងក្នុង និងកក្តាខាងក្រៅយ៉ាងណាក្តីក៏កម្ពុជានៅតែរក្សាបាននូវសន្តិភាពផ្ទៃក្នុងប្រទេស ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ព្រមទាំងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដែលបានផ្តល់ភាពអនុគ្រោះដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងរក្សាលំនឹងនៃជីវភាពរបស់ប្រជាជន។
លោក ហ៊ុន ម៉ាណែត លើកឡើងថា ជាក់ស្តែងក្នុងឆ្នាំ២០២៥កន្លងទៅ កម្ពុជាបានបោះជំហានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍជាមួយចក្ខុវិស័យច្បាស់លាស់ ការប្តេជ្ញាចិត្តមោះមុត ស្ថិរភាពនយោបាយ និងសន្តិសុខត្រូវបានការពារយ៉ាងរឹងមាំលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងនីតិរដ្ឋត្រូវបានពង្រឹងនិងលើកកម្ពស់ឥតឈប់ឈរ សេដ្ឋកិច្ចបន្តលូតលាស់ប្រកបដោយចីរភាព ជីវភាពប្រជាជនមានស្ថិរភាព កំណែទម្រង់នានាត្រូវបានអនុវត្តដោយឆន្ទៈមុតស្រួច និងប្រសិទ្ធភាព។
បន្ថែមពីនេះលោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានបន្តកំណត់ការលើកកម្ពស់សមភាពយ៉េនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលពី១តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌សមធម៌ និងបរិយាបន្នដែលក្នុងនោះ«ស្ត្រីគឺជាស្នូល»។
ជាមួយគ្នានេះដែរ នៅពេលចូលរួមជាគណ:អធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី៨មីនា នៅក្រសួងការពារជាតិកាលពីថ្ងៃទី៦ មីនា លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានគូសបញ្ជាក់អំពីសារ:សំខាន់នៃតួនាទីរបស់ស្ត្រី ដែលត្រូវបានផ្លាស់ប្តូរ ស្របតាមបរិបទនៃសង្គម។ លោកស្រីបញ្ជាក់ថា បច្ចុប្បន្នស្រ្តីមិនត្រឹមតែបំពេញតួនាទីនៅជួរមុខក្នុងនាមជាកងទ័ព នគរបាល និងកងរាជអាវុធហត្ថប៉ុណ្ណោះទេ ប៉ុន្តែស្ត្រីក៏បានចូលរួមយ៉ាងសកម្មនៅជួរក្រោយ ទៅតាមសមត្ថភាព ជំនាញវិជ្ជាជីវៈ និងលទ្ធភាពរបស់ខ្លួន។ ក្នុងនោះស្ត្រីបានដើរតួនាទីជាអ្នកការទូត ជាអ្នកនាំពាក្យ ជាអ្នកសារព័ត៌មាន ជាគ្រូបង្រៀន ជាមន្ត្រីសុខាភិបាល ដែលជាកងកម្លាំងអាវស ជាអ្នកវិនិយោគជាដើម។ បន្ថែមពីនេះលោកស្រី អ៊ឹង កន្ថាផាវី គូសបញ្ជាក់ថា៖ «ស្ត្រីមានភាពទន់ភ្លន់ ប៉ុន្តែមិនទន់ជ្រាយ ហើយស្ត្រីគឺមានសមត្ថភាពខ្ពស់ក្នុងការបំពេញការងារលើគ្រប់វិស័យ»។ នេះបើយោងតាមក្រសួងកិច្ចការនារី។
យ៉ាងណាក្តី ការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិរបស់អង្គការសមាគមក្រៅរដ្ឋាភិបាល និងសហជីពឯករាជនានា នៅក្នុងរាជធានីភ្នំពេញនៅថ្ងៃទី៨មីនានេះ មិនបានប្រព្រឹត្តទៅដោយរលូនទៅតាមការគ្រោងទុកដែលគ្រោងធ្វើឡើងនៅទីលានប្រជាធិបតេយ្យក្នុងខណ្ឌឫស្សីកែវនោះទេ ដោយកិច្ចប្រជុំចុងក្រោយនៅយប់ថ្ងៃទី៧មីនា អាជ្ញាធររាជធានីភ្នំពេញបានសម្រេចឱ្យតំណាងអង្គការសមាគមមកធ្វើនៅសួនCDCក្បែរវត្តភ្នំវិញ។
ពិធីនៅព្រឹកថ្ងៃទី៨មីនានេះ មានអ្នកចូលរួមប្រមាណជា៥០០នាក់ដោយពួកគេត្រូវអង្គុយនៅកណ្តាលថ្ងៃ ពុំអាចសង់រោងអ្វីទាន់ឡើយ។ នេះបើយោងតាមថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលដែលបានជួបប្រជុំជាមួយមន្ត្រីសាលារាជធានីភ្នំពេញ។
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើល បានប្រាប់ សារព័ត៌មានខេមបូចា នៅក្នុងថ្ងៃ៨មីនានេះ ដោយបានទទួលស្គាល់ចំពោះការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ដែលថា «ស្ត្រីគឺជាស្នូលនៃសង្គម» ពីព្រោះបរិបទសង្គមបច្ចុប្បន្ននេះគេឃើញស្ត្រីបានចូលរួមគ្រប់ផ្នែកមិនថាការងារ សេដ្ឋកិច្ច ឬនយោបាយនោះទេ។
ប៉ុន្តែយ៉ាងណាក្តី កញ្ញាបញ្ជាក់ថា ជាក់ស្តែងអ្វីដែលជាការកត់សម្គាល់បញ្ហារបស់ស្ត្រីជាច្រើននៅមិនទាន់ត្រូវបានដោះស្រាយ ដូចជាពាក់ព័ន្ធនឹងវិវាទនៅក្រុមហ៊ុនណាហ្គាវើលដ៍ដែលភាគច្រើនជាស្ត្រីត្រូវបានអូសបន្លាយជាង៤ឆ្នាំហើយមិនទាន់ត្រូវបានយកចិត្តទុកដាក់ដោះស្រាយនោះទេ។
ស្រ្តីមេដឹកនាំសហជីពដែលធ្លាប់ជាប់ពន្ធនាគារ២ឆ្នាំដោយសារតែភាពសកម្មក្នុងការដឹកនាំការតវ៉ាការពារសិទ្ធិ និងទាមទារអត្ថប្រយោជន៍ជូនកម្មកររូបនេះបញ្ជាក់ថា ការដាក់ចេញនូវវិធានការរបស់រដ្ឋាភិបាល គឺជារឿងល្អប៉ុន្តែវាមិនចប់ត្រឹមតែដាក់ចេញនូវរវៀបវារៈ ឬក៏សេចក្តីថ្លែងទាំងអស់ដែលអត់មានសកម្មភាពនោះទេ។
កញ្ញាបញ្ជាក់ថា៖ «ពីព្រោះការលើកឡើងទាំងឡាយណាដែលគ្មានសកម្មភាព វាស្មើនឹងការនិយាយចោល។ អ៊ីចឹងបើបញ្ហាជាពិសេសវិវាទរបស់កម្មករក្រុមហ៊ុនណាហ្គាវើលដ៍មិនត្រូវបានដោះស្រាយ វាអត់អាចបង្ហាញថា សង្គមនឹងរដ្ឋាភិបាលនឹងផ្តល់តម្លៃពិតប្រាកដថាស្ត្រីគឺជាស្នូលនោះទេ ពីព្រោះការអនុវត្តសិទ្ធិការងារនៅកន្លែងក្រុមហ៊ុនណាហ្គាវើលដ៍នេះ គឺវាឆ្លុះបញ្ចាំងពីការផ្តល់សេចក្តីថ្លៃថ្នូរដល់កម្មករនិយោជិត ជាពិសេសកម្មករនិយោជិតជាស្ត្រី»។

យ៉ាងណាក្តីនៅក្នុងសារលិខិតរបស់លោក ហ៊ុន ម៉ាណែត ក្នុងទិវានារីអន្តរជាតិនេះ បានអះអាងថា រាជរដ្ឋាភិបាលបានបន្តបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ ការបង្កលក្ខណៈអំណោយផលដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិក្នុងការសម្រេចចិត្តលើផែនការគ្រួសារ ការកាត់បន្ថយភាពងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។ល។
បន្ថែមពីនេះលោក ហ៊ុន ម៉ាណែត បានស្នើឱ្យគ្រប់ក្រសួងស្ថាប័នដៃគូពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជនបន្តវិនិយោគលើស្ត្រី និងសមភាពយេនឌ័រនៅក្នុងក្របខណ្ឌគោលនយោបាយជាតិ និងកម្មវិធីតាមវិស័យជាប្រព័ន្ធបន្តរួមគ្នាលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរបន្តទប់ស្កាត់រាល់ទម្រង់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័របន្តលើកកម្ពស់សហគ្រិន និងអាជីវករជាស្ត្រីនិងបន្តលើកកម្ពស់ភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ស្ត្រី និងក្មេងស្រីដើម្បីធានាថា សំឡេងស្ត្រីមានឥទ្ធិពលនៅក្នុងដំណើរការកសាងការពារ និងថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍនៅក្នុងគ្រួសារសហគមន៍នៅតាមវិស័យនិងសង្គមជាតិ។
ទោះយ៉ាងណា កញ្ញា ឈឹម ស៊ីថរ កត់សម្គាល់ថា នៅក្នុងឆ្នាំ២០២៥កន្លងមក សិទ្ធិសេរីភាពបញ្ចេញមតិនៅតែមានការរឹតត្បិតនៅតែមានការចាប់ចងការចោទប្រកាន់ ការលាបពណ៌មកលើសកម្មជនគ្រប់វិស័យទាំងអស់ ជាពិសេសសកម្មជនជាស្ត្រី សូម្បីតែការរៀបចំប្រារព្ធទិវាអន្តរជាតិនារី នៅថ្ងៃទី៨មីនានេះ ក៏មានជួបប្រទះបញ្ហាច្រើនដែរ បើទោះបីជានៅក្នុងច្បាប់បាតុកម្ម កូដកម្មដោយសន្តិវិធី មិនតម្រូវឱ្យមានការស្នើសុំ ឬតម្រូវឱ្យមានការអនុញ្ញាតពីអាជ្ញាធរយ៉ាងណាក៏ដោយ។
ចំណែកពលរដ្ឋនៅកោះមាសវិញនិយាយថា បច្ចុប្បន្នពួកគាត់កំពុងតែរស់នៅប្រឈមនឹងអនាគតមិនច្បាស់លាស់ដែលធ្វើឱ្យពួកគាត់មានក្តីបារម្ភភិតភ័យយ៉ាងខ្លាំងខ្លាចថ្ងៃណាមួយអាជ្ញាធររដ្ឋាភិបាលបានប្រើកម្លាំងមកចាប់បង្ខំឱ្យពួកគាត់ចាកចេញពីផ្ទះពីដីរបស់ខ្លួនដោយពុំផ្តល់សំណងសមរម្យដូចដែលបានកើតឡើងកន្លងមកនៅតំបន់បឹងកក់និងបុរីកីឡាជាដើម៕







