សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការកំពូលបើកសវនាការលើបណ្តឹងសាទុក្ខលោក វន់ ពៅ ពាក់ព័ន្ធការតវ៉ារបស់កម្មករកាលពីឆ្នាំ២០១៤

ប៉ូលិសដែលយាមនៅមុខតុលាការកំពូល ចង្អុលប្រាប់ លោក វន់ ពៅ ឱ្យធ្វើដំណើរទៅកាន់ម្ខាងទៀតនៃផ្លូវសម្រាប់ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។ (ខេមបូចា/ វ៉ា សុភានុត)
ប៉ូលិសដែលយាមនៅមុខតុលាការកំពូល ចង្អុលប្រាប់ លោក វន់ ពៅ ឱ្យធ្វើដំណើរទៅកាន់ម្ខាងទៀតនៃផ្លូវសម្រាប់ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។ (ខេមបូចា/ វ៉ា សុភានុត)

តុលាការកំពូល នៅថ្ងៃទី២ ខែកញ្ញា បានបើកសវនាការជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ពាក់ព័ន្ធនឹងបទផ្តើម​គំនិត​ឲ្យមានអំពើហិង្សាដោយចេតនា។ តុលាការគ្រោងនឹងប្រកាសសាលដីកានៅថ្ងៃទី០៩ ខែកញ្ញា។

នៅក្នុងបន្ទប់សវនាការ ចៅក្រមមួយរូបក្នុងចំណោម៥រូប បានរៀបរាប់អំពីដំណើររឿង ថា លោក វន់​ ពៅ ត្រូវបានសាលាដំបូងកាត់ទោសពីបទផ្ដើមគំនិតឱ្យមានអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២៨ និង២១៨ នៃក្រមព្រហ្មទណ្ឌ ដោយបានផ្ដន្ទាទោស​លោក ពៅ ដាក់ពន្ធនាគារក្នុងរយៈពេល៤ឆ្នាំ៦ខែ តែទោសត្រូវព្យួរចាប់ពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤។

សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី២៩​ ខែកញ្ញា ឆ្នាំ២០២៣ បានសម្រេចតម្កល់សាលាក្រមសាលាដំបូងរាជធានីភ្នំពេញ តែលើកលែងការពិន័យជាប្រាក់៨លានរៀលលើ​លោក វន់ ពៅ និងជនចាប់ចោទ៣រូបទៀត។ សំណុំរឿងនេះ បាន​កើត​ឡើង​តាំងពីឆ្នាំ២០១៤ នៅពេលដែលមនុស្សចំនួន១០នាក់ត្រូវបានកាត់ទោសដោយសារ​​ជាប់​ពាក់ព័ន្ធទៅនឹងបាតុកម្ម​ អំឡុងពេលកម្មករ​កាត់​​ដេរ​ធ្វើ​កូដកម្មទូទាំងប្រទេស។ ​

លោក វន់ ពៅ និងមេធាវីការពារក្ដីរបស់ខ្លួន បានផ្ដល់សក្ខីកម្មក្នុងសវនាការ ថា តុលាការជាន់ទាបបានកាត់ក្ដីដោយយល់ច្រឡំពាក់ព័ន្ធនឹងអង្គហេតុដែលបានកើតឡើង។ ពួកគេបានច្រានចោលការចោទថា លោក​ ពៅ បានធ្វើសកម្មភាពកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ នៅពេលដែលមានការតវ៉ាមួយលើផ្លូវវេងស្រេង ក្រោមហេតុផលថា អង្គហេតុជាក់ស្ដែង គឺនៅមុខរោងចក្រយ៉ាកជីន (Yakjin) លើផ្លូវជាតិលេខ៤​ ឯណោះ។

មេធាវីការពារចុងចោទ លោក សឺន ជុំជួន ថ្លែងនៅចំពោះមុខចៅក្រម ថា ការប្ដឹងសាទុក្ខនេះ ដោយសារកូនក្ដីរបស់លោក យល់ថា តុលាការជាន់ទាបមិនបានផ្ដល់យុត្តិធម៌ដល់ខ្លួនឡើយ។

លោកបានអះអាងថា នៅថ្ងៃកើតហេតុ កូនក្ដីរបស់លោក គ្រាន់តែព្យាយាមសម្របសម្រួលនិងអំពាវនាវកុំមានការប្រើហិង្សារវាងកម្មករ និងអាជ្ញាធរកើតឡើងប៉ុណ្ណោះ។

លោកលើកឡើងថា៖ «ស្នើឱ្យប្រធានក្រុមប្រឹក្សាជំនុំជម្រះ មោឃភាពទៅលើសាលដីកា សាលាឧទ្ធរណ៍ និងសាលក្រមរបស់សាលាដំបូង ឱ្យកូនក្ដីខ្ញុំរួចផុតពីបទចោទទៅ»

បើតាមលោកមេធាវី ក្នុងសំណុំរឿងនេះ មានតែលោក វន់ ពៅ មួយរូបប៉ុណ្ណោះ​ដែលដាក់ពាក្យប្ដឹងសាទុក្ខទៅតុលាការកំពូល។

ថ្លែងនៅក្នុងសវនាការ លោក វន់ ពៅ បានឯកភាពចំពោះការលើកឡើងរបស់មេធាវីការពារក្ដីខ្លួន លោក សឺន ជុំជួន។

តែទោះជាយ៉ាងណាក៏ដោយ មេធាវីដើមបណ្ដឹង លោក ចេង ប៉េងហាប់ បានស្នើឱ្យតុលាការកំពូលតម្កល់សាលដីកាទុកជាបានការដដែល។ លោកបានតាបបែបចំអកទៅកាន់ លោក សឺន ជុំជួន ដែលថា តុលាការជាន់ទាបកាត់ក្ដីដោយយល់ច្រឡំទាក់ទិននឹងអង្គហេតុ គឺមិនពិត។

លោក ប៉េងហាប់ អះអាងថា លោក វន់ ពៅ ជាបុគ្គលសំខាន់ដែលបានដឹកនាំបាតុកម្មនានាក្នុងរាជធានីភ្នំពេញកាលពីអំឡុងពេលនោះ ហើយបាតុកម្មនៅផ្លូវវេងស្រេង ដែលជាអង្គហេតុក្នុងការដាក់បន្ទុកនៃសំណុំរឿងនេះ គឺបានដឹកនាំដោយ​លោក វន់ ពៅ នេះតែម្ដង។

លោក បន្ថែមថា នៅថ្ងៃកើតហេតុ លោក វន់ ពៅ បានជិះម៉ូតូដោយមានក្បាលមេក្រូ និងដុំថ្ម ហើយស្រែកឱ្យដោះលែងមនុស្ស៣នាក់ដែលអាជ្ញាធរចាប់ខ្លួន។ លោកបញ្ជាក់ពីទង្វើរបស់លោក ពៅ ដែលស្រែកឱ្យដោះលែង បានដុតកម្ដៅកម្មករឱ្យប្រើហិង្សា ហើយសមត្ថកិច្ចក៏ឈាន​ទៅចាប់ខ្លួន​គាត់តែម្ដង។

មេធាវីរូបនេះ បន្ថែមថា៖ «សំណូមពរ សូមតម្កល់សាលដីកាទុកជាបានការដដែល»

នៅក្នុងសវនាការ តំណាងអយ្យការ ក៏បានស្នើឱ្យប្រធានក្រុមប្រឹក្សាជំនុំជម្រះ តម្ដល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការផងដែរ ក្រោមហេតុផលថា សេចក្ដីសម្រេចរបស់តុលាការជាន់ទាប ស្របតាមអង្គហេតុ។

បន្ទាប់ពីសវនាការបានបញ្ចប់ លោក វន់ ពៅ បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅមុខតុលាការកំពូល ថា មេធាវីរដ្ឋាភិបាល បានលើកយកអង្គហេតុ ផ្ទុយពីការពិតដែលបានកើតឡើង។ លោក ថា ការតវ៉ានៅផ្លូវវេងស្រេងដែលកើតឡើងនៅថ្ងៃទី៣ និងទី៤ ខែមករា​នោះ គឺលោកមិនមានវត្តមានទេ ដោយសារលោកត្រូវបានអាជ្ញាធរចាប់ខ្លួននៅមុខរោងចក្រយ៉ានជីន នៅមួយថ្ងៃមុនការតវ៉ាលើផ្លូវវេងស្រេង។

លោកបញ្ជាក់ថា៖ «ខ្ញុំស្វែងរកយុត្តធម៌នេះ ជាង១០ឆ្នាំ ចឹងពេលនេះ យើងគិតថា​ល្មមដល់ពេល តុលាការកំពូលផ្ដល់យុត្តធម៌ដល់ខ្ញុំហើយ លើកលែងការចោទប្រកាន់មកលើរូបខ្ញុំមក  ដើម្បីឱ្យខ្ញុំរស់ក្នុងប្រទេសមួយដែលជាម្ចាស់ប្រទេសដែលជាប្រជាពលរដ្ឋមួយដែលស្លូតត្រង់ មិនបានប្រព្រឹត្តអីទាល់តែសោះ ឱ្យខ្ញុំរស់ប្រកបដោយភាពយុត្តិធម៌ផង»

លោក ជ្រុន សារឿន អ្នករត់កង់បីមួយរូប ដែលបានមកគាំទ្រលោក វន់ ពៅ នៅមុខតុលាការកំពូលព្រឹកនេះ ទទូចឱ្យតុលាការទម្លាក់បទចោទ លើលោក ពៅ ដោយសំអាងថា គាត់មិនមានកំហុសដូចការចោទប្រកាន់នោះទេ។

លោកឱ្យដឹងថា៖ «ខ្ញុំចង់ឱ្យតុលាការទម្លាក់បទចោទលោក វន់ ពៅ ដោយសារគាត់រងចោទប្រកាន់អស់រយៈពេលយូរឆ្នាំណាស់មកហើយ»

លោក អំ សំអាត នាយក​ប្រតបត្តិ​អង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា តាមការសង្កេតរបស់លោក ករណីនេះ ជាការទាមទារដំឡើងប្រាក់ឈ្នួលរបស់កម្មករ វាមិនគួរមានការចោទប្រកាន់តាមផ្លូវច្បាប់ទេ។

លោក និយាយថា៖ «យើងជាអង្គការសង្គមស៊ីវិល យើងសង្ឃឹមថា តុលាការកំពូលនឹងផ្ដល់យុត្តិធម៌ពេញលេញសម្រាប់លោក វន់ ពៅ និង ២២នាក់ផ្សេងទៀតនៅក្នុងសំណុំរឿងហ្នឹង។ គាត់ (លោក វន់ ពៅ) គ្រាន់តែជាអ្នកឃ្លាំមើលការតវ៉ារបស់កម្មករតែប៉ុណ្ណឹងទេ»

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ សកម្មជនមួយចំនួន រួមមាន លោក ថេង សាវឿន, លោក វន់ ពៅ, លោក ចាន់ ពុទ្ធិស័ក និងលោក សុគន្ធ សម្បត្តិពិសិដ្ឋ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ រកឃើញពិរុទ្ធភាពពីបទផ្តើមគំនិតឱ្យមានអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស យោងតាមមាត្រា២៨ និង២១៨ នៃក្រមព្រហ្មទណ្ឌ។

ចំណែកសកម្មជនផ្សេងទៀត រួមមាន លោក រ៉េត រដ្ឋា, លោក ណាគ្រី វ៉ាន់ដា, លោក យ៉ុង សំ, លោក ឈឹម ធឿន, លោក តេង ចន្ធី និងលោក​ ឡន សាន ត្រូវ​បាន​រក​ឃើញ​​ពិរុទ្ធភាព​ពី​បទ​ហិង្សា​​​មាន​​ស្ថាន​ទម្ងន់​ទោស។

អ្នក​ទាំង​នោះ​ ត្រូវ​បាន​ផ្តន្ទាទោស​ឱ្យជាប់​​ពន្ធនាគារ​រហូត​ដល់​៤​ឆ្នាំ​កន្លះ ប៉ុន្តែ​ទោស​របស់​ពួកគាត់​ទាំង​អស់គ្នា​​ត្រូវ​បាន​ព្យួរ និង​​ត្រូវ​បាន​ដោះ​លែង​ក្រោយ​សវនាការ​នៅ​ខែ​ឧសភា ឆ្នាំ​២០១៤។ កាលនោះ មនុស្ស៤​នាក់​ត្រូវ​​ពិន័យជា​ប្រាក់​៨​លាន​រៀល៕

181 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម