សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

បេសកជនពិសេសរបស់ប្រទេសចិននឹងសម្របសម្រួលជម្លោះព្រំដែនកម្ពុជា និងថៃ ដើម្បីស្តារសន្តិភាពឡើងវិញ Updated

លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅឯកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក (Shanghai Cooperation Organization Plus Summit) នៅទីក្រុងធានជីន ប្រទេសចិន នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។ (រូបថត៖ ទំព័រហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត)
លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅឯកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក (Shanghai Cooperation Organization Plus Summit) នៅទីក្រុងធានជីន ប្រទេសចិន នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។ (រូបថត៖ ទំព័រហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត)
UPDATES:

ម៉ោង ៣:៤៤ រសៀល៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានថ្លែងក្នុងសន្និសីទថា នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងយោធាថៃបានបន្តប្រើប្រាស់សព្វាវុធធុនធ្ងន់ និងយន្តហោះ F-16 វាយប្រហារចូលយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តពោធិសាត់។

លោកស្រីបានបញ្ជាក់ថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើ «គោលដៅ យោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ» ប៉ុន្តែមានតែ ភាគីថៃទេ ដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជា និងធ្វើឱ្យប្រជាជន ស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិត និងរងរបួសមានការកើនឡើង។

លោកស្រីលើកឡើងទៀតថា កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្ន​ខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។

ម៉ោង ៣:១១ រសៀល៖ ក្រសួងការពារជាតិបានលើកឡើងថា នៅវេលាម៉ោង ១៤:៣២នាទី រសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានប្រើប្រាស់យន្តហោះ F16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

ក្រសួងបានបន្តទៀតថា កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្ន​ខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។

ម៉ោង ២:១៧ រសៀល៖ យោងតាមក្រសួងអប់រំបានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៨ សិស្សភៀសខ្លួនបានចូលរៀនបណ្ដោះអាសន្ននៅតាមគ្រឹះស្ថានសិក្សាចំនួន១៦០២ ក្នុងរាជធានី-ខេត្ត២២ សិស្សសរុបចំនួន៩៤០៧នាក់។

ម៉ោង ២:០០ រសៀល៖ ក្រសួងអប់រំ បានលើកឡើងថា សាលាបឋមសិក្សាបន្ទាយមានឫទ្ធិ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលមានទីតាំងនៅជិតច្រកបឹងត្រកួន បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការវាយប្រហារដោយកងកម្លាំងយោធាថៃកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។

ម៉ោង ១២:៤១ រសៀល៖ ក្រសួងការពារជាតិបាន​ឱ្យដឹងថា នៅវេលាម៉ោង ១១:០៦នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់នៅក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ម៉ោង ១១:៥២ ព្រឹក៖ ក្រសួងការពារជាតិ បានលើកឡើងថា ស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កងកម្លាំងយោធាថៃបន្តបាញ់ប្រហារមកលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគ ទី៥ គិតមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដែលឈានចូលថ្ងៃទី១២។

ក្រសួងការពារជាតិបានបន្តថា ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្ត ព្រះវិហារ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតត្រឹមម៉ោង ១០:៣០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៥។

  • ម៉ោង ៥:៣០ ព្រឹក៖ យោធាថៃបានចាប់ផ្ដើមធ្វើការបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាមាន់។
  • ម៉ោង ៨:១០ ព្រឹក៖ យោធាថៃបានចល័តនៅខាងមុខភូមិសាស្ត្រផ្ទះក្រហម។
  • ម៉ោង ៨:១៥ ព្រឹក៖ យោធាថៃបានចាប់ផ្តើមវាយប្រហារនៅភូមិសាស្ត្រផ្ទះក្រហម, ៥មករា, ភ្នំទ្រព្យ, ប្រាសាទព្រះវិហារ និងចំការចេក។
  • ម៉ោង ៩:៤៥ ព្រឹក៖ យោធាថៃនៅបន្តបាញ់ប្រហារចូលភូមិសាស្ត្រប្រាសាទតាមាន់ និងប្រាសាទ តាក្របី។
  • ម៉ោង ៩:៥១ ព្រឹក៖ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិ សាស្ត្រភ្នំខ្មោច។
  • ម៉ោង ១០:០៧ ព្រឹក៖ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិ សាស្ត្រពាក់ស្បែក ។

ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតត្រឹមម៉ោង ១០:៣០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៥។

  • ចាប់ពីម៉ោង ១:១០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ៦:៤៤នាទី យោធាថៃបានប្រើប្រាស់ ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជា និងបានប្រើប្រាស់កាំភ្លើងធំបាញ់ ចូលភូមិសាស្ត្រអូរភ្លុកដំរី។
  • ម៉ោង ៨:១២ ព្រឹក៖ យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន និងភូមិជោគជ័យ​។
  • ម៉ោង ៩:៥៨ ព្រឹក៖ យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។

បេសកជនពិសេសរបស់ក្រសួងការបរទេសចិនទទួលបន្ទុកកិច្ចការអាស៊ីនឹងធ្វើដំណើរទស្សនកិច្ចការទូតម្តងទៀតទៅកាន់ប្រទេសកម្ពុជា និងថៃ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីភ្ជាប់ទំនាក់ទំនងភាគីទាំងពីរឱ្យកសាងសន្តិភាពឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន នៅថ្ងៃថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ។

យោងតាមលោក Guo Jiakun អ្នកនាំពាក្យក្រសួងបរទេសចិន បានលើកឡើងក្នុងហ្វេសប៊ុកផេកលោកថា ក្នុងនាមជាប្រទេសជិតខាង និងជាមិត្តជិតស្និទ្ធរបស់កម្ពុជា និងថៃ ប្រទេសចិនតាមដានយ៉ាងដិតដល់នូវជម្លោះព្រំដែនដែលកំពុងបន្តរវាងប្រទេសទាំងពីរ ហើយបានផ្លាស់ប្តូរទិសដៅរវាងភាគីទាំងពីរដើម្បីលើកកម្ពស់សន្តិភាព។

លោក Guo Jiakun បន្តថា៖ «តាមរយៈមធ្យោបាយរបស់ខ្លួន ប្រទេសចិនបានធ្វើការយ៉ាងសកម្មក្នុងការកាត់បន្ថយភាពតានតឹង»។

យោងតាមក្រសួងការពារជាតិ បានលើកឡើងថា កងកម្លាំងយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជានៅយោធភូមិភាគ​ទី៤ ក្នុងភូមិសាស្រ្ត ប្រាសាទព្រះវិហារ ភ្នំខ្មោច និង៥មករា ខេត្តព្រះវិហារ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។

ក្រសួងមហាផ្ទៃកម្ពុជាបានឱ្យដឹងថា ប្រជាពលរដ្ឋកើនឡើងដល់ចំនួន ១៨នាក់បានស្លាប់ និង ៧៨នាក់ផ្សេងទៀតរងរបួស គិតត្រឹមម៉ោង ៧ព្រឹក នៅថ្ងៃទី១៧ ខែធ្នូ ចាប់តាំងពីការប៉ះទង្គិចគ្នាឡើងវិញកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។

ក្រសួងមហាផ្ទៃបានលើកឡើងទៀតថា ជនភៀសសឹកកើនឡើងដល់ចំនួន ១៤៤ ០៦២គ្រួសារ ស្មើនឹង ៤៧៦ ១៧៩នាក់ ត្រូវបាន​ភៀសខ្លួន​ ក្នុងនោះមានស្ត្រីជាង២៤ម៉ឺននាក់ និងកុមារជាង ១៣ម៉ឺននាក់៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម