អាជ្ញាធរជាតិអប្សរា សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប អាជ្ញាធរមូលដ្ឋាន និងប៉ូលិសការពារបេតិកភណ្ឌ បានជួបពិភាក្សាជាមួយអាជីវករជួលសម្លៀកបំពាក់បុរាណនៅមុខប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីណែនាំអំពីការប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរឱ្យបានត្រឹមត្រូវ។ នេះបើតាមព័ត៌មានលើទំព័រហ្វសប៊ុករបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។
គោលបំណងនៃជំនួបនេះ គឺដើម្បីណែនាំដល់អាជីវករឲ្យយល់ដឹងពីរចនាបថ និងក្បួនខ្នាតសម្លៀកបំពាក់បុរាណខ្មែរ ព្រមទាំងជៀសវាងការប្រើប្រាស់សម្លៀកបំពាក់ ឬគ្រឿងតុបតែងដែលមិនមែនជាប្រពៃណីខ្មែរ បម្រើឱ្យវប្បធម៌បរទេស និងអាចប៉ះពាល់ដល់អត្តសញ្ញាណវប្បធម៌ជាតិ។
លោក ចាន់ សោភ័ន មន្ត្រីជំនាញផ្នែកសិល្បៈបុរាណខ្មែរ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានឱ្យដឹងថា បច្ចុប្បន្នសម្លៀកបំពាក់បុរាណប្រហែល ៧០% ដែលអាជីវករជួលនៅមុខប្រាសាទអង្គរវត្ត មានការកែច្នៃខុសពីទម្រង់ដើម។ តាមលោក ចាន់ សោភ័ន បញ្ហាសំខាន់មួយគឺការប្រើកំណាត់ និងគ្រឿងអលង្ការនាំចូលពីប្រទេសថៃ មិនស្របតាមប្រពៃណីខ្មែរ។
សកម្មភាពដែលប្រាសចាកពីអត្តសញ្ញាណជាតិ និងវប្បធម៌របស់ខ្មែរខាងលើនេះត្រូវបាន លោក ចាន់ សោភ័ន ចាត់ទុកជាការបម្រើឲ្យវប្បធម៌បរទេស។ មន្រ្តីជំនាញរូបនេះដដែលពន្យល់ថា សម្លៀកបំពាក់បុរាណខ្មែរមានក្បួនខ្នាត និងការបែងចែកច្បាស់លាស់ទៅតាមឋានៈសង្គម។ ជាក់ស្តែង សម្លៀកបំពាក់ធ្វើពីសូត្រ ត្រូវបានប្រើដោយព្រះមហាក្សត្រ និងម្ចាស់ក្សត្រី ខណៈកំណាត់ផ្សេងៗត្រូវបានប្រើប្រាស់ទៅតាមឋានៈរបស់អ្នកមាន និងប្រជាពលរដ្ឋទូទៅ។ ដូច្នេះ ការកែច្នៃ ឬលាយបញ្ចូលសម្ភារៈបរទេសអាចធ្វើឱ្យបាត់បង់អត្តសញ្ញាណដើមនៃវប្បធម៌ខ្មែរ។ នេះបើតាមលោក ចាន់ សោភ័ន ដដែល ដោយបានលើកទឹកចិត្តឲ្យអាជីវករងាកមកប្រើហូល សូត្រ ល្បើក និងគ្រឿងអលង្ការផលិតដោយជាងខ្មែរ ដើម្បីជួយលើកកម្ពស់សិប្បកម្មក្នុងស្រុក និងថែរក្សាបេតិកភណ្ឌវប្បធម៌ជាតិឲ្យគង់វង្ស។
ដោយឡែក លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ការប្រើប្រាស់សម្លៀកបំពាក់បុរាណដែលមិនត្រឹមត្រូវ បានរងការរិះគន់ជាបន្តបន្ទាប់ និងប៉ះពាល់ដល់តម្លៃវប្បធម៌ខ្មែរ។ លោក ទេស សុធីរ អំពាវនាវឲ្យអាជីវករកាត់បន្ថយ និងឈានទៅបញ្ឈប់ការប្រើកំណាត់នាំចូលពីបរទេស ជាពិសេសកំណាត់ដែលនាំចូលពីប្រទេសថៃ។
គួរបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាក៏បានកំណត់ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ តទៅ ភ្ញៀវដែលស្លៀកសម្លៀកបំពាក់បុរាណកែច្នៃខុសពីទម្រង់ដើម ឬមិនស្របតាមក្បួនខ្នាតខ្មែរ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលទស្សនាតំបន់អង្គរនោះឡើយ។ ចំណែកការប្រើប្រាស់កំណាត់នាំចូលពីប្រទេសថៃក្នុងសេវាជួលឈុតបុរាណ នឹងត្រូវបញ្ឈប់ទាំងស្រុងនៅត្រឹមខែមករា ឆ្នាំ២០២៧៕
ប្រភព៖ RFI | ដោយ៖ ស៊ឹម ចាន់សំណាង







