ជ្រូកបានផ្ទុះជំងឺឆ្លង និងងាប់បន្តបន្ទាប់នៅក្នុងខេត្តចំនួន៧ ខណៈសមាគមអ្នកចិញ្ចឹមសត្វ និងអ្នកជំនាញកំពុងតាមដាន ហើយដាក់ការសង្ស័យជំហានដំបូងថា អាចជាជំងឺប៉េសជ្រូកអាហ្វ្រិក។
បើតាមប្រជាកសិករ និងអ្នកធ្វើការពាក់ព័ន្ធឱ្យដឹងថា បញ្ហាជ្រូកផ្ទុះជំងឺនេះ កើតឡើងបន្តបន្ទាប់តាំងពីអំឡុងខែតុលា និងខែវិច្ឆិកាចុងឆ្នាំ២០២៣ ហើយបន្តកើតមានដល់ពេលបច្ចុប្បន្ន។
អ្នកជំនាញលើចំណី និងសុខភាពសត្វ លោក ស៊ុន វុទ្ធី ឱ្យដឹងថា លោកទទួលបានព័ត៌មានពីក្រុមការងាររបស់លោកគឺជ្រូកបានឈឺ និងងាប់កើតមាននៅក្នុងខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ តាកែវ កំពង់ស្ពឺ និងខេត្តកំពង់ធំ។ លោកបន្តថា អាការៈជ្រូកឈឺទាំងនោះមានលក្ខណៈប្រហាក់ប្រហែលគ្នា គឺក្តៅខ្លួន ក្អួត ហើយពេលខ្លះក្អួតមានឈាម មានជាំលើស្បែក និងមិនសូវស៊ីចំណី។
អ្នកជំនាញរូបនេះឱ្យដឹងថា ជំងឺនេះអាចសម្លាប់ជ្រូកក្នុង២ទៅ៣ថ្ងៃ ឬ យ៉ាងយូរត្រឹម១សប្តាហ៍ហើយ ឆ្លងឆាប់រហ័ស។ លោកបន្តថា ជ្រូកឈឺនេះកើតមាននៅតំបន់តូចៗដាច់ពីគ្នា ប៉ុន្តែបើអ្នកចិញ្ចឹម លក់ជ្រូកឈឺចេញទៅលើទីផ្សារ ហើយមិនបានពង្រឹងវិធានការទប់ស្កាត់ទេ ជំងឺនេះនឹងអាចឆ្លងរាលដាលកាន់តែច្រើន។
លោក ស៊ុន វុទ្ធី ថ្លែងបញ្ជាក់ឱ្យដឹងបន្ថែមថា៖ «បើសិនយើងមិនមានការទប់ស្កាត់ ឬមួយវិធានការទាន់ពេលទេវាអាចនឹងរីករាលដាល ព្រោះភាគច្រើនកើតចេញពីអ្នកភូមិ អ៊ីចឹងណាបាទ។ នៅពេលដែលជ្រូកគាត់ឈឺ ផ្ទុះជំងឺទៅអាមេរោគ(Virus)ហ្នឹងវាចាប់ផ្តើមឆ្លងតាមរយៈនៅពេលដែលគាត់លក់សត្វរបស់គាត់។ គាត់មិនបានយកទៅកប់ចោល យកមកដុតបំផ្លាញចោលទេ ព្រោះអ្នកខ្លះជ្រូកគាត់មើលទៅមិនស្រួល ចូលជំងឺ ចូលអី គាត់ចាប់ផ្តើមរកដង្ខៅហើយ»។
ពេទ្យសត្វ និងជាអ្នកចិញ្ចឹមជ្រូកម្នាក់នៅខេត្តតាកែវ លោក សឿ ម៉ៅ ឱ្យដឹងថា ជ្រូកកសិករនៅឃុំអង្គតាសោម ស្រុកត្រាំកក់១២គ្រួសារបានឈឺ និងងាប់បន្តបន្តបន្ទាប់ ដែលបានផ្ទុះឡើងនៅចុងខែ១២។ លោក សឿ ម៉ៅ ដាក់ការសង្ស័យថា ជ្រូកក្តៅខ្លួន ថយចុះចំណី និងងាប់បន្តបន្ទាប់នេះ អាចកើតជំងឺប៉េសជ្រូកអាហ្វ្រិក ឬផ្តាសាយប្រភេទថ្មី។
លោក សឿ ម៉ៅ ថ្លែងបញ្ជាក់ថា៖«ជ្រូកបញ្ហានេះ បើសិនសម្រាប់ខ្ញុំ ខ្ញុំសន្និដ្ឋានថា ទី១ ជ្រូកនោះផ្តាសាយ ផ្តាយសាយជ្រូកពពួកថ្មី ទី២ ដែលខ្ញុំសួរគាត់អារឿងថាគាត់បានវះមើលអត់? គាត់ថាគាត់វះមើល ហើយឃើញថាលំពេងវារីក។ លំពេងវារីកអាហ្នឹងគឺជាជំងឺប៉េសអាហ្វ្រិក»។
ជុំវិញករណីនេះ មេឃុំអង្គតាសោម លោក តុប ប៊ុនថន ថ្លែងថា លោកមិនទាន់ទទួលបានព័ត៌មានពីករណីជ្រូកឈឺនេះទេ ប៉ុន្តែលោកថា លោកនឹងធ្វើការជាមួយមន្ត្រី ដើម្បីស្រាវជ្រាវ លើបញ្ហាជំងឺជ្រូកនេះ។
មេភូមិ អូរផុត នៃឃុំអង្គតាសោម លោក វ៉ាន់ លីប៉ូ ឱ្យដឹងថា នៅក្នុងភូមិរបស់លោកមានជ្រូកឈឺ ប៉ុន្តែកសិករអ្នកចិញ្ចឹមមិនបានរាយការណ៍ឱ្យលោកដឹងទេ ហើយបានលក់អស់ដោយស្ងាត់ៗតាំងពីខែធ្នូ។
លោក វ៉ាន់ លីប៉ូ ថ្លែងថា៖«ខ្ញុំអត់ដឹងដែរបាទ! ឮតែគេនិយាយដែរ ប៉ុនថាគេលក់។ អាឈឺម្ចាស់គេមិនឱ្យដឹងផង គេលក់បាត់អស់ហើយ។ បាទ! គេលក់ ហៅដង្ខៅមកចាប់បាត់អស់ហើយ តាំងពីខែមុននោះ»។
ប្រធានការិយាល័យផលិតកម្មសត្វ និងបសុព្យាបាលសត្វខេត្តតាកែវលោក ថៃ លី ថ្លែងថា លោកបានទទួលព័ត៌មាននេះដែរ ប៉ុន្តែពេលលោកស្រាវជ្រាវរកមិនឃើញករណីជ្រូកផ្ទុះជំងឺឆ្លងទេ។
លោក ថៃ លី ថ្លែងយ៉ាងដូច្នេះថា៖«យើងបានតាម ដាក់បណ្តាញតាមមើល។ អ៊ីចឹង! គ្នាខ្ញុំដែលទៅហ្នឹងបានឃើញពីរក្បាលដែរ[ជ្រូកឈឺ] កាលពីពាក់កណ្តាលខែ១១ បានធ្វើកិច្ចសន្យាអីមិនឱ្យក្រុមហ៊ុនគាត់លក់អីចេញក្រៅចឹងតាមបច្ចេកទេស ហើយជួបជាមួយពេទ្យសត្វ។ ខ្ញុំបានជួបធ្វើកំណត់ហេតុជាមួយមេប៉ុស្តិ៍មេអី នៅអូរសារ៉ាយដែរណា៎[ជាឃុំមួយដែលស្ថិតក្នុងស្រុកត្រាំកក់]។ អ៊ីចឹង! រឿងហ្នឹងខ្ញុំបានដឹងអូន ប៉ុន្តែវាយូរហើយអូន។ វាយូរហើយតាំងពីខែ១១មកខ្ញុំបានឮដំណឹងណាអូន ប៉ុន្តែដល់មើលជាក់ស្តែងទៅវាអត់មានទេ»។
ចំណែកនៅខេត្តស្វាយរឿងនៅក្នុងខែមករានេះ ក៏មានករណីជ្រូកកើតជំងឺឆ្លង និងងាប់អស់រាប់រយ ក្បាលដែរ។
ករណីនេះ ប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រាប់ ខេមបូចា នៅថ្ងៃ ទី១៨ ខែមករា ថា មន្ត្រីជំនាញបានពិសោធន៍រកឃើញថា ជ្រូកឈឺ និងងាប់នៅស្រុកកំពុងរោទិ៍ រាប់រយក្បាលនោះ កើតជំងឺប៉េសធម្មតា មិនមែនប៉េសអាហ្វ្រិកទេ។
លោក សុខ សុទ្ធាវុធ ថ្លែងឱ្យដឹងថា៖«អាហ្នឹងមែនទែនទៅមន្ទីរពិសោធន៍បានឆ្លើយមកថាNagative(អវិជ្ជមាន) វាឈឺធម្មតា ប៉េសជ្រូក ប៉េសអី។ អ៊ីចឹង! អត់មានពាក់ព័ន្ធនឹងត្រចៀកខៀវ ឬប៉េសអាហ្វ្រិកទេ»។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ ឱ្យដឹងថា សមាគមលោកកំពុងតាមដានដោយយកចិត្តទុកដាក់លើស្ថានភាពជំងឺជ្រូកនៅទូទាំងប្រទេស។ លោកស្រ៊ុន ពៅ សង្ស័យ អាការៈជ្រូកដែលកំពុងកើតមាននេះ ជាជំងឺប៉េសជ្រូកអាហ្រ្វិក ប៉ុន្តែលោកមិនទាន់ហ៊ានប្រកាសជាផ្លូវការប្រាប់សមាជិកសមាគមទេ ដោយរង់ចាំការសម្រេចជាផ្លូវការលើប្រភេទជំងឺនេះ ពីមន្ត្រីជំនាញនៅក្រសួងកសិកម្មសិន។
លោក ស្រ៊ុន ពៅ ថ្លែងបន្តថា៖ «ចាំមើលក្រសួង ស្ថាប័ន ក្រសួងអីគាត់ប្រកាសសិនទើបយើងយកណា៎ មិនអីចឹងនៅប្រទេសថៃយើងប្រកាសថាប្រទេសថៃផ្ទុះជំងឺប៉េសជ្រូកអាហ្វ្រិកគេរករឿងយើង។ អ៊ីចឹងបានថា ទាល់តែក្រសួងប្រកាសថាឥឡូវវាផ្ទុះជំងឺនៅទីនេះ សមាគមនឹងចាប់ផ្តើមធ្វើការ ឬក៏អំពាវនាវបន្ថែមទៀត។ ខ្ញុំអំពាវនាវក៏អត់ថាជំងឺប៉េសជ្រូកអាហ្វ្រិកដែរ គ្រាន់តែអំពាវនាវថាជំងឺវារីករាលដាល។ អ៊ីចឹង! សូមបងប្អូនប្រុងប្រយ័ត្ន ការពារ ទប់ស្កាត់ ធ្វើជីវៈសត្វធាតុ [និង]ធ្វើអនាម័យដោយខ្លួនឯង »។
ទោះជាមិនទាន់ហ៊ានសន្និដ្ឋានថា ជំងឺជ្រូកដែលកំពុងកើតមាននេះជាជំងឺប៉េសអាហ្រ្វិកក៏ដោយ ក៏លោក ស្រ៊ុន ពៅ បានអំពាវនាវដល់កសិករទូទាំងប្រទេស ឱ្យមានការប្រុងប្រយ័ត្នខ្ពស់តាមវិធានការនានារួមទាំងការបាញ់ថ្នាំសម្លាប់មេរោគ។ លោកបន្តថា បើកសិករខ្វះការយល់ដឹង ឬខ្វះមធ្យោយបាយ អាចទាក់ទងទៅសមាគម លោកនឹងមានការបាញ់សម្លាប់មេរោគជូនដោយឥតគិតថ្លៃ។
បញ្ហានៃការឆ្លងរាលដាលជំងឺជ្រូកនេះ មន្ត្រីមួយចំនួនលើកឡើងពីការលំបាកក្នុងការទប់ស្កាត់ ដោយសារកសិករចិញ្ចឹមជាលក្ខណៈគ្រួសារ ខ្វះការយល់ដឹង ពេលជ្រូកឈឺពួកគាត់ព្យាបាលដោយ ខ្លួនឯង និងមិនបានរាយការណ៍ជូនមន្ត្រី ហើយថែមទាំងលក់ទៅកាន់ទីផ្សារទាំងជ្រូកមានជំងឺ។
ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀងលោក ប៉ែន ចាន់ធី ថ្លែងថា កសិករខ្វះការយល់ដឹងពីការចាក់វ៉ាក់សាំង និងតែងតែព្យាបាល ដោយខ្លួនឯងពេលដែលជ្រូកមានជំងឺ។
លោក ប៉ែន ចាន់ធី ថ្លែងថា៖«ធម្មតាជ្រូកវាឈឺ ប៉ុន្តែគាត់[កសិករ]ព្យាបាលខ្លួនឯង។ ប្រជាពលរដ្ឋគាត់មិនសូវហៅពេទ្យសត្វទៅព្យាបាល ខ្លាចឆ្លងខ្លាចអីណា»។
ចំណែកកសិករចិញ្ចឹមជ្រូកជាង១០នាក់នៅក្នុងខេត្តផ្សេងៗគ្នាដែលខេមបូចា សម្ភាសន៍មួយរយៈចុងក្រោយនេះអះអាងថា ពេលពួកគេជួបបញ្ហាជ្រូកឈឺ និងបញ្ហាតម្លៃចុះថោកខ្លាំង មិនមានអន្តរាគមន៍ពីមន្ត្រីពាក់ព័ន្ធជួយដោះស្រាយទេ ទើបពួកគេមិនរាយការណ៍ ហើយរកដំណោះស្រាយដោយខ្លួនឯង។
កសិករនៅឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ លោក ធឿង ថុល ថ្លែងថា នៅក្នុងខែធ្នូកន្លងទៅនេះ មេជ្រូក១០ក្បាល និងជ្រូកសាច់៥០ក្បាលរបស់លោក ឈឺងាប់ទាំងអស់។ លោកឱ្យដឹងថា ជ្រូកមួយចំនួនលោកកប់ដី និងមួយចំនួនទៀត ដាក់ចូលក្នុងស្រះឱ្យត្រីដែលលោកចិញ្ចឹមស៊ី។
លោក ធឿង ថុល បញ្ជាក់ថា មូលហេតុដែលលោកចាត់ចែងជ្រូកងាប់ដោយខ្លួនឯងមិនបានរាយការណ៍ទៅមន្ត្រីនេះ ដោយសារលោកចិញ្ចឹមរយៈពេល៦ឆ្នាំហើយ មិនដែលមានមន្ត្រីជួយដោះស្រាយបញ្ហាឱ្យលោកទេ។
លោក ធឿង ថុល ឱ្យដឹងថា៖«និយាយរួមទៅដឹងថាជ្រូកយើងឈឺ យើងអីក៏មិនដែលមកអើពើ ប៉ុន្តែក្រែងមកថាយើងមិនរាយការណ៍ម៉េចមិនដឹងទេណា៎ ប៉ុន្តែខ្ញុំចិញ្ចឹមប្រមាណ៤-៥ឆ្នាំហ្នឹងមិនដែលមានមន្ត្រីណាមកចុះដល់កន្លែងយើងចិញ្ចឹមកន្លែងយើងអីទេ»។
កសិករម្នាក់ទៀតនៅឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម អ្នកស្រី ស៊ឹម ចាន់នី ឱ្យដឹងថា ជ្រូករបស់អ្នកស្រី និងជ្រូកកសិករផ្សេងទៀតនៅតំបន់នោះឈឺ និងងាប់បន្តបន្ទាប់តាំងពីខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២៣។ អ្នកស្រីបន្តថា ពេលនេះអ្នកស្រី និងអ្នកភូមិកំពុងរៀបចំចិញ្ចឹមឡើងវិញ ប៉ុន្តែមានការព្រួយបារម្ភលើបញ្ហាជំងឺ និងតម្លៃជ្រូកថោកពេក។
អ្នកស្រី ស៊ឹម ចាន់នី ថ្លែងឱ្យដឹងថា៖«គ្រាន់តែមិនមែនប៉ះតែខ្ញុំទេ អ្នកខ្លះ២០-៣០ក្បាល។ គេប៉ះសុទ្ធតែរោគហ្នឹងឯងវាឆ្លង។ អស់ច្រើន ៤-៥ គ្រួសារដែរហ្នឹង ហើយម្នាក់ៗសុទ្ធតែ២០-៣០ក្បាល ប៉ុន្តែឥឡូវគេដាក់បណ្តើរៗទៀតអ៊ីចឹងហ្អា៎។ កូន[ជ្រូក]វារាងធូរថ្លៃដែរអ៊ីចឹងហា។ ប៉ុន្តែគ្រាន់តែជ្រូកសាច់វាថោកពេក លែងចង់មានអ្នកចិញ្ចឹម»។
ករណីជ្រូកផ្ទុះជំងឺឆ្លងនេះអ្នកនាំពាក្យក្រសួងកសិកម្មលោក ឃឹម ហ្វីណង់ មិនផ្តល់យោបល់ទេ ដោយឱ្យទាក់ទងអ្នកនាំពាក្យម្នាក់ទៀតដែលទទួលបន្ទុកលើកិច្ចការនេះគឺកញ្ញា អ៊ឹម រចនា។ ប៉ុន្តែខេមបូចាព្យាយាមទាក់ទងកញ្ញាអ៊ឹម រចនានៅថ្ងៃទី១៨ និងថ្ងៃទី១៩ខែមករា ទាំងតាមតេឡេក្រាម និង តាមទូរសព្ទ មិនមានការឆ្លើយតបទេ។
ចំណែក អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្មលោក តាន់ ផាន់ណារ៉ា ក៏មិនទទួលទូរសព្ទដែរ។
បច្ចុប្បន្នតម្លៃជ្រូករស់លក់ចេញបានប្រមាណ៧ពាន់រៀលក្នុង១គីឡូក្រាមតម្លៃនេះឡើង១ពាន់រៀលបើប្រៀបធៀបនឹងតម្លៃនៅចុងឆ្នាំ២០២៣។ ទោះយ៉ាងណាអ្នកចិញ្ចឹមជ្រូកអះអាងថា តម្លៃដែលពួកគេអាចចំណេញបានលុះតែជ្រូក១គីឡូតម្លៃពី៩ពាន់ទៅ១ម៉ឺន១ពាន់រៀល។
លោក ស្រ៊ុន ពៅ បារម្ភថា បញ្ហាផ្ទុះជំងឺឆ្លងនេះនឹងធ្វើឱ្យជ្រូកក្នុងស្រុកមិនអាចឡើងថ្លៃទៀតរួចបានទេ ហើយបើលទ្ធផលរកឃើញថា ពិតជាមានជំងឺប៉េសអាហ្វ្រិកដូចការសង្ស័យមែន នោះនឹងធ្វើឱ្យអ្នកចិញ្ចឹមខាតបង់កាន់តែធ្ងន់ ព្រោះទាំងជ្រូកងាប់ និងជ្រូករស់នៅតំបន់ដែលផ្ទុះជំងឺនោះមិនអាចលក់ដូរបានទេគឺត្រូវកប់ចោលទាំងអស់។
ចំណែក លោក ស៊ុន វុទ្ធី ជំរុញឱ្យអ្នកចិញ្ចឹមជ្រូកទាំងអស់បង្កើនការអនុវត្តវិធីការពារផ្សេងៗ កុំឱ្យឆ្លងមេរោគ ពិសេសត្រូវបាញ់ថ្នាំសម្លាប់មេរោគឱ្យបាន៣ដងក្នុង១សប្តាហ៍ និងរាយការណ៍ទៅអ្នកពាក់ព័ន្ធករណីមានជ្រូកឈឺ៕