សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋាភិបាលបញ្ចេញក្រដាសប្រាក់មានរូបលោកហ៊ុន សែន ជាមួយសម្តេចសីហនុដើម្បីប្រារព្ធខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស

រដ្ឋាភិបាលនឹងប្រារព្ធខួបលើកទី ៣០នៃកិច្ចព្រៀមព្រៀងសន្តិភាពក្រុងប៉ារីស ដោយបញ្ចេញក្រដាសប្រាក់ ៣០.០០០រៀល ដែលមានរូបលោក ហ៊ុន សែន និងសម្តេចព្រះបាទ នរោត្តម សីហនុ សម្តេចព្រះបរមរតនកោដ្ឋ។
រដ្ឋាភិបាលនឹងប្រារព្ធខួបលើកទី ៣០នៃកិច្ចព្រៀមព្រៀងសន្តិភាពក្រុងប៉ារីស ដោយបញ្ចេញក្រដាសប្រាក់ ៣០.០០០រៀល ដែលមានរូបលោក ហ៊ុន សែន និងសម្តេចព្រះបាទ នរោត្តម សីហនុ សម្តេចព្រះបរមរតនកោដ្ឋ។

ស្រប​ពេល​ខួប​លើក​ទី៣០ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ខិត​ជិត​ចូល​មក​ដល់ រដ្ឋាភិបាល​និង​ក្រុម​សង្គមស៊ីវិល​​ប្រារព្ធ​ការ​ចងចាំ​ពី​ទិវា​នេះ​តាម​បែបផែន​ផ្សេងៗ​គ្នា។

កាល​ពី​ថ្ងៃ​ចន្ទ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​ចេញអនុក្រឹត្យ​មួយ​​ដោយអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្រដាស​ប្រាក់​ថ្មី ៣០.០០០​រៀល ដោយ​មាន​រូប​លោក​ផ្ទាល់ និង​សម្តេច​ព្រះ​បរមរតនកោដ្ឋ​ សម្តេច​ព្រះបាទ ​នរោត្តម សីហនុ​ ដែល​លោក​ទាំងពីរ​បាន​ដឹកនាំ​ភាគី​ចរចានៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថាបាន​ត្រួសត្រាយ​ផ្លូវ​ដើម្បី​បញ្ចប់​សង្រ្គាម​ស៊ីវិល​ដ៏​យូរ​អង្វែង​នៅ​កម្ពុជា។ អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​និយាយ​ថា ក្រដាសប្រាក់​ថ្មី​ ដែល​បាន​ដាក់​នូវ​លាយល័ក្ខអក្សរ​សំដៅ​ទៅ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស និង​ខួប​រំឭក​ គឺ​មាន​គោលបំណង​ផ្តល់​កិត្តិយស​ដល់​អ្នក​ដែល​ជ្រោមជ្រែង​បង្កើត​កិច្ចព្រមព្រៀង​នេះ​ឡើង។

​​ប៉ុន្តែ​ក្រុម​សង្គម​ស៊ីវិល​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កិច្ចការ​បន្ថែម​ពី​លើ​​​ការ​​ត្រឹម​តែបញ្ចេញ​ជា​និមិត្តរូប និង​ប្រកាន់ខ្ជាប់​ឲ្យ​បាន​ខ្ពស់​ជាង​មុន​ចំពោះ​ការប្តេជ្ញា​លើ​បទដ្ឋាន​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដូច​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង។ សកម្មជន​សិទ្ធិ​មនុស្ស​លោក ស្រ៊ុន ស្រ៊ន និយាយ​ថា លក្ខខណ្ឌ​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​១៩៩១ ដោយ​តំណាង​ពី​ភាគី​ទាំង​បួន និង​រដ្ឋាភិបាល​ប្រទេស​ចំនួន១៨ ផ្សេង​ទៀត គឺ​នៅ​តែ​មាន​ឥទ្ធិពល​​មក​ទល់​​ពេល​បច្ចុប្បន្ន។

លោក​ស្រ៊ន​បាន​លើកឡើង​ពី​លក្ខខណ្ឌ​នយោបាយ​ពេញលេញ​ដើម្បី​បង្កើត​ជា​ប្រព័ន្ធ​ពហុបក្ស​នៃ​នីតិរដ្ឋ ដោយ​មាន​ការ​ការពារ​ពី​សិទ្ធិ​មនុស្ស។ ទោះបីជា​មាន​ចំណាត់ការ​ផ្លូវ​ការ​ដើម្បី​រំឭក​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ ដូចជា ក្រដាសប្រាក់​ថ្មី​ក៏​ដោយ កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ដើម្បី​ប្រយោជន៍​នយោបាយ​កាន់​តែ​ខ្លាំង​ជាង​មុន។ សមាជិក​គណបក្ស​ប្រឆាំង​និយាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច បាន​ខកខាន​នៅ​ក្នុង​ការ​គោរព​តាម​លក្ខខណ្ឌ​តម្រូវ​ឲ្យ​មាន​ការ​ជ្រោមជ្រែង​ការពារ​ ដូចដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង ខណៈ​រដ្ឋាភិបាល​និយាយ​ថា កិច្ចព្រមព្រៀង​នេះ​លែង​មាន​សុពលភាព​ត​ទៅ​ទៀត​ហើយ។ កាល​ពី​ឆ្នាំ​មុន រដ្ឋាភិបាល​បាន​លុបចោល​ការ​ឈប់សម្រាក​ជា​ផ្លូវការ​នៃ​ទិវា​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ហើយ​នៅ​ឆ្នាំ ២០១៧ លោក​ ហ៊ុន សែន​ បាន​ពណ៌នា​កិច្ចព្រមព្រៀង​នេះ​ថា «ដូច​ខ្មោច»។

​សម្រាប់​លោក​ស្រ៊ន កិច្ចព្រមព្រៀង​សន្តិភាព​នេះ​គឺ​នៅ​រស់រវើក​នៅ​ឡើយ។

លោក​បាន​ថ្លែង​ថា៖ «ស្រប​ពេល​ពួកគេ [រដ្ឋាភិបាល​] លុប​ចោល​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ២៣ តុលា​ពី​ប្រតិទិន​ ហើយ​ជំនួស​ដោយ​ក្រដាសប្រាក់​វិញ ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ពិភាក្សា​ពី​កិច្ចព្រមព្រៀង​នេះ​កាន់​តែ​ច្រើន ដោយសារ​យើង​នឹង​ប្រើ​ក្រដាសប្រាក់​នេះ​ប្រចាំ​ថ្ងៃ»។

លោក​ស្រ៊ន​បាន​លើកឡើង​ថា រដ្ឋាភិបាល​បាន​ចាត់ទុក​ក្រុម​អ្នកគាំទ្រ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​នា​ពេលបច្ចុប្បន្ន​ថា​ជាជន​ក្បត់ ដោយ​បាន​សម្តែង​មន្ទិល​ចំពោះ​ការ​​ចាត់​ទុក​ដូច​នេះ​ នៅ​ពេល​មាន​បញ្ចេញ​ក្រដាសប្រាក់​ថ្មី​ដើម្បី​ផ្សព្វផ្សាយ​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​​ប៉ារីស។

លោក​បាន​ចោទសួរ​ថា៖ «តើ​យើង​ជា​ក្រុម​ប្រឆាំង​យ៉ាង​ម៉េច​នៅ​ពេល​កិច្ចព្រមព្រៀង​នេះ​ស្ថិត​នៅ​លើ​ក្រដាសប្រាក់? តើ​ជា​ការ​ខុស​ឬ​ដែល​យើង​គាំទ្រ​កិច្ចព្រមព្រៀង​នេះ?»។

លោក​ស្រ៊ន​បាន​បន្ត​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​មាន​ផ្ទុក​ទៅ​ដោយ​ការ​គំរាមកំហែង និង​ថែមទាំង​ការ​ចាប់​ដាក់​ពន្ធនាគារ ដែល​លោក​បាន​ពណ៌នា​ថា ជា​ការ​បំពាន​នីតិរដ្ឋ​ធ្ងន់ធ្ងរ។

រដ្ឋាភិបាល​នៅ​តែ​ប្រកាន់​ជំហរ​ថា កិច្ចព្រមព្រៀង​សន្តិភាព​នេះ បើ​ទោះ​បី​ជា​មាន​លក្ខណៈ​ប្រវត្តិសាស្រ្ត​និង​មាន​សារសំខាន់​ចំពោះ​ជាតិ​គឺ​ លែង​​មាន​សុពលភាព​ត​ទៅ​ទៀត​ហើយ។

លោក​ ជិន ម៉ាលីន អនុប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​និយាយ​ថា ស្មារតី​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ត្រូវ​បាន​បញ្ចប់​ បន្ទាប់​ពី​ការ​បោះឆ្នោត​ឆ្នាំ ១៩៩៣។ លោក​បាន​បញ្ជាក់​ថា តួនាទី​នៃ​កិច្ចព្រមព្រៀង​នេះ​ក្នុង​បរិបទ​ដឹកនាំ​ប្រទេស​ជា​រដ្ឋ​ប្រជាធិបតេយ្យ​គឺ​ត្រូវ​បាន​ផ្លាស់​ទៅ​ឲ្យ​រដ្ឋធម្មនុញ្ញ​ជំនួស​វិញ។

លោក​បាន​បន្ត​ថា ការ​អនុវត្ត​​តាម​រដ្ឋធម្មនុញ្ញ​គឺ​ជាគោលដៅ​ពិតប្រាកដ​មួយ និង​ថារដ្ឋាភិបាល​បាន​ប្រកាន់ខ្ជាប់​ទៅ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព និង​គោលការណ៍​​ដែល​មាន​ចែង​ក្នុង​នោះ​ផង​ដែរ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​លើកឡើង​ថា ក្រដាសប្រាក់​ថ្មី​បាន​ឆ្លុះបញ្ចាំង​ពី​ប្រវត្តិសាស្រ្ត​ជាតិ​ និង​ជា​ផ្នែក​មួយ​នៃ​ការ​រំឭក​ពី​កិច្ចព្រមព្រៀង​សន្តិភាព។ ក្រដាស​ប្រាក់​ថ្មី ៣០.០០០​រៀល​មាន​រូប​លោក​ ហ៊ុន សែន និង​សម្តេច​ព្រះ​បរមរតនកោដ្ឋ​ ចាប់ដៃ​លើកឡើង​រួម​គ្នា អំឡុងពេល​ពិធី​ស្វាគមន៍​ការ​យាង​និវត្តន៍​របស់​ព្រះអង្គ​មក​កម្ពុជា​វិញ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩៩១ ដោយ​បញ្ចប់​ការ​និរទេស​របស់​ព្រះអង្គ បន្ទាប់​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ត្រូវ​បាន​ចុះ​ហត្ថលេខា។

​លោក​ផៃ ស៊ីផាន ​បាន​បាន​បន្ថែម​ថា លោក​ ហ៊ុន សែន និង សម្តេច​ព្រះបាទ ​នរោត្តម សីហនុ ​​គឺ​ជា​តួអង្គ​ចម្បង​​នៅ​ក្នុង​កិច្ចព្រមព្រៀងសន្តិភាព​នេះ ដែល​មាន​រួម​បញ្ចូល​តំណាង​ពី​ក្រុម​ខ្មែរ​ក្រហម និង​រណសិរ្សជាតិ​រំដោះប្រជាពលរដ្ឋ​ខ្មែរ។

លោក​បាន​ថ្លែង​ថា៖ «វីរជន​ទាំង​ពីររូប​នេះ​គឺ​យើង​ត្រូវ​តែ​គោរព» ដោយ​បន្ថែម​ថា ក្រដាស​ប្រាក់​ថ្មី​នឹង​ជួយ​ឲ្យ​ពលរដ្ឋ​កម្ពុជា​យល់​ពី​ភាព​ជា​អ្នកដឹកនាំ​របស់​លោក​នាយករដ្ឋមន្រ្តី និង​តួនាទី​របស់​លោក​ក្នុង​ដំណើរការ​សន្តិភាព។

ក្រៅ​ពី​ការ​ចេញ​នូវ​ក្រដាសប្រាក់​ថ្មី មេដឹកនាំ​សង្គមស៊ីវិល​និយាយ​ថា កម្ពុជា​ស្ថិត​នៅ​លើ​ផ្លូវ​ដ៏​វែងឆ្ងាយ​ទៅ​មុខ​ទៀត មុន​ពេល​អាច​បំពេញ​តាម​គ្រប់កាតព្វកិច្ច​ ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង។ ​

លោកស្រី ​ចក់ សុភាព នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និយាយ​ថា អង្គការ​របស់​លោកស្រី​បាន​ក្រើន​រំឭក​រដ្ឋាភិបាល​ថា ការ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​មិនត្រឹម​តែ​មាន​ន័យ​ថា ធានា​ថា មិនមាន​សង្រ្គាម ឬ​ជម្លោះ​ប្រដាប់​អាវុធ​ក្នុង​ប្រទេស​​ប៉ុណ្ណោះ​នោះ​ទេ។ លោកស្រី​បាន​បន្ត​ថា លើស​ពី​នេះ​ ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ទាមទារ​ឲ្យ​សង្គម​មួយ​មាន​ការ​គោរព​​ផ្នែក​យុត្តិធម៌​សង្គម សមភាព ការ​គោរព​សិទ្ធិ​មនុស្ស និង​ស្ថាប័នគាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ។

លោកស្រី​បាន​ថ្លែង​ថា៖ «ជា​ពេលវេលា​សំខាន់​ដែល​រដ្ឋាភិបាល​ត្រូវ​ចាត់​ចំណាត់ការ​មុតមាំ​ដើម្បី​កែប្រែ​ស្ថានភាព​សិទ្ធិ​មនុស្ស​ដែល​កំពុង​ចុះ​ដុនដាប និង​ធ្វើ​ឲ្យ​លទ្ធិ​​ប្រជាធិបតេយ្យ​រីកចម្រើន​ស្រប​ទៅ​តាម​ការ​ប្តេជ្ញា​ដែល​បាន​ធ្វើឡើង​កាល​ពី​បី​ទសវត្សរ៍​មុន​នេះ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Government to release banknote with image of Hun Sen, late King to mark 30th anniversary of Paris Peace Agreements

266 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម