សេដ្ឋកិច្ចកម្ពុជាត្រូវគេរំពឹងថា នឹងមានកំណើនយឺតអាចនៅត្រឹម៣,៩ភាគរយនៅឆ្នាំ២០២៦ នេះ។ ខណៈអ្នកសេដ្ឋកិច្ចលើកឡើងថា កំណើនសេដ្ឋកិច្ចជាតិទៅថ្ងៃអនាគតគឺត្រូវពឹងពាក់ខ្លាំងលើការពង្រឹងជំនាញ និងផលិតភាពការងាររបស់យុវជន មុនពេលពួកគេឈានដល់វ័យប្រឡូកក្នុងវិស័យការងារឡើងដល់កម្រិតខ្ពស់នៅឆ្នាំ២០៤៣។
តាមព័ត៌មានចុងក្រោយទាក់ទងនឹងសេដ្ឋកិច្ចកម្ពុជាចេញដោយធនាគារពិភពលោក កម្ពុជាបានរងសម្ពាធខ្លាំងពីការឡើងថ្លៃនៃតម្លៃប្រេងឥន្ធនៈ ដោយសារតែវិបត្តិនៅមជ្ឈឹមបូព៌ា។ ការណ៍នេះបានធ្វើឱ្យទីផ្សារអចលនទ្រព្យថមថយកម្លាំង និងការផ្ញើប្រាក់ពីបរទេសមកក្នុងស្រុកក៏មានចំនួនកាន់តែតិច ក្រោយពីពលករខ្មែរជិត១លាននាក់បានត្រឡប់ពីប្រទេសថៃវិញ។
បញ្ហាទាំងនេះបានធ្វើឲ្យតម្លៃទំនិញឡើងថ្លៃដល់៥,៨ភាគរយក្នុងខែមេសា ឆ្នាំ២០២៦។ របាយការណ៍ប៉ាន់ប្រមាណថាតម្លៃប្រេងឥន្ធនៈហក់ឡើង៦០ភាគរយ ហើយការចំណាយរបស់គ្រួសារនីមួយៗអាចធ្លាក់ចុះ៨ភាគរយ និងថាប្រជាពលរដ្ឋប្រហែល១,១លាននាក់អាចនឹងធ្លាក់ក្នុងភាពក្រីក្រ ខណៈតម្លៃទំនិញ និងសេវាកម្មផ្សេងៗកើនឡើង។
ថ្វីបើកម្ពុជាជួបបញ្ហាទាំងនេះក្ដី ធនាគារពិភពលោកឲ្យដឹងដែរថាកម្ពុជានៅមានលទ្ធភាពទប់ទល់បានតាមរយៈការទទួលបានការវិនិយោគផ្ទាល់ពីបរទេសមានទំហំទឹកប្រាក់៥,១ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ដែលបានបង្កើតឱកាសការងារប្រហែល៤សែនកន្លែង និងការនាំទិញចេញមានការកើនឡើង១៧,៧ភាគរយក្នុងត្រីមាសទីមួយឆ្នាំ២០២៦។ ដើម្បីដោះស្រាយបញ្ហាដែលកើនមានភ្លាមៗនេះ ធនាគារពិភពលោកបានផ្ដល់អនុសាសន៍ឲ្យមានការកំណត់ចំនួនគ្រួសារងាយរងគ្រោះ និងឧបត្ថម្ភសាច់ប្រាក់សម្រាប់អ្នកទាំងនោះ និងត្រូវធានាឲ្យបាននៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
ទោះយ៉ាងណា របាយការណ៍ក៏បានព្រមានដែរថា កម្ពុជានៅមានឧបសគ្គច្រើនទៀតដែលត្រូវជួបប្រទះ។ ចំនួនប្រជាជនពេញកម្លាំងរបស់កម្ពុជានឹងឡើងដល់កម្រិតខ្ពស់នៅឆ្នាំ២០៤៣ ដែលនេះបានន័យថា កម្ពុជានៅសល់ពេលវេលាមិនច្រើនទេក្នុងពង្រឹងផលិតភាពការងារ អភិវឌ្ឍជំនាញឲ្យកាន់តែប្រសើរ និងបង្កើតការងារដែលមានគុណភាពខ្ពស់មុនពេលដែលយុវជនទាំងនោះឈានជើងចូលទីផ្សារការងារ។
អ្នកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ក្នុងសេចក្ដីប្រកាសព័ត៌មានថា សេដ្ឋកិច្ចកម្ពុជានៅតែបង្ហាញពីភាពធន់របស់ខ្លួន បើទោះបីជាមានសម្ពាធមួយចំនួនក៏ដោយ ប៉ុន្តែថាសម្រាប់រយៈពេល១៥ទៅ២០ឆ្នាំទៀត កម្ពុជាត្រូវមានការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ។
អ្នកស្រីបន្ថែមថា៖ «ត្រូវវិនិយោគលើធនធានមនុស្ស រួមមាន ការអប់រំ ការងារ និងបន្ថែមប្រភពនានាសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ដោយកម្ពុជាអាចទាញយកផលប្រយោជន៍ពីកម្លាំងពលកម្មវ័យក្មេងរបស់ខ្លួន»។
កម្ពុជាបានរក្សាកំណើតសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងរឹងមាំនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយកំណើតសេដ្ឋកិច្ចមានក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំ ហើយកម្ពុជាក៏បានដាក់គោលដៅខ្លួនឲ្យក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ បើតាមធនាការពិភពលោក កម្ពុជាត្រូវធ្វើឲ្យពលរដ្ឋមានចំណូលប្រចាំឆ្នាំកើនឡើងពី ២ ៤០០ ដុល្លារនាពេលបច្ចុប្បន្ន ទៅដល់ជាង១៤ ០០០ដុល្លារ ដែលចំនួននេះកើនឡើងជិតប្រាំមួយដង។

ជាងបួនទសវត្សរ៍មកនេះ កំណើតសេដ្ឋកិច្ចកម្ពុជាកើតចេញពីកម្លាំងកម្មករដែលចាកចោលស្រែចម្ការមកធ្វើការនៅតាមរោងចក្រ សំណង់ និងសេវាកម្មផ្សេងៗ។ «ប៉ុន្តែថាមកដល់ពេលនេះ ធនធានជំរុញកំណើតសេដ្ឋកិច្ចទាំងនេះកំពុងតែធ្លាក់ចុះ» នេះបើតាមរបាយការណ៍ដដែល។
ជាលទ្ធផល កំណើនសេដ្ឋកិច្ចទៅថ្ងៃមុខ គឺត្រូវពឹងពាក់តិចតួចលើកម្មករធ្វើការឆ្លងវិស័យ និងត្រូវពឹងផ្អែកខ្លាំងលើការជំរុញផលិតភាពការងារ តាមរយៈការអប់រំល្អ និងមានជំនាញ ចេះប្រើបច្ចេកវិទ្យាជាន់ខ្ពស់ និងឆ្ពោះទៅរកឧស្សាហកម្មមានតម្លៃបន្ថែមខ្ពស់។
អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ និងលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានភ្លាមៗនោះទេ។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ប្រាប់ខេមបូចាថា របាយការណ៍របស់ធានាគារពិភពលោក គួរតែបាន «ដាស់ស្មារតី» ឲ្យមានការពន្លឿនធ្វើកំណែទម្រង់វិស័យអប់រំ និងបង្កើនគុណភាពសិក្សា។
លោកមានប្រសាសន៍ថា៖ «ប្រព័ន្ធអប់រំរបស់យើងនៅមានបញ្ហាប្រឈមលើរឿងគុណភាព។ សិស្ស និស្សិតជាច្រើនបញ្ចប់ការសិក្សាបានសញ្ញាបត្រ ប៉ុន្តែការសិក្សារបស់ពួកគេច្រើនតែផ្ដោតលើទ្រឹស្ដី និងការចាំមាត់ ជាជាងការអនុវត្តផ្ទាល់»។
លោក ចន្ទរឿន កត់សម្គាល់ឃើញថា កម្មវិធីសិក្សារបស់សាកលវិទ្យាល័យខ្លះមិនស៊ីនឹងតម្រូវការទីផ្សារការងារ ខណៈនិស្សិតជាច្រើនបញ្ចប់ការសិក្សាដោយខ្វះជំនាញបច្ចេកទេស ក៏ដូចជាជំនាញទន់ ដូចជាការគិតស៊ីជម្រៅ ការដោះស្រាយបញ្ហា និងទំនាក់ទំនងជាដើម។
លោកបន្តថា៖ «បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត គួរតែត្រូវបានបញ្ចូលក្នុងកម្មវិធីបង្រៀន និងរៀន ដើម្បីធ្វើឲ្យសិក្សាបានត្រៀមខ្លួនកាន់តែប្រសើរសម្រាប់ឱកាសការងារទៅថ្ងៃមុខ»។
លោកក៏សង្កេតឃើញដែរថា អត្រាសិស្សបោះបង់ការសិក្សានៅថ្នាក់អនុវិទ្យាល័យមានកម្រិតខ្ពស់ ហើយសិស្សក៏មិនសូវចាប់អារម្មណ៍រៀនមុខវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វករ ឬគណិតវិទ្យានោះដែរ។ លោកថា ត្រូវមានកិច្ចខិតខំបន្ថែមទៀតដើម្បីជំរុញឲ្យសិស្សបន្តការសិក្សាលើមុខវិទ្យាទាក់ទងនឹងបច្ចេកវិទ្យា។
បន្ថែមពីនេះ លោក ចន្ទរឿន ថាការពង្រឹងគុណភាពអប់រំក៏នៅតែជាគន្លឹះសំខាន់ ដោយថាគ្រូមួយចំនួនគួរទទួលការបណ្ដុះបណ្ដាលជំនាញ និងវិធីសាស្រ្តបង្រៀនបន្ថែម។ ក្រៅពីនេះ ប្រាក់ខែគ្រូបង្រៀនក៏ត្រូវយកចិត្តទុកដាក់ ដើម្បីទាក់ទាញ និងរក្សាទុកអ្នកមានសមត្ថភាព។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ សារព័ត៌មានខេមបូចា ថា បញ្ហាប្រឈមលើចំនួនប្រជាសាស្រ្ត និងផលិតភាពការងារដែលធនាគារពិភពលោកលើកឡើង គួរតែត្រូវបានយកចិត្តទុកដាក់ពីសំណាក់អ្នកធ្វើគោលនយោបាយ។
លោកបានថ្លែងថា រដ្ឋាភិបាលបានបោះជំហានតាមរយៈការធ្វើកំណែទម្រង់វិស័យអប់រំ និងការខិតខំរបស់ក្រសូងការងារក្នុងការពង្រីកការអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប៉ុន្តែថា«កិច្ចការដែលត្រូវធ្វើនៅមានច្រើនទៀត»។
លោកបន្តថា៖ «រដ្ឋាភិបាលគួរយកចិត្តទុកដាក់ឲ្យបានខ្ពស់លើវិស័យទាំងនេះ និងកៀរគរប្រភពធនធានសម្រាប់ពន្លឿនការអភិវឌ្ឍ»។
លោកសង្កត់ធ្ងន់ថា វិស័យឯកជនក៏ត្រូវដើរតួសំខាន់ក្នុងការជួយអភិវឌ្ឍជំនាញនៅតាមផ្នែកដែលមានតម្រូវការខ្ពស់ ដូចជាបច្ចេកវិទ្យា វិស្វកម្ម និងឧស្សាហកម្ម។
លោក វណ្ណៈ អំពាវនាវឱ្យមានកិច្ចសហការគ្នាជិតស្និទ្ធរវាងក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីរៀបចំឲ្យមានការបណ្ដុះបណ្ដាលជំនាញឱ្យស្របនឹងតម្រូវការទីផ្សារការងារ។ លោកបន្តថា គួរតែមានវេទិកាទូទៅមួយសម្រាប់ឱ្យពាណិជ្ជករអាចផ្សព្វផ្សាយរកជំនាញ គុណភាព និងតួនាទីការងារដែលពួកគេត្រូវការ និងអាចឱ្យសិស្ស និស្សិតទទួលបានព័ត៌មានពេញលេញក្នុងការសម្រេចចិត្តថាគួររៀនមុខវិជ្ជាណាមួយ និងអាជីពណាដែលគេចង់ធ្វើ។
លោកឲ្យដឹងទៀតថា៖ «ធ្វើបែបនេះអាចជួយនាំផ្លូវសិស្សឆ្ពោះទៅរកមុខវិជ្ជាសិក្សាដែលមានតម្រូវការច្រើន។ បើគ្មានព័ត៌មានច្បាស់លាស់អំពីតម្រូវការទីផ្សារ សិស្ស និស្សិតជាច្រើននឹងបាត់បង់ឱកាសដ៏មានតម្លៃ»។
លោកបន្ថែមទៀតថា សិស្ស និស្សិតជាច្រើននាពេលបច្ចុប្បន្នជ្រើសរើសមុខវិជ្ជាសិក្សាដោយមិនបានយល់ច្បាស់ពីទិសដៅការងារទៅថ្ងៃអនាគត ឬឱកាសការងារដែលមានក្រោយបញ្ចប់ការសិក្សា៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Has 17 Years to Raise A Productive, Skilled Workforce: Can It Beat the Demographic Clock?










