លីដា បានធ្លាក់ខ្លួនឈឺមុនពេលធ្វើតេស្តរកឃើញថាខ្លួនមានជំងឺរបេង។
គិតមកដល់ពេលនេះ លីដា មានវ័យ ៣៤ឆ្នាំ ជាអ្នករស់នៅស្រុកស្អាង ខេត្តកណ្ដាល។ អ្នកស្រីលើកឡើងថា ខ្លួនបានក្អកអស់រយៈពេលប្រហែលពីរសប្ដាហ៍ អស់កម្លាំងខ្លាំង ពិបាកដកដង្ហើម និងស្រកទម្ងន់ទៀតផង។ អ្នកស្រី លីដា បានកើតជំងឺរបេងកាលពីជាងពីរឆ្នាំកន្លងទៅ ហើយពេលនេះអ្នកស្រីបានជាសះស្បើយទាំងស្រុងហើយដែរ។ យ៉ាងណា អ្នកស្រី នៅតែចងចាំពីភាពលំបាកក្នុងការតស៊ូប្រឆាំងនឹងជំងឺរបេង។
អ្នកស្រីឲ្យដឹងថា៖ «អ្នកភូមិ ក៏ដូចជាអ្នកជិតខាងរើសអើងគ្រួសារខ្ញុំ ពីព្រោះពួកគេខ្លាចឆ្លងជំងឺរបេងពីខ្ញុំ»។
អ្នកស្រីបន្តថា ខណៈកំពុងព្យាបាលជំងឺរបេង អ្នកស្រីតែងតែប្រើចាន ស្លាបព្រា ឆ្នាំង និងគេងនៅដាច់ពីអ្នកផ្សេង ដើម្បីការពារការចម្លងជំងឺទៅសមាជិកគ្រួសារ។
អ្នកស្រីឲ្យដឹងទៀតថា៖ «មុនដំបូងពេលខ្ញុំប្រើថ្នាំព្យាបាលជំងឺរបេង វាធ្វើទុក្ខខ្ញុំយ៉ាងខ្លាំង ហើយខ្ញុំបានទៅជួបពេទ្យ និងបានសួរពេទ្យពីមូលហេតុដែលមានផលរំខាននេះ។ គ្រូពេទ្យប្រាប់ថា វាជារឿងធម្មតា និងបានប្ដូរថ្នាំឲ្យខ្ញុំ និងបានឲ្យថ្នាំជំនួយកម្លាំងដល់ខ្ញុំបន្ថែម»។
ទោះបីជាការព្យាបាលមិនមែនជារឿងងាយស្រួល តែអ្នកស្រី លីដា អាចជាសះស្បើយដោយជោគជ័យ។ អ្នកស្រី បានជាសះស្បើយពីជំងឺរបេងបន្ទាប់ពីបានព្យាបាលអស់ពេលប្រាំមួយខែ។
រឿងរបស់អ្នកស្រី លីដា មិនមែនជារឿងចម្លែងអ្វីទេសម្រាប់កម្ពុជា ក៏ដូចជាប្រទេសផ្សេងទៀតនៅលើពិភពលោក។
ករណីឆ្លងជំងឺរបេងត្រូវគេរាយការណ៍ថាបានធ្លាក់ចុះកាលពីឆ្នាំកន្លងទៅ និងបានធ្វើឲ្យប្រទេសកម្ពុជាបានឆ្លងផុតពីប្រទេស៣០ ដែលមានឆ្លងជំងឺរបេងខ្លាំងជាងគេ ប៉ុន្តែជំងឺនេះនៅតែបន្តមាននៅក្នុងប្រទេសមួយនេះ។
អត្រាឆ្លងជំងឺរបេងបានបន្តធ្លាក់ចុះជាបន្តបន្ទាប់ ប៉ុន្តែជំងឺនេះត្រូវបានអង្គការ USAID ប៉ាន់ប្រមាណថាបានសម្លាប់មនុស្សប្រហែល ១៣ ០០០នាក់ជារៀងរាល់ឆ្នាំ។ ខណៈដែលវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង បានបង្ហាញខ្លួន អ្នកជំនាញមួយចំនួនលើកឡើងថាកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងជំងឺរបេងអាចនឹងធ្លាក់ចុះដោយសារបញ្ហានេះ។
លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា (KHANA) មានប្រសាសន៍ថា៖ «វិបត្តិកូវីដ-១៩ បានបង្អាក់ដំណើរការផ្ដល់សេវាចាំបាច់សម្រាប់ជំងឺរបេង និងកាត់បន្ថយបន្ទុកនៃជំងឺរបេង» ដោយលោកបន្តថា៖ «គោលដៅជំងឺរបេងសកលនៅប្រទេសភាគច្រើនបានអាក់ខាន ទោះបីជាមានប្រទេស ឬតំបន់មួយចំនួននៅបន្តធ្វើ»។
មុនមានវិបត្តិកូវីដ-១៩ ជំងឺរបេងជាជំងឺផ្លូវដង្ហើមចម្បងមួយសម្រាប់អាទិភាពក្នុងបញ្ជីសុខភាពសាធារណៈ។ ទោះបីជាជំងឺរបេង គឺជាជំងឺផ្លូវដង្ហើមដែលអាចធ្វើឲ្យសួតខូច បើមិនបានព្យាបាលត្រឹមត្រូវ តែជំងឺនេះបង្កឡើងដោយបាក់តេរី មិនមែនវីរុសនោះទេ។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង ហៅកាត់ថា (CDC) បានឲ្យដឹងថាជំងឺរបេងជាជំងឺឆ្លងដែលសម្លាប់មនុស្សច្រើនជាងគេនៅលើពិភពលោក និងមានការប៉ាន់ប្រមាណថា ក្នុងឆ្នាំ២០១៨ មនុស្សឆ្លងជំងឺរបេងមានប្រហែល ១,៧ពាន់លាននាក់។
បើតាម CDC មនុស្សប្រហែល ១,៥លាននាក់ស្លាប់រាល់ឆ្នាំដោយសារជំងឺរបេងនៅទូទាំងពិភពលោក។
សម្រាប់ប្រទេសកម្ពុជា ប្រភពដែលផ្ដល់តួលេខទាក់ទងនឹងជំងឺរបេងគឺកម្មវិធីជាតិកម្ចាត់រោគរបេង ដែលជាការិយាល័យមួយរបស់ មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន។ កម្មវិធីនេះ បានប៉ាន់ប្រមាណថាអត្រាឆ្លងជំងឺរបេងនៅកម្ពុជាមាន ២៧៤ករណី ចំណោមមនុស្ស ១០០ ០០០នាក់ មានន័យថាមនុស្សប្រហែល ៤៦ ០០០នាក់ ឆ្លងជំងឺរបេងក្នុងមួយឆ្នាំៗ។
យ៉ាងណា លោក សុខ ចំរើន មានប្រសាសន៍ថា កម្ពុជាបានរកឃើញអ្នកមានជំងឺរបេង និងទទួលការព្យាបាលតែ ៣០ ០០០នាក់ មានន័យថាមនុស្សប្រហែលជា ១៦ ០០០នាក់ផ្សេងទៀតមិនដឹងថា ខ្លួនមានជំងឺរបេង និងមិនបានទទួលការព្យាបាលនៅក្នុងសហគមន៍របស់ ខ្លួន។
លោកបន្ថែមថា៖ «បើសិនជាពួកគាត់មិនស្វែងរកសេវាព្យាបាល ពួកគាត់ប្រឈមនឹងការស្លាប់នៅពេលខាងមុខ»។
លោក ពន្យល់ថា ជំងឺរបេងមិនមែនជាជំងឺតពូជនោះទេ ជំងឺនេះអាចព្យាបាលដោយប្រើថ្នាំបានជាសះស្បើយ។
រោគសញ្ញាចម្បងដំបូងគេរបស់អ្នកឆ្លងជំងឺរបេងសកម្មគឺក្អកពីបីសប្ដាហ៍ ឬលើសពីនេះ ក្អកមានឈាម ឬ ស្លេស្ម ឈឺទ្រូងពេលដកដង្ហើម ស្រកទម្ងន់ បែកញើសពេលយប់ ក្ដៅខ្លួន អស់កម្លាំង មិនឃ្លានអាហារ និងហើមកូនកណ្ដុល។ អ្នកខ្លះក៏អាចឆ្លងជំងឺរបេងសម្ងំផងដែរ ត្បិតមិនសូវគ្រោះថ្នាក់ តែក៏នៅតែត្រូវការការព្យាបាល។
បើតាមលោក សុខ ចំរើន អត្រាឆ្លងជំងឺរបេងនៅកម្ពុជាបានធ្លាក់ចុះ ២០ភាគរយតាំងពីឆ្នាំ២០១៥ ដែលជាហេតុនាំឲ្យនៅឆ្នាំ២០២០ កម្ពុជាបានចាកចេញពីប្រទេសចំនួន៣០ ដែលមានអ្នកឆ្លងជំងឺផ្លូវដង្ហើមមួយនេះច្រើនជាងគេ។
លោក សុខ ចំរើន បន្ថែមថា៖ «ដើម្បីបញ្ចប់ជំងឺរបេងនៅកម្ពុជាទាមទារឲ្យមានការចូលរួមពីគ្រប់ភាគី រួមទាំងអ្នកជំងឺ អាជ្ញាធរ ក៏ដូចជាភាគីពាក់ព័ន្ធ យកចិត្តទុកដាក់ការពារ និងព្យាបាលទាំងអស់គ្នា»។
ទោះបីជាវិបត្តិកូវីដ-១៩ បានរំខានដល់ការរៀបចំវគ្គបណ្ដុះបណ្ដាល និងសិក្ខាសាលាពីជំងឺរបេង ប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន លោក ហួត ចាន់យុដា មានប្រសាសន៍ថា សេវាព្យាបាល និងការស្រាវជ្រាវនៅតែបន្តមាន។ បើតាមលោក ចាន់យុដា កម្ពុជាសង្ឃឹមថា អាចបញ្ចប់ការឆ្លងរាលដាលជំងឺរបេងនៅត្រឹមឆ្នាំ២០៣០ តាមគោលការសុខភាពសកល។
លោកបានដកស្រង់ទិន្ន័យពីអង្គការសុខភាពពិភពលោក ដោយថាចំនួនអ្នកស្លាប់ដោយសារជំងឺរបេងនៅកម្ពុជាមានតិចជាងតួលេខរបស់អង្គការ USAID។ លោកថា ចំនួនអ្នកស្លាប់មានប្រហែល ២៩០០នាក់ស្លាប់ទាក់ទងនឹងជំងឺរបេងនៅឆ្នាំ២០១៨ និងមានចំនួន ២៧០០នាក់នៅឆ្នាំ២០១៩ និងមានចំនួន ៣ ៣០០នាក់កាលពីឆ្នាំកន្លងទៅ។
ទោះបីជាតួលេខឆ្នាំនេះកំពុងតែប្រមូលក្ដី លោក ចាន់យុដា មានប្រសាសន៍ថា កម្ពុជាមើលឃើញពីការធ្លាក់ចុះនៃករណីឆ្លងថ្មី។
នៅត្រីមាសទី១ ឆ្នាំ២០២១ លោកថា កម្ពុជារកឃើញអ្នកឆ្លងចំនួន ៦១៣៨ករណី បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ថយចុះ២០ភាគរយ។ ចំណែកនៅត្រីមាសទីពីរវិញ លោកថា ចំនួនបានថយចុះ៣៣ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងនៅត្រីមាសទីបីនេះវិញ ករណីឆ្លងបានថយចុះ៤៨ភាគរយ។
ទោះយ៉ាងណា លោក ចាន់យុដាមានប្រសាសន៍ថា ការធ្លាក់ចុះនេះអាចមកពីកាលៈទេសៈជាងកត្តាផ្សេងទៀត។
លោកបន្ថែមថា៖ «ហេតុផលដែលចំនួនអ្នកឆ្លងជំងឺរបេងថយចុះ គឺព្រោះតែវិបត្តិកូវីដ-១៩»។
ទោះបីជាកំពុងប្រឈមនឹងវិបត្តិកូវីដ-១៩ អ្នកធ្វើការតស៊ូមតិផ្នែកសុខភាព ជំរុញឲ្យដៃគូរបស់ខ្លួនត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើជំងឺរបេង។
អ្នកស្រី សុខន វ័យ ៧៣ឆ្នាំ ជាអ្នកភូមិរស់នៅស្រុកស្អាង និងជាបណ្ដាញរបស់អង្គការខាណា ប្រចាំឃុំក្រាំងយ៉ូវ ប្រាប់ខេមបូចាថា មនុស្សចំនួន ២១៤នាក់ ជាគោលដៅក្នុងការទទួលការព្យាបាល ក្នុងនោះមាន ៤៤នាក់ជាអ្នកកើតជំងឺរបេង និង ៧៩នាក់ផ្សេងទៀតជាអ្នកត្រូវប្រើថ្នាំការពារជំងឺរបេង។
អ្នកស្រី សុខន ក៏ធ្លាប់កើតជំងឺរបេងដែរកាលឆ្នាំ១៩៩៩ និងបានជាសះស្បើយវិញក្រោយទទួលការព្យាបាលចំនួនប្រាំមួយខែ។
អ្នកស្រីបន្តថា៖ «ខ្ញុំសូមអំពាវនាវឲ្យបងប្អូនដែលសង្ស័យថា មានឆ្លងជំងឺរបេង ស្វែងរកការធ្វើតេស្តនៅមណ្ឌលសុខភាព និងព្យាបាលជំងឺរបេងឲ្យទាន់ពេលវេលា»។
សម្រាប់ អ្នកស្រី លីដា ដែលជាអ្នកស្រុកស្អាងដែរនោះ លើកឡើងដែរថា អ្នកស្រីចង់ឲ្យមានជំនួយបន្ថែមទៀតដល់អ្នកជំងឺរបេង។ អ្នកស្រីថា ពេលដែលខ្លួនកំពុងទទួលការព្យាបាល អ្នកស្រី ត្រូវគ្រូពេទ្យណែនាំមិនឲ្យធ្វើការធ្ងន់នោះទេ។
អ្នកស្រី ឲ្យដឹងថា៖ «ខ្ញុំស្នើដល់រដ្ឋាភិបាលជួយផ្គត់ផ្គង់ម្ហូបអាហារ និងថវិកា សម្រាប់អ្នកជំងឺរបេង ពេលដែលពួកគាក់កំពុងទទួលការព្យាបាល ពីព្រោះពួកគាត់មិនអាចធ្វើការអ្វីបានទេ ប៉ុន្តែពួកគេត្រូវការប្រាក់ដើម្បីចំណាយប្រចាំថ្ងៃ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Former TB patients describe their experiences as fight to end the disease continues