អង្គការតម្លាភាពកម្ពុជាហៅកាត់ថា TIC បានឲ្យដឹងថា សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយរបស់កម្ពុជាបានធ្លាក់ចុះកាន់តែអាក្រក់ក្នុងឆ្នាំ២០២៣ ដោយបានថយពិន្ទុចំនួនពីរបើធៀបនឹងឆ្នាំ២០២២។
សន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយ ឬCPI បានចេញផ្សាយកាលពីថ្ងៃអង្គារ និងបានបង្ហាញថាកម្ពុជាមានពិន្ទុត្រឹមតែ២២លើ១០០ ដែលថយចុះចំនួនពីរពិន្ទុបើធៀបនឹងឆ្នាំមុន។ ពិន្ទុនេះបានធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសនៅក្រោមគេទីពីរបន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា នៅក្នុងតំបន់អាស៊ាន។ បើធៀបទៅនឹងប្រទេសលើពិភពលោកកម្ពុជានៅលំដាប់លេខរៀងទី១៥៨ ក្នុងចំណោមប្រទេស និងដែនដីសរុប១៨០ ខណៈកាលពីឆ្នាំ២០២២ កម្ពុជានៅលេខរៀងទី១៥០។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថាពិន្ទុដែលកម្ពុជាទទួលបាននេះជាសញ្ញាបង្ហាញថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅកម្ពុជា គឺ«នៅទ្រឹង» និង «ជាការដាស់តឿនមួយអំពីការប្រឈមនៃការរីករាលដាលអំពើពុករលួយ» ដែលវាបន្តកើតមាននៅតាមវិស័យជាច្រើន។
លោកបានកត់សម្គាល់ឃើញថា ខណៈដែលមានការបន្តរីករាលដាលក្នុងផ្នែកមួយចំនួនដូចជាការកៀរគរធនធាន និងសេវាមូលដ្ឋានផ្សេងៗ ទស្សនៈអ្នកជំនាញ «បានដាក់បន្ទុកទៅលើការកើតមានដដែលនៃអំពើពុករលួយទ្រង់ទ្រាយធំ និងអំពើពុករលួយផ្នែកនយោបាយ»។ វាគឺជាកន្លែងដែលត្រូវ «ធ្វើកំណែទម្រង់ស៊ីជម្រៅមួយដើម្បីពង្រឹងនីតិរដ្ឋ និងយុត្តិធម៌ ដែលកំពុងជាប់គាំង»។
ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច កម្ពុជាស្ថិតនៅលេខរៀងទីបួនក្រោមគេផុត ដែលកម្ពុជានៅល្អប្រសើរជាងតែប្រទេសអាហ្កានីស្ថាន មីយ៉ាន់ម៉ា និងកូរ៉េខាងជើង។ ចំណែកប្រទេសសិង្ហបុរីវិញ បានជាប់ក្នុងប្រទេសទាំងប្រាំ ដែលមានសន្ទស្សន៍យល់ឃើញអំពើពុករលួយល្អជាងគេនៅលើពិភពលោក។
ប្រទេសនៅតំបន់អាស៊ានផ្សេងទៀតក៏បានធ្លាក់ពិន្ទុដែរ ដូចជាវៀតណាមធ្លាក់ពី៤២ មក៤១ពិន្ទុ ថៃធ្លាក់ពី៣៦មក៣៥ពិន្ទុ ឡាវពី៣១មក២៨ពិន្ទុ និងមីយ៉ាន់ម៉ាពី២៣មក២០ពិន្ទុ។ ដោយឡែកប្រទេសម៉ាឡេស៊ី ឡើងពី៤៧ទៅ៥០ពិន្ទុ និងហ្វីលីពីន ពី៣៣ទៅ៣៤ពិន្ទុ។ ជាមួយគ្នានេះដែរ ប្រទេសសិង្ហបុរីនៅរក្សាពិន្ទុ៨៣ និងឥណ្ឌូនេស៊ី នៅរក្សាបាន៣៤ពិន្ទុ។
ក្នុងពិធីប្រកាសផ្សាយសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយនេះ លោក ប៉ិច ពិសី ថាកម្ពុជាបន្តរឹតត្បិតសិទ្ធិជាមូលដ្ឋាន មានដូចជាសេរីភាពនៃការបញ្ចេញមតិ ខណៈដែលអំពើពុករលួយក្នុងប្រព័ន្ធយុត្តិធម៌នៅតែកើតមាន។ អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយនៅតែជួបការលំបាកក្នុងការអនុវត្តតួនាទីនៅក្នុងប្រទេសប្រជាធិបតេយ្យ ដែលនេះជាហេតុផលមួយក្នុងចំណោមហេតុផលផ្សេងទៀតនៅពីក្រោយការធ្លាក់ចុះពិន្ទុនេះ។
លោកឲ្យដឹងដែរទៀតថា នៅមានគម្លាតរវាងការអនុវត្តច្បាប់ និងច្បាប់ដែលមានស្រាប់ ដែលនេះក៏ជាចំណុចសំខាន់មួយសម្រាប់កម្ពុជាត្រូវធ្វើឲ្យមាននីតិរដ្ឋ ប្រសិទ្ធភាពការអនុវត្តច្បាប់ និងបន្តខិតខំប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
លោកបន្ថែមថា៖ «វាជាការពិតដែលថាកម្ពុជានៅតែជាប្រទេសមួយដែលមានអំពើពុករលួយខ្លាំងជាងគេនៅតំបន់អាស៊ាន និងលើពិភពលោក»។
លោក ពិសី បន្ថែមថា ចំណុចគន្លឹះដែលត្រូវយកចិត្តទុកដាក់នោះគឺនីតិរដ្ឋ និងប្រសិទ្ធភាពនៃច្បាប់ និងក្របខណ្ឌគតិយុត្តិដែលមានស្រាប់។
ជាការពិតកម្ពុជាមានច្បាប់ប្រឆាំងអំពើពុករលួយ ប៉ុន្តែការសិក្សារបស់អង្គការតម្លាភាពកម្ពុជាបានលើកឡើងថាក្របខណ្ឌច្បាប់ និងមាត្រាច្បាប់មួយចំនួនដែលមានស្រាប់ គួរត្រូវពិនិត្យឡើងវិញ។ លោកពិសី ថាការពិនិត្យលើច្បាប់ទាំងនេះឡើងវិញគឺមានសារសំខាន់ដើម្បីធានាថាវាត្រឹមត្រូវតាមបទដ្ឋានអន្តរជាតិ និងស្របតាមគោលការណ៍ណែនាំអំពីការប្រឆាំងនឹងអំពើពុករលួយរបស់អង្គការសហប្រជាជាតិ។
លោកបញ្ជាក់ថា៖ «កម្ពុជាមានក្របខណ្ឌច្បាប់គ្រប់គ្រាន់ក្នុងការពង្រឹងនីតិរដ្ឋបាន បើទោះបីជាមានចំណុចសំខាន់ៗនៃបទបញ្ញត្តិមួយចំនួនត្រូវកែសម្រួល ឬវិសោធនកម្មក៏ដោយ»។ យ៉ាងណាក៏ដោយ គេអាចនិយាយថាកម្ពុជាមាន «ក្របខណ្ឌច្បាប់ល្អ ដើម្បីធានាបាននូវដំណើការលទ្ធិប្រជាធិបតេយ្យ និងគណនេយ្យភាព»។
លោកឲ្យដឹងដែរថា បើសិនជាសូចនាករមួយចំនួនដូចជាបរិយាកាសសេដ្ឋកិច្ច ដំណើរការល្អនៃលទ្ធិប្រជាធិបត្យ យុត្តិធម៌ និងប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានយកចិត្តទុកដាក់ កម្ពុជាពិតជាអាចមានវឌ្ឍនភាពល្អប្រសើរ។
ការសិក្សារបស់អង្គការតម្លាភាពកម្ពុជាបានប្រើប្រាស់ប្រភពទិន្នន័យគាំទ្រការរកឃើញពីសន្ទស្សន៍អំពើពុករលួយចំនួនប្រាំពីរ ក្នុងនោះរួមមានតួលេខសេដ្ឋកិច្ច ប្រជាធិបតេយ្យ ធនាគារពិភពលោក និងអង្គការយុត្តិធម៌ពិភពលោក។
អង្គការអន្តរជាតិបានជំរុញដល់រដ្ឋាភិបាលឲ្យអនុវត្ត និងពន្លឿនកំណែទម្រង់របស់ខ្លួនក្នុងការលុបបំបាត់អំពើពុករលួយ និងមានយន្តការច្បាស់លាស់ក្នុងការអនុវត្ត។ អ្វីទាំងនេះរួមមានការដាក់ទោសទណ្ឌលើគ្រប់ទម្រង់នៃអំពើពុករលួយ លើកកម្ពស់គណនេយ្យភាព និងការតាមដានធ្វើទំនើបកម្មក្រមខណ្ឌច្បាប់ លើកកម្ពស់តម្លាភាព និងការទទួលបានព័ត៌មានសាធារណៈ និងផ្ដល់ឱកាសដោយស្មើភាពលើការធ្វើអាជីវកម្មផ្សេងៗ។
សម្រាប់គណេយ្យភាព លោក ពិសី បញ្ជាក់ថា៖ «ស្ថាប័នមួយតែឯង»មិនអាចរ៉ាប់រងបាននោះទេ។ ការណ៍នេះ លោកថាត្រូវទាមទារឲ្យមានភាគីពាក់ព័ន្ធសំខាន់ៗចូលរួមដូចជាអង្គនីតិប្បញ្ញត្តិអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរសាវនកម្ម ប្រព័ន្ធយុត្តិធម៌ ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិលជាដើម។
លោកបន្ថែមថា៖ «បើសិនជារដ្ឋាភិបាលផ្ដល់ឱកាសឲ្យអង្គការសង្គមស៊ីវិលបានចូលរួម និងបើកឲ្យប្រព័ន្ធផ្សព្វផ្សាយដំណើរការដោយឯករាជ្យ វានឹងល្អក្នុងការដឹងពីដើមចមនៃអំពើពុករលួយនៅកម្ពុជា»។
លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានចូលរួមក្នុងពិធីបង្ហាញសន្ទស្សន៍អំពើពុករលួយនេះដែរ បានលើកឡើងថា អំពើពុករលួយគឺ «ជាអ្វីដែលភាគីពាក់ព័ន្ធត្រូវស្វែងយល់បន្ថែមទៀត»។
លោកបន្តថា៖ «សម្រាប់យើង [រដ្ឋាភិបាល] មិនដែលថាទទួលយក ឬច្រានចោលរបាយការណ៍នោះទេ ប៉ុន្តែយើងត្រូវបកស្រាយតួលេខ [ពិន្ទុសន្ទស្សន៍អំពើពុករលួយ] ទៅនឹងទំហំនៃអំពើពុករលួយរវាងកម្ពុជាធៀបនឹងពិភពលោក»។
លោកលើកឡើងថា «ប្រទេសមហាអំណាច ដែលមានផលិតផលក្នុងស្រុកសរុបធំៗគឺមានអំពើពុករលួយខ្លាំងជាងកម្ពុជាផង» តែលោកមិនបានបញ្ជាក់ថាជាប្រទេសណាមួយដែលលោកចង់សំដៅលើនោះទេ។
លោកបន្ថែមថា៖ «យើងកុំធ្វើឲ្យមានអារម្មណ៍ថាជាជនរងគ្រោះនៃពាក្យអំពើពុករលួយ។ វាមិនមែនអាស្រ័យលើតួលេខទេ វាគឺគួរតែនិយាយពីទំហំ…យើងទទួលស្គាល់ថាអំពើពុករលួយមិនល្អ ហើយវាធ្វើឲ្យប្រព័ន្ធទាំងមូលធ្លាក់ចុះ។ តែយើងត្រូវទទួលស្គាល់ថារបាយការណ៍ខ្លះបានជាស្ទីកម៉ា (stigma) ក្នុងរាំងស្ទះប្រទេសមួយពីការអភិវឌ្ឍ»។
លោក សរ សិនិរ៉ា តំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានបន្ទរទៅនឹងសម្ដីលោក ហ៊ុយ វណ្ណៈ ថាលោកមិនច្រានចោលរបាយការណ៍ទេ ប៉ុន្តែលោកថាគិតថារបាយការណ៍នឹងធ្វើឲ្យកម្ពុជាមានរូបភាពអាក្រក់។
លោកមានប្រសាសន៍ថា៖ «ខ្ញុំមកនេះមិនមែនមកនិយាយថា ពិត ឬមិនពិតចំពោះការរកឃើញនេះទេ…ចំពោះទស្សនៈរបស់ CDC ខ្ញុំសុំចែករំលែកថាការរកឃើញរបស់អង្គការតម្លាភាពកម្ពុជាមិនគួរមានចរិតនយោបាយ ដែលវាធ្វើឲ្យកម្ពុជាជាជនរងគ្រោះ និងប៉ះពាល់ដល់កិច្ចខិតខំរបស់រដ្ឋាភិបាលទាំងមូលទេ»។
របាយការណ៍គួរតែត្រឹមជាឯកសារចែករំលែកចំណេះដឹង ពីព្រោះវាសំដៅលើសន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយ ដែលលោកអះអាងថា មិនជាការរកឃើញពិតប្រាកដលើស្ថាប័នណាមួយជាក់លាក់។
លោកបញ្ជាក់ថា៖ «ការរកឃើញនេះ គឺផ្អែកលើការយល់ឃើញរបស់អ្នកដែលត្រូវបានសម្ភាស»។
លោកបន្តថា យុទ្ធសាស្រ្តបញ្ចកោណបានបង្កើតយន្តការប្រឆាំងអំពើពុករលួយ និងបង្កើនជីវភាពប្រជាពលរដ្ឋ ជាជាងមានចេតនាចង់បានពិន្ទុខ្ពស់ដោយផ្អែកលើសន្ទស្សន៍នៃអំពើពុករលួយ។ លោកបន្តថា នេះជាវិធីសាស្រ្តដ៏មានអត្ថន័យក្នុងការដោះស្រាយបញ្ហាពុករលួយ។ «វាមិនមែនដើម្បីបានពិន្ទុខ្ពស់ដើម្បីយកមកអួតទេ ប៉ុន្តែវាគឺអំពីគុណភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋដែលល្អប្រសើរឡើងតាមរយៈសេដ្ឋកិច្ចរបស់យើង»។
ឆ្លើយតបទៅនឹងលោក សិនិរ៉ា លោក ពិសី យល់ស្របថា បុគ្គល ឬស្ថាប័នណាមួយមានសិទ្ធិច្រានចោលសន្ទស្សន៍នៃការយល់ឃើញលើអំពើពុករលួយនេះ។ យ៉ាងណា ដើម្បីជាប្រយោជន៍ដល់ស្ថាប័ន ប្រជាពលរដ្ឋ និងសង្គមជាតិ លោកគិតថា រដ្ឋាភិបាលគួរតែពិនិត្យមើលលើការរកឃើញនេះ។
លោកបន្តថា៖ «វាជាសិទ្ធិរបស់បុគ្គល ហើយយើងគោរពការសម្រេចចិត្តរបស់អ្នកទាំងនោះ។ ប៉ុន្តែលទ្ធផល គឺនៅទីនេះ។ តួលេខមិនចេះកុហកទេ»។ ដោយលោកបញ្ជាក់បន្ថែមថាការសម្រេចចិត្តរបស់អ្នកវិនិយោគមួយចំនួនបានពឹងផ្អែកលើរបាយការណ៍នេះ ដែលវាជាសូចនាករអំពីទំហំនៃអំពើពុករលួយក្នុងប្រទេស។
លោកបន្ថែមថា៖ «ដូចនេះ វាអាស្រ័យលើការសម្រេចចិត្តរបស់រដ្ឋាភិបាល និងរកដំណោះស្រាយលើបញ្ហាដែលបានរកឃើញ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិត ម៉ាលីន និងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង មិនបានឆ្លើយតបនឹងសំណើរសុំការអត្ថាធិប្បាយទេ។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia’s Corruption Index Slips, Indicating Stagnation in Fight Against Corruption