សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នាយករដ្ឋមន្ត្រីណែនាំឲ្យអភិវឌ្ឍន៍ផ្លូវក្រវាត់ក្រុង ផ្លូវរថភ្លើង និងរថភ្លើងក្រោមដីដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

ស្ថានភាពស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)
ស្ថានភាពស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់ស្ពាន​ទន្លេបាសាក់​ថា ការ​អភិវឌ្ឍ​ស្ពាន​ឆ្លង​ទន្លេ​បាសាក់​​នឹង​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍ និង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច ស្រប​ពេល​ដែល​ផ្លូវ​ និង​ស្ពាន​ជា​ច្រើន​ផ្សេង​ទៀត​នឹង​ត្រូវ​សាងសង់​បន្ថែម​ក្នុង​ទីក្រុង​ភ្នំពេ​ញ​​នៅ​ថ្ងៃខាង​មុខ។​

លោក​ថ្លែងបន្ត​​ទៀត​ថា ការ​កសាង​ផ្លូវ​គឺ​ជា​កិច្ចការ​អាទិភាពទី​ពីរ​បន្ទាប់​ពី​ការ​កសាងធនធាន​មនុស្ស​។ លោក​បន្ថែម​ថា ពាក្យ​ថា​ «ផ្លូវ» សម្ដៅ​ដល់​ការ​អភិវឌ្ឍ​ដូច​ជា​ស្ពាន ផ្លូវ​រថភ្លើង និង​ផ្លូវ​ល្បឿន​លឿន​ជា​ដើម​។​

ក្នុងដំណើរទស្សនកិច្ច​ទៅ​ប្រទេស​ចិន​កាលពីខែ​តុលា ឆ្នាំ២០២៣ និង​ទៅ​បារាំង​កាលពី​ខែ​មករា ឆ្នាំ​២០២៤ លោក​ថាលោក​បាន​និយាយ​ជា​មួយ​អ្នក​វិនិយោគ​ឲ្យ​ពិចារណា​សិក្សា​អំពី​គម្រោង​ផ្លូវ​ក្រោម​ដី​នៅ​ទី​ក្រុង​ភ្នំពេញ​​។​

លោក​បន្ត​ថា៖ «​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​ចរាចរណ៍​។ ផ្លូវ​របស់​យើង​មិន​អាច​ពង្រីក​បាន​ទៀត​ទេ ពិសេស​ក្នុង​ទីក្រុង​ភ្នំពេញ។ ដូច​នេះ ជា​ដំបូង​យើង​ត្រូវ​សិក្សា​រក​វិធី​ពង្រីក​សមត្ថភាព​សេវា​ដឹក​ជញ្ជូន​សាធារណៈ។ ទី​ពីរ​យើង​ត្រូវ​គិត​ពី​ការ​កសាង​ផ្លូវ​ក្រវាត់​ក្រុង​ដើម្បី​បញ្ចៀស​ចរាចរណ៍ និង​ទី​បី​គឺ​ធ្វើ​ផ្លូវ​រថភ្លើង​លើ​អាកាស និង​ក្រោម​ដី​»។​

​លោក​មាន​ប្រសាសន៍ទៀត​ថា៖ «​ផ្លូវ​ជួយ​សម្រួល​ដល់ការ​ធ្វើ​ដំណើរ កាត់បន្ថយការ​កក​ស្ទះ និង​បង្កើត​ឱកាស​ឲ្យ​ប្រជា​ពល​រដ្ឋ​ប្រកប​របរ​ចិញ្ចឹ​ម​ជីវិត។ ផ្លូវ​គឺ​ជាសរសៃឈាម​​ទៅចិញ្ចឹមគ្រប់សរីរាង្គនៃការអភិវឌ្ឍជាតិ និង​លើកកម្ពស់​ជីវភាព​ និង​សុខុមាលភាព​របស់​ប្រជា​ពល​រដ្ឋ»។​

បន្ថែម​ពី​នេះ លោកថា​កម្ពុជា​នឹង​កសាង​ស្ពាន​អាកាស​បន្ថែម​ទៀត​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍។

កម្ពុជា​បាន​កំពុង​ចរចា​ជាមួយ​វៀតណាម​ដើម្បី​ភ្ជាប់​ផ្លូវ​​ល្បឿន​លឿន​ភ្នំពេញ​-បាវិត ទៅ​ទីក្រុង​ហូជីមិញ​។​ ការ​ចរចា​ទាក់​ទង​នឹង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ប៉ោយប៉ែត​ក៏​កំពុង​រៀប​ចំ​ក៏​ដូច​ជា​ការ​  ពិនិត្យ​លើ​ការ​ពង្រឹង​​ប្រព័ន្ធ​ផ្លូវ​ដែក​។ ដូច​គ្នា​ដែរ​ រដ្ឋាភិបាល​ក៏​កំពុង​សិក្សា​ភ្ជាប់​ផ្លូវ​រថភ្លើង​ពី​ព្រលាន​យន្ត​ហោះ​ថ្មី​ក្នុង​ខេត្ត​កណ្ដាល​ទៅ​កាន់ទីក្រុង​ភ្នំពេញ​ផង​ដែរ។​

លោក​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ទៀតថា៖ «ខ្ញុំ​ តាម​រយៈ​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​វិនិយោគចិន​បន្ត​ជឿជាក់​លើ​រដ្ឋាភិបាល និង​វិនិយោគ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗផ្សេង​ទៀត​នៅ​កម្ពុជា ដូច​ជា​ផ្លូវ​ល្បឿនលឿន ព្រែកជីក រថភ្លើង​លើ​អាកាស និង​ក្រោម​ដី»។​

ស្ថាន​ភាព​ស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៤​។ (ខេមបូចា/ព្រីង សំណាង)

ក្នុង​ពិធី​បើក​ការដ្ឋាន​នោះ រដ្ឋមន្ត្រី​ក្រសួងសាធារណការ និង​ដឹកជញ្ជូន លោក ប៉េង ពោធិ៍នា មាន​ប្រសាសន៍​ថា​ចិន​តែង​តែ​ចូល​រួម និង​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេ​ភាគី និង​ពហុភាគី ពិសេស​ក្នុង​គម្រោង​ហេដ្ឋរចនាសម្ព័ន្ធ​​។​

លោក​បន្ថែម​ថា៖ «គម្រោង​ [ស្ពានទន្លេបាសាក់​]នេះ គឺ​មាន​សារសំខាន់​ណាស់​ និង​ជា​គម្រោង​យុទ្ធសាស្រ្ត ព្រោះវា​បាន​ភ្ជាប់​​ទំនាក់​ទំនង ប្រជា​ពល​រដ្ឋ អាជីវកម្ម និង​ការ​វិនិយោគ តាម​រយៈ​ការ​សម្រួល​ការ​ធ្វើ​ដំណើរ និង​ការ​ដឹក​ជញ្ជូន។ ជា​ពិសេស​ គឺ​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍»។​

អ្នក​នាំពាក្យ​ក្រ​សូង​សាធារណការ លោក ផន រឹម មិនបាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​ខេមបូចា​នោះទេ។​

​ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​កម្ពុជា លោក Wang Wentian​ មា​ន​ប្រសាសន៍​ថា ចិន​និង​កម្ពុជា គឺ​ជា «មិត្តដែកថែប» និង​ថា​នេះ​ជា​ឆ្នាំ​ដំបូង​សម្រាប់​កសាង​ «សហគមន៍​វាសនា​រួម​កម្ពុជា-ចិន» និង​ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន​ និង​ប្រជា​ជន​។​

លោក Wang Wentian អះអាង​ថា​ ជា​ផ្នែក​មួយ​របស់​ចិន ពួក​គេ​នឹង​បន្ត​បង្កើន​ការ​វិនិយោគលើ​ហេដ្ឋរចនាសម្ព័ន្ធ និង​កសាង​ «ស្ពាន​មិត្ត​ភាព» ផ្សេង​ទៀត សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​

​អ្នកស្រាវជ្រាវ​វ័យ​ក្មេង​នៃអង្គការ​វេទិកាអនាគត លោក សែស អរុណសក្តា លើក​ឡើង​ថា​ ការ​កែ​ប្រែ​សេវា​ដឹក​ជញ្ចូន​សាធារណៈ​ក្នុង​ទីក្រុងភ្នំពេញ​​គឺ​ជា​រឿង​ចាំ​បាច់ តែ​​លោក​យល់​ថា​វា​ហាក់​ដូច​ជា​លឿន​ពេក​ក្នុង​ការ​វិនិយោគ​លើ​រថ​ភ្លើង ខណៈ​ឫសគល់​បញ្ហា​​មួយ​ចំនួន​មិន​ទាន់​បាន​ដោះ​ស្រាយ​នៅឡើយ​។​

លោក​បន្ថែម​ថា៖ «​យើង​ត្រូវ​ដោះស្រាយ​ឫសគល់​បញ្ហា​មួយ​ចំនួនសិន ធ្វើយ៉ាង​ម៉េច​អាច​ឲ្យវា​ដើររលូន​បាន​ជា​មុន​។ សេវា​រថ​យន្ត​សាធារណៈ​​រហ័ស​ទាន់​ចិត្ត​គឺ​ជា​ដំណោះ​ស្រាយ​សមស្រប​មួយ​សម្រាប់​ទីក្រុង​ភ្នំពេញ»។​

ដើម្បី​ដោះស្រាយ​បញ្ហា​កក​ស្ទះ​ចរាចរណ៍​ រដ្ឋាភិបាល​គួរ​ផ្ដោត​លើ​​ការ​ដឹក​ជញ្ជូន​មនុស្ស​​ មិន​មែនផ្ដោត​លើ​​រថ​យន្តទេ​ នេះ​ជា​អ្វី​ដែល​លោក​បាន​លើក​ឡើង​ក្នុង​អត្ថបទ​ទស្សនៈ​​មួយ​ផ្សាយ​​កាល​ពី​ឆ្នាំ​២០២៣។ ​យុទ្ធសាស្រ្ត​ពង្រីក​ផ្លូវ​ធ្វើ​ចរាចរណ៍​ដោយ​ផ្ដោត​លើ​រថយន្ត​​តែមួយមុខ​នឹង​មិន​ទទួល​ជោគជ័យ​ទេ ដោយសារតែ​មិនមាន​កន្លែង​ត្រូវ​ពង្រីក និង​មិនមាន​ថវិកា​គ្រប់​គ្រាន់​សម្រាប់​កសាងហេដ្ឋរចនាសម្ព័ន្ធ​សម្រាប់​យានយន្ត។​

លោក​សរសេរ​ថា៖ «យើង​ត្រូវ​ដឹង​ថា​​គោល​បំណង​នៃ​ការ​ធ្វើ​ផែន​ការ​ដឹក​ជញ្ជូន​គឺ​ដើម្បី​ផ្លាស់ទី​មនុស្ស​ មិនមែនឲ្យ​មនុស្ស​បើក​ឡាន​ពេញ​ផ្លូវ​នោះទេ»។ លោក កត់​សម្គាល់​ថា​ការ​រក​ដំណោះ​ស្រាយ​តែលើ​យានយន្ត​គឺ «​ងាយ​នឹង​បរាជ័យ»។ ដូចនេះ វិធី​ដែល​ល្អ​គឺ​ការ​ផ្ដោត​លើ​របៀប​នៃ​ការ​ដឹក​ជញ្ជូន​មនុស្ស​ គឺ​ជា​រឿង​ចាំ​បាច់។​

អ្នក​រៀបចំផែន​ការក្រុង​អាច​បង្កើន​សមត្ថភាព​ដឹក​ជញ្ជូន​សាធារណៈ​ដោយ​កាត់​បន្ថយ​គន្លង​របស់​រថយន្ត​ និង​ជំនួស​មក​វិញ​បង្កើត​ឲ្យ​មាន​គន្លង​ផ្លូវ​សម្រាប់​រថយន្ត​សាធារណៈ​។​ វិធីនេះ​អាច​ធ្វើ​បាន​លឿន និង​អស់​ថ្លៃ​តិច ដោយ​គ្រាន់តែ​លាប​ពណ៌គន្លង​រថយន្ត​ឡើង​វិញ ​ដោយ​ប្រើ​បង្គោល និង​របាំងបែង​ចែក និង​កែ​ប្រែ​ឲ្យ​ប្រសើរ​ចំពោះ​កន្លែង​រង់ចាំ​រថយន្ត​ក្រុង​ ដោយ​ដាក់​ឲ្យ​មាន​ដំបូល និង​មាន​បន្ថែម​កៅ​អី​។ នេះ​បើ​តាម​លោក អរុណសក្តា​ ដដែល​។​

លោក​អះអាង​ថា ​វា​អាច​ធ្វើទៅ​រួច​សម្រាប់​ទីក្រុង​ភ្នំពេញ ដើម្បី​ «កែប្រែ​កុំ​ឲ្យ​ការកក​ស្ទះ​កាន់​តែ​អាក្រក់» ប៉ុន្តែ​ថា​ដើម្បី​សម្រេច​កិច្ច​ការ​នេះ តម្រូវ​ឲ្យ​អ្នក​រៀបចំក្រុង​កែ​ប្រែ​ទម្លាប់​នៃ​ការ​ប្រើ​ប្រាស់​យានជំនិះ​ផ្ទាល់​ខ្លួន​។​

​លោក​បន្ថែម​ថា៖ «​អ្នក​រៀប​ចំទីក្រុង​ត្រូវ​តែ​ធ្វើ​ការ​សិក្សា​ឲ្យ​បាន​ច្បាស់​អំពី​ការ​ខាត​បង់​ថវិកា និង​ការ​ប្រើ​ប្រាស់​មិន​សូវ​មាន​ប្រសិទ្ធភាព​ចំពោះ​ការ​ប្រើ​រថយន្ត​ផ្ទាល់​ខ្លួន បើ​ធៀប​នឹង​ការ​ប្រើ​ប្រាស់​សេវា​ដឹក​ជញ្ជូន​ក្នុង​ក្រុង។ មាន​តែការផ្តល់អាទិភាពដល់ការធ្វើដំណើរដែលមានប្រសិទ្ធភាពជាងមុនប៉ុណ្ណោះ ទើបអាចកាត់បន្ថយការកកស្ទះ​ចរាចរណ៍បាន»។​

រថភ្លើង​ដឹក​ទំនិញ​មក​ដល់​ទីក្រុង​ភ្នំពេញ ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២២។ (ខេបូចា/ព្រីង សំរាំង)

បើ​តាម​អ្នកស្រាវ​ជ្រាវ​វ័យក្មេងម្នាក់ទៀតរបស់អង្គការ​វេទិកាអនាគត​ លោក ឈុំ សម្បត្តិ លើក​ឡើង​ថា​ប្រព័ន្ធ​រថយន្ត​ក្រុង​ក្នុ​ងទី​ក្រុង​ភ្នំពេញ​ប្រឈម​បញ្ហា​ស្ទះ​ចរាចរណ៍​ក៏​ដោយសារតែ​មានការ​កើន​ឡើង​ចំនួន​យាន​យន្ត​១១,៣​ភាគ​រយ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ ។​

ក្នុង​អត្ថបទ​ទស្សនៈ​របស់​ខ្លួន លោក សម្បត្តិ លើក​ឡើង​ថាសេវាដឹក​ជញ្ជូន​សាធារណៈ ដូច​ជា​រថយន្ត​ក្រុងបានជួយ​យ៉ាងច្រើនដល់ការ​កាត់​បន្ថយបញ្ហា​កកស្ទះ​ចរាចរណ៍ ប៉ុន្តែ​មិន​ទាន់​អាច​ជួយ​រួមចំណែកឲ្យ​មាន​ប្រសិទ្ធភាពក្នុង​ការ​សម្រួល​បញ្ហា​ចរាចរណ៍​នៅ​ឡើយ»។​ ​

លោក​អះអាង​ថា​ការ​វិនិយោគ​លើ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​មិនសូវ​មាន​ច្រើន​ទេ មានតែការផ្ដោត​លើគម្រោង​​ហេដ្ឋារចនាសម្ព័ន្ធធំៗ​​ដូច​ជា​ការកសាង​ស្ពាន​អាកាស​​ទៅ​វិញ​ ក្នុងការ​កាត់​បន្ថយ​ការកក​ស្ទះ​ចរាចរណ៍​។

ប៉ុន្តែ​ការ​បន្ថែម​ផ្លូវ​ច្រើន​ទៀត គឺ «មិន​មែន​ជា​ដំណោះស្រាយ​ដែល​ល្អ»​ក្នុងការ​កាត់​បន្ថយ​ការ​កក​ស្ទះ​នោះទេ ដោយសារតែ​វា​នឹង​ជំរុញ​ឲ្យមានតម្រូវ​ការ​ប្រើប្រាស់ឡានកាន់តែ​ច្រើន។​

ការ​ផ្លាស់​ប្ដូរ​នេះ​នឹង​មិន​អាច​ធ្វើទៅ​រួច​ទេ​បើ​សិនជា​មិនមានការ​ចូល​រួម​ពី​គ្រប់ភាគី រួម​មាន​ទាំង​អ្នក​ធ្វើ​គោល​នយោបាយ ធ្វើ​ការ​រួម​គ្នា​។ ជា​ឧទាហរណ៍ អ្នក​ធ្វើ​ដំណើរ​នឹង​មិន​បោះបង់​យានជំនិះ​ផ្ទាល់​ខ្លួន​ទេ បើសិន​ជា​សេវា​រថយន្តក្រុង​មិន​អាច​បំពេញ​តម្រូវ​ការ​របស់​ពួកគាត់​បាន​។​

លោក​ថា៖ «​ដូច​នេះ​សេវា​រថយន្ត​ក្រុង​មិន​អាច​ជោគជ័យ​ក្នុង​ការ​ជំនួស​ការ​ប្រើ​ប្រាស់​ម៉ូតូ និង​រថយន្ត​បាន​ទេ ដរាប​ណា​មិន​ទាន់​មាន​កំណែ​ទម្រង់ជាក់ស្ដែង​លើ​សេវា​រថយន្ត​ក្រុង ឬ​បង្កើត​ឲ្យ​មាន​ផ្លូវ​សម្រាប់​តែ​រថយន្ត​ក្រុង»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖​​ PM Calls for A Level Up in Phnom Penh With Ring Roads, Railways and Subways

272 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម