តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប) លោក កែវ ឈា បានថ្លែងនៅក្នុងកិច្ចប្រជុំលើកទី៣៦ នៃរដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រថា ថៃបានលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១(MoU 2001) ជាមូលហេតុដែលកម្ពុជាចាំបាច់ជ្រើសរើសយកយន្តការផ្សះផ្សារដោយបង្ខំនៅក្នុងការដោះស្រាយជម្លោះដែនសមុទ្ររវាងកម្ពុជា និងថៃ។
តាមលោក កែវ ឈា MoU 2001 គឺជាឧបករណ៍គតិយុត្តិទ្វេភាគីតែមួយគត់ ដែលត្រូវប្រើជាមូលដ្ឋាននៃការដោះស្រាយតំបន់ត្រួតស៊ីគ្នាលើព្រំដែនសមុទ្រនៃប្រទេសកម្ពុជា និងប្រទេសថៃ។ ការដែលកម្ពុជាបានជ្រើសរើសយកការផ្សះផ្សារដោយបង្ខំ នៅក្នុងដំណោះស្រាយជម្លោះដែនសមុទ្រជាមួយថៃនេះ ត្រូវភាគីថៃលើកឡើងជាបន្តបន្ទាប់ថា កម្ពុជាបានបោះបង់ចោលការចរចាទ្វេភាគី ហើយបែរជាចាប់យកការធ្វើអន្តរជាតិវូបនីយកម្មនៃជម្លោះទ្វេភាគី។
ត្រង់ចំណុចនេះ លោក យោង ចាន់សុភារ ដែលជាតំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំអង្គការសហប្រជាជាតិបានថ្លែងថា ថៃមិនបានធ្វើនូវអ្វី ដូចដែលខ្លួនបានលើកឡើងនោះទេ។ ថៃបានលើកពីលេសរាប់សិប ដើម្បីបដិសេធការស្នើកោះប្រជុំចរចាទ្វេភាគីក្រោមក្របខ័ណ្ឌអនុស្សរណៈនៃការយោគយល់គ្នា។
ផ្ទុយទៅវិញថៃលុបចោលអនុស្សរណៈឆ្នាំ២០០១ ជាឯកតោភាគី ហើយថែមទាំងប្រើកម្លាំងទ័ពរំលោភលើដែនអធិបតេយ្យភាពកម្ពុជាទៀតផង។ តំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំ អ.ស.ប. ដដែល បានបញ្ជាក់បន្ថែមថា ខណៈកម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធីជាមួយប្រទេសជិតខាងទាំងអស់ កម្ពុជាជ្រើសរើស ដំណើរការផ្សះផ្សារដោយបង្ខំនេះ គឺដើម្បីធានាការការពារ និងការគោរព អធិបតេយ្យ និងសិទ្ធិដែនសមុទ្ររបស់កម្ពុជា។
សូមរម្លឹកថា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសតាមកញ្ចក់ទូរទស្សន៍ជាតិ ចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំនៅក្រោមអនុសញ្ញា UNCLOS។ តាមរយៈយន្តការនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា កម្ពុជា និងថៃ នឹងទទួលបាននូវផលប្រយោជន៍ពីដំណោះស្រាយយុត្តិធម៌ និងយូរអង្វែង ដែលព្រមព្រៀងគ្នាក្រោមការណែនាំរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ និងដែលអនុលោកតាមច្បាប់អន្តរជាតិ៕
ប្រភព៖ RFI | ដោយ៖ ញឹម សុផល







