សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សកម្មជនការពារព្រៃឈើស្នើឱ្យក្រសួងចាត់វិធានការលើបទល្មើសព្រៃឈើនៅព្រៃឡង់

សកម្មជនការពារព្រៃឈើស្នើឱ្យក្រសួងចាត់វិធានការលើបទល្មើសព្រៃឈើនៅព្រៃឡង់
ស្ថាន​ភាពព្រៃ​ឡង់ © Facebook

ថ្មីៗនេះ សកម្មជនការពារព្រៃឈើម្នាក់គឺលោក ម៉ា ចិត្រា បានស្នើឱ្យក្រសួងបរិស្ថានចាត់វិធានការចំពោះមន្ត្រីដែលបើកដៃឱ្យមានបទល្មើសទន្រ្ទាន និងកាប់ឆ្ការព្រៃឡង់ក្នុងភូមិសាស្រ្តស្រុកជ័យសែន ខេត្តព្រះវិហារ។ វីដេអូដែលលោក ម៉ា ចិត្រាបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកក្នុងថ្ងៃទី២៨ មិថុនាបានបង្ហាញថា ដីព្រៃមួយផ្នែកក្នុងដែនជម្រកការពារសត្វព្រៃព្រៃឡង់ត្រូវបានកាប់ឆ្ការដើម្បីយកដីដាំដំណាំស្វាយចន្ទី។ សកម្មជនរូបនេះដដែលបានទាមទារឱ្យរដ្ឋមន្ត្រីក្រសួងបរិស្ថានដកតំណែងមន្ត្រីដែលកាន់តួនាទីនៅទីនោះ ពិសេសត្រូវមានវិធានការទប់ស្កាត់ការបំផ្លិចបំផ្លាញតំបន់ការពារធម្មជាតិ។

ការទាមទារបែបនេះដោយលោក ម៉ា ចិត្រា មើលឃើញថា ការកាប់បំផ្លាញព្រៃឈើនៅតែមាន ប្រសិនបើក្រសួងគ្មានចំណាត់ការ និងថា ការបើកដៃឱ្យមានការកាប់ឆ្ការព្រៃធម្មជាតិធ្វើជាដីកសិកម្មនឹងបង្កើតឲ្យមានទំនាស់ផលប្រយោជន៍រវាងពលរដ្ឋ។

ក្រសួងបរិស្ថានតាមរយៈអ្នកនាំពាក្យ លោក ខ្វៃ អាទិត្យា បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៩ មិថុនានេះ ថា ក្រសួងបានដឹងឮករណីខាងលើ និងថា ស្ថាប័នមានសមត្ថកិច្ចមួយនេះកំពុងពិនិត្យស្រាវជ្រាវ ផ្ទៀងផ្ទាត់ព័ត៌មាន មុននឹងឈានទៅចាត់វិធានការ។ តែលោក ខ្វៃ អាទិត្យានៅមិនទាន់បានបញ្ជាក់លំអិតពីចំណាត់ការបែបណាដែលក្រសួងត្រៀមនឹងធ្វើនោះទេ។

សូមបញ្ជាក់ជូនថា ព្រៃឡង់ត្រូវបានរដ្ឋាភិបាលកម្ពុជាដាក់ចូលជាដែនជម្រកសត្វព្រៃនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។ រដ្ឋាភិបាលកម្ពុជាបានកែប្រែ ដោយបង្កើនផ្ទៃដីដែនជម្រកសត្វព្រៃព្រៃឡង់ពីទំហំជាង ៤៣ម៉ឺនហិចតាទៅជាង ៤៨ម៉ឺនហិចតា ។

ផ្ទៃដីទាំងនោះស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ កំពង់ធំ ស្ទឹងត្រែង និងព្រះវិហារ។ កម្មវត្ថុ គឺដើម្បីថែរក្សាជម្រកសត្វព្រៃ ប្រព័ន្ធអេកូឡូស៊ី រក្សាលំនឹងបរិស្ថាន គាំទ្រ​សហគមន៍មូលដ្ឋាន ពិសេសបើកផ្លូវឱ្យពលរដ្ឋរួមគ្នាការពារ និងអភិរក្សជីវៈចម្រុះ។ កាលពីឆ្នាំ ២០២១ ដែនជម្រកសត្វព្រៃព្រៃឡង់បានបាត់បង់គម្របព្រៃឈើជាង ១១ ១០០ហិចតា។

បើគិតចាប់តាំងពីឆ្នាំ២០០០ មក គម្របព្រៃឈើក្នុងដែនជម្រកធម្មជាតិមួយនេះបានបាត់បង់ចំនួន ៦៧ ៤០០ហិកតា ឬស្មើនិង ១៦% នៃគម្របព្រៃឈើសរុបរបស់ព្រៃឡង់។ នេះបើតាមរបាយការណ៍របស់បណ្ដាញសហគមន៍ព្រៃឡង់កាលពីឆ្នាំ២០២២ និងថា ឆ្នាំ២០២១ ជាឆ្នាំដែលមានការបាត់បង់គម្របព្រៃឈើច្រើនបំផុតមិនធ្លាប់មាននៅកម្ពុជា៕

ប្រភព៖ RFI | ដោយ៖ សើ ដាវី