សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃពុធនេះបានតម្កល់ការផ្ដន្ទាទោសលោក ម៉ម រិទ្ធី ប្រធានសហព័ន្ធកម្មករទេសចរណ៍ និងសេវាកម្មកម្ពុជា (CTSWF) ពីបទញុះញង់តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងបទ«ធ្វើឲ្យខូចដល់ការសម្រេចរបស់តុលាការ» តាមមាត្រា ៥២៣ នៃក្រមព្រហ្មទណ្ឌ។ លោកត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ១៨ខែ និងពិន័យជាប្រាក់២លានរៀល (៥០០ដុល្លារ)។
មុនពេលចៅក្រម និងព្រះរាជអាជ្ញាចូលបន្ទប់សវនាការ លោក រិទ្ធី បានរង់ចាំជាមួយអ្នកទោសពីរនាក់ទៀតផ្សេងទៀតដោយដៃជាប់ខ្នោះ ប៉ុន្តែត្រូវដោះខ្នោះដៃចេញនៅពេលដែលសំណុំរឿងចាប់ផ្តើម។
ចៅក្រម ធន់ ដារិទ្ធ បានអានសំណុំរឿងម្តងទៀត ហើយក៏បានប្រកាសដោយសម្រេចតម្កល់សាលក្រម និងបញ្ជាក់ថាចុងចោទមានសិទ្ធិប្តឹងឧទ្ធរណ៍ទៅសាលាឧទ្ធរណ៍។
ខណៈ រិទ្ធី ត្រូវបានមន្ត្រីពន្ធនាគារនាំចេញពីបន្ទប់សវនាការនៅម៉ោង៩ និង៣០នាទីព្រឹក គាត់បានមើលទៅប្រពន្ធ មិត្តភ័ក្តិ និងសហការី ហើយនិយាយថា៖ «ខ្ញុំមិនអីទេ កុំបារម្ភ»។
អ្នកស្រី គង់ សុដា អាយុ៣៩ឆ្នាំ ភរិយារបស់អ្នកស្រី រិទ្ធី បានថ្លែងថា គាត់ខកចិត្តចំពោះការសម្រេចរបស់តុលាការ។ អវត្តមានរបស់ រិទ្ធី បានបង្ខំឱ្យគ្រួសារប្រឈមមុខនឹងបញ្ហាជាច្រើន រួមទាំងបញ្ហាបំណុល និងការចិញ្ចឹមកូនបួននាក់តែម្នាក់ឯងផងដែរ។ អ្នកស្រី សុដា បានជំរុញឲ្យតុលាការដោះលែងស្វាមីរបស់នាងវិញ ដើម្បីឲ្យគាត់បានមកជួបជុំគ្រួសារឡើងវិញ។
អ្នកស្រី សុដា ឱ្យដឹងថា៖ «ជាមួយនឹងការបាត់បង់មេគ្រួសារ យើងប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុ ហើយខ្ញុំត្រូវចិញ្ចឹមកូនតែម្នាក់ឯង។ ពួកគេប៉ះពាល់អារម្មណ៍។ ខ្ញុំសុំឲ្យតុលាការ និងរដ្ឋាភិបាលដោះលែងគាត់ ហើយឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ព្រោះឥឡូវពិបាកណាស់»។
នាងបានរៀបរាប់ពីរបៀបដែលកូនរបស់នាងទន្ទឹងរង់ចាំ រិទ្ធី ត្រឡប់មកផ្ទះវិញ។ កូនច្បងរបស់ពួកគេក៏មានរងការប៉ះពាល់ផ្លូវអារម្មណ៍ជុំវិញការចាប់ខ្លួនរបស់រិទ្ធី ខណៈកូនពៅវិញតែងតែសួរថាតើពេលណា រិទ្ធី នឹងត្រឡប់មកផ្ទះវិញ?
អ្នកស្រី សុដា បញ្ជាក់ថា៖ «ដូចថ្ងៃនេះដែរ ខ្ញុំសង្ឃឹមថាទទួលបានលទ្ធផលល្អ ប៉ុន្តែវាប្រែជាអាក្រក់។ ខ្ញុំខកចិត្តនិងពិបាកចិត្តដែលមិនដឹងថាពេលណាប្តីរបស់ខ្ញុំត្រូវបានគេដោះលែង។ កូនៗកំពុងតែរង់ចាំឪពុករបស់ពួកគេត្រឡប់មកវិញ»។
អ្នកស្រី សុដា បានកត់សម្គាល់ឃើញថា ប្តីរបស់នាងមានរាងស្គម និងចាស់ជាងមុនពេលចាប់ខ្លួន។ រិទ្ធីប្រាប់សុដាឲ្យរឹងមាំដើម្បីមើលថែកូននិងថែខ្លួននាង។ អ្នកស្រីបន្ថែមថា៖ «ខ្ញុំកាន់តែមានអារម្មណ៍តានតឹងពេលឃើញគាត់ [ក្នុងស្ថានភាពនោះ]។ ខ្ញុំមិនដឹងថាត្រូវរឹងមាំកម្រិតណាទេ»។

លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា សាលក្រមក្នុងសំណុំរឿងលោក រិទ្ធី ហាក់ដូចជាធ្វើតាមការសម្រេចកំបាំងមុខកាលពីមុន ដែលវាមិនស្របតាមនីតិវិធី។ លោកបានស្នើឲ្យតុលាការ ឬប៉ូលិសពិនិត្យឡើងវិញនូវការបង្ហោះតាមបណ្ដាញសង្គមរបស់លោក រិទ្ធី ពីមុន «ដើម្បីមើលថាតើរិទ្ធីពិតជាញុះញង់ ឬបរិហារកេរ្តិ៍»។
លោកបានបន្តថា៖ «ប៉ូលិសមិនបានរកឃើញមូលហេតុដែលលោក រិទ្ធី និយាយអំពីបញ្ហានេះទេ។ អ៊ីចឹងហើយបានគេយកតែមួយផ្នែកប៉ុណ្ណោះហើយមិនបានស៊ើបអង្កេតបញ្ហាក្នុងកាស៊ីណូនោះទេ។ អ្វីដែលគាត់ធ្វើក្នុងនាមជាមេសហជីពគឺជួយ [សមាជិកសហជីព] ហើយនោះមិនខុសច្បាប់ទេ»។
លោកបន្តថា អ្វីដែលគួរឲ្យសោកស្ដាយ គឺតុលាការមិនគួរចោទប្រកាន់ រិទ្ធី ពីបទញុះញង់ និងដាក់ពន្ធនាគារនោះទេ ព្រោះអ្វីដែលគាត់និយាយគ្រាន់តែជាការបញ្ចេញមតិ ដើម្បីឲ្យស្ថាប័នពាក់ព័ន្ធបានដឹង និងជួយអន្តរាគមន៍ក្នុងសំណុំរឿង ម៉ម ស្រីល័ក្ខ។
លោក សុខសាន្ត បន្ថែមថា៖ «ការដែលគាត់ត្រូវបានផ្ដន្ទាទោសដោយសារតែជួយការពារសហជីព និងផ្ដន្ទាទោសដាក់ពន្ធនាគារ១៨ខែ និងពិន័យជាប្រាក់ពីរលានរៀល គឺជារឿងអយុត្តិធម៌សម្រាប់គាត់។ ក្នុងនាមខ្ញុំជាអ្នកធ្វើការផ្នែកសិទ្ធិមនុស្ស ខ្ញុំមិនចង់ឃើញតុលាការចោទប្រកាន់អ្នកធ្វើការងារសង្គមទេ។ យើងស្នើសុំឲ្យតុលាការពិចារណាដោះលែង ឬទម្លាក់បទចោទលើគាត់ [រិទ្ធី] ដើម្បីឲ្យគាត់មានសេរីភាពក្នុងការធ្វើការងារសង្គមម្ដងទៀត»។
លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា (CLC) មានប្រសាសន៍ថា សកម្មភាពសហជីពដែលការពារសិទ្ធិកម្មករ មិនគួរទទួលរងការកាត់ទោស ឬដាក់ទណ្ឌកម្មនោះទេ។ ដូច្នេះលោកជំរុញឲ្យតុលាការលើកលែងទោសលោក រិទ្ធី ដើម្បីឲ្យលោកចូលធ្វើការងារសហជីពវិញ។
លោក អាទិត្យ ថ្លែងថា៖ «សរុបមក គាត់ [រិទ្ធី] គួរតែមានសេរីភាព។ ខ្ញុំគិតថា សាលក្រមនេះអយុត្តិធម៌សម្រាប់គាត់ ហើយនឹងធ្វើឲ្យសហជីពផ្សេងទៀតភ័យខ្លាចក្នុងការការពារសិទ្ធិកម្មករ និងបញ្ចេញមតិ»។
ទោះជាយ៉ាងនេះក្តី លោក អាទិត្យ លើកឡើងថា ចំពោះបញ្ហាទាក់ទងនឹងសិទ្ធិការងារ តុលាការគួរតែសិក្សាច្បាប់សហជីព និងធ្វើសេចក្តីសម្រេចតាមស្តង់ដារវិជ្ជាជីវៈ ដូចជាច្បាប់ការងារ និងអនុសញ្ញា ILO និងរដ្ឋធម្មនុញ្ញជាដើម។
លោក អាទិត្យ បាននិយាយថា៖ «CLC នឹងបន្តគាំទ្រជំនួយផ្នែកច្បាប់ និងធ្វើយុទ្ធនាការផ្សេងៗ និងបញ្ចុះបញ្ចូលដៃគូផ្សេងៗ ហើយស្នើសុំរដ្ឋាភិបាលឱ្យដោះលែងមេដឹកនាំសហជីព និងអ្នកដែលត្រូវបានចោទប្រកាន់ពីបទធ្វើការងារសហជីព»។
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា តុលាការបានបើកសវនាការលើសំណុំរឿងរបស់លោក រិទ្ធី បន្ទាប់ពីលោកសម្ដែងការខកចិត្តដែលបានបើកសវនាការកំបាំងមុខកាលពីដើមឆ្នាំនេះ ហើយបានកាត់ទោសឲ្យជាប់ពន្ធនាគារ ១៨ ខែ។
កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ លោក រិទ្ធី ត្រូវបានចាប់ខ្លួន បន្ទាប់ពីត្រូវបានកាត់ទោសពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ តាមបណ្តឹងរបស់ក្រុមហ៊ុន Jin Bei Group ដែលជាកម្មសិទ្ធិរបស់ជនជាតិចិន ហើយត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃស ដើម្បីអនុវត្តទោស៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Phnom Penh Court Upholds Union Leader Morm Rithy’s Conviction