រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានតវ៉ាជំទាស់យ៉ាងខ្លាំងចំពោះសកម្មភាពរំលោភបំពានរបស់ថៃ ក្រោយក្រុមការងារវាស់វែងដីធ្លីរបស់ថៃបានចុះវាស់វែងដីធ្លី និងដាក់បង្គោលព្រំដីនៅចន្លោះថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ក្រុមការងារវាស់វែងដីធ្លីថៃមួយក្រុម រួមជាមួយពលរដ្ឋថៃចំនួន ២៥នាក់ និងមានរថយន្តចំនួន៩គ្រឿង បានបោះបង្គោលព្រំដីនៅចន្លោះបង្គោលព្រំដែនលេខ៤៦ និងលេខ៤៧ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យរបស់កម្ពុជា។
ចំពោះក្រសួងការបរទេសកម្ពុជា សកម្មភាពរបស់ភាគីថៃពេលនេះបានរំលោភបំពានយ៉ាងច្បាស់លើលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងថៃដែលរួមមាន អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ (MOU2000) ស្តីពីការស្ទង់វាស់ និងបោះបង្គោលព្រំដែនដីគោក ឯកសារបែបបទបច្ចេកទេសឆ្នាំ២០០៣ និងកំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការព្រំដែនរួម (JBC) កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃ។ ទន្ទឹមគ្នានេះ និងបើតាមក្រសួងការបរទេសកម្ពុជាដដែល សកម្មភាពរបស់ភាគីថៃនេះ ក៏ផ្ទុយពីការព្រមព្រៀងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ដែលប្រទេសទាំងពីរបានព្រមព្រៀងឱ្យបញ្ហាព្រំដែនត្រូវដោះស្រាយតាមរយៈ JBC និងតាមកិច្ចព្រមព្រៀងដែលមានស្រាប់។
រដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលខ្លួនចាត់ទុកថាមិនស្របច្បាប់ និងសកម្មភាពជាឯកតោភាគីបន្ថែមទៀត ដើម្បីបន្ថយភាពតានតឹង បង្កើនទំនុកចិត្ត និងរក្សាសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែននៃប្រទេសទាំង២។ ជាថ្មីម្តងទៀត ក្រសួងការបរទេសកម្ពុជាក៏បានបញ្ជាក់ពីជំហររបស់កម្ពុជាដែលមិនទទួលស្គាល់ដាច់ខាតចំពោះខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីរបស់ថៃ និងថា សកម្មភាពរបស់ភាគីថៃថ្មីៗនេះ នឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងខ្សែបន្ទាត់ព្រំដែនអន្តរជាតិដែរ។
ជាមួយគ្នានេះ កម្ពុជាបានបញ្ជាក់ជាថ្មីថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងឡើយ ហើយកម្ពុជានឹងបន្តដោះស្រាយបញ្ហាព្រំដែនជាមួយថៃ និងប្រទេសជិតខាងផ្សេងទៀតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ គួរបញ្ជាក់ថា គិតចាប់តាំងពីបទឈប់បាញ់លើកទី១ បានចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជា តាមរយៈគណៈកម្មការ JBC បានដាក់លិខិតតវ៉ា ៤២លើកហើយ ដើម្បីប្រឆាំងការរំលោភបំពានរបស់ថៃ ដោយបានទទូចឲ្យថៃរៀបចំតែងតាំងប្រធាន JBC និងជំរុញឲ្យវាស់វែងខណ្ឌសីមាព្រំដែនគោកឲ្យបានឆាប់។ ការតវ៉ាជាផ្លូវការនេះមានសារៈសំខាន់ចាំបាច់សម្រាប់កម្ពុជា ដើម្បីបញ្ជាក់ជំហរមិនយល់ព្រមជាដាច់ខាតចំពោះការរំលោភបំពានរបស់ភាគីថៃមកលើបូរណភាពទឹកដីខ្លួន៕
ប្រភព៖ RFI | ដោយ៖ ស៊ឹម ចាន់សំណាង






