ក្រុមបណ្តាញព្រៃឡង់បានរកឃើញការកាប់បំផ្លាញព្រៃឈើថ្មីៗបន្ថែមទៀតនៅតំបន់ព្រៃឡង់ និងតំបន់សហគមន៍ក្នុងខេត្តកំពង់ធំ ដែលជាក្តីព្រួយបារម្ភពីការហិនហោចព្រៃឈើក្នុងតំបន់ការពារនេះ ហើយប្រឈមនឹងរលាយអស់ជាមិនខានបើសិនជាក្រសួងពាក់ព័ន្ធមិនរិតបន្តឹងការការពារនោះទេ។
លោក ហឿន សុភាព មន្រ្តីសម្របសម្រួលព្រៃឡង់ប្រចាំខេត្តកំពង់ធំបានឱ្យដឹងថា មន្រ្តីសហគមន៍ចុះល្បាតកាលពីថ្ងៃទី១៤ទៅ១៥ខែមករាឆ្នាំ២០២៤បានរកឃើញក្រុមល្មើសប្រើប្រាស់រណាយន្តអារកាត់ច្រៀកឈើធំៗអស់ប្រហែល១០ដើមលើ៤ទៅ៥ទីតាំងផ្សេងគ្នាថ្មីបន្ថែមទៀតក្នុងចំណុចស្ទឹងដំរី ស្រុកសណ្តាន់ស្ថិតក្នុងតំបន់ព្រៃឡង់។
លោក ហឿន សុភាព បន្ថែមថា៖ «ខ្ញុំឃើញគេកាត់ឈើច្រៀកឈើ៤ទៅ១០គល់ជាគ្រឿងផ្ទះជាផ្ទោង ជាផ្លាន ជាក្តារឃើញកាប់ថ្មីដូចជាដើមស្រឡៅ កកោះ និងឈើទាលអី! ពេលគេ ឃើញយើងគេរត់អស់ទៅ! តែគេដឹកឈើទៅខ្លះ នៅសល់ខ្លះមិនដឹងខាងណានោះទេក្នុងដែនមន្រ្តីបរិស្ថានការពារនោះ»។
មន្រ្តីសហគមន៍ខាងលើបន្តថា ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ឃើញមានប្រើប្រាស់រូបភាពធំៗចំនួនពីរដូចជាការកាប់ អារជ្រៀកឈើដឹកចេញដោយប្រើរណាយន្ត និងការរុករានព្រៃឈើយកដីធ្វើជាកម្មសិទ្ធិរបស់អ្នកភូមិ និងអ្នកមកពីខាងក្រៅជាដើម។ បន្ថែមពីនោះក៏មាន កាប់រានព្រៃយកសត្វស្វា យកសំពោច និងការដាក់អន្ទាក់ ការដាក់ខ្សែភ្លើងឆក់សត្វកម្រ ព្រមទាំងការប្រើប្រាស់កាំភ្លើងកែឆ្នៃបរបាញ់សត្វលឺរំពងព្រៃផងដែរ។
លោក សុភាព ឱ្យដឹងបន្តថា កាលពីខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៣ មន្រ្តីសហគមន៍បានចុះល្បាតរកឃើញការកាប់រុករានដីព្រៃថ្មីៗប្រហែល៣០ទៅ៤០ហិកតានៅតំបន់អូរតាលោក និងប្រមាណ៤០ហិកតានៅចំណុចអូរដាសស្គរក្នុងឃុំមានរិទ្ធព្រមទាំងព្រៃសហគមន៍នៅចំណុចអូរធ្នង់ក្នុងឃុំដងកាំបិត ស្រុកសណ្តាន់ ជាច្រើនហិកតា។
លោក ប៊ុត បាន ប្រធានសហគមន៍អូរធ្នុងបានឱ្យដឹងថា បច្ចុប្បន្ននេះដីសហគមន៍អូរធ្នុងប្រមាណជិត៣ពាន់ហិកតាត្រូវបានប្រជាជនក្នុងសហគមន៍ និងអ្នកមានលុយមកពីខាងក្រៅកាប់រុករានធ្វើកម្មសិទ្ធិអស់ប្រហែលពាក់កណ្តាលទៅហើយបើទោះជាសហគមន៍ប្រឹងប្រែងជួយទប់ស្កាត់យ៉ាងណាក៏ដោយ។
លោក ប៊ុត បាន បន្ថែមថា៖ «នៅពេលល្បាតសហគមន៍ប្រទះឃើញតែងតែហៅប្រជាជនដែលរុករានព្រៃឈើមកណែនាំបន្តបន្ទាប់ដែរ។ ហើយស្ទើររាល់យប់តែងតែឃើញគោយន្តដឹកឈើចេញពីព្រៃឡង់កាត់តាមចំការកៅស៊ូឆ្លងកាត់ព្រៃសហគមន៍ចេញទៅខាងក្រៅមិនដឹងទៅខាងណានោះទេ»។
ដោយឡែកលោក សឿ សុជា អ្នកសារព័ត៌មានអនឡាញមួយរូបដែលតែងតែចុះទៅកាន់តំបន់ព្រៃឡង់ក្នុងខេត្តកំពង់ធំជាញឹកញាប់ប្រៀបដូចសកម្មជនព្រៃឈើមួយរូបដែរបាន ឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០២២ដល់បច្ចុប្បន្ន លោកប្រទះឃើញការប្រើរណាយន្តអាររំលំដើមឈើធំៗក្នុងព្រៃឡង់ និងការកាប់បំផ្លាញព្រៃឈើយកដីធ្វើចម្ការជាច្រើនផងដែរ។
លោក សឿ សុជា លើកឡើងថា៖ «ខ្ញុំជួបការកាប់បំផ្លាញព្រៃឈើអស់ច្រើនណាស់ខ្ញុំមិនដែលបានរាប់ចំនួនទេ»។
លោកបន្ថែមថា តំបន់ដែលកាប់បំផ្លាញព្រៃឈើទាំងនោះមាននៅតំបន់ស្នងអន ឃុំសុចិត្រ នៅតំបន់អូរដាសស្គរ ឃុំមានរិទ្ធិ តំបន់អូរក្រពើ តំបន់ត្បែង ឃុំបឹងស្លា និងតំបន់អង់តែន ខេត្តកំពង់ធំ ជាដើម។
លោកបញ្ជាក់ថា តាមការសាកសួរប្រភពនៅតំបន់នោះឱ្យដឹងថាការកាប់រុករានព្រៃនេះក្រៅពីប្រជាសហគមន៍ក៏មានឈ្មួញមានលុយមានខ្សែ និងពាក់ព័ន្ធមន្រ្តីមួយចំនួនផងដែរ ។
លោក សុជា បន្ថែមថា៖ «ឈ្មួញបានទិញឈើពីប្រជាជនដែលរកស៊ីជាយូរឆ្នាំមកហើយឲ្យដឹកលក់ឲ្យ និងឲ្យលុយខ្ចីសម្រាប់ប្រជាជនធ្វើដើមទុនដើម្បីកាប់ឈើមកលក់ឲ្យពួកគេ»។
លោក លឹម យ៉េន មេឃុំដងកាំបិត បានថ្លែងទទួលស្គាល់ថាដីព្រៃក្នុងឃុំលោកពិតជាមានការ កាប់បំផ្លាញរុករានមែននាពេលកន្លងមក ប៉ុន្តែបច្ចុប្បន្នស្ងប់ស្ងាត់ហើយដោយសារតែមានការទប់ស្កាត់ខ្លាំងដោយមន្រ្តីឃុំ មន្រ្តីប៉ុស្តិ៍ និងថ្មីៗមានការចូលរួមពីសហគមន៍ព្រៃឡង់ដែរ បានចុះដើរល្បាតក្នុងមួយខែម្តង។ លោកបន្តថា ក្នុងការល្បាតនេះពេលខ្លះប្រទះឃើញកំពុងអារឈើពួកគេភ័យរត់ចោលម៉ាស៊ីនបាត់ចាប់មនុស្សមិនបានប៉ុន្តែពេលខ្លះស្គាល់ថាជាប្រជាជនក្នុងភូមិក៏បានហៅមកធ្វើការអប់រំពួកគេឱ្យបញ្ឈប់ការកាប់រុករានព្រៃឈើបន្តទៀត។
លោកបន្ថែមថា៖ «នៅតែមានការកាប់បំផ្លាញព្រៃឈើ តាមខ្ញុំមើលកុំតែមានការទប់ស្កាត់ខ្លាំងវាអស់ព្រៃយូរមកហើយ»។
លោកថា ដីព្រៃសហគមន៍ភាគច្រើនប្រជាជននៅសហគមន៍បានកាប់រុករានធ្វើចម្ការ និងខ្លះបានកាប់រុករាន រួចលក់ឱ្យអ្នកខាងក្រៅមកពីស្រុកសណ្តាន់ មកពីកំពង់ចាម និងមកពីកន្លែងនានាជាដើម។
លោកមេឃុំបន្ថែមថា៖ «ជួនកាលអ្នកភូមិកាប់លក់ឱ្យគេ គេចូលមកកាប់ពង្រីកបន្ថែមទៀតទៅ អ្នកភូមិកាប់បាន២០ទៅ៥០ម៉ែត្រអី លក់ឱ្យអ្នកក្រៅគេមកកាប់ពង្រីកបន្ថែមទំរាំយើងដឹងកាប់វាលអស់ច្រើន» ។
លោក លឹម យ៉េន ឱ្យដឹងថា ឃុំដងកាំបិតមានបីសហគមន៍ក្នុងនោះសហគមន៍អូរធ្នង់ជាង ២ ០០០ហិកតា សហគមន៍អូរតាគង់ជាង ២ ០០០ហិកតា និងសហគមន៍គគីរប្រហោងជាង១ ៥០០ហិកតា ក្នុងចំណោមបីសហគមន៍នេះមានតែសហគមន៍អូរធ្នង់មួយប៉ុណ្ណោះសល់ព្រៃច្រើនជាងគេចំណែកពីរសហគមន៍ទៀតកាប់វាលស្ទើរអស់ទៅហើយ។
លោក លឹម យ៉េន បន្ថែមថា៖ «មួយសហគមន៍១ពាន់ជាង២ពាន់ហិកតាជាងកាប់ចង់អស់ហើយ សល់តិចតួចប៉ុណ្ណោះ រដ្ឋាភិបាលឱ្យធ្វើសាលាកប័ត្របម្រុងកាត់ឆ្វៀលតែធ្វើតែដីចម្ការនោះទេ ដីវាលគឺមិនធ្វើឱ្យនោះទេ។»
ចំណែកលោក ស៊ីន វណ្ណវុធ អភិបាលស្រុកសណ្តាន់ បានមានប្រសាសន៍ថា តំបន់ព្រៃឡង់ កន្លងទៅពិតជាមានការកាប់រុករានដីព្រៃធ្វើកម្មសិទ្ធិមែន ប៉ុន្តែបច្ចុប្បន្ននេះស្ងប់ស្ងាត់ហើយពុំមានការកាប់រានថ្មីទៀតនោះទេ។លោកថាកន្លងទៅអន្តរក្រសួងបានកាត់ឆ្វៀលឱ្យប្រជាពលរដ្ឋដែលអាស្រ័យផលជាក់ស្តែង ចំណែកដីដែលកាប់រានថ្មីៗ គឺដកហូតយកមកវិញរាប់ពាន់ហិកតារួចមកហើយ ដូចជានៅចំណុចព្រៃអង់តែនដែលជាតំបន់រ៉េដបូកជាដើម។
លោកអភិបាលស្រុកបន្ថែមថា ចំណែកចំណុចស្ទឹងដំរីក្នុងឃុំសុចិត្រដែលមានការរុករានថ្មីៗនោះលោកបានឱ្យអភិបាលរងស្រុកដឹកនាំកម្លាំងជំនាញចុះទៅពិនិត្យដើម្បីធ្វើរបាយការណ៍ទៅខេត្តដើម្បីស្នើសុំដកហូតយកមកវិញផងដែរ ។
លោកថ្លែងថា៖ «វាមានជនខិលខូច វាពិបាកណាស់យើងមិនដឹងចោទអ្នកណា លើអ្នកណីទេ ខ្ញុំទើបមកកាន់ស្រុកនេះជិតមួយឆ្នាំ ក្តាប់ភូមិសាស្រ្តមិនទាន់ជុំដែរ កន្លងមកមានការកាប់រានដើម្បីលក់ឱ្យក្រុមហ៊ុនចិនអី តែឥឡូវនេះវាស្ងប់ស្ងាត់ហើយមិនមានកាប់ទេ បើសិនកាប់ថ្មីៗមិនមានការអាស្រ័យផលទេគឺដកហូតមកវិញហើយ»។
លោកបញ្ជាក់ថា បន្ថែមថាចំណែកការរត់ពន្ធឈើពីតំបន់ព្រៃឡង់បច្ចុប្បន្ននេះ គឺក្នុងលក្ខណៈលួចដឹកទ្រង់ទ្រាយតូចៗតាមគោយន្តកន្រ្តៃប៉ុណ្ណោះ មិនមានដឹកលក្ខណៈទ្រង់ទ្រាយធំនោះ ឡើយដោយសារអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធមានការគ្រប់គ្រងតឹងតែង។
លោក ប៉ែន វណ្ណារិទ្ធិ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានបដិសេធការធ្វើអត្ថាធិប្បាយកាលពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដោយលោកប្រាប់ថាកំពុងជាប់ប្រជុំ។
ជុំវិញការលើកឡើងពីការកាប់បំផ្លាញព្រៃឈើខាងលើនេះដែរលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានបដិសេធធ្វើអត្ថាធិប្បាយដោយលោកបញ្ជាក់យ៉ាងខ្លីថា៖ «ហឺបានហើយ ដឹងកាប់ត្រង់ណាទេ បងឯងទទួលបងសរសេរតាមហ្នឹងទៅ! ព្រោះខ្ញុំអត់ដែលទទួលផង!» ។
ខេមបូចា មិនអាចទំនាក់ទំនងលោក ផៃ ប៊ុនឈឿន អ្នកនាំពាក្យក្រសួងបរិស្ថានដើម្បីបំភ្លឺ បន្ថែមបាននៅឡើយទេ ។
ព្រៃឡង់ត្រូវបានរាជរដ្ឋាភិបាលដាក់ជាតំបន់ការពារតាំងពីឆ្នាំ២០១៦មកដែលមានផ្ទៃដីទំហ៊ុំជាង៤៨ម៉ឹនហិកតាលាតសន្ធឹងលើខេត្តចំនួនបួនក្នុងនោះមានខេត្តក្រចេះ ព្រះវិហារ កំពង់ធំ និងខេត្តស្ទឹងត្រែងដោយបានចាត់ជាតំបន់ដែលមានព្រៃស្រោងធំជាងគេនៅក្នុងប្រទេសកម្ពុជា ។
ក្រសួងបរិស្ថានដែលមានលោក អ៊ាង សុផល្លែត ជារដ្ឋមន្រ្តីបានបង្ហាញទស្សនៈ លើផេកផ្លូវការរបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣បានបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញវិធានការចម្បងចំនួន៤ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឲ្យមានប្រសិទ្ធភាព រួមមាន៖ ១) ក្រសួងបរិស្ថានអនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌អប់រំណែនាំ និងចុះកិច្ចសន្យា ហើយដោះលែងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។ ២) ក្រសួងបរិស្ថាន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដី ឲ្យបានស្អិតរមួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ។ ៣) សហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមកនិង ៤)ការដាំដើមឈើឱ្យច្រើនជាងការកាប់ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញការដាំស្តាព្រៃឈើ ជាទិសដៅអាទិភាពបង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០។ តាមរយៈវិធានការនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការថ្ងៃទី១០ តុលា នឹងធ្វើការផ្តល់ និងដាំដើមឈើយ៉ាងតិច១លានដើមក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៤។
ទោះបីយ៉ាងណាលោក ហឿន សុភាព មន្រ្តីសម្របសម្រួលព្រៃឡង់នៅតែសម្តែងក្តីព្រួយបារម្ភ ថាព្រៃឈើតំបន់ព្រៃឡង់នៅតែមានការកាប់បំផ្លាញរាល់ថ្ងៃ ទោះបីជាមានមន្រ្តីឧទ្យាននុរក្សក្រសួងបរិស្ថានដែលមានកម្លាំងច្រើនការពារយ៉ាងណាក៏ដោយ។
លោក សុភាព បន្ថែមថា៖« យើងមានការព្រួយបារម្ភមែនទេ ខ្ញុំគិតថាបើរដ្ឋាភិបាលមិនចាត់វិធានការរិតបន្តឹងច្បាប់ឱ្យបានតឹងរឹងនោះទេខ្ញុំគិតថាវាមិនអាចនៅយូរទេព្រៃឡង់បើវាចេះតែបាត់បង់ពីរមួយថ្ងៃទៅមួយថ្ងៃដូច្នេះនោះ»។
បណ្តាញព្រៃឡង់បានបង្ហាញរបាយការណ៍ឱ្យដឹងថា រយៈពេល១២ខែ ឆ្នាំ២០២៣ ខេត្តទាំងបួន ក្នុងតំបន់ព្រៃឡង់មានខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បានរកឃើញ បទល្មើសក្នុងតំបន់ព្រៃឡង់ចំនួន២៥៨៤ករណីក្នុងនោះមានប្រភេទបទល្មើសទាក់ទងការសម្បទានរ៉ែ ការកាប់រានដីព្រៃ បទល្មើសព្រៃឈើនិងបទល្មើសសត្វព្រៃជាដើម៕