រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានចេញមុខតវ៉ាជាថ្មី ចំពោះសកម្មភាពរបស់យោធាថៃដែលបានរំគិលព្រំដែនខិតចូលទឹកដីកម្ពុជា ក្នុងភូមិសាស្ត្រស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ចាប់តាំងពីដើមខែមិថុនា មកទល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ កងទ័ពថៃបានកាប់ឆ្ការព្រៃ និងបន្តរុលចូលទឹកដីកម្ពុជា តាមរយៈការរាយបន្លាលួសនៅតំបន់បង្គោលព្រំដែនលេខ ២៦។
ក្រសួងការបរទេសកម្ពុជាបានប្រកាសជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតចំពោះខ្សែបន្ទាត់ព្រំដែនដែលថៃទាមទារជាឯកតោភាគី។ បើតាមសេចក្តីប្រកាសដដែល យោធាថៃបានបំពានកិច្ចព្រមព្រៀងជាមួយកម្ពុជា។ ក្នុងនោះមានជាអាថ៌ មាត្រា ៥ នៃអនុស្សរណៈឆ្នាំ២០០០ ដែលមានចែងពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក និងចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆនាំ២០២៥ ស្តីពីព្រមព្រៀងឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)បន្តវាស់វែង និងបោះបង្គោលព្រំដែន ដោយយោងលើកិច្ចព្រមព្រៀងដែលមានស្រាប់។
ជាថ្មីម្តងទៀត កម្ពុជា តាមរយៈក្រសួងការបរទេស បានទាមទារឱ្យថៃបញ្ឈប់អរិភាព និងគោរពនូវរាល់ការប្តេជ្ញារួមគ្នាដើម្បីបន្ធូរបន្ថយការតានតឹង និងដោះស្រាយជម្លោះដោយសន្តិវិធី។ ប៉ុន្តែការទាមទាររបស់ភាគីកម្ពុជាហាក់មិនបានធ្វើឱ្យភាគីជម្លោះបញ្ឈប់សកម្មភាពឈ្លានពានរបស់ខ្លួនឡើយ។
ជាក់ស្តែង យោធាថៃនៅតែបន្តកាន់កាប់ទីតាំងមួយចំនួនរបស់កម្ពុជា និងបានសាងសង់របងពុះចែកព្រំដែនជាឯកតោភាគី។ គួរជ្រាបថា ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥មក កម្ពុជាបានដាក់កំណត់ទូតតវ៉ាជាផ្លូវការចំនូន ៤២លើកជុំវិញការឈ្លានពានរបស់ថៃលើដែនដីកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗ និងថា កម្ពុជាបានផ្ញើកំណត់ទូតចំនួន ៩លើក ទៅកាន់ភាគីថៃ ដោយស្នើរៀបចំកិច្ចប្រជុំ JBC និងចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តការងារជាក់ស្តែង។
សូមរំឭកថា ក្រសួងការបរទេសកម្ពុជាធ្លាប់បានជំទាស់ជាច្រើនលើកប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ទឹកដីកម្ពុជា និងបានចោទថៃថា បានរំលោភផែនទីមាត្រដ្ឋាន ១:២០០.០០០ របស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ស្របតាមអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧។ តែថៃបានប្រើប្រាស់ ផែនទីខ្នាត ១/៥០,០០០ គូសដោយឯកតោភាគី ដើម្បីឈ្លានពានទឹកដីកម្ពុជា៕
ប្រភព៖ RFI | ដោយ៖ សើ ដាវី






