សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាឱ្យដឹងថា តម្លៃជ្រូកនៅក្នុងប្រទេសចាប់ផ្តើមឡើងថ្លៃជាបន្តបន្ទាប់ ក្រោយមានការស្វះស្វែងចរចារវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ទោះយ៉ាងណាកសិករមួយចំនួន អះអាងថា ពួកគេនៅតែត្រៀមខ្លួនបិទទ្រុងឈប់ចិញ្ចឹម ព្រោះមិនអាចទប់ទល់ចំពោះការខាតបង់រួច។
កាលពីចុងឆ្នាំ២០២៣សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានស្វះស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នចំនួន៥រួមមាន ក្រសួងកសិកម្ម ស្ថាប័នគយ ក្រសួងពាណិជ្ជកម្ម សភាពពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច។ គោលបំណងនៃការជួបនេះសមាគមតំណាងឱ្យអ្នកចិញ្ចឹមសត្វនៅក្នុងស្រុកស្នើឱ្យផ្អាក នាំចូលសាច់បង្កក ដើម្បីជួយសុខភាពអ្នកបរិភោគ និងលើកកម្ពស់ជីវភាព អ្នកចិញ្ចឹមសត្វ នៅក្នុងស្រុក។
រហូតដល់ថ្ងៃទី១២ខែមករា ឆ្នាំ២០២៤ ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជ បានធ្វើសេចក្តីជូនដំណឹងរួមគ្នាអំពីការផ្អាកនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកចំនួន៨ប្រភេទ។ សេចក្តីជូនដំណឹងនេះ ចាប់អនុវត្តន៍រយៈពេល៦ខែគឺចាប់ពីថ្ងៃទី១២ខែមីនា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០៤។
ទន្ទឹមនឹងការសម្រេចរបស់ក្រសួងពាក់ព័ន្ធនេះ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ ក៏បានអំពាវនាវដល់អ្នកចិញ្ចឹមនៅក្នុងប្រទេសមានការអត់ធ្មត់ និងរក្សាជំហរចរចាដំឡើងថ្លៃសត្វចិញ្ចឹមជាមួយឈ្មួញ។
លោកស្រ៊ុន ពៅ ឱ្យដឹងថា គិតមកត្រឹមថ្ងៃទី១៦ ខែមករា តម្លៃជ្រូកនៅតាមតំបន់មួយចំនួនបន្តឡើងម្តងបន្តិចៗជាប្រចាំ។
លោក ស្រ៊ុន ពៅ ថ្លែងឱ្យដឹងថា៖«ឡើងដល់ម៉ង វាអត់ទៅរួច។ ហ្នឹងហើយអ៊ីចឹង! បានសេចក្តីថាយើងដឹងហើយថាសាច់បង្កកក្នុងឃ្លាំងក៏នៅមាននៅឡើយ ហើយយើងចេះតែឡើង១០សេនៗ ចឹង ទៅណា។ បាទ! មិនដឹងជាឡើងដល់មាឃចិន-វៀតណាមនឹងបានដល់ថ្លៃដើមឬទេ? វានៅមិនទាន់ដឹង! បានឡើង១០សេនអ៊ីចឹងទៅ វារាងត្រឹងបន្តិចទៅ ឡើង១០សេនទៀតទៅ។ អ៊ីចឹង! តាំងពីឡើងមកយើងបានជាង២០សេនដែរហើយណា៎។ អ៊ីចឹង! បានសេចក្តីថាក្នុង ១គីឡូយើងបាន១ពាន់រៀលហើយ។ អ៊ីចឹង! ឥឡូវ វាឡើងដល់៧ពាន់រៀលក្នុង១គីឡូហើយ»។
អ្នកឯកទេសចិញ្ចឹមសត្វកម្ពុជា លោក រស់ ឆាំងគី កត់សម្គាល់ថា ថ្លៃជ្រូកនៅតំបន់ខ្លះនៅថេរ និងតំបន់ខ្លះទៀតបានកើនឡើងបន្តិចបន្តួចនៅក្នុងអំឡុងពេលមុនចូលឆ្នាំចិននេះ។
លោក រស់ ឆាំងគី បញ្ជាក់ថា៖«ខាងកោះធំ នៅវិសួគ៌អីឡើងមក៧០[៧ពាន់] កាលអាទិត្យមុនគេឱ្យគាត់៦៥[៦ពាន់៥រយរៀល]អត់មកចាប់ទេ។ ដល់ឥឡូវឱ្យតម្លៃ៧០ ហើយគេឧស្សាហ៍តេមកសួរជ្រូកនេះលក់អត់ៗ? ចឹង! គាត់ក៏ផ្អាកលក់សិនទៅ។ គាត់រង់ចាំមើលប្រហែលជាកន្លះខែអីទៀតបានគាត់លក់អ៊ីចឹងហា៎។ អ្វីដែលយើងអាចនឹងជាក់លាក់ពិតប្រាកដលុះត្រាតែផុតចូលឆ្នាំចិន ព្រោះជាទូទៅវាអាចនឹងទំនោរឡើងនេះ វាអាចស្របពេលជាមួយនឹងកៀកចូលឆ្នាំចិនដែរ។ អ៊ីចឹង! ឈ្មួញគេអាចដើរកក់ជ្រូកទុក»។
បើតាមលោក រស់ ឆាំងគី និងលោក ស្រ៊ុន ពៅ តម្លៃជ្រូករស់ប្រែប្រួលនេះ គឺស្ថិតនៅចន្លោះ ១គីឡូ៦ពាន់ទៅ៧ពាន់រៀល។ តម្លៃនេះអ្នកចិញ្ចឹមសត្វនៅតែខាតច្រើនគឺ អ្នកចិញ្ចឹមជ្រូកអាច ចំណេញបានលុះត្រាជ្រូករស់ថ្លៃមួយគីឡូក្រាមលក់បានចន្លោះពី៩ពាន់ទៅ១ម៉ឺន១ពាន់រៀល។
កសិករមួយចំនួនបានសាទរចំពោះវិធានការរបស់រដ្ឋាភិបាល និងការឡើងថ្លៃជ្រូករស់ឡើងវិញនេះ ប៉ុន្តែកសិករមួយចំនួនទៀតថា មិនមានសង្ឃឹមហើយត្រៀមបិទទ្រុងឈប់ ចិញ្ចឹមព្រោះខាតបង់ ច្រើនពេក។
កសិករនៅខេត្តកណ្តាលម្នាក់គឺ លោក ណូន ដើង ឱ្យដឹងថា លោកនៅសល់ជ្រូកសាច់ប្រមាណ៣០ក្បាលនៅក្នុងទ្រុង។ លោកបានសាទរ ហើយបង្ហាញក្តីសង្ឃឹមថា បើរដ្ឋាភិបាលអនុវត្តន៍វិធានការទប់ស្កាត់ការនាំចូល សាច់បង្កកមានប្រសិទ្ធភាពនោះជីវភាពលោកនិងកសិករផ្សេងទៀតនឹងបានប្រសើរ។
លោក ណូន ដើង ថ្លែងបង្ហាញពីអារម្មណ៍ថា៖«ខ្ញុំបើសិនថា រដ្ឋាភិបាលគាត់បិទ អាហ្នឹងខ្ញុំអាចនឹងសង្ឃឹមថា ជ្រូកអាចនឹងឡើងបាន ប្រជាពលរដ្ឋយើងបានរស់ខ្លះ ហើយបើសិននៅបង្ហៀរចូលប្រជាពលរដ្ឋដឹងតែសូន្យម៉ង។ ខ្ញុំសង្ឃឹមថាសូន្យម៉ង»។
កសិករចិញ្ចឹមជ្រូកនៅខេត្តកំពង់ធំ អ្នកស្រី អែម ណុំ ឱ្យដឹងដែរថា គាត់ជួបបញ្ហាជ្រូកថ្លៃទាបនេះ២ឆ្នាំមកហើយ ដូច្នេះមិនទាន់ហ៊ានសង្ឃឹមថា យ៉ាងណាចំពោះចំណាត់ការរបស់រដ្ឋាភិបាលនេះទេ។
អ្នកស្រី អែម ណុំ ឱ្យដឹងបន្ថែមថា៖«អ្នកយកលុយរដ្ឋ[គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ]ចិញ្ចឹមជ្រូក ពេលលក់ជ្រូកវាថោក។ វាថោកចឹងម៉េចបានលុយសងគេគ្រប់។ ហ្នឹងហើយបានថាអ្នកចិញ្ចឹមយកលុយរដ្ឋ[គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ] បាត់ខ្លួនអស់។ លក់ជ្រូកអត់បានបង់ធនាគារគ្រប់ [ហើយ]មិនបាត់! គោក៏ថោក ជ្រូកក៏ថោក មិនដឹងរកស៊ីអី? ទំនិញចិនឡើង។ មិនដឹងសង្ឃឹមមិនសង្ឃឹម បើ២ឆ្នាំទៅហើយ មិនឃើញមានឡើង»។
កសិករចិញ្ចឹមជ្រូកម្នាក់ទៀតនៅខេត្តកំពតអ្នកស្រី តី អ៊ីវ ឱ្យដឹងថា រូបគាត់ចិញ្ចឹមជ្រូកជាង១០ឆ្នាំ ហើយធ្លាប់ស្រម៉ៃថា នឹងពង្រីកមុខរបរនេះឱ្យធំ។ ប៉ុន្តែអ្នកស្រីថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ខាតបង់ច្រើនធ្វើឱ្យអ្នកស្រីជំពាក់បំណុល និងបាក់ទឹកចិត្ត។
អ្នកស្រី តី អ៊ីវ បញ្ជាក់ថា៖«ឥឡូវគ្រូឯងគិតមើល បើសិនគាត់លើកស្ទួយតែខាងរបស់គេ ហើយខាងខ្មែរយើងមួយៗចិញ្ចឹមខាត មួយៗចិញ្ចឹមខាត លោកគ្រូឯងមានចំណាប់អារម្មណ៍ណាចិញ្ចឹម? សូម្បីតែខ្ញុំក៏អស់ទឹកចិត្តដែរ បាក់ទឹកចិត្តហើយជំពាក់គេរាប់ពាន់ ហើយមិនបាក់ទឹកចិត្ត? ឃើញអត់? ហើយបើសិនជាយើងលើកស្ទួខាងហ្នឹងបាន[សាច់ក្រៅស្រុក] បានតែនាំ[សាច់]ស្រុកគេមកហើយចុះ[សាច់]ស្រុកយើង បានអី? អ្នកចិញ្ចឹមគ្នាបានអីលោកគ្រូ?»។
ជាមួយគ្នានេះអ្នកចិញ្ចឹមជ្រូកនៅខេត្តកំពង់ឆ្នាំង លោក សុខ សុវណ្ណ ឱ្យដឹងថា បច្ចុប្បន្នលោកបន្ថយជ្រូក មេពី៤០ក្បាលមកត្រឹម១០ក្បាល ចំណែកជ្រូកសាច់សល់ ជាង ១០០ក្បាល។ លោកបន្តថា លោកមានរោងម៉ាស៊ីនកិនស្រូវ មានកន្ទក់ និងចុងអង្ករខ្លួនឯងខ្លះសម្រាប់ជាចំណីជ្រូកនៅតែទប់ទល់នឹងការខាតបង់មិនបាន។
លោក សុខ សុវណ្ណ ឱ្យដឹងថា តម្លៃជ្រូកនៅតំបន់លោកស្ថិតនៅក្នុងរង្វង់១គីឡូជាង៦ពាន់រៀល បន្តិច។ លោកបារម្ភថា តម្លៃជ្រូកនឹងធ្លាក់ចុះកាន់តែខ្លាំងក្រោយបុណ្យចូលឆ្នាំចិនរួច។
លោក សុខ សុវណ្ណ លើកឡើងពីក្តីបារម្ភថា៖«ឥឡូវនេះអ្នកដែលទ្រុងធំៗគេចិញ្ចឹមធំហ្នឹង ដល់ពេលលក់បិទសាប៊ូគូទម៉ង។ បិទឈប់ចិញ្ចឹមបណ្តោយ។ បិទរោង។ បាទ! បើសិនជាក្រោយពីផុតសែនចិនខែ២នេះទៅ បើជ្រូកនៅតែមិនឡើងទៀត [នឹង]បិទអស់ហើយអ្នកចិញ្ចឹមជ្រូកនោះ»។
ពេទ្យសត្វ និងជាអ្នកចិញ្ចឹមជ្រូកនៅខេត្តតាកែវលោក សឿ ម៉ៅ ឱ្យដឹងថា លោកមានសមត្ថភាព បន្ថយការចំណាយតាមរយៈធ្វើចំណីខ្លួនឯង និងមានបច្ចេកទេសបន្ថយថ្នាំព្យាបាល។ ប៉ុន្តែលោកថា នៅតែមិនអាចទប់ទល់បានដែលបច្ចុប្បន្នលោកបន្ថយជ្រូកពីជិត៣រយក្បាលមកត្រឹមជាង១រយក្បាលតែប៉ុណ្ណោះ។
លោក សឿ ម៉ៅ បន្តថា តម្លៃជ្រូកនៅក្រោម៧ពាន់ក្នុងគីឡូក្រាមហើយ នៅមិនមានអ្នក ទៅទិញ ទៀត។ កសិករនៅខេត្តតាកែវរូបនេះលោក មានគម្រោងលក់ជ្រូកដែលនៅសេសសល់ ហើយបិទទ្រុង ឈប់បន្តរបរដែលលោកធ្លាប់ធ្វើជិត១០ឆ្នាំមកនេះ។
លោក សឿ ម៉ៅ បន្ថែមថា៖«កាលខ្ញុំនៅខាងគ្រួសារខ្ញុំម្តាយខ្ញុំបង្កើតនោះ ខ្ញុំចិញ្ចឹម៣ឆ្នាំ ខ្ញុំមានប្រពន្ធនេះខ្ញុំចិញ្ចឹម៤ឆ្នាំជាង។ ខ្ញុំចិញ្ចឹមមានមេ មានកន្លែងសម្រាប់មេបំបៅដោះកូន ខ្ញុំចិញ្ចឹមមិនមែនដូចកសិករឯណា។ ខ្ញុំចំណាយអស់ហ្នឹងអស់ច្រើនណាស់ បើយើងស្ថានភាពអ៊ីចេះយើងតស៊ូទៅណាទៀតមានតែបោះបង់។ ហើយកាត់រោងយកលក់អេតចាយ»។
របាយការណ៍សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាឱ្យដឹងថា កសិករទូទៅបិទទ្រុងឈប់ចិញ្ចឹមស្ទើរ១០០ភាគរយហើយ នៅសល់តែអ្នកចិញ្ចឹមកម្រិតកសិដ្ឋានធំៗ។ អ្នកចិញ្ចឹមជ្រូកលើកឡើងពីបញ្ហាតម្លៃ ចំណីនៅខ្ពស់ដដែល ប៉ុន្តែជ្រូករស់ធ្លាក់ថ្លៃបន្តបន្ទាប់២ឆ្នាំចុងក្រោយនេះ គឺតាំងពីជ្រូក១គីឡូ១ម៉ឺន ២ពាន់រៀលធ្លាក់មកត្រឹម១គីឡូ៦ពាន់រៀល។
ចំណីជ្រូកនៅលើទីផ្សារនៅតែរក្សាថ្លៃដដែលចន្លោះពី៧ម៉ឺនរៀលដល់១៤ម៉ឺនរៀលក្នុង១បេ ដែលតម្លៃចំណីប្រែប្រួលទៅតាមអាយុជ្រូក។
បើតាមកសិករឱ្យដឹងថា ជ្រូកដែលពួកគាត់ចិញ្ចឹម គឺប្រើពេលប្រមាណ៤ទៅ៥ខែ ទើបអាចលក់ បានទម្ងន់ប្រមាណ១រយគីឡូក្រាមល្មមលក់។ ជ្រូកបើទម្ងន់ឡើងដល់១៥០គីឡូនោះឈ្មួញហៅថា បែកខ្មាញ់ សាច់មិនល្អ ឈ្មួញមិនទិញ ឬទិញក្នុងតម្លៃថោកដោយម៉ៅ១ក្បាលឱ្យតែប្រមាណ៣០ម៉ឺន រៀលតែប៉ុណ្ណោះ។ កត្តានេះធ្វើឱ្យកសិករបង្ខំចិត្តលក់ពេលដែលជ្រូកគ្រប់អាយុ ទោះក្នុងតម្លៃទាបក៏ដោយ។
អ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ ថ្លែងថា វិធានការផ្អាកនាំចូលសាច់បង្កកនេះ គឺមានការសិក្សាច្បាស់លាស់ទាំងកម្រិតប្រកួតប្រជែងក្នុងស្រុក ច្បាប់ជាតិ អន្តរជាតិ និងសុខភាព អ្នកប្រើប្រាស់។ លោករំពឹងថា វិធានការផ្អាកនេះ នឹងជួយធ្វើឱ្យអ្នកចិញ្ចឹមសត្វនៅក្នុងស្រុកអាចបង្កើនសមត្ថភាពប្រកួតប្រជែងជាងមុន។
លោក ឃឹម ហ្វីណង់ លើកឡើងថា៖ «ក្រសួងក៏បានជំរុញលើកទឹកចិត្តឱ្យអ្នកធ្លាប់នាំចូល បំណែកសាច់បង្កកពីមុនមក ងាកមកជួយគាំទ្រអ្នកផលិតក្នុងស្រុកវិញ ក្នុងស្មារតីខ្មែរជួយខ្មែរផងដែរ។ សង្ឃឹមថានៅពេលដែលអ្វីមានប្រក្រតីភាពឡើងវិញ វិស័យចិញ្ចឹមសត្វនៅកម្ពុជានឹង មានសមត្ថភាពប្រកួតប្រជែងជាងពេលមុន»។
អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោក គឹម មាសសុខសីហា មានប្រសាសន៍ថា វិធានការផ្អាកនាំចូលសាច់បង្កកនេះ សមត្ថកិច្ចពាក់ព័ន្ធពង្រឹងការត្រួតពិនិត្យទាំងនៅច្រកព្រំ ដែននាំចូល និងការចែកចាយសាច់នៅតាមទីផ្សារ។
លោក មាសសុខសីហា ថ្លែងថា៖«យើងមានវិធានការណ៍ទាំងការត្រួតពិនិត្យនៅមាត់ច្រក ទាំងការត្រួតពិនិត្យនៅលើទីផ្សារ ក៏ដូចជាឃ្លាំងស្តុកអីហ្នឹង ហើយនៅមាត់ច្រកយើងមានសមត្ថកិច្ចត្រួតពិនិត្យគយដែលគាត់ឈរជើងនៅទីនោះ គាត់ចាំបាច់ត្រូវមានឯកសារនាំចូលត្រឹមត្រូវ មានឯកសារបញ្ជាក់ពីសុខាភាព បញ្ជាក់អី ពីប្រទេសដែលនាំចេញមក»។
លោក ស្រ៊ុន ពៅ ឱ្យដឹងថា នៅកម្ពុជាមានតម្រូវការសាច់ជ្រូកប្រមាណ១ម៉ឺនក្បាលក្នុង១ថ្ងៃ ស្មើនឹង១ពាន់តោនក្នុង១ថ្ងៃ។ លោកអំពាវនាវអ្នកចិញ្ចឹមទាំងកសិករចិញ្ចឹមលក្ខណៈគ្រួសារ និងអ្នកចិញ្ចឹមតាមក្រុមហ៊ុនធំៗមានការអត់ធ្មត់បន្តិចទៀត ព្រោះក្រោយមានការបិទសាច់បង្កកនាំចូល ហើយតម្លៃជ្រូកនឹងអាចប្រសើរឡើង។
អាជីវករលក់សាច់ជ្រូកនៅផ្សារអូរឫស្សីក្នុងរាជធានីភ្នំពេញ លោក វ៉ាត ប៊ុនធឿន ឱ្យដឹងថា គិតត្រឹម ថ្ងៃទី១៧ ខែមករានេះ តម្លៃសាច់លោកទិញចូលកើនឡើង១៥ភាគរយ ហើយលោកក៏លក់ចេញបន្តឡើងថ្លៃដែរ។
លោកបន្តថា ការលក់ដូរបច្ចុប្បន្នចំណេញតិចតួចណាស់។ ទន្ទឹមនឹងវិធានការផ្អាកការនាំចូលសាច់បង្កកចាប់ពីថ្ងៃទី១២ ខែមីនា ខាងមុខនេះ ស្ថាប័នពាក់ព័ន្ធក៏កំពុងពិនិត្យលើខ្លឹមសារអនុក្រឹត្យលេខ១៧ដែលនឹងមានការកែប្រែចំណុចមួយចំនួននៅក្នុងខែឧសភា ស្តីពីការនាំចូលសាច់ ដើម្បីធានាដល់សុខភាពប្រជាពលរដ្ឋ និងជីវភាពអ្នកចិញ្ចឹមសត្វក្នុងស្រុក៕