សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

សាលាឧទ្ធរណ៍​តម្កល់សាលក្រមលើសំណុំរឿងមេដឹកនាំសហជីព លោក ម៉ម រិទ្ធី និង​អ្នក​រិះគន់រដ្ឋាភិបាល លោក នី ណាក់​

រថយន្ត​សមត្ថកិច្ចដឹក​លោក ម៉ម រិទ្ធី និង​អ្នក​ជាប់ឃុំ​ផ្សេង​ទៀត​ទៅ​កាន់​សាលាឧទ្ធរណ៍​រាជធានីភ្នំពេញ​​ដើម្បី​ឡើង​សវនាការថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
រថយន្ត​សមត្ថកិច្ចដឹក​លោក ម៉ម រិទ្ធី និង​អ្នក​ជាប់ឃុំ​ផ្សេង​ទៀត​ទៅ​កាន់​សាលាឧទ្ធរណ៍​រាជធានីភ្នំពេញ​​ដើម្បី​ឡើង​សវនាការថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ នៅ​ថ្ងៃអង្គារនេះ​បាន​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​​លើ​សំណុំ​រឿង​របស់​មេដឹក​នាំ​សហជីព លោក ម៉ម រិទ្ធី។ មេធាវី ​លោក ម៉ម រិទ្ធី និង​សហជីព​ផ្សេង​ទៀត​ដែល​បាន​ចូល​រួម​ស្ដាប់​សវនាការ​ចាត់ទុក​ការ​សម្រេច​នេះ​ថា​ជារឿង​អយុត្តិធម៌​។​

លោក ម៉ម រិទ្ធី ត្រូវ​បានសាលា​ដំបូង​រាជធានី​ភ្នំពេញ​​ «កាត់ទោស»​​កំបាំង​មុខ​​កាលពី​ខែឧសភា ឆ្នាំ២០២៤ ប៉ុន្តែ​លោក​បាន​ប្ដឹងទាស់ទៅតុលាការឱ្យជំនុំជម្រះសំណុំរឿងរបស់ក្នុងខែធ្នូឡើងវិញ។ ទោះយ៉ាងណា ​សាលាឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលា​ដំបូង ដែល​បាន​កាត់ទោស​ឲ្យ​លោក​ជាប់​ពន្ធនាការ​ព្រៃសចំនួន​១៨​ខែ ដោយចោទពី​បទ​ញុះ​ញង់​ឱ្យ​ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទ​ធ្វើ​ឱ្យ​​បាត់បង់​ជំនឿ​លើ​​​សេចក្តី​សម្រេច​របស់​តុលាការ ព្រម​ទាំង​ពិន័យ​ជា​ប្រាក់​២លាន​រៀល​។​

លោក ម៉ម រិទ្ធី ជាប្រធានសហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍​សេវា​កម្ម​កម្ពុជា (CTSWF) និ​ង​ជា​អនុ​ប្រធាន​សហព័ន្ធ​សហជីពកម្ពុជា (CLC) ​ផង​ដែរ។​ លោក​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ខែឧសភា ឆ្នាំ២០២៤ តាម​មាត្រា​៤៩៤ ៤៩៥ និង​៥២៣ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។​​

ការ​​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ដោយ​ម្ចាស់​ក្រុម​ហ៊ុន​ចិន ជីនប៉ី​ គ្រុប​។ លោក រិទ្ធី តាម​រយៈ​ហ្វេស​ប៊ុក​របស់​លោក​បាន​លើក​ឡើង​ថា​លោកបាន «បាត់​ជំនឿ​លើ​ការ​សម្រេច​របស់តុលាការ» ក្រោយ​ពី​បុគ្គលិក​កាស៊ីណូ​ម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការប្រព្រឹត្តបទល្មើស​ព្រហ្ម​ទណ្ឌ​កាល​ពី​ឆ្នាំ២០២២​។​

ក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់​របស់ខ្លួន លោក​បាន​រិះគន់​កាស៊ីណូ​ជីនប៉ី​២ ​ដែល​​បាន​ចោទ​បុគ្គលិក​កាស៊ីណូ​ជា​ស្រ្តី​ម្នាក់​ថា​បាន«ជួយ​»ឲ្យ​អវិថិជន​ឈ្នះ​​​ល្បែង​១៨ ០០០​ដុល្លារ និង​ «មិន​អនុញ្ញាត» ឲ្យ​អតិថិជន​រូប​នោះ​ចូល​លេង​ទៀត​ឡើយ។​ លោក​ក៏​បាន​រិះគន់​ចំណាត់​ការ​របស់​តុលាការ​ដែល​បាន​ឃុំ​ខ្លួន​បុគ្គលិក​ជា​ស្រ្តី​រូប​នោះ​ទាំង​ដែល​មិន​មាន​ភស្តុតាង​​​។​

មេធាវីការពារ​ក្ដីឲ្យ​លោក ម៉ម រិទ្ធី គឺ​លោក សំ ចំរើន បាន​និយាយ​ថា​សេចក្ដី​សម្រេច​របស់​តុលាការ​លើ​កូន​ក្ដី​របស់​លោក​មិន​យុត្តិធម៌នោះទេ។ យ៉ាងណា មេធាវីរូបនេះបដិសេធធ្វើ​អត្ថាធិប្បាយ​ច្រើន​ជាង​នេះ​។​

លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា ថ្លែងចំណាប់អារម្មណ៍បើកម្មវិធីក្នុងកិច្ចប្រជុំប្រចាំឆ្នាំសហភាពការងារកម្ពុជា នៅខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាព៖ CLC)
លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា ថ្លែងចំណាប់អារម្មណ៍បើកម្មវិធីក្នុងកិច្ចប្រជុំប្រចាំឆ្នាំសហភាពការងារកម្ពុជា នៅខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាព៖ CLC)

ភរិយា​​លោក ម៉ម រិទ្ធី គឺ​អ្នក​ស្រី គង់ សុដា បាន​និយាយ​ថា ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​មិន​បាន​ផ្ដល់​យុត្តិធម៌​ដល់​ស្វាមី​អ្នកស្រី​ទេ​។ អ្នកស្រីបន្ត​ថា​នឹង​ពិភាក្សា​ជាមួយ​មេធាវី​ដើម្បី​ប្ដឹង​សារទុក្ខ​ទៅ​កាន់​តុលាការកំពូល​ទៀត​​។ អ្នក​ស្រី​លើក​ឡើងថា ​អ្វី​ដែល​ប្ដី​អ្នកស្រី​បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុក​គឺ​មិន​មាន​ចេតនា​​ធ្វើ​ឱ្យ​​បាត់បង់​ជំនឿ​លើ​​​សេចក្តី​សម្រេច​របស់​តុលាការ​ ឬ​ញុះញង់​បុគ្គល​ណា​ឡើយ​។​

​អ្នក​ស្រី​អះអាង​ថា៖ «​អ្វី​ដែល​គាត់​បាន​ផ្សាយ​លើ​ហ្វេស​ប៊ុក​គឺ​មាន​ចេតនាចង់​ឲ្យ​មាន​ដំណោះ​ស្រាយ​ចំពោះ​បុគ្គលិក​កាស៊ីណូជា​ស្រ្តី​រូប​នោះ»។​​

អ្នកស្រី​បន្តថា៖ «ខ្ញុំសុំឱ្យតុលាការមេត្តា​ពិចារណា​[សាលដីការ]​ឡើង​វិញ និង​ដោះ​លែង​គាត់​ពី​ពន្ធនាគារ ព្រោះ​ថា​គាត់​គ្មាន​ចេតនា​​ធ្វើ​ឱ្យ​​បាត់បង់​ជំនឿ​លើ​​​សេចក្តី​សម្រេច​របស់​តុលាការទេ»​។​

អ្នក​ស្រីបញ្ជាក់​ថា ​គ្រួសារ​កំពុងជួបការ​លំបាក​ ពេល​ស្វាមី​ជាប់​ឃុំ​បែប​នេះ​ ដោយ​អ្នកស្រី​ត្រូវ​រ៉ាប់រង​បន្ទុក​ដ៏​ធ្ងន់​ក្នុង​ការ​មើល​ថែកូន​បួន​នាក់​ដែល​មាន​វ័យ​ពី​៦​ដល់​២០​ឆ្នាំ​។​

អនុប្រធាន​សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក​ អាត់ ធន់ ដែល​បាន​ចូល​រួម​ស្ដាប់សវនាការ​នោះដែរ បាន​បង្ហាញ​ការ​ខក​ចិត្ត​ចំពោះ​សាលដីការ​របស់​សាលា​ឧទ្ធរណ៍ និង​បាន​ចាត់​ទុក​ថា​ការ​សម្រេច​ចិត្ត​នេះ​មិន​​យុត្តិធម៌​សម្រាប់​សហជីព​។​

លោក​បានថ្លែងថា៖ «​ខ្ញុំ​គិត​ថា​​វា​ជារឿងទាក់ទង​នឹង​ជម្លោះ​ការងារ​ដែលពាក់ព័ន្ធ​នឹង​​​សហជីព នឹងកម្មករ​ ហើយ​វា​មិន​គួរ​ត្រូវ​ដោះស្រាយ​តាម​ផ្លូវ​​តុលាការទេ»។​

លោក​បន្ត​ថា៖ «​ពេល​ដែល​តំណាង​សហជីព​បញ្ចេញ​មតិ​ដើម្បីការពារ​សមាជិក​របស់​ខ្លួន ហើយ​ក្រោយ​មក​បែរជាត្រូវ​ចាប់​ខ្លួន វា​នឹង​បំបាក់ទឹក​ចិត្ត​ពួកគេ​ក្នុង​ការការពារ​កម្មករ​នៅ​ពេល​ខាង​មុខ ហើយទុកឱ្យ​និយោជក​​រំលោភ​បំពាន​កម្មករ​ដោយ​សេរី»។​

លោក​បន្ថែម​ថា លោក រិទ្ធី ក៏​មិន​បានរៀបចំ​ធ្វើ​ការ​តវ៉ាអ្វីដែរ បើទោះបីជា​ពេល​នោះ​លោក​ថា​នឹង​ធ្វើ​ក៏​ដោយ។ លោក​ថា​មិន​មាន​សកម្មភាព​ណា​មួយ​ក្នុង​ឆ្នាំ​នោះ​ដើម្បី​អាចធ្វើ​ជាមូល​ដ្ឋាន​ចោទ​ប្រកាន់​ពីបទ​ញុះញង់​នោះទេ​។ លោក​បន្ត​ទៀត​ថា៖ «​ក្នុងនាម​​ជា​មេដឹក​នាំ​មួយ​រូប​ គឺ​មាន​សិទ្ធិ​​តស៊ូមតិ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​ដែល​កម្មករ​ជួប​ប្រទះ»។​

ជាមួយ​គ្នា​នោះដែរ​ សាលាឧទ្ធរណ៍​មិន​បាន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ខេមបូចា​ចូល​ស្ដាប់សវនាការរបស់​លោក រិទ្ធី នោះ​ទេ ដោយ​អះអាង​ថា «បន្ទប់សវនាការពេញ​ហើយ»។​ សាលាឧទ្ធរណ៍​​មិន​បាន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ចូល​ស្ដាប់​សវនាការ​ចំនួន​បី​ដង​មក​ហើយ​ទាក់ទង​នឹង​សំណុំ​រឿង​អតីតមេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ដែល​បាន​ជំនុំជម្រះ​កាលពី​ឆ្នាំមុន ដោយ​បាន​លើក​ឡើង​នូវ​ហេតុ​ផល​ប្រហាក់​ប្រហែល​គ្នា​នេះរាល់​លើក​។​

សវនាការដាច់​ដោយ​ឡែក​មួយ​ទៀត ​សាលាឧទ្ធរណ៍ក៏​បាន​តម្ដល់​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែរ។​ សវនាការ​នោះគឺ​ជំនុំ​ជម្រះ​បណ្ដឹង​ឧទ្ធរណ៍​របស់​​អ្នក​រិះគន់​រដ្ឋាភិបាល លោក នី ណាក់ ​ដែល​តុលាការ​រក​ឃើញ​ថា​មាន​ពិរុទ្ធ និង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំ​ពី​ប​ទ​​ញុះញង់ឱ្យមានការរើសអើង និង​បទបរិហារកេរ្តិ៍​ជា​សាធារណៈ​។​

លោក នី ណាក់ រង​បទ​ចោទ​នេះ ក្រោយ​ពី​លោក​បាន​រិះគន់លើម្ចាស់​គណនី​ហ្វេស​ប៊ុក​មួយ​ឈ្មោះ​ថា «ហេង សួរ» ដោយថា​លោក ហេង សួរ កាន់​កាប់​ដី​៩១​ហិចតា​។​ អ្នកនាំពាក្យ​ក្រសួងការងារ​បដិសេធថា​គណនី​ហ្វេស​ប៊ុក​ឈ្មោះ «ហេង សួរ» ដែល​រង​ការ​ចោទ​ប្រកាន់​នោះ​មិន​មែន​ជា​​របស់​រដ្ឋមន្ត្រី​ក្រ​សួង​ការងារ លោក ហេង សួរ​ នោះ​ទេ​។​

សំណុំ​រឿង​ដាច់ដោយឡែក​មួយ​ទៀត ចៅក្រម​សាលាឧទ្ធរណ៍​ក៏​​បា​ន​ច្រាន​ចោល​សំណើ​សុំ​នៅក្រៅ​ឃុំ របស់​លោក ជិន ប៊ុណ្ណរ័ត្ន មន្ត្រី​គណបក្ស​កម្លាំង​ជាតិ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​វិច្ឆិកា ឆ្នាំមុន ក្រោម​បទ​ចោទ​ញុះញង់​ផង​ដែរ។​

លោក ជូង​ ជូងី មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ប៊ុណ្ណារ័ត្ន និង​លោក នី ណាក់ បាន​បង្ហាញ​ការ​ខក​ចិត្ត​ជាមួយ​នឹង​សេចក្ដី​សម្រេច​របស់​ចៅក្រម​សាលាឧទ្ធរណ៍ដែល​តម្កល់​សាលក្រម​របស់​សាលា​ដំបូងរាជធានី​ភ្នំពេញ​ ដែ​ល​ការណ៍​នេះ​ធ្វើ​ឲ្យ​កូន​ក្ដី​របស់​លោក​ត្រូវ​បន្ត​ជាប់ឃុំ​។​​

លោក​លើក​ឡើង​ថា៖ «​ខ្ញុំ​សោក​ស្ដាយ​ដែល​តុលាការ​មិន​ផ្ដល់​យុត្តិធម៌​សម្រាប់ពួកគាត់»។ យ៉ាងណា លោក​បដិសេធ​អត្ថាធិប្បាយ​ច្រើន​ទៀត​អំពី​សំណុំ​រឿង​ទាំង​ពីរ​នេះ។​

​ភរិយាលោក នី ណាក់ គឺ​អ្នកស្រី សុខ ស៊ីណែត ​ ដែល​បាន​ចូល​ស្ដាប់​សវនាការ​ដែរ​នោះ បាន​បង្ហាញ​ការ​ខក​ចិត្ត​ដូច​គ្នា និង​ថា​មិន​មាន​យុត្តិធម៌​សម្រាប់​ស្វាមី​អ្នកស្រី​នោះទេ។ អ្នកស្រី​លើក​ឡើងថា៖ «​អ្វី​ដែល​គាត់​បាន​បង្ហោះ​លើ​ហ្វេស​ប៊ុក​របស់​គាត់ គឺ​គ្រាន់​តែ​ជា​ការ​អនុវត្ត​សិទ្ធិ​បញ្ចេញ​មតិ​​ក្នុង​នាម​ជាពល​រដ្ឋ​ម្នាក់»៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Appeal Court Upholds Convictions Against Union Leader Morm Rithy and Govt Critic Ny Nak

35 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម