សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ជប៉ុន​ផ្តល់ប្រាក់ជាង​ ១លាន​ដុល្លារដល់​ទីភ្នាក់​ងារ​UN ដើម្បី​ជួយពល​ករ​ និង​ជន​ភៀសសឹក​ខ្មែរ

ជប៉ុន​ផ្តល់ប្រាក់ជាង​ ១លាន​ដុល្លារដល់​ទីភ្នាក់​ងារ​UN ដើម្បី​ជួយពល​ករ​ និង​ជន​ភៀសសឹក​ខ្មែរ
ទិដ្ឋ​ភាពជម្លៀស​របស់​ជន​ភៀស​សឹក​ខ្មែរ​កាល​ពីខែ​ធ្នូ​ ឆ្នាំ២០២៥។ © ឈា​ ប៊ុណ្ណារិទ្ធ/​ RFI

មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) រួម​ជាមួយ​អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងអង្គការសហប្រជាជាតិដើម្បីសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី (UNWomen) បាន​ដាក់​ចេញ​ជា​ផ្លូវ​ការ​នូ​វ​គម្រោង​ជួយ​ទៅ​ដល់​ពលករចំណាក​ស្រុក និងជនភៀសខ្លួន​ដែលរងផលប៉ះពាល់ដោយ​សារ​​ជម្លោះ​ព្រំដែនកម្ពុជា​-ថៃ​។​ ក្នុង​សេចក្តី​ប្រកាស​​ព័ត៌មានដែលចេញផ្សាយ​នៅ​ថ្ងៃទី១៧​មិថុនា​ គម្រោង​ខាង​លើ​នេះ​ជា​ការ​គាំទ្រ​របស់​រដ្ឋាភិ​បាល​ជប៉ុន​ ក្នុងទំហំ​ទឹក​ប្រាក់ប្រមាណ​ ១,៣​លាន​ដុល្លារ​អាមេរិក សម្រាប់រយៈ​ពេល​ ១២​ខែ​​​។​

ជា​គម្រោង​ដែល​បង្កើ​ត​ឡើង​ក្រោយ​​​ទីភ្នាក់​ងារ​អង្គការ​សហប្រជាជាតិទាំង​ ៣​កត់​សម្គាល់​ឃើញ​ថា​ ការ​ផ្លាស់​ប្តូ​រទីលំនៅ​របស់​ពល​រដ្ឋភៀស​សឹក​ បាន​ផ្តល់​បន្ទុកយ៉ាង​​ធ្ងន់ធ្ងរ​ដល់​សេវា​សាធារណៈ​ រចនាសម្ព័ន្ធសហ​គមន៍​ ការ​​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ដែន​ ពិសេស​​ចំណូល​សម្រាប់​ទ្រទ្រង់​ជីវិត​។​ តាម​សេចក្តីប្រកាស​ព័ត៌មាន​ គម្រោងនេះត្រូវបាន​​បង្កើត​ឡើងក្នុងគោលដៅ​​លើក​កម្ពស់សិទ្ធិ​ និង​សេចក្តី​ថ្លៃ​ថ្នូ​រ​របស់ពល​ករ​ចំណាកស្រុក​ដែលវិល​​ត្រឡប់​មក​ប្រទេស​កំណើតវិញ​។​ គម្រោង​នេះ​ទៀត​សោត​ ក៏ផ្តោត​ពិសេស​លើ​ស្រ្តី​ និង​កុមារដែលរង​គ្រោះ​ផ្នែក​សេដ្ឋ​កិច្ច​-សង្គម​ កង្វះ​ការការពារ​ និង​ការ​កេញ​ប្រវ័ញ្ច​ជា​ដើម​។

តាម​រយៈគម្រោង​ខាង​លើ​ អង្គការ​ UNFPA នឹង​ផ្តល់​ការ​​គាំ​ទ្រ​សុខ​ភាព​ និង​អនាម័យ​ដល់​ស្ត្រី​ និង​ក្មេង​ស្រី​​ ដោយ​ក្នុង​នោះ​ ការផ្តល់សម្ភារៈអនាម័យ​ចំនួន​ ៥០០០កញ្ចប់ និង​បរិក្ខារសម្រាល​សម្រាប់​ស្ត្រីមាន​ផ្ទៃពោះ​ តាម​​ខេត្ត​​គោល​ដៅជាប់​ព្រំ​ដែន​ខ្មែរ​-ថៃ។ ចំណែ​ក ​​អង្គការ IOM នឹង​ផ្តោត​លើ​ការ​ជួយ​ទៅ​ដល់​ពល​ករចំណាក​ស្រុក ពិសេស​ស្ត្រី​ដែល​វិល​មក​កម្ពុជា​វិញ តាម​រយៈ​ការ​លើក​កម្ពស់​កា​រ​យល់​ដឹង​ ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ការ​គាំទ្រ​សហ​គ្រាស​ធុន​តូច​ និង​មធ្យម​ (SME) និងការ​ការពារ​សិទ្ធិ​ជាមូល​ដ្ឋាន​ដល់​ពលករ​ដែល​រងគ្រោះ​ពីការ​ជួញ​ដូរ។​ ដោយឡែក​ អង្គការ​ UNWomen នឹង​ដឹកនាំ​ការ​ស្តា​រ​ឡើង​វិញផ្នែក​យេន​ឌ័រ​របស់ស្ត្រី​ និង​ក្មេង​ស្រី​ ទាំង​ពល​ករ និង​ទាំង​អ្នក​ភៀសសឹក។​

សូម​រំ​ឭក​​ថា​ ក្នុង​ជម្លោះតាម​ព្រំ​ដែនរវាង​កម្ពុជា​និង​ថៃ​ ពល​រដ្ឋ​ខ្មែរ​យ៉ាង​តិច​ ៥០​ម៉ឺន​នាក់បាន​រត់​ភៀស​ខ្លួន​ពី​លំនៅ​ដ្ឋាន​។ ​ ក្នុងបទសម្ភាសផ្តាច់មុខជាមួយ Nikkei Asia កា​លពីពេ​ល​ថ្មី​ៗ លោក​ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពលករខ្មែរប្រមាណ ១លាននាក់ បានត្រឡប់មកកម្ពុជាវិញ ក្នុងនោះប្រហែល ៦៥% មានការងារធ្វើឡើងវិញ ខណៈរដ្ឋាភិបាលកំពុងបន្តស្វែងរកការងារសម្រាប់អ្នកដែលនៅសេសសល់៕

ប្រភព៖ RFI | ដោយ៖ សើ ដាវី