សារសំខាន់នៃអធិការកិច្ច គឺដើម្បីធានាអភិបាលកិច្ចល្អ យុត្តិធម៌ និងការអភិវឌ្ឍជាតិ ។ នេះជាប្រសាសន៍របស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដែលបានធ្វើឡើងនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងអំឡុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួង ។
ក្រសួងទទួលខុសត្រូវលើការងារអធិការកិច្ចទៅលើក្រសួង ស្ថាប័ន អង្គភាពសាធារណៈ រដ្ឋបាលថ្នាក់ក្រោមជាតិ និងស្ថាប័ននីតិបុគ្គលផ្សេងទៀត ព្រមទាំងដោះស្រាយបណ្ដឹងរបស់ប្រជាពលរដ្ឋ ដើម្បីពង្រឹងប្រសិទ្ធផលនិងសុចរិតភាពរបស់រដ្ឋបាលសាធារណៈ ។
ប៉ុន្តែ មន្ត្រីរបស់ក្រសួងជួបប្រទះភាពប្រឈមជាច្រើនដោយសារតែការយល់ខុសថា អធិការកិច្ចគឺ«ចាំតែចាប់កំហុស» «ជ្រៀតជ្រែក»ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់អង្គភាពនានា និង«រំខានដល់ការងារ»របស់អង្គភាពរងអធិការកិច្ច ។
លោករដ្ឋមន្ត្រី ហួត ហាក់ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «អង្គភាពរងអធិការកិច្ចមួយចំនួនបានធ្វើសកម្មភាពមួយចំនួនដើម្បីបញ្ចៀសនូវចំណុចខ្វះខាតរបស់ខ្លួន នៅមុនការចុះធ្វើអធិការកិច្ច ។ ខ្លះប្រជុំផ្ទៃក្នុងជាមុនក្នុងគោលបំណងលាក់បាំងការពិត» ។
លោកបានចែករំលែកថា៖ «ខ្លះផ្ដល់ឯកសារមិនគ្រប់គ្រាន់ និងមិនផ្ដល់កិច្ចសហការល្អ ឬយកលេស ដើម្បីពន្យារពេល ដែលពេលខ្លះឈានទៅដល់ការបំភិតបំភ័យមន្ត្រីរងអធិការកិច្ចតាមរយៈការហៅសាកសួរក្នុងគោលបំណងមិនផ្ដល់ការសហការល្អជាមួយមន្ត្រីអធិការកិច្ច រីឯខ្លះទៀតខិតខំស្វែងរកមធ្យោបាយស្នើសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំ» ។
កន្លងមក ក្រសួងបានធ្វើការងារយ៉ាងដិតដល់ដើម្បីលើកកម្ពស់អភិបាលកិច្ចនៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅពង្រឹងប្រសិទ្ធភាពនិងភាពស្អាតស្អំរបស់រដ្ឋបាលសាធារណៈ និងកាតព្វកិច្ចទទួលខុសត្រូវរបស់ស្ថាប័នទាំងនោះ ។ អធិការកិច្ចទាំងនេះ គឺដើម្បីបង្ការ កាត់បន្ថយ និងប្រយុទ្ធប្រឆាំងនឹងការកិបកេងទ្រព្យសម្បត្តិរដ្ឋ អំពើពុករលួយ និងភាពអសកម្មនានា ។
ដោយលើកឡើងពីទិសដៅការងាររបស់ក្រសួង លោក ហាក់ បាននិយាយថា ក្រសួងបានសម្រេចលទ្ធផលការងារល្អមួយចំនួន ជាពិសេស នៅក្នុងការផ្លាស់ប្ដូរឥរិយាបថមន្ត្រីសាធារណៈមួយចំនួនដែលពុំទាន់អនុវត្តភារកិច្ចរបស់ខ្លួនបានល្អ ។ លោកបានដាស់តឿនរំឭកដល់
មន្ត្រីសាធារណៈឱ្យមាន«ការប្រុងប្រយ័ត្នខ្ពស់និងមានការទទួលខុសត្រូវ ។»
ក្រសួងអនុវត្តសកម្មភាពអធិការកិច្ចតាមរូបភាព ៣ប្រភេទ ។ សកម្មភាពទាំងនោះ រួមមាន ការចូលរួមនៅក្នុងគណៈកម្មាធិការចម្រុះអន្តរក្រសួង ចាត់តាំងមន្ត្រីអធិការកិច្ចឱ្យសហការការងារជាមួយក្រសួងស្ថាប័ននានា និងចាត់តាំងគណៈប្រតិភូដើម្បីធ្វើអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ ។
លោក ហាក់ បានលើកឡើងថា នៅក្នុងការអនុវត្តអធិការកិច្ច ក្រសួងបានរកឃើញចំណុចខ្វះខាតមួយចំនួន ជាអាទិ៍ ការអនុវត្តតួនាទីភារកិច្ចពុំទាន់បានគ្រប់ជ្រុងជ្រោយទៅតាមសមត្ថកិច្ចរបស់ខ្លួន ការប្រើប្រាស់ថវិកាមិនទាន់បានសមស្របទៅតាមគោលការណ៍ហិរញ្ញវត្ថុ និងការប្រមូលចំណូលមិនមែនសារពើពន្ធនិងចំណូលសារពើពន្ធពុំទាន់អស់លទ្ធភាព ។
លោកបានបន្ថែមថា៖ «ក្រសួងស្ថាប័នមួយចំនួនមានបំណុលរ៉ាំរ៉ៃជាច្រើន ដែលអតិថិជននៅជំពាក់ ។ ការប្រើប្រាស់ឯកសារសម្រាប់ទូទាត់ថវិកានៅមិនទាន់បានត្រឹមត្រូវទៅតាមនីតិវិធី ការផ្ដល់សេវាសាធារណៈដល់អតិថិជននៅមានកម្រិត និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋមិនទាន់បានល្អទៅតាមការណែនាំពីរដ្ឋាភិបាល» ។
កាលពីខែមុន ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ ២២ លើ ១០០ នៅលើសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ (CPI) ធៀបនឹងឆ្នាំមុនដែលឈរនៅពិន្ទុ ២៤ ដែលនាំឱ្យកម្ពុជាឈរនៅលេខរៀងចុងក្រោយគេបំផុតទីពីរក្នុងចំណោមបណ្ដាប្រទេសនៅអាស៊ាន បន្ទាប់ពីសហភាពមីយ៉ាន់ម៉ា ។ កម្ពុជាក៏បានជាប់ចំណាត់ថ្នាក់ទី១៥៨ ក្នុងចំណោម ១៨០ប្រទេស និងដែនដីនៅទូទាំងពិពលោក ផងដែរ បើធៀបនឹងពិន្ទុកាលពីឆ្នាំ២០២២ ដែលបានពិន្ទុ ១៥០ ។
ក្រៅពីកិច្ចការទាំងនេះ ក្រសួងអធិការកិច្ចក៏បានដោះស្រាយបណ្ដឹងរបស់ប្រជាពលរដ្ឋផងដែរ ដែលភាគច្រើនបំផុត ទាក់ទងទៅនឹងបញ្ហាដីធ្លី ។ ករណីទាំងនេះមានប្រភពមកពីរដ្ឋសភា ព្រឹទ្ធសភា រដ្ឋាភិបាល និងដើមបណ្ដឹង ដែលបានដាក់ពាក្យបណ្ដឹងដោយផ្ទាល់ និងតាមអនឡាញ ។ គិតជាមធ្យម ក្រសួងទទួលបាន ១៣០បណ្ដឹងក្នុងមួយឆ្នាំ ។ លោកបានបន្តថា កាលពីឆ្នាំ២០២៣ ក្រសួងដោះស្រាយបាន ៤០ករណី ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលមានវត្តមានជាអធិបតីនៅក្នុងពិធីបិទសន្និបាតនេះ បានមានប្រសាសន៍ថា ក្រសួងអធិការកិច្ចបានជួយដល់រដ្ឋាភិបាលក្នុងការលើកកម្ពស់មុខមាត់
វិស័យសាធារណៈ និងចាត់វិធានការម៉ឺងម៉ាត់ប្រឆាំងនឹងមន្ត្រីសាធារណៈប្រព្រឹត្តបំពានក្រមសីលធម៌វិជ្ជាជីវៈ ។ ក្រសួងក៏គួរអនុវត្តការផ្តួចផ្ដើមដើម្បីបង្កើតយន្តការត្រួតពិនិត្យប្រកបដោយគុណភាពនិងប្រសិទ្ធភាព ផងដែរ ។ ក្រសួងគួរពង្រីកទំនាក់ទំនងសហការល្អជាមួយក្រសួងស្ថាប័នដទៃទៀត តាមរយៈការណែនាំពីការងារអធិការកិច្ចទៅដល់ក្រសួងស្ថាប័ននានា ។
ខណៈដែលលើកឡើងពីអភិក្រមទាំងប្រាំដែលត្រូវបានប្រើប្រាស់ដើម្បីធានាអភិបាលកិច្ចល្អ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» លោក ហ៊ុន ម៉ាណែត បានថ្លែងថា ការងារអធិការកិច្ចជួយដល់អភិក្រមបួនខាងដើមក្នុងចំណោមអភិក្រមទាំងប្រាំចំណុច ។
លោកបានមានប្រសាសន៍ថា៖ «ការងារពិនិត្យនិងផ្ដល់យោបល់ជួយឱ្យយើងអាចឆ្លុះកញ្ចក់ខ្លួនឯងបាន ។ ខ្ញុំសូមឱ្យអង្គភាពនិងស្ថាប័នទាំងអស់ កុំចាត់ទុកការងារអធិការកិច្ចគឺជាការងារចុះចាប់» ។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា លោកគាំទ្រផែនការអាទិភាពទាំង៤របស់ក្រសួង ដែលរួមមាន ការកសាងសមត្ថភាពស្ថាប័ន ការកសាងនិងអភិវឌ្ឍមូលធនមនុស្ស ការធ្វើសេចក្ដីព្រាងច្បាប់និងបទប្បញ្ញត្តិនានា និងការរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួងនិងនៅគ្រប់កម្រិត ។
ប៉ុន្តែទោះយ៉ាងនេះក្ដី លោកនាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា ក្រសួងក៏គួរតាមដានកិច្ចការរបស់ខ្លួនផ្ទាល់ផងដែរ ជាពិសេស ទៅលើធនធានមនុស្ស ។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យពិនិត្យឡើងវិញទៅលើដំណើរការអធិការកិច្ចដើម្បីធានាថា ភារកិច្ចនីមួយៗមិនជាន់គ្នា ។ លោកបានដាក់ចេញការណែនាំនេះបន្ទាប់ពីដឹងថា មានអធិការកិច្ច ៦ ទៅ ៧ដងក្នុងមួយឆ្នាំទៅលើកិច្ចការតែមួយ ដែលធ្វើឱ្យលំបាកដល់អង្គភាពរងអធិការកិច្ច ។
លោកនាយករដ្ឋមន្ត្រីលើកឡើងយ៉ាងដូច្នេះថា៖ «សូមពិនិត្យនិងរៀបចំការងារឡើងវិញឱ្យស្របទៅតាមយន្តការ ដើម្បីកុំឱ្យជាន់គ្នា ។ វាក៏ត្រូវឱ្យច្បាស់លាស់ផងដែរ »។ ដោយលោកបន្ថែមថា៖ «ពីព្រោះមានយន្តការជាន់គ្នាមួយចំនួន ដែលជាមូលហេតុនាំឱ្យរំខានដល់ក្រសួងនិងស្ថាប័នផ្សេងៗ» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Inspection Ministry Seeks Collaboration to Oversee, Dispel Misconception About Its Role