សមាគម និងអ្នកជំនាញធ្វើការជាមួយកសិករ និងកសិដ្ឋានរាប់ម៉ឺន កំពុងធ្វើយុទ្ធនាការក្នុងទម្រង់ផ្សេងៗគ្នាដើម្បីស្នើឱ្យស្ថាប័នជំនាញរបស់រដ្ឋាភិបាលពន្លឿនដោះស្រាយបញ្ហាតម្លៃដំណាំ និងសត្វចិញ្ចឹមដែលកំពុងជួបការលំបាក។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ ឱ្យដឹងថា សមាគមរបស់លោកបានដាក់លិខិត ស្នើសុំជួបស្ថាប័នចំនួន៥រួមមាន ក្រសួងកសិកម្ម ស្ថាប័នគយ ក្រសួងពាណិជ្ជកម្ម សភាពពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច។ លោកស្រ៊ុន ពៅ ឱ្យដឹងថា គោលបំណងរបស់សមាគម ស្នើឱ្យមាន ដំណោះស្រាយបន្ទាន់នោះគឺទប់ស្កាត់សាច់បង្ក និងការអន្តរាគមជួយផ្តល់ហិរញ្ញវត្ថុ ដល់វិស័យកសិកម្មដែលកំពុងជួបការលំបាកខ្លាំង។
លោក ស្រ៊ុន ពៅ ឱ្យដឹងទៀតថា ក្នុងចំណោមស្ថាប័នទាំង៥នេះគឺក្រសួងកសិកម្មជាស្ថាប័នគោល ដែលអាចជួយដោះស្រាយបញ្ហាកំពុងប្រឈមមុខនេះ។
លោក ស្រ៊ុន ពៅ បញ្ជា្កក់ថា៖«គាត់ជាឪពុកម្តាយកសិករ។ បាទ! ក្នុងន័យឱ្យគាត់ដោះស្រាយចេញមកដោះស្រាយជាមួយបញ្ហាប្រឈមសព្វថ្ងៃទីផ្សារនេះ កសិករយើងចិញ្ចឹមបានហើយងាប់គ្រប់គ្នានេះ។ ឱ្យគាត់ចេញមកដោះស្រាយ ចាំមើលគាត់ថាម៉េច?»។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជារូបនេះឱ្យដឹងថា ក្នុងរយៈ១សប្តាហ៍ទៀត បើស្ថាប័នទាំង៥ មិនអាចជួយរកដំណោះស្រាយបានទេ សមាគមនឹងដាក់សំណើ សុំជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីរកដំណោះស្រាយបន្ត។
បើតាមលោក ស្រ៊ុន ពៅ សមាគមរបស់លោក មានសមាជិកជាកសិដ្ឋាន និងក្រុមហ៊ុន ធំប្រមាណ៥ពាន់ ក្នុងនោះមានទាំងក្រុមស៊ីភី(CP) និងក្រុមហ៊ុនរបស់លោកឧកញ៉ា ម៉ុង ឫទ្ធី ជាសមាជិកផងដែរ។
អ្នកឯកទេសចិញ្ចឹមសត្វកម្ពុជា លោក រស់ ឆាំងគី បានបង្កើតជាក្រុមតេឡេក្រាម ដោយអំពាវនាវឱ្យកសិករលើកយកបញ្ហា និងសំណូមពររបស់ពួកគេឡើង ដើម្បីឈានដល់ការដាក់សំណើមួយរួមគ្នាទៅរដ្ឋាភិបាល។
លោក រស់ ឆាំងគី ថ្លែងថា៖«យើងចង់ឱ្យបង្កើតជាក្រុមមួយ ដើម្បីយើងយកសំឡេងរួមមួយដើម្បីស្នើសុំទៅក្រសួងកសិកម្ម ដើម្បីគាត់ពិនិត្យបន្ថែមពីទុក្ខកង្វល់របស់យើង។ យើងពិតជាកំពុងតែរងគ្រោះខ្លាំងទៅលើអាបញ្ហាតម្លៃសត្វវាធ្លាក់ថ្លៃខ្លាំងអ៊ីចឹងហា៎»។
ទោះយ៉ាងណា លោក រស់ ឆាំងគី ជាអ្នកធ្វើការងារជាមួយកសិករប្រមាណ៥ពាន់នាក់ឱ្យដឹងថា សំណើត្រូវធ្វើរបៀបណានោះមិនទាន់ដឹងទេ គឺរង់ចាំមើលលទ្ធផលរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាជួបជាមួយស្ថាប័នទាំង៥សិន។
គ្រូបង្រៀនកសិកម្ម និងជាម្ចាស់កសិដ្ឋាន លោក នី ណាក់ ឱ្យដឹងថា បច្ចុប្បន្ន លោកមានដៃគូសហការលើការដាំដុះ និងចិញ្ចឹមសត្វប្រមាណ៥០នាក់ និងបានបង្រៀនដល់កសិកររាប់ពាន់នាក់ក្នុង១ឆ្នាំៗ។ លោកបន្តថា បញ្ហាចំណាយច្រើន ក្នុងការធ្វើកសិកម្ម និងបានផលមកវិញលក់បានតម្លៃទាបកំពុងក្លាយជាបញ្ហាធំក្នុងវិស័យកសិកម្ម។
លោក នី ណាក់ ឱ្យដឹងថា ចំពោះការទាមទារឱ្យរដ្ឋាភិបាលជួយដល់តម្លៃកសិផលនោះគឺ លោក បានធ្វើតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។
លោក នី ណាក់ បន្តថា៖«ការតស៊ូមតិរបស់ខ្ញុំគឺធ្វើឡើងតែរយៈសំណើឬក៏ការរិះគន់តែនៅលើបណ្តាញសង្គមពាក់ព័ន្ធនឹងការធ្វើការរបស់មន្ត្រីពាក់ព័ន្ធទៅនឹងដំណោះស្រាយ ពាក់ព័ន្ធទៅនឹងស្ថានភាពមុខរបររបស់ប្រជាពលរដ្ឋ។ អ៊ីចឹង! ខ្ញុំមិនបានធ្វើអីផ្ទាល់ជាមួយនឹងសាមីក្រសួងនៅឡើយទេ»។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) លោក ថេង សាវឿន លើកឡើងថា បច្ចុប្បន្នកសិផលធ្លាក់ថ្លៃទាំងបន្លែត្រីសាច់ ដោយសារតែបញ្ហានាំចូល។ ប៉ុន្តែលោកថា ដើម្បីបន្ថយការនាំចូលរដ្ឋាភិបាលត្រូវមានផែនការផលិតឱ្យបានច្បាស់លាស់ដើម្បីអាចផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុក។
លោក ថេង សាវឿន ឱ្យដឹងថា កសិករជាសមាជិកសមាគមរបស់ លោកមានប្រមាណ២ម៉ឺនគ្រួសារស្ថិតនៅក្នុងខេត្តចំនួន១៦។ ចំពោះការដោះស្រាយបញ្ហាកសិផលលោក ថេង សាវឿន ឱ្យដឹងថា សមាគមរបស់លោកបន្តសកម្មភាពដូចអ្វីដែលធ្លាប់បានធ្វើ គឺស្រាវជ្រាវចងក្រងជារបាយការណ៍ ហើយដាក់ទៅស្ថាប័នពាក់ព័ន្ធ។
លោក ថេង សាវឿន បន្ថែមថា៖«យើងបានសិក្សាស្រាវជ្រាវក៏ដូចជាលើកបញ្ហានេះដាក់ទៅក្រសួងស្ថាប័នពាក់ព័ន្ធតាមរយៈការដាក់ញត្តិរួមជាមួយនឹងការធ្វើវេទិការផ្សេងៗក្នុងការផ្សព្វផ្សាយ និងកិច្ចពិភាក្សា កិច្ចសន្ទនារវាងអាជ្ញាធរ និងភាគីពាក់ព័ន្ធ ហើយន្តការបន្ត គឺយើងនឹងប្រមូលនូវទិន្នន័យក៏ដូចជាបញ្ហាទាំងអស់ចងក្រងជារបាយការណ៍រួមមួយដែលដាក់ជូនទៅស្ថាប័នពាក់ព័ន្ធ»។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣បានឱ្យដឹងថា រដ្ឋាភិបាលចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពសំខាន់មួយដែលចូលរួមក្នុងការធានាសន្តិសុខស្បៀង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ លើកកម្ពស់កម្រិត ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។
របាយការណ៍ដដែលឱ្យដឹងថា ប្រពលរដ្ឋចំនួន៧៦ភាគរយ កំពុងធ្វើកសិកម្មលើផ្ទៃដីប្រមាណជិត ៨លានហិកតា (៧ ៦២០ ២០៨,៤ហិកតា) ដោយបែងចែកប្រភេទដំណាំកសិកម្ម១៣ប្រភេទ ក្នុងនោះផ្ទៃដីដាំស្រូវសរុបចំនួនជាង៤លានហិកតា(៤ ០៦១ ៨១៤,៦ហិកតា)។
កម្ពុជាជាប្រទេសដែលមានស្ថានភាពភូមិសាស្ត្រប្រហាក់ប្រហែលប្រទេសថៃ និងវៀតណាម គឺដីមានជីជាតិ មានទឹកគ្រប់គ្រាន់ និងអាកាសធាតុអំណោយផលសម្រាប់ការធ្វើកសិកម្ម។
ក្រសួងសេដ្ឋកិច្ចនៅដើមឆ្នាំ២០២៣បានព្យាករណ៍ដោយកំណត់យកវិស័យសំខាន់ៗចំនួន៣ សម្រាប់ទ្រទ្រង់ សេដ្ឋកិច្ចជាតិ រួមមានវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម។
បើទោះជាកម្ពុជាបានកំណត់យកវិស័យកសិកម្ម ជាវិស័យសំខាន់មួយក្នុងការទ្រទ្រង់សេដ្ឋកិច្ច ប៉ុន្តែការនាំចូលកសិផលនៅតែមានចំនួនច្រើន។
របាយការណ៍ក្រសួងកសិកម្មនៅចុងឆ្នាំ២០២២បង្ហាញថា កម្ពុជានាំចូលបន្លែជាង២ពាន់៥រយតោនក្នុងមួយថ្ងៃស្នើនឹងប្រមាណ១លានតោនក្នុងមួយឆ្នាំ ចំណែកសាច់នាំចូលប្រមាណ១ពាន់តោនក្នុង១ថ្ងៃស្មើនឹងជាង៣០ម៉ឺនតោនក្នុង១ឆ្នាំ។ បន្លែត្រីសាច់ទាំងនេះនាំចូលច្រើនជាងគេពីប្រទេសវៀតណាម ថៃ និងប្រទេសចិន។
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាក៏បានលើកឡើងបញ្ហាទីផ្សារដូចកសិករដាំបន្លែដែរគឺកសិករចិញ្ចឹម គោ មាន់ និងទា បោះបង់របរនេះស្ទើរ១០០ភាគរយ។ ចំណែកការចិញ្ចឹមជ្រូក នៅសល់ប្រមាណ ៣០ភាគនៅក្នុងកសិដ្ឋាន និងក្រុមហ៊ុនធំៗ។
កសិករដាំបន្លែសនៅស្រុកស្អាងខេត្តកណ្តាល លោក ងៀប តៃសុង ឱ្យដឹងថា កសិករ នៅតំបន់លោករាប់ពាន់គ្រួសារខាតបង់ កំពុងជួបការលំបាកដោយជំពាក់បំណុល។ លោកថៃសុង មិនសង្ឃឹមយុទ្ធនាការរបស់សមាគម និងអ្នកជំនាញនេះ អាចដោះស្រាយបញ្ហាពួកគាត់បានទេ ព្រោះលោកធ្លាប់ឮវិធានការរដ្ឋាភិបាលជាង១០ឆ្នាំមកហើយថា ជួយកសិករ ប៉ុន្តែក្រោយមកមិនបានផលទេ។
លោក តៃសុង ឱ្យដឹងថា កសិករដែលជំពាក់បំណុលធ្ងន់ធ្ងរមួយចំនួនបោះបង់របរកសិកម្ម និងមួយចំនួនទៀតបានរត់ចោលស្រុកកំណើតដើម្បីគេចចេញពីម្ចាស់បំណុល។
លោក ងៀប តៃសុង បញ្ជាក់ថា៖«បំណុលពេញភូមិអ្នកខ្លះលក់ដី អ្នកខ្លះអត់មានដីលក់ អ្នកខ្លះភៀសខ្លួនខ្លះអីខ្លះ រត់ចោលស្រុកខ្លះ ជំពាក់គេពេក។ ហូ ងាប់ហើយរាល់ថ្ងៃនេះ! ខ្ញុំថាងាប់ៗហើយ។ ពីរឆ្នាំនេះដួលគ្រែងម៉ង មិនខុសពីឧកញ៉ាអីដួលរលំដូចតែគ្នា»។
កសិករចិញ្ចឹមជ្រូកនៅស្រុកឈូក ខេត្តកំពត លោក ស៊ុន វ៉ាន់ ឱ្យដឹងថា លោកធ្លាប់ ចិញ្ចឹមជ្រូកពី២០ទៅ៣០ក្បាល តែឥឡូវចិញ្ចឹមតែមេជ្រូក១ក្បាលទុកយកកូនតែប៉ុណ្ណោះ។ លោកបន្តថា បើតម្លៃជ្រូកនៅបន្តធ្លាក់ចុះដូចបច្ចុប្បន្ន គឺកសិករ និងឈប់ចិញ្ចឹមទាំងអស់គ្នាតែម្តង។
លោក ស៊ុន វ៉ាន់ លើកឡើងថា៖«ខ្ញុំថាឱ្យរកវិធីសាស្ត្រអីមួយធ្វើអាហ្នឹងឱ្យបាន[ដោះស្រាយបញ្ហាតម្លៃជ្រូកឱ្យបាន]បានប្រជាជននៅក្នុងភូមិយើងដូចថាវាមានកម្លាំងតស៊ូទៅមុខទៀត បើដូចរាល់ថ្ងៃនេះដាក់ទៅអស់ៗគ្រប់គ្នា អត់ជោគជ័យគ្រប់គ្នាយូរៗលែងហ៊ានអស់ហើយ»។
បញ្ហាខាតបង់ក្នុងវិស័យកសិកម្មនេះ មិនមែនតែកសិករខ្នាតតូចទេ គឺកម្រិតក្រុមហ៊ុនធំៗក៏លើកឡើងថា កំពុងតែខាតបង់ធ្ងន់ធ្ងរហើយប្រឈមបិទអាជីវកម្មបន្តបន្ទាប់ដែរ។
សមាជិកព្រឹទ្ធសភា និងជាមហាសេដ្ឋីកសិកម្មលោកឧកញ៉ា ម៉ុង ឫទ្ធី ថ្លែងថា ជ្រូករបស់លោកចំណាយអស់ប្រមាណ១ម៉ឺនរៀលដើម្បីចិញ្ចឹមបានសាច់១គីឡូក្រាម ប៉ុន្តែតម្លៃជ្រូករស់បច្ចុប្បន្នលក់ចេញ១គីឡូបានតែប្រមាណ៦ពាន់៥រយរៀលទៅ៧ពាន់រៀលតែប៉ុណ្ណោះ។ លោក ម៉ុង ឫទ្ធី បន្តថា បញ្ហាតម្លៃជ្រូកធ្លាក់ចុះខ្លាំងនៅឆ្នាំ២០២៣ គឺដោយសារតែការនាំចូលសាច់បង្កកច្រើនលើសលប់។
លោកឧកញ៉ា ម៉ុង ឫទ្ធី ថ្លែងថា៖«ជាអកុសលវិស័យចិញ្ចឹមសត្វយើងកំពុងជួបវិបត្តិធ្ងន់ធ្ងរនៅក្នុងឆ្នាំ២០២៣នេះ កត្តាចម្បងនៃវិបត្តិមិនមែនបណ្តាលមកពីផលប៉ះពាល់ជំងឺកូវីដ១៩ ឬសង្គ្រាមរុស្ស៊ីអ៊ុយក្រែន សង្គ្រាមប៉ាឡេស្ទីន [និង]អ៊ីស្រាអែលនោះទេ តែបណ្តាលមកពីការនាំចូលសាច់បង្កកដែលមានគុណភាពទាបខុសប្រក្រតីជាច្រើនមកលក់នៅលើទីផ្សារតូចធំនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង»។
លោក ម៉ុង ឫទ្ធី ក៏ធ្លាប់អំពាវនាវតាមវេទិកាសាធារណៈឱ្យកម្លាំងពាក់ព័ន្ធត្រួតពិនិត្យ ការនាំចូលសាច់បង្កកខុសច្បាប់ដែលនាំឱ្យប៉ះពាល់សុខភាពពលរដ្ឋ និងរបរចិញ្ចឹមសត្វនៅក្នុងប្រទេស។
អ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ មានប្រសាសន៍ថា ក្រសួងមានគោលជំហរច្បាស់លាស់ក្នុងការទប់ស្កាត់ការនាំចូលបន្លែត្រីសាច់ខុសច្បាប់។ ប៉ុន្តែលោកថា បើការនាំចូលសមស្របទៅតាមច្បាប់គឺមិនអាចបិទបានទេព្រោះកម្ពុជាអនុវត្តគោលនយោបាយទីផ្សារសេរី។
ចំពោះការធ្វើយ៉ាងណាឱ្យកសិផលក្នុងប្រទេសមានតម្លៃសមរម្យ លោក ឃឹម ហ្វីណង់ ឱ្យដឹងថា រដ្ឋាភិបាលបានដាក់កញ្ចប់លុយ១០០លានដុល្លារ និងមាននយោបាយមួយចំនួនទៀត។
លោក ឃឹម ហ្វីណង់ បន្ថែមថា៖«គោលនយោបាយហិរញ្ញប្បទានស្ថេរភាពថ្លៃកសិផលដែលរដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកាចំនួយ១០០លានដុល្លារ ហើយបើចាំបាច់អាចច្រើនជាងនេះ ដើម្បីធ្វើយ៉ាងណាឱ្យថ្លៃកសិផលមានស្ថេរភាពជាងមុនយើងមិនចង់ឱ្យវាធ្លាក់ចុះពេក ដោយសារវាប៉ះពាល់ទៅជីវភាពរបស់កសិករ តែយើងក៏មិនចង់ឱ្យវាកើនឡើងខ្ពស់ពេកដែរ ដោយសារវាអាចប៉ះពាល់ទៅដល់អតិផរណាថ្លៃ ហើយជះឥទ្ធិពលដល់អ្នកប្រើប្រាស់»។
ជុំវិញការស្នើឱ្យជួយទ្រទ្រង់ផ្នែកហិរញ្ញវត្ថុបន្ថែមដល់វិស័យកសិកម្ម ដែលកំពុងខាតបង់នោះ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក មាស សុខសេនសាន មានប្រសាសន៍ថា អន្តរក្រសួងកំពុងធ្វើការងាររួមគ្នាដោះស្រាយបញ្ហានេះ។
លោក សុខសេនសាន ថ្លែងថា៖«ខាងជំនាញកំពុងធ្វើជាមួយគ្នា ដើម្បីប្រសិទ្ធភាពការងារ និងប្រយោជន៍សាធារណៈ»។
នៅក្នុងផែនការយុទ្ធសាស្ត្របញ្ចកោណសម្រាប់រដ្ឋាភិបាលអាណត្តិទី៧មានចំនួន១០០ទំព័រ បានសង្ខេបជា៦ចំណុចអាទិភាពត្រូវអនុវត្តន៍នៅចាប់ពីឆ្នាំ២០២៣ទៅគឺបានផ្តោតសំខាន់លើវិស័យកសិកម្ម ក្នុងនោះមានទាំងការជួយទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ និងការដាក់មន្ត្រីកសិកម្មនៅតាមឃុំសង្កាត់។
ថ្លែងនៅចុងខែវិច្ចិកា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហាញការជឿជាក់ថា រដ្ឋាភិបាលលោកនឹងធ្វើឱ្យកសិកម្មរីកចម្រើនសម្រាប់ការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា៖«សហគមន៍កសិកម្មទំនើបមិនមែនបានន័យថា យើងមានត្រឹមតែធនធាន មានតែបច្ចេកវិទ្យាទំនើបទេ ប៉ុន្តែទំនើបទាំងការគិត ទំនើបទាំងរបៀបរបបធ្វើការសហការ»។លោកបន្តថា៖ «យើងត្រូវវាយតម្លៃខ្លួនយើងថាតើកន្លងទៅ ព្រោះយើងផលិតម្នាក់ៗទៅអត់រួចទេ។ អ៊ីចឹង បានខ្ញុំនិយាយតាំងពីមុនរដ្ឋាភិបាលថ្មីបង្កើត ខ្ញុំថាតាមវេទិការសេដ្ឋកិច្ច សេដ្ឋកិច្ចមាត្រដ្ឋានត្រូវធ្វើ ព្រោះយើងមិនមែនមាត្រាដ្ឋានមានទំហំទេ យើងផលិតប្រកួតប្រជែងអ្នកនាំចេញផ្សេងទៀតអត់បាន ព្រោះយើងភាគច្រើនប្រកួតប្រជែងនាំចេញទៅទីផ្សារស្រដៀងគ្នាហ្នឹងឯង»។
ទោះយ៉ាងណាក្រោយការបង្កើតរដ្ឋាភិបាលអាណត្តិទី៧ ជាង៣ខែមកនេះ កសិករ និងក្រុមហ៊ុនដែលធ្វើការងារផ្នែកកសិកម្មអះអាងថា បញ្ហារបស់ពួកគេនៅមិនទាន់ដោះស្រាយនៅឡើយ។
សមាគម និងអ្នកជំនាញកសិកម្មអះអាងថា ការខ្វះសមត្ថភាពផលិតនៅក្នុងស្រុក និងការនាំចូលផលិតផលកសិកម្មច្រើនធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងប្រាក់ចំណូលរបស់ពលរដ្ឋ។
របាយការណ៍អង្គការសង់ត្រាល់បង្ហាញថា ពលរដ្ឋខ្មែរកំពុងធ្វើជាពលករចំណាក ស្រុកនៅប្រទេសថៃ មានប្រមាណ២លាន២សែននាក់ដែលភាគច្រើនពួកគេមានប្រភពពីកសិករដែលខាតបង់ និងជាប់បំណុលនៅកម្ពុជា៕