សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

តុលាការកំពូល សម្រេចតម្កល់ការផ្តន្ទាទោសចំនួន១៤ឆ្នាំ លើអ្នកសារព័ត៌មានពីរនាក់ ពាក់ព័ន្ធនឹងរឿងសម្ងាត់នៃការការពារជាតិ

តុលាការកំពូល សម្រេចតម្កល់ការផ្តន្ទាទោសចំនួន១៤ឆ្នាំ លើអ្នកសារព័ត៌មានពីរនាក់ ពាក់ព័ន្ធនឹងការប៉ះពាល់ដល់រឿងសម្ងាត់នៃការការពារជាតិ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ។ (ខេមបូចា/ព្រីង សំរាំង)
តុលាការកំពូល សម្រេចតម្កល់ការផ្តន្ទាទោសចំនួន១៤ឆ្នាំ លើអ្នកសារព័ត៌មានពីរនាក់ ពាក់ព័ន្ធនឹងការប៉ះពាល់ដល់រឿងសម្ងាត់នៃការការពារជាតិ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ។ (ខេមបូចា/ព្រីង សំរាំង)

តុលាការកំពូល នៅព្រឹកថ្ងៃទី២៥ ខែមិថុនា បានសម្រេចតម្កល់ការផ្តន្ទាទោសចំនួន១៤ឆ្នាំ លើអ្នកសារព័ត៌មានពីរនាក់ ពាក់ព័ន្ធនឹងការប៉ះពាល់ដល់រឿងសម្ងាត់នៃការការពារជាតិ ។

អ្នកសារព័ត៌មានពីរនាក់ រួមមាន លោក ផន សុភាព និងលោក ភាព ភារ៉ា ត្រូវបានតុលាការកំពូល សម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍តំបន់ ដោយរក្សាការផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗចំនួន១៤ឆ្នាំ ពីបទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលធ្វើឱ្យអន្តរាយដល់ការការពារជាតិ» ដែលបានប្រព្រឹត្តនៅខេត្តឧត្តរមានជ័យ និងបណ្តាញសង្គមហ្វេសប៊ុកកាលពីខែកក្កដា ឆ្នាំ២០២៥។ សាលដីកានេះ ត្រូវបានប្រកាសដោយ លោក តាំង ស៊ុនឡាយ ចៅក្រមតុលាការកំពូល នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ។

សាលាឧទ្ធរណ៍តំបន់ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានសម្រេច​តម្កល់សាលក្រមព្រហ្មទណ្ឌ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ របស់សាលាដំបូងខេត្តសៀមរាប ទុកជាបានការដដែល ។

សាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានសម្រេចផ្តន្ទាទោសអ្នកសារព័ត៌មានពីរនាក់ គឺលោក ផន សុភាព ភ្នាក់ងារសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ និង លោក ភាព ភារ៉ា ភ្នាក់ងារសារព័ត៌មាន TSP68 TV Online ឱ្យជាប់ពន្ធនាគារម្នាក់១៤ឆ្នាំ ក្រោមបទចោទតាមមាត្រាច្បាប់លេខ៤៤៥នៃក្រមព្រហ្មទណ្ឌ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលធ្វើឱ្យអន្តរាយដល់ការការពារជាតិ» ដែលបានប្រព្រឹត្តនៅខេត្តឧត្តរមានជ័យ និងបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ។

នៅថ្ងៃដែលតុលាការកំពូលបើកការជំនុំជម្រះករណីអ្នកសារព័ត៌មានពីរនាក់ ខាងក្រៅតុលាការក្នុងរាជធានីភ្នំពេញ អ្នកស្រី ព្រំ យ៉ន ម្តាយរបស់ សុភាព បានស្រក់ទឹកភ្នែក ខណៈពេលដែលអ្នកស្រីបានបដិសេធថា កូនប្រុសរបស់គាត់មិនបានក្បត់ជាតិ ឬបញ្ជូនព័ត៌មានទៅឱ្យអង្គភាពបរទេស។

អ្នកស្រីបានពណ៌នាអំពីកូនអ្នកស្រីថា ជាអ្នកកាសែតដែលតែងតែរាយការណ៍អំពីបញ្ហាសង្គម ហើយបាននិយាយថា កំហុសណាមួយដែលគាត់បានធ្វើគឺរឿងអចេតនាទេ។ អ្នកស្រីបានអំពាវនាវដល់តុលាការឱ្យទម្លាក់ចោលការចោទប្រកាន់ប្រឆាំងនឹងអ្នកសារព័ត៌មានទាំងពីរ។

អ្នកស្រីបាននិយាយថា៖ «ខ្ញុំសូមអំពាវនាវដល់តុលាការ និងរដ្ឋាភិបាលឱ្យមានការអត់ឱនចំពោះកូនប្រុសរបស់ខ្ញុំ ពីព្រោះគាត់មិនមានចេតនាធ្វើទេ»។ អ្នកស្រីបានបន្តថា៖ «គាត់បានឃ្លាតឆ្ងាយពីប្រពន្ធ និងកូនៗរបស់គាត់ ហើយយើងកាន់តែចាស់ទៅៗ។ សូមដោះលែងកូនប្រុសរបស់ខ្ញុំវិញមក»

នៅថ្ងៃសវនាការនោះដែរ ភរិយារបស់ សុភាព គឺ អ្នកស្រី ហុង ថា បានបន្ទរតាមបណ្តឹងឧទ្ធរណ៍របស់ម្តាយក្មេករបស់គាត់។ អ្នកស្រីបាននិយាយថា៖ «គាត់កាន់តែស្គមជាងមុន។ គាត់ជាអ្នកកាសែតដ៏ល្អម្នាក់»។ អ្នកស្រីបន្តថា៖ «ខ្ញុំសង្ឃឹមថាថ្នាក់ដឹកនាំ និងតុលាការនឹងជួយកាត់បន្ថយទោសនេះ ពីព្រោះស្វាមីរបស់ខ្ញុំជាមនុស្សសុភាពរាបសារ»

លោក ផន សុភាព ភ្នាក់ងារសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ និង លោក ភាព ភារ៉ា ភ្នាក់ងារសារព័ត៌មាន TSP68 TV Online ត្រូវបាននគបាលនាំចេញពីបន្ទប់ជំនុំជម្រះសាលាឧទ្ធរណ៍បាត់ដំបង ក្រោយបញ្ជប់សវនាការ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា)
លោក ផន សុភាព ភ្នាក់ងារសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ និង លោក ភាព ភារ៉ា ភ្នាក់ងារសារព័ត៌មាន TSP68 TV Online ត្រូវបាននគបាលនាំចេញពីបន្ទប់ជំនុំជម្រះសាលាឧទ្ធរណ៍បាត់ដំបង ក្រោយបញ្ជប់សវនាការ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា)

អ្នកកាសែតទាំងពីរនាក់ខាងលើបានចាប់ខ្លួនដាច់ដោយឡែកពីគ្នាកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីធ្វើដំណើរត្រឡប់ពីរាយការណ៍ព័ត៌មាននៅខេត្តឧត្តរមានជ័យ ។

កន្លងមក អ្នកទាំងពីរនាក់បាននិយាយក្នុងសវនាការសាលាឧទ្ធរណ៍ថ្នាក់តំបន់ថា ពួកគេបានចូលទៅតំបន់ទាំងនោះ ព្រោះដោយសារកិច្ចឈប់​បាញ់​បានបញ្ចប់នៅពាក់កណ្តាលអាធ្រាតយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ពួកគេចូលទៅតំបន់ទាំងនោះដោយពាក់បណ្ណសំគាល់ខ្លួនជាអ្នកសារព័ត៌មាន ហើយសុទ្ធតែបានសុំការអនុញ្ញាត​ពីមេៗអង្គភាពទាំងដោយបានយកជំនួយមនុស្សធម៌ទៅផ្តល់ឱ្យកងទ័ពបន្ទាប់ពីមានបទឈប់បាញ់ ។

ពួកគេបានបញ្ជាក់ទៀតថា មុននឹងថតរូបខ្លួនបានសុំការអនុញ្ញាតពីមេៗនៅទីនោះ ត្រឹមតែរូបភាពផ្តល់ជំនួយ ដើម្បីផ្ញើទៅឱ្យសប្បុរសជនបានឃើញ លោកមិនបានថតកន្លែងលេណដ្ឋាន អាវុធ និងទីតាំងកងទ័ពកំពុងឈរជើងទេ ។

លោក ភាព ភារ៉ា បានឱ្យដឹងថា ចំពោះរូបភាពខ្លះខ្លួនដាក់ក្នុងក្រុមតេឡេក្រាមមនុស្សធម៌ស្រុកថ្មពួក ហើយនៅក្នុងក្រុមនោះមានសមាជិកជាជនជាតិខ្មែរម្នាក់រស់នៅប្រទសថៃ បានយករូបភាពហ្នឹងទៅបង្ហោះ។ លោកបានបន្ថែមថា ពួកខ្លួនមុននឹងថតរូបបានបិទPGSរួចហើយ ដោយបានដឹងអំពីបម្រាមពីខាងក្រសួងការពារជាតិ ។

លោក ផន សុភាព បានបដិសេធថា ពួកខ្លួនមិនដែលបានផ្តល់ឱ្យជនជាតិបរទេសណាទេ ខ្លួនមិនចេះភាសាបរទេសទេ ហើយក៏មិនដែលធ្លាប់ទទួលប្រាក់ ឬជំនួយពីជនបរទេសណាសោះឡើយ ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម