តុលាការកំពូល បានសម្រេចតម្ដល់សាលដីកាដែលផ្តន្ទាទោស លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ៦ខែ ពាក់ព័ន្ធនឹងការតវ៉ារបស់កម្មករដែលទាមទារដំឡើងប្រាក់ខែគោល១៦០ដុល្លារកាលពី១០ឆ្នាំមុន។
នៅព្រឹកថ្ងៃចន្ទនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក និល ណុន បានច្រានចោលបណ្ដឹងសាទុក្ខរបស់លោក ពៅ ដោយតម្ដល់សាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញទុកជាបានការដដែល។
មេធាវីការពារចុងចោទ លោក សឺន ជុំជួន បានចាត់ទុកសាលដីកានេះ ថា បានបង្កើតភាពអយុត្តិធម៌លើកូនក្ដីរបស់ខ្លួនបន្តទៀត ដោយសារបទចោទ និងអង្គហេតុមិនស៊ីសង្វាក់គ្នា។ ប៉ុន្តែ មេធាវីដើមបណ្ដឹងលោក ចេង ប៉េងហាប់ យល់ថា សាលដីការបស់តុលាការកំពូលបានប្រគល់យុត្តិធម៌ជូនកូនក្ដីរបស់លោក។
លោក ជុំជួន ថ្លែងថា៖ «យើងមានការសោកស្ដាយនូវអ្វីដែលជាសេចក្ដីសម្រេចរបស់តុលាការកំពូល។ […] យើងកត់សម្គាល់ទៅលើសំណុំរឿង យល់ឃើញថា ជារឿងមួយអាចជាការបំភ្លៃអង្គហេតុ ហើយការសម្រេចរបស់តុលាការជាន់ទាបហ្នឹងគឺមិនត្រឹមត្រូវតាមច្បាប់»។
តែលោក ប៉េងហាប់ និយាយផ្ទុយពីនេះ ថា៖ «ខ្ញុំយល់ថាតុលាការសម្រេចហ្នឹងគឺត្រឹមត្រូវហើយផ្ដល់យុត្តិធម៌ដល់កូនក្ដីខ្ញុំ»។
ខេមបូចា មិនអាចសុំការអត្ថាធិប្បាយពី លោក វន់ ពៅ បានទេ ខណៈឆាតតាមតេឡេក្រាមលោកចូលមើល តែមិនឆ្លើយតប។ បើតាមមេធាវី សឺន ជុំជួន ឱ្យដឹងថា លោក វន់ ពៅ កំពុងជាប់បេសកម្មនៅក្រៅប្រទេសពាក់ព័ន្ធនឹងការងារសមាគមរបស់លោក ហើយលោកនឹងវិលត្រលប់មកកម្ពុជាវិញ នៅចុងសប្ដាហ៍នេះ។
ជាមួយគ្នានេះ នៅលើហ្វេសប៊ុករបស់គាត់នៅព្រឹកថ្ងៃចន្ទទី៩ ខែកញ្ញា ឆ្នាំ២០២៤ លោក ពៅ បានបង្ហោះខ្លឹមសារ ថា ការតម្ដល់សាលដីការបស់តុលាការកំពូលនេះ បានផ្ទុយពីការរំពឹងទុករបស់លោក។
លោក បានសរសេរថា៖ «រក្សាសាលដីការរបស់តុលាការសាលាឧទ្ធណ៍នៅដដែល។ ហេតុនេះការរំពឹងទុករបស់ខ្ញុំថានឹងទទួលបានយុត្តិធម៌នោះ មិនដូចការរំពឹងទុកនោះទេ»។
សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ តែលើកលែងការពិន័យជាប្រាក់៨លានរៀលលើលោក វន់ ពៅ។
លោក ពៅ ត្រូវបានសាលាដំបូងកាត់ទោសពីបទ«ផ្ដើមគំនិតឱ្យមានអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» តាមមាត្រា២៨ និង២១៨ នៃក្រមព្រហ្មទណ្ឌ ដោយបានផ្ដន្ទាទោសលោក ដាក់ពន្ធនាគារក្នុងរយៈពេល៤ឆ្នាំ៦ខែ តែទោសត្រូវព្យួរចាប់ពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤។
ក្នុងសវនាការនៅតុលាការកំពូលកាលពីដើមខែកញ្ញានេះ លោក វន់ ពៅ និងមេធាវីការពារក្ដីបានប្រាប់លោក និល ណុន ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ថា តុលាការជាន់ទាបបានកាត់ក្ដីដោយយល់ច្រឡំពាក់ព័ន្ធនឹងអង្គហេតុដែលបានកើតឡើង។
ពួកគេបានច្រានចោលការចោទថា លោក ពៅ បានធ្វើសកម្មភាពកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ នៅពេលដែលមានការតវ៉ាមួយលើផ្លូវវេងស្រេង ក្រោមហេតុផលថា អង្គហេតុជាក់ស្ដែង គឺនៅមុខរោងចក្រយ៉ាកជីន (Yakjin) លើផ្លូវជាតិលេខ៤ ឯណោះ។
ទន្ទឹមនេះ លោក វន់ ពៅ ក៏បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ថា ការតវ៉ានៅផ្លូវវេងស្រេងដែលកើតឡើងនៅថ្ងៃទី៣ និងទី៤ ខែមករានោះ គឺលោកមិនមានវត្តមានទេ ដោយសារលោកត្រូវបានអាជ្ញាធរចាប់ខ្លួននៅមុខរោងចក្រ យ៉ាកជីន លើផ្លូវជាតិលេខ៤ នៅមួយថ្ងៃមុនការតវ៉ាលើផ្លូវវេងស្រេង។
ទោះជាយ៉ាងណា នៅសវនាការពេលនោះ មេធាវីដើមបណ្ដឹង លោក ចេង ប៉េងហាប់ បានច្រានចោលការអះអាងនេះ។ លោក ប៉េងហាប់ បន្តថា លោក ពៅ ជាបុគ្គលដ៏សំខាន់ដែលបានដឹកនាំបាតុកម្មនៅផ្លូវវេងស្រេង ដែលជាអង្គហេតុក្នុងការដាក់បន្ទុកនៃសំណុំរឿងនេះ។
លោក ស៊ូ សុជាតិ ជាសមាជិកក្រុមប្រឹក្សាតំណាងរបស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចូលរួមស្ដាប់ការប្រកាសសាលដីកាព្រឹកនេះ ថ្លែងថា លោកពិបាកក្នុងការទទួលយកសាលដីកានេះ ដោយលោកយល់ថា លោក ពៅ គឺជាជនរងគ្រោះ តែគាត់ត្រូវបានតុលាការដាក់ទោសថែមទៀត។
លោកបញ្ជាក់ថា៖ «យើងចង់បានយុត្តិធម៌ដោយសារយើងជាជនរងគ្រោះ តែអ្វីដែលយើងទទួលបានគឺយើងជាអ្នករងគ្រោះទៅវិញ។ យើងជាអ្នកជនជាប់ចោទទៅវិញ យើងចង់បានការសម្រេចរបស់តុលាការ គឺទម្លាក់បទចោទទាំងអស់ គឺមិនមានអ្វីពាក់ព័ន្ធក្នុងបទចោទ»។
នាយកប្រតិបត្តិអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការផ្ដន្ទាទោស លោក វន់ ពៅ ចំពោះការចូលរួមតស៊ូមតិនិងឃ្លាំមើលការតវ៉ាទាមទារដំឡើងប្រាក់ខែគោលរបស់កម្មករ នឹងក្លាយជាសារមួយដែលបំភិតបំភ័យដល់សកម្មជនការពារសិទ្ធិកម្មករដទៃទៀត។
លោក និយាយថា៖ «ដូច្នេះលោក វន់ ពៅ ដែលជាអ្នកការពារសិទ្ធិកម្មករ និងសិទ្ធិការងារយ៉ាងសកម្មបែរជាត្រូវរងគ្រោះដោយការវាយដំ ហើយត្រូវបានតុលាការផ្តន្ទាទោសទៀត នេះជាសារមួយបំភិតបំភ័យ ដល់សកម្មជនការពារសិទ្ធិកម្មករ សិទ្ធិការងារដែលសកម្មក្នុងការការពារសិទ្ធិកម្មករ និងសិទ្ធិការងារ»៕