សកម្មជនប្រមាណ៣០នាក់បានប្រមូលផ្តុំគ្នានៅក្បែរវត្តភ្នំក្នុងរាជធានីភ្នំពេញកាលពីថ្ងៃពុធ មុននឹងបន្តដំណើរតាមផ្លូវជាតិលេខ៥សម្រាប់ធម្មយាត្រាជាង២០០គីឡូម៉ែត្រដោយថ្មើរជើងទៅខេត្តពោធិ៍សាត់ ដើម្បីលើកកម្ពស់យុត្តិធម៌និងសីលធម៌សង្គម។
ធម្មយាត្រាដែលរៀបចំដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) ត្រូវបានកំណត់ត្រឹម៥០នាក់ប៉ុណ្ណោះ តាមការណែនាំរបស់ក្រសួងមហាផ្ទៃ។ អ្នកចូលរួមបាននិយាយថា ពួកគាត់បានតាំងចិត្តធ្វើដំណើររហូតដល់រូបសំណាករបស់លោកតា ឃ្លាំង មឿង ជាវីរបុរសមេទ័ពខ្មែរនៅក្នុងខេត្តពោធិ៍សាត់។
លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន CITA មានប្រសាសន៍ថា លោកស្រីមានការព្រួយបារម្ភចំពោះការប្រើប្រាស់ពាក្យសម្តីវាយប្រហាររបស់មេដឹកនាំនយោបាយ។ កាលពីខែមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមប្រើហិង្សា និងវិធានការផ្លូវច្បាប់ប្រឆាំងនឹងការរិះគន់គណបក្សកាន់អំណាចនិងបានផ្តោតគោលដៅលើមេដឹកនាំគណបក្សប្រឆាំងក្នុងសុន្ទរកថាជាច្រើន។
លោកស្រី ឆាយ៉ាវី មានប្រសាសន៍ថា៖ «យើងទាំងអស់គ្នាធ្វើបែបនេះ ពីព្រោះយើងឃើញថា សង្គមរបស់យើងនាពេលថ្មីៗនេះកំពុងជួបប្រទះនូវអំពើអសីលធម៌ច្រើន សូម្បីតែមេដឹកនាំក៏ប្រើពាក្យប្រមាថដែរ»។
CITA ត្រូវបានចូលរួមដោយក្រុមសកម្មជនលេចធ្លោផ្សេងទៀតដូចជាក្រុមស្ត្រីថ្ងៃសុក្រនិងក្រុមយុវជនខ្មែរថាវរៈ។ លោក រ៉ុង ឈុន អតីតប្រធាន CITA ដែលបានប្រកាសកាលពីថ្ងៃអាទិត្យថា លោកចូលរួមជាមួយគណបក្សប្រឆាំងភ្លើងទៀននោះ ក៏បានចូលរួមផងដែរ។
ក្រុមអ្នកហែក្បួនបានចាប់ផ្តើមនៅវត្តភ្នំ ដើម្បីបង្ហាញពីការចង់បានសន្តិភាព និងសីលធម៌ក្នុងសង្គម ខណៈធ្វើដំណើរផ្លូវឆ្ងាយ ដើម្បីបង្ហាញថា ចាំបាច់ត្រូវមានការលះបង់ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ នេះបើយោងតាមការលើកឡើងរបស់សកម្មជន។
លោក រ៉ុង ឈុន មានប្រសាសន៍ថា៖ «សូមមេត្តាមានចិត្តសណ្តោសដល់បងប្អូនជនរួមជាតិរបស់អ្នក ជៀសវាងប្រើពាក្យអសុរោះ ហិង្សា វាយដំ គប់ដុំថ្ម សូមបញ្ចប់វាទៅ។ គោលបំណងនៃថ្ងៃនេះ គឺផ្សព្វផ្សាយសេចក្តីមេត្តា ដើម្បីឱ្យអ្នកនយោបាយគ្រប់និន្នាការនយោបាយ មុននឹងបញ្ចេញទស្សនៈរបស់ខ្លួន ត្រូវគិតពីសីលធម៌ ក៏ដូចជាការឃោសនា»។
លោក ឈុន បានបន្តថា សីលធម៌សង្គមមានន័យថា ឥស្សរជនរបស់កម្ពុជាមិនគួររំលោភបំពានលើជនក្រីក្រ ឬចូលរួមពាក់ព័ន្ធក្នុងការរំលោភយកដីធ្លី ហើយថា រដ្ឋាភិបាលគួរតែដោះលែងអ្នកទោសនយោបាយដែលត្រូវបានឃុំខ្លួនតាមអំពើចិត្ត។
លោកបានបន្ថែមថា៖ «អ្នកមាន ឬអ្នកមានអំណាចដែលធ្វើបាបអ្នកទន់ខ្សោយត្រូវគិតឡើងវិញ និងបញ្ចប់សកម្មភាពបែបនេះក្នុងសង្គមកម្ពុជា»។
លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា ភាពតានតឹងបានកើនឡើងនៅមុនដំណើរការបោះឆ្នោតហើយមានការរឹតបន្តឹងការរឹតត្បិតនៅទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក សុខសាន្ត លើកឡើងថា៖ «ខ្ញុំគិតថា [CITA] រៀបចំធ្វើនេះ ដើម្បីកាត់បន្ថយកំដៅនយោបាយ និងរំងាប់អំពើហិង្សា ហើយឆ្ពោះទៅរកការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដោយគ្មានអំពើហិង្សា»។
លោកសង្ឃឹមថា ធម្មយាត្រានេះ នឹងជំរុញឱ្យប្រជាពលរដ្ឋចូលរួម និងបោះឆ្នោតក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។

ទូច ស្រីនិច អាយុ២៨ឆ្នាំ បានធ្វើដំណើរមកពីខេត្តព្រៃវែង ដើម្បីចូលរួមហែធម្មយាត្រារបស់ CITA ។ នាងនិយាយថា នាងចង់ឃើញរដ្ឋាភិបាលដោះលែងសកម្មជននយោបាយដែលជាប់ពន្ធនាគារ និងតស៊ូមតិឱ្យមានបរិយាកាសបើកចំហបន្ថែមទៀត ដែលក្នុងនោះ យុវជនអាចបញ្ចេញទស្សនៈនយោបាយដោយសេរី ដោយមិនខ្លាចផលវិបាកផ្លូវច្បាប់ និងការបំភិតបំភ័យ។
ស្រីនិច បាននិយាយថា៖ «ខ្ញុំបានចូលរួមជាមួយ CITA ព្រោះខ្ញុំចង់រកយុត្តិធម៌សម្រាប់សង្គមរបស់យើង ជាសង្គមដែលចាប់សកម្មជននយោបាយដែលមិនបានប្រព្រឹត្តខុស។ ខ្ញុំមិនសុំអ្វីច្រើនទៀតក្រៅពីមានសិទ្ធិបញ្ចេញមតិពេញលេញ និងសីលធម៌ល្អក្នុងសង្គមយើងនោះទេ»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថា រដ្ឋាភិបាលអនុញ្ញាតឱ្យមានការហែធម្មយាត្រា ប៉ុន្តែនឹងតាមឃ្លាំមើលក្រុមនេះ ហើយតម្រូវឱ្យពួកគេរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន។
លោក សុភ័គ បានមានប្រសាសន៍ថា “ប្រសិនបើពួកគេមិនរក្សាទំនាក់ទំនងជិតស្និទ្ធទេ អាជ្ញាធរមូលដ្ឋានប្រហែលជាមិនអាចបើកផ្លូវសម្រាប់ពួកគេបានទេ។ ក្រសួងមហាផ្ទៃបានប្រាប់ពួកគេរួចហើយ ប៉ុន្តែប្រសិនបើពួកគេមិនធ្វើតាមទេ អាជ្ញាធរមូលដ្ឋានប្រហែលជាធ្វើការឃាត់ខ្លួន”។
កាលពីសប្តាហ៍មុន ក្រសួងមហាផ្ទៃបានគំរាមចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹង CITA ប្រសិនបើសមាគមនេះខកខានមិនបានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២២របស់ខ្លួនស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ច្បាប់ដែលត្រូវបានអនុម័តក្នុងឆ្នាំ២០១៥នេះ ត្រូវបានគេរិះគន់ថា គាបសង្កត់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាល។
ប្រធាន CITA បានលើកឡើងថា សមាគមនឹងអនុវត្តតាមសំណើរបស់ក្រសួងនៅពេលដែលលោកស្រីបានបញ្ចប់ការហែធម្មយាត្រានេះ។
អ្នកចូលរួមហាក់ដូចជាមានកម្លាំងចិត្ត អំឡុងពេលធ្វើដំណើរផ្លូវដំបូងរបស់ពួកគេ។
លោកយាយ ង៉ែត ឃុន អាយុ៨២ឆ្នាំ សកម្មជនដីធ្លីតំបន់បឹងកក់មានប្រសាសន៍ថា អ្នកស្រីនឹងព្យាយាមហែធម្មយាត្រានេះ ទោះចំណាយពេលយូរប៉ុណ្ណាក៏ដោយ ដោយជឿថា វានឹងទុកជាគំរូដល់យុវជនជំនាន់ក្រោយអំពីអ្វីដែលត្រូវចាំបាច់ ដើម្បីសម្រេចបានសន្តិភាព និងសេរីភាពពិតប្រាកដ។
អ្នកស្រីបានឱ្យដឹងថា៖ «គ្មានកម្លាំងមកពីណាទេ ប៉ុន្តែដោយសារកម្លាំងរបស់ខ្ញុំ ខ្ញុំចង់បានសន្តិភាព មិនមែនសន្តិភាពដូចសព្វថ្ងៃនេះទេ។ នៅតែមានការរើសអើងចំពោះប្រជាជន និងបក្សពួកនិយម»។
បើយោងតាមលោកស្រី អ៊ុក ឆាយ៉ាវី បានឱ្យដឹងថា មកដល់ម៉ោង៦ល្ងាច ក្រុមហែធម្មយាត្រានេះធ្វើដំណើរបានចម្ងាយជាង២០គីឡូម៉ែត្រ នៅខាងក្រៅរាជធានីភ្នំពេញ ប៉ុន្តែខណ:ពេលមេឃចាប់ផ្តើមងងឹត ពួកគាត់ត្រូវបានបដិសេធមិនឲ្យស្នាក់នៅក្នុងវត្តមួយ ដែលទាមទាររកការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន។
ជំនួសមកវិញ អ្នកចូលរួមបានរកឃើញកន្លែងសម្រាកនៅផ្ទះរបស់អ្នកគាំទ្រគណបក្សភ្លើងទៀនដែលមានចិត្តអាណិតអាសូរ។
លោកស្រី អ៊ុក ឆាយ៉ាវី បានមានប្រសាសន៍ថា លោកស្រីនៅតែមានក្តីរំភើបសម្រាប់ដំណើរដ៏វែងឆ្ងាយនៅចំពោះមុខនេះ ដោយមានទឹកចិត្តរីករាយដោយលោកស្រីនឹងជួបអ្នកគាំទ្រជាច្រើន។
លោកស្រីមានប្រសាសន៍ថា៖ «នេះជាកម្លាំងចិត្តដែលធ្វើឱ្យយើងខិតខំ ដើម្បីសេរីភាព ក៏ដូចជាសន្តិសុខរបស់យើងក្នុងដំណើរនេះ»
បើតាមកញ្ញា ឈឿន ដារ៉ាវី ដែលជាអ្នកចូលរួមមួយរូបក្នុងដំណើរធម្មយាត្រា បានអះអាងថា ពួកគេបានសុំផ្ទះអ្នកភូមិក្បែរវត្តដើម្បីស្នាក់នៅមួយយប់ ត្បិតព្រះចៅអធិការវត្តពញ្ញាឮ ស្ថិតក្នុងខេត្តកណ្ដាល បានបដិសេធមិនឱ្យក្រុមអ្នកដើរធម្មយាត្រាសម្រាកបណ្ដោះអាសន្ននៅវត្តឡើយ ដោយទាមទារឱ្យធ្វើលិខិតអនុញ្ញាតពីអាជ្ញាធរខេត្ត។
កញ្ញា ដារ៉ាវី និយាយថា៖ «ខាងវត្តឱ្យទាក់ទងទៅអាជ្ញាធរ លោកអត់ហ៊ានសម្រេចទេ ចឹងពីភូមិទៅឃុំ ឃុំទៅដល់ខេត្ត វាធ្វើឱ្យយើងមិនបាច់រង់ចាំថាឱ្យយើងស្នាក់នៅវត្តឬអត់? [គេ]អត់ដោះស្រាយឱ្យ ឱ្យយើងរង់ចាំ ចឹងក៏បំបែកគ្នានៅផ្ទះអ្នកភូមិវិញទៅ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Activist March to Pursat for Calling to Release Political Prisoners and Union Leaders