សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកជំនាញថា ការធ្លាក់ចុះករណីជំងឺរបេងបណ្តាលមកពីវិបត្តិកូវីដ-១៩

មន្ត្រីអង្គការផ្នែកសុខភាពម្នាក់បានផ្តល់ការពិគ្រោះយោបល់ដល់អ្នកកើតជំងឺរបេងនៅស្រុកលើកដែក ខេត្តកណ្តាល។ រូបថតកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។ រូបថតផ្តល់ឱ្យ
មន្ត្រីអង្គការផ្នែកសុខភាពម្នាក់បានផ្តល់ការពិគ្រោះយោបល់ដល់អ្នកកើតជំងឺរបេងនៅស្រុកលើកដែក ខេត្តកណ្តាល។ រូបថតកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។ រូបថតផ្តល់ឱ្យ

តួលេខ​របស់​មជ្ឈមណ្ឌលជាតិ​កំចាត់រោគរបេង និងហង់សិន បានឲ្យ​ដឹង​ថា ​អ្នក​ទទួល​ការ​ព្យាបាល​ជំងឺ​របេង​ក្នុង​ឆ្នាំ​២០២១ បាន​ថយ​ចុះ​ចំនួន​ ២៦​ភាគរយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​កន្លង​ទៅ និង​ថា​ការ​ថយ​ចុះ​នេះ​មក​ពី​បញ្ហា​វិបត្តិ​កូវីដ-១៩​។​

ប្រធាន​​មជ្ឈមណ្ឌលជាតិ​កំចាត់រោគរបេង និងហង់សិន លោក ហួត ចាន់យុដា មាន​ប្រសាសន៍​ថា កាលពី​ឆ្នាំ​២០២១ ​ករណី​អ្នក​ឆ្លង​ជំងឺ​របេង​មាន​ជំនួន​ ២១ ៥៦៤​ករណី ដែល​​កាល​ពី​ឆ្នាំ​២០២០ មានដល់ទៅ​​ ២៩ ០០០​ករណី។ យ៉ាង​ណា លោក​ថា តួលេខ​នេះ​មិន​បាន​បង្ហាញ​ពី​ចំនួន​ពិត​ប្រាកដ​​​នៃ​អ្នក​កើត​ជំងឺ​របេង​នោះ​ទេ ព្រោះ​ថា​អាច​មាន​អ្នក​ឆ្លង​ជំងឺ​របេង​តិច​តួច​ស្វែង​រក​ការព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ ដោយសារ​តែ​មានការ​ផ្ទុះ​រាល​ដាល​ជំងឺ​កូវីដ-១៩​។ ​ 

បើ​តាម​កម្មវិធីជាតិ​កំចាត់​រោគ​របេង​របស់មជ្ឈមណ្ឌលជាតិ​កំចាត់រោគរបេង និងហង់សិន ចំនួន​អ្នក​ឆ្លង​ជំងឺ​របេង​មាន​ចំនួន​ ២៧៤​នាក់​ក្នុង​ចំណោម​មនុស្ស ១០​ម៉ឺន​នាក់​។ តួលេខ​នេះ​បាន​ឲ្យ​គេ​ដឹង​ថា​នៅ​មាន​មនុស្ស​ជា​ច្រើន​ទៀត​មិន​ទាន់​បាន​​ធ្វើ​រោគវិនិច្ឆ័យ​រក​​ជំងឺ​របេង ក្នុង​អំឡុង​វិបត្តិ​កូវីដ-១៩​ នេះ។​ ​

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កណ្ដាល លោក គួយ ប៊ុនធឿន បាន​គាំទ្រ​ទៅ​នឹង​ការ​លើក​ឡើង​នេះ និង​ថា​កាល​ពី​ឆ្នាំ​កន្លង​ទៅ​ខេត្ត​របស់​លោក​បាន​រក​ឃើញ​ករណី​អ្នក​មាន​រោគ​របេង​ប្រហែល​ ១០០​ករណី តិច​ជាង​ឆ្នាំ​មុនៗ​ទៅ​ទៀត​។​

លោកប្រាប់​ខេមបូចា​ថា៖ «​ការ​ថយ​ចុះ​នៃ​ករណី​អ្នក​ជំងឺ​របេង​​ក្នុង​ឆ្នាំ២០២១ នេះ​ ដោយ​សារ​តែ​មន្ទីរ​ពេទ្យ​រដ្ឋ​ជាប់​ដៃជាមួយ​នឹង​ការ​ព្យាបាល​ជំងឺ​កូវីដ១៩ ហើយអ្នក​ឆ្លងជំងឺ​របេង​ក៍​អាច​ថា​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ដែរ ដូច​នេះ​ពួកគាត់​មិន​ហ៊ាន​ទៅ​មន្ទីរ​ពេទ្យ»។​

លោក ស្រី ស៊ីន ប្រ​ធានមន្ទីរ​សុខាភិបាលខេត្ត​កំពង់​ធំ ក៍​បាន​ឲ្យ​ដឹង​ដែរថា ខេត្ត​របស់​លោក​ក៍​មាន​ករណី​ឆ្លង​ធ្លាក់​ចុះ​ដូច​គ្នា ដោយ​លោក​គិត​ថា​មក​ពី​មនុស្ស​ជា​ច្រើនមានការយល់ដឹង​វិធី​ការពារជំងឺនេះ​ ហើយពួកគេ​បាន​ពាក់​ម៉ាស់ និងរក្សាគម្លាត​ដើម្បីការ​ពារ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​។​

លោក បន្ថែម​ថា៖ «​ប្រជា​ពល​រដ្ឋ​បាន​យល់​ដឹង​ពី​វិធានការ​ការពារ​វា[ជំងឺ​របេង] ពីព្រោះ​វា​ជាជំងឺ​ឆ្លង​តាម​ខ្យល់ ដូច​ទៅ​នឹង​ជំងឺ​កូវីដ១៩ ដែរ»។​​

លោកឲ្យ​ដឹង​ទៀត​ដែរ​ថា ហេតុ​ផល​ផ្សេង​ទៀត​នោះ​គឺ អាច​មក​ពី​មាន​មន្ត្រី​សុខាភិបាល​បាន​ចុះ​ស្វែង​រក​អ្នក​ជំងឺ​របេង​ដល់​សហគមន៍ និង​បាន​ព្យាបាល​អ្នក​ទាំង​នោះ​បានជាសះស្បើយ ដែល​អាច​ការពារ​មិន​ឲ្យ​ចម្លង​ទៅ​អ្នក​ផ្សេង​។​

លោក ជួប សុខចំរើន នាយក​ប្រតិបត្តិ​អង្គការ​ខាណា  យល់​ស្រប​ទៅ​នឹង​ការ​លើក​ឡើង​ថា​វិបត្តិ​កូវីដ-១៩ ជា​កត្តា​ធ្វើ​ឲ្យ​ករណី​ឆ្លង​ជំងឺ​របេង​ថយ​ចុះ​។​

លោក​បន្ថែម​ថា៖ «​ដោយ​សារតែ​វិបត្តិកូវីដ១៩ អ្នក​មាន​ជំងឺ​មិន​ទៅ​ពេទ្យ ហើយ​មន្ត្រីសុខាភិបាល​ក៍​រវល់​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ ក្នុង​ឆ្នាំ​២០២១»។ លោក បន្ថែម​ថា ជំងឺ​របេង និង​ជំងឺ​កូវីដ-១៩ មាន​រោគ​សញ្ញា​ប្រហាក់​ប្រហែល​គ្នា ដែល​នេះ​អាច​ជាហេតុ​ថា​អ្នក​មាន​ជំងឺ​របេង​មិន​ហ៊ាន​ទៅ​មន្ទីរ​ពេទ្យ ព្រោះ​ខ្លាច​ត្រូវ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ-១៩​។​

លោកកត់​សម្គាល់​ដែរថា វិធានការ​បិទខ្ទប់​កន្លង​មក ក៍​បានធ្វើ​ឲ្យ​អ្នក​មានជំងឺ​ពិបាក​ក្នុង​ការ​ទៅ​រកសេវា​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ដែរ​។​

នៅ​ដើម​សប្ដាហ៍​នេះ មុន​ទិវាជំងឺ​របេង​ពិភព​លោក ថ្ងៃទី​២៤ ខែមីនា អង្គការ​សុខភាព​ពិភព​លោក​បាន​លើក​ឡើង​ថា​ វិបត្តិកូវីដ-១៩ បាន​ធ្វើឲ្យ​កិច្ចខិត​ខំ​ប្រឆាំង​នឹង​ជំងឺ​របេង​បាន​ថយក្រោយ ព្រោះ​វិបត្តិនេះ​បាន​រំខាន​ដល់​ការ​ទទួលបាន​សេវា​ព្យាបាល​ជំងឺ​របេង​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Experts put drop in recorded TB cases down to pandemic

518 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម