សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ប្រធានសហជីព លោក ម៉ម រិទ្ធី ស្នើតុលាការទម្លាក់បទចោទ

រថយន្ត​ពន្ធនាគារ​ដឹក​អ្នក​ទោស​រួម​ទាំង​លោក​ ម៉ម រិទ្ធី ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញដើម្បី​បើក​សវនាការ​នៅ​ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។ (ខេមបូចា/ ព្រីង សំរោង) 
រថយន្ត​ពន្ធនាគារ​ដឹក​អ្នក​ទោស​រួម​ទាំង​លោក​ ម៉ម រិទ្ធី ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញដើម្បី​បើក​សវនាការ​នៅ​ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។ (ខេមបូចា/ ព្រីង សំរោង) 

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ ​បាន​បើក​សវនាការ​លើ​សំណុំ​រឿង​ប្រធាន​សហជីព​លោក ម៉ម រិទ្ធី បន្ទាប់​ពី​លោក​សម្តែង​ការ​ខក​ចិត្ត​ដែល​តុលាការ​បាន​បើក​សវនាការ​កាត់​ទោស​កំបាំង​មុខ​លោក​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល១៨ខែ។

ការចោទប្រកាន់ទៅលើគាត់គឺទាក់ទងនឹងការលើកឡើងដែលគាត់បានរិះគន់ការចាប់ខ្លួនបុគ្គលិកកាស៊ីណូម្នាក់ក្នុងអំឡុងពេលផ្សាយផ្ទាល់តាមហ្វេសប៊ុកកាលពីពីរឆ្នាំមុន។ លោក រិទ្ធី បាន​ស្នើសុំឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ប្រកាស​ថា​លោក​គ្មាន​ទោស។

ក្នុង​សវនាការ​ដែល​បាន​បន្ត​កាលពី​ថ្ងៃ​ពុធ លោក រិទ្ធី ដែល​ជា​ប្រធាន​សហព័ន្ធ​កម្មករ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា (CTSWF) និង​ជា​អនុប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) បាន​អំពាវនាវ​ដល់​តុលាការ​ឲ្យ​ដោះលែង​គាត់​ឲ្យមានសេរីភាពឡើងវិញ ដោយសារ​គាត់​គ្មាន​ចេតនា​ប្រមាថមាក់ងាយ ឬបង្ខូចឈ្មោះប្រព័ន្ធតុលាការនៅកម្ពុជាឡើយ។

លោក រិទ្ធី បាននិយាយនៅក្នុងសវនាការថា៖ «កុំធ្វើបាបខ្ញុំ! ខ្ញុំ​មិន​បាន​និយាយ​អ្វី​ដែល​មិន​គោរព​តុលាការ​ទេ។ ខ្ញុំនិយាយទៅកាន់អ្នកដែលធ្វើខុស។ អ្វី​ដែល​ខ្ញុំ​និយាយ​គឺ​ស្រប​តាម​ច្បាប់​។ ខ្ញុំ​សុំ​ឲ្យ​ចៅក្រម​លើក​លែង​ទោស​ខ្ញុំ ហើយ​ដោះលែង​ខ្ញុំ​វិញ ព្រោះ​គ្រួសារ​ខ្ញុំឥឡូវក្រីក្រណាស់។ ផ្ទះរបស់ខ្ញុំលក់អស់ហើយ ភរិយា​និង​កូន​របស់​ខ្ញុំ​កំពុង​រស់​នៅ​ក្នុង​ស្ថានភាពយ៉ាង​លំបាក»។

ចៅក្រម ធន់ ដារិទ្ធ បានគូសបញ្ជាក់ពីការអត្ថាធិប្បាយរបស់ រិទ្ធី ក្នុងការផ្សាយផ្ទាល់តាមហ្វេសប៊ុកកាលពីឆ្នាំ២០២២ ដោយកត់សម្គាល់ថា អ្វីដែលលោក រិទ្ធី និយាយកាលនោះ ហាក់ដូចជាជំរុញឱ្យ«សាធារណជនបាត់បង់ជំនឿលើប្រព័ន្ធតុលាការ ហើយដែលប៉ះពាល់ដល់ភាពជឿជាក់នៃស្ថាប័នតុលាការ»។

លោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញាចោទសួរថាលោក រិទ្ធី ថា  ក្នុងនាមជាប្រធានសហជីពដែលមានចំណេះដឹងមួយរូបហេតុអ្វីមិនប្រើវិធីផ្សេងទៀត ដូចជាការដាក់លិខិតជំរុញឲ្យភាគីពាក់ព័ន្ធជួយអន្តរាគមន៍ក្នុងសំណុំរឿង បុគ្គលិកកាស៊ីណូ គឺអ្នកស្រី ម៉ម ស្រីល័ក្ខ។ 

លោកស្រី សុគន្ធា ក៏​បាន​សួរ​លោក រិទ្ធី អំពី​ទំនាក់​ទំនង​របស់​លោក​ជាមួយ​ ស្រី​ល័ក្ខ និង​​បញ្ជាក់​ពី​អ្វី​ដែល​លោករិទ្ធី​បាន​និយាយ​មិនមាន​ភស្តុតាង​ច្បាស់លាស់​ និងមិនមានវត្តមាន​ក្នុង​ឧប្បត្តិហេតុ​កាស៊ីណូ​កាលពី​ឆ្នាំ​២០២២នោះទេ។ 

លោកស្រី សុគន្ធា និយាយថា៖ «តើបងដឹងទេថាអ្វីដែលអ្នកបាននិយាយនៅលើ Facebook នឹងផ្តល់ផលប្រយោជន៍អ្វីខ្លះដល់បង? ហើយអ្វីដែលបងនិយាយ គឺប៉ះពាល់ដល់ប្រព័ន្ធតុលាការ»។

ទោះ​ជា​យ៉ាង​ណា លោក រិទ្ធី បាន​ឆ្លើយ​តប​ភ្លាមៗ​ថា លោក​មិន​មាន​ចេតនា​អាក្រក់​ធ្វើ​ឲ្យ​ខូច​កិត្តិយស​តុលាការ​ទេ។ លោក​ថាការ​បញ្ចេញ​មតិ​តាម​ហ្វេសប៊ុក​របស់​លោក​ធ្វើ​ឡើង​ដើម្បី​រក​ដំណោះស្រាយ និង​ស្នើ​ទៅ​តុលាការ​ខេត្ត​ព្រះសីហនុ ឲ្យ​ដោះលែង​សមាជិក​សហជីព​រូប​នេះ​ឲ្យ​នៅ​ក្រៅ​ឃុំ។ ផ្អែកតាមអ្វីដែលលោកបានដឹង និងការសួរដេញដោលចំពោះអ្នកពាក់ព័ន្ធក្នុងករណីកាស៊ីណូនិងពាក់ព័ន្ធជាមួយនឹងស្រីល័ក្ខ។ លោក រិទ្ធី បញ្ជាក់ទៀតថា សកម្មភាពលើបុគ្គលិកកាស៊ីណូនេះ គឺផ្ទុយនឹងច្បាប់ការងារ។

លោក រិទ្ធី លើកឡើងថា ការចែករំលែកមតិ ដែលស្ថិតក្នុងអំឡុងការរាតត្បាត កូវីដ-១៩ គឺជាសិទ្ធិរបស់គាត់។ លោក​បានព្យាយាមបញ្ចេញយោបល់​ដើម្បី​ឲ្យ​អាជ្ញាធរ​ដឹង​ពី​បញ្ហា​ស្ត្រី​រង​ការ​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌។

លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធកម្មករទេសចរណ៍ និងសេវាកម្មកម្ពុជា (CTSWF) ថ្លែងទៅកាន់សមាជិក CLC ក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៅខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាព៖ CLC)

យ៉ាង​ណា​ក៏ដោយ លោកស្រីព្រះរាជ​អាជ្ញា​បាន​រំលឹក​លោក រិទ្ធី ថា ការ​បញ្ចេញ​មតិ​ជា​សិទ្ធិ ប៉ុន្តែ«បើ​ការ​និយាយ​ប៉ះពាល់​ដល់​អ្នក​ដទៃ វា​ខុស​ច្បាប់»។

សរុបសេចក្តីមក លោកស្រី សុគន្ធា បានបន្ថែមថា ការលើកឡើងរបស់លោក រិទ្ធី ត្រូវបានបកស្រាយថា​ បរិហាកេរ្តិ៍តាមមាត្រា៣០៥ និងមាត្រា៥២៣ ដែលធ្វើឲ្យប៉ះពាល់ដល់តុលាការនៃក្រមព្រហ្មទណ្ឌ។ លោកស្រី​ស្នើ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​លោក រិទ្ធី ទៅ​តាម​ច្បាប់។

ដោយឡែក លោកចៅក្រម ធន់ ដារិទ្ធ បានបញ្ជាក់នៅក្នុងអង្គសវនាការថាដើមបណ្ដឹង ដែលមានឈ្មោះថា អឹង ដារ៉ា បានដកពាក្យបណ្ដឹង និងលុបចោលការទាមទារសំណងចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិកពីលោក រិទ្ធី ផងដែរ។ 

កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ លោក រិទ្ធី ត្រូវបាននគរបាលសង្កាត់បឹងទំពុន២ ចាប់ខ្លួន និងចោទប្រកាន់ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងពីបទ«ធ្វើឲ្យបាត់បង់ជំនឿលើប្រព័ន្ធតុលាការ»។

នៅក្នុងសាលក្រមរបស់តុលាការកាលពីពេលថ្មីៗនេះ  បានលើកឡើងថា រិទ្ធី បានប្រព្រឹត្តបទល្មើសតាមរយៈ Facebook កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលគាត់បានរិះគន់កាស៊ីណូ Jin Bei 2 ដោយចោទប្រកាន់ អ្នកស្រី ម៉ម ស្រីល័ក្ខ ពីបទ «ជួយ» ភ្ញៀវបោកប្រាស់ និងឈ្នះទឹកប្រាក់ពីកាស៊ីណូប្រហែល ១៨ ០០០ដុល្លារ ហើយមិនចូលមកលេង កាស៊ីណូម្តងទៀត។

លោក សំ ចំរើន មេធាវី​របស់​លោក រិទ្ធី បាន​ជំទាស់​នឹង​ការ​សន្និដ្ឋាន​របស់​អយ្យការ​ដោយ​ហៅ​ការ​សន្និដ្ឋាន​នេះ​ថា ​ជា​ការ​សន្មត់មិនស៊ីជម្រៅ។  លោក ចំរើន ពន្យល់ថា អ្វីដែលលោក រិទ្ធី និយាយនៅលើ Facebook គឺស្របតាមច្បាប់សហជីព ហើយមិនមានអ្វីដែលបង្ហាញថាកូនក្តី​របស់គាត់ប្រមាថដល់តុលាការនោះទេ។

មេធាវី ចំរើន និយាយថា៖ «តើកូនក្តីរបស់ខ្ញុំបាននិយាយអ្វីដើម្បីញុះញង់សាធារណជនឱ្យធ្វើអ្វីមួយ ដូចជាដុតផ្ទះ ឬកាស៊ីណូ? ទេ! ព្រោះ​គ្មាន​សកម្មភាព​ខុស​ច្បាប់​កើត​ឡើង​បន្ទាប់​ពី​កូន​ក្តី​ខ្ញុំ​និយាយ។ គាត់គ្រាន់តែសុំដំណោះស្រាយប៉ុណ្ណោះ។ ដូច្នេះ​ខ្ញុំ​សុំ​ឲ្យ​ចៅក្រម​ពិចារណា​ឡើង​វិញ»។

លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា លោក រិទ្ធី បានធ្វើអត្ថាធិប្បាយទាក់ទងនឹងការចាប់ខ្លួនសមាជិកសហជីពរបស់ខ្លួនឈ្មោះ ម៉ម ស្រីល័ក្ខ ដើម្បីស្វែងរកដំណោះស្រាយដោយសារកាលនោះកាស៊ីណូ បានឃុំខ្លួនស្រ្តីនោះជាមួយបុរសជនជាតិចិនប្រមាណ៣០នាក់។

លោក សុខសាន បន្តទៀតថា  លោក រិទ្ធី គ្រាន់តែមានក្ដីអាណិតចំពោះស្រ្តីនោះ និងមិនពេញចិត្តចំពោះចំណាត់ការដោយ​មិន​មាន​ការ​ស៊ើប​អង្កេត​ច្បាស់លាស់ ដោយ​លោក​បន្ថែម​ថា វា​ជា​រឿង​អយុត្តិធម៌​ដែល​បុគ្គលិក​សង្គមដូចជាលោករិទ្ធីត្រូវ​បាន​ចោទ​ប្រកាន់។

លោក​ សុខសាន បន្ថែមទៀតថា ជារឿងដែលមិនទាស់ខុសទេ ក្នុងការនិយាយរិះគន់​​មន្ត្រី​​​សាធារណៈ​​ដើម្បី​ធានា​ថា​ពួកគេ​កែលម្អ។ លោកបានកត់សម្គាល់ថា ការរិះគន់របស់លោក រិទ្ធី ចំពោះការឃុំខ្លួន ម៉ម ស្រីល័ក្ខ របស់សាលាដំបូងខេត្តព្រះសីហនុ ដោយគ្មានភស្តុតាងគ្រប់គ្រាន់ គឺធ្វើឡើងក្នុងចេតនាល្អ និងជាការឆ្លុះបញ្ចាំងពីសង្គម។

លោក សុខសាន មានប្រសាសន៍ថា៖ «ខ្ញុំ​គិត​ថា បើ​អ្នក​មិន​មែន​ជា​មន្ត្រី​សាធារណៈ​ទេ គ្មាន​នរណា​រិះគន់​ទេ។ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ប្រទេស​ប្រជាធិបតេយ្យ»។

ចំណែក លោក អាត់ ធន់ ស្ថាបនិក និងជាអតីតប្រធានសហភាពការងារកម្ពុជា (CLC) បានសម្តែងការសោកស្ដាយចំពោះការសម្រេចចិត្តរបស់ព្រះរាជអាជ្ញាក្នុងការបន្តការចោទប្រកាន់លើលោក រិទ្ធី បើទោះបីជាលោក រិទ្ធី បានបង្ហាញចេតនា និងពន្យល់ការពិតក្នុងអំឡុងពេលសវនាការក៏ដោយ។ លោក អាត់ ធន់ យល់​ឃើញ​ថា រិទ្ធី មិន​មាន​ចេតនា​ប្រមាថ​ប្រព័ន្ធ​តុលាការ​ទេ ហើយ​ការ​ចោទ​ប្រកាន់​លើ ​រិទ្ធី មិន​ផ្អែក​លើ​ភស្តុតាង​គ្រប់​គ្រាន់​ទេ។

លោក អាត់ ធន់ បាន​ថ្លែង​ថា​៖ «​ព្រះ​រាជ​អាជ្ញា​នៅ​តែ​ជំរុញ​ឲ្យ​ផ្ដន្ទាទោស​គាត់ ប៉ុន្តែ​ចៅក្រម​នឹង​ធ្វើ​ការ​សម្រេច​ចុង​ក្រោយ​លើ​សំណុំ​រឿង​នេះ»។

ទោះជាយ៉ាងនេះក្តី លោកសង្ឃឹមថា នៅពេលប្រកាសសាលក្រមនៅថ្ងៃទី៤ ខែធ្នូ តុលាការនឹងធានាយុត្តិធម៌ជូនលោក រិទ្ធី ដោយទម្លាក់សំណុំរឿង និងដោះលែងលោក រិទ្ធី ព្រោះអ្វីដែល រិទ្ធីនិយាយក្នុងច្បាប់ និងមានចេតនាល្អក្នុងការស្វែងរកដំណោះស្រាយ។

អ្នកស្រី គង់ សុដា ភរិយារបស់លោក រិទ្ធី សំណូមពរឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើប្តីរបស់អ្នកស្រីដោយទទូចថា ប្តីរបស់នាងមិនមានចេតនាប្រមាថប្រព័ន្ធតុលាការទេ គឺគ្រាន់តែចង់រកដំណោះស្រាយជូនបុគ្គលិកកាស៊ីណូតែប៉ុណ្ណោះ។

អ្នកស្រី សុដា រៀបរាប់ទៀតថា គ្រួសាររបស់នាងកំពុងប្រឈមមុខនឹងបញ្ហាដោយគ្មានវត្តមាន រិទ្ធី ដែលជាមេគ្រួសារ ព្រោះនាងត្រូវមើលថែទាំកូនៗទាំងបួននាក់ដោយខ្លួនឯង។

អ្នកស្រី សុដា និយាយថា៖ «ខ្ញុំសំណូមពរទៅតុលាការឲ្យដោះលែងគាត់។ គាត់មិនបានធ្វើអ្វីខុស ឬក៏មានបំណងប៉ះពាល់ស្ថាប័នណាទេ។ ពួកខ្ញុំពិតជាត្រូវការគាត់ណាស់ គាត់គឺជាមេគ្រួសារ គ្មានគាត់ ខ្ញុំពិបាកក្នុងការចិញ្ចឹមកូនម្នាក់ឯងណាស់។ ខ្ញុំមិនអាចទប់ទល់នឹងស្ថានការដ៏លំបាកនេះបានទេ»។ 

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Union Leader Morm Rithy Pleads For Charges To Be Dropped

ព័ត៌មានថ្មី

អត្ថបទពេញនិយម