ម្ភៃមួយឆ្នាំបន្ទាប់ពីអតីតមេដឹកនាំសហជីពលោក ជា វិជ្ជា ត្រូវបានឃាតកបាញ់សម្លាប់នៅតែមិនអាចដោះស្រាយបាន។ កាលពីព្រឹកថ្ងៃពុធ មេដឹកនាំសហជីព ក្រុមសង្គមស៊ីវិល គណបក្សប្រឆាំង និងសាច់ញាតិ បានជួបជុំគ្នារំលឹកខួប និងបានទាមទារយុត្តិធម៌ចំពោះសកម្មជនដែលត្រូវគេសម្លាប់ ដោយទទូចឱ្យរដ្ឋាភិបាលស្វែងរកឃាតកពិត។
លោក ជា វិជ្ជា ដែលកាលនោះជាប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) ត្រូវបានគេបាញ់សម្លាប់នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅក្បែរវត្តលង្កា ក្នុងរាជធានីភ្នំពេញ ខណៈកំពុងអានកាសែត។
ក្នុងនាមជាប្រធាន FTUWKC លោក វិជ្ជា បានធ្វើការរៀបចំកម្មកររោងចក្រកាត់ដេរនៅពេលដែលឧស្សាហកម្មនេះបានចាប់ផ្តើមដំណើរការនៅកម្ពុជា។
រយៈពេល៤ខែក្រោយឃាតកម្ម ខ្មាន់កាំភ្លើង២នាក់ជិះម៉ូតូសម្លាប់អ្នកបន្តវេនប្រធានសហជីបគឺលោក រស់ សុវណ្ណរិទ្ធ ។ ក្នុងឆ្នាំ ២០០៧ លោក ហ៊ី វុទ្ធី ដែលបានចាកចេញពីសហជីពគាំទ្ររដ្ឋាភិបាលដើម្បីដឹកនាំ FTUWKC បានជួបជោគវាសនាដូចគ្នា។
ដំបូងឡើយ បុរសពីរនាក់ត្រូវបានចាប់ខ្លួនពីបទឃាតកម្មលើលោក វិជ្ជា ប៉ុន្តែសាក្សីបានបញ្ជាក់ថាពួកគេមិនពាក់ព័ន្ធនឹងការសម្លាប់នេះទេ។ បន្ទាប់ពីចៅក្រមទី១បានច្រានចោលសំណុំរឿងនេះ គាត់ត្រូវបានគេជំនួស ហើយចៅក្រមថ្មីបានកាត់ទោសអ្នកទាំងពីរដោយផ្តន្ទាទោសពួកគេឱ្យជាប់គុក២០ឆ្នាំ។
ពួកគេត្រូវបានគេកាត់ឱ្យរួចទោសក្រោយពីបានអនុវត្តទោសក្នុងពន្ធនាគាររយៈពេលប្រាំឆ្នាំ បន្ទាប់ពីមានការដាក់សម្ពាធពីក្រុមគ្រួសាររបស់លោក វិជ្ជា និងក្រុមសិទ្ធិមនុស្ស។
ទោះបីជាមានការបង្កើតគណៈកម្មការពិសេសក្នុងឆ្នាំ២០១៥ ដើម្បីស្វែងរកឃាតក និងបក្ខពួកពិតប្រាកដក៏ដោយ ក៏មិនមានការរីកចម្រើនដែរ។
លោក ស៊ូ ឆ្លូញ មន្ត្រីសហជីពបានថ្លែងក្នុងពិធីរំលឹកខួបនៅទីក្រុងភ្នំពេញដែលមានសហជីពកម្មករ សមាជិកគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងសាច់ញាតិប្រមាណ១០០នាក់បានជួបជុំគ្នាដាក់កម្រងផ្កានៅរូបសំណាកលោកវិជ្ជា ថា៖ «គិតមកទល់ពេលនេះ គឺមានរយៈពេល២១ឆ្នាំហើយ ដែលឃាតកម្មលើលោក ជា វិជ្ជា និងនគរបាលជាតិរបស់ក្រសួងមហាផ្ទៃ មិនទាន់មានលទ្ធផលដែលអាចកំណត់អត្តសញ្ញាណឃាតកដ៏ឃោរឃៅបាននៅឡើយ»។
លោក ជា មុនី ប្អូនប្រុសរបស់លោក ជា វិជ្ជា បានប្រាប់អ្នកសារព័ត៌មានថា លោកសង្ឃឹមថា រដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងផ្តល់យុត្តិធម៌ដល់គ្រួសារលោកតាមរយៈការលាតត្រដាងការពិត។
លោកបានថ្លែងថា៖ «២១ឆ្នាំទៀត វាដល់ពេលដែលត្រូវរកឃាតករហើយ»។

ប្រធាន FTUWKC បច្ចុប្បន្ន លោកស្រី ទូច សើ បានជំរុញឱ្យមានការជំរុញជាថ្មីក្នុងការស៊ើបអង្កេតដែលមិនយកចិត្តទុកដាក់ជាច្រើនទសវត្សរ៍។
ពិធីរំលឹកខួបដើម្បីស្វែងរកយុត្តិធម៌ក៏បានបន្ទរអំពាវនាវឱ្យបញ្ចប់និទណ្ឌភាពចំពោះការរំលោភសិទ្ធិផ្សេងទៀតនៅក្នុងប្រទេស និងបញ្ហាប្រឈមបច្ចុប្បន្នដែលកម្មករកំពុងជួបប្រទះ។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិដែលជាគណបក្សប្រឆាំងមួយដែរ បានជំរុញឱ្យរដ្ឋាភិបាល «បញ្ចប់និទ្ទណ្ឌភាព» ដោយលើកឡើងពីការសម្លាប់លោក វិជ្ជា និងឧក្រិដ្ឋកម្មផ្សេងៗទៀតលើមេដឹកនាំសង្គមស៊ីវិល ដែលតែងតែគ្មានការផ្ដន្ទាទោស។
លោកបានថ្លែងថា៖ «យើងបានស្រែកទាមទារយុត្តិធម៌អស់រយៈពេល២១ឆ្នាំមកហើយ ប៉ុន្តែនៅតែមិនមានលទ្ធផលទេ និទណ្ឌភាពនៅតែបន្តនៅក្នុងប្រទេសកម្ពុជា»។

លោក ហៃ សូវិល តំណាង FTUWKC បានលើកឡើងពីបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា ដែលស្រដៀងទៅនឹងបញ្ហាដែលលោក វិជ្ជា បានតស៊ូទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាមិនគ្រប់គ្រាន់កាលពីឆ្នាំមុន ចំពេលមានការកើនឡើងថ្លៃផ្ទះជួល។
លោក អាត់ ធន់ អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) មានប្រសាសន៍ថា សហជីពឯករាជ្យបានថយចុះចាប់តាំងពីការស្លាប់របស់លោក វិជ្ជា ខណៈសហជីពគាំទ្ររដ្ឋាភិបាល និងរោងចក្របានកើនឡើង។
លោក អាត់ ធន់ ថ្លែងថា៖ «សហជីពឯករាជ្យពិបាកតស៊ូធ្វើប្រតិបត្តិការ ជាពិសេសក្នុងការដោះស្រាយវិវាទ។ ឯករាជ្យភាពរបស់ពួកគេបានចុះខ្សោយ»។ លោកបន្តថា៖ «ប្រសិនបើវានៅតែបន្តទៀត សហជីពឯករាជ្យនឹងមិនរស់ទេ ហើយកម្មករនឹងត្រូវបានគេជិះជាន់»។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ មិនអាចទាក់ទងសុំការបំភ្លឺជុំវិញករណីលោក ជា វិជ្ជា បានទេ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បដិសេធមិនធ្វើអត្ថាធិប្បាយទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ “We’ve Cried for Justice for 21 Years”: Labor Leader’s Murder Still Unsolved