ទីផ្សារគ្រឿងញៀននៅកម្ពុជាបានកាត់បន្ថយដោយសារពលរដ្ឋ ពិសេសយុវជនចាប់ផ្តើមយល់ដឹងជ្រៅជ្រះអំពីវិនាសកម្មរបស់វា។ នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុងសារលិខិតមួយនាទិវាអន្តរជាតិប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។ ជាការអះអាងដោយសំអាងលើរបាយការណ៍កាលពីឆ្នាំ២០២៥កន្លងទៅដែលថា គ្រឿងញៀនដែលបានចរាចរ និងលក់ដូរនៅក្នុងប្រទេសកម្ពុជាមានតែចន្លោះពី ១៥% ទៅ ២០% តែប៉ុណ្ណោះ។ ចំណែកជាង ៨០% ទៀតជាគ្រឿងញៀនដែលរត់ឆ្លងកាត់កម្ពុជា ក្នុងគោលដៅបញ្ជូនទៅប្រទេសទី ៣។
ទោះបីជាតួលេខបង្ហាញថា ទីផ្សារគ្រឿងញៀននៅកម្ពុជាហាក់ធ្លាក់ចុះយ៉ាងណាក្តី ក៏ប៉ុន្តែលោក ហ៊ុន ម៉ាណែត ថា បទឧក្រិដ្ឋពាក់ព័ន្ធទៅនឹងការជួញដូរគ្រឿងញៀននៅតែកើតមានក្នុងសកលលោក និងមិនទាន់មានសញ្ញាថមថយនៅឡើយ។ មិនថមថយព្រោះថា ពិភពលោកកំពុងវឹកវរជាមួយភាពអសន្តិសុខ បញ្ហាភូមិសាស្រ្តនយោបាយសង្គ្រាមពាណិជ្ជកម្ម ជម្លោះប្រដាប់អាវុធ ក៏ដូចជាការវិវត្តយ៉ាងរហ័សរបស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលអាចជះឥទ្ធិពលលើប្រទេសកម្ពុជា។ នេះបើតាមសារលិខិតដដែល។
ក្នុងន័យនេះ លោក ហ៊ុន ម៉ាណែត បានប្រាប់ជាថ្មីដល់មន្ត្រីក្រោមឱវាទឱ្យចូលរួមលុបបំបាត់ទាំងស្រុងនូវការជួញដូ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន មិនថាចំពោះពលរដ្ឋ ឬក៏មន្ត្រីរាជការស៊ីវិល និងកងប្រដាប់អាវុធ។ នាយករដ្ឋមន្ត្រីដដែលរូបនេះបានក្រើនរំឮកជាថ្មីដល់យុវជនជៀសឱ្យឆ្ងាយពីការសេពគ្រឿងញៀន និងបានលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជន អង្គការ និងសមាគមអន្តរជាតិបន្តគាំទ្រការអប់រំជុំវិញបញ្ហាគ្រឿងញៀន។
សូមរំឭកថា សមត្ថកិច្ចកម្ពុជាបានបង្ក្រាបបទល្មើសសរុប ១០ ៧៤៣ករណី និងចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនសរុបជិត ២៨ ០០០នាក់ កាលពីឆ្នាំ២០២៥កន្លងទៅ។ ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនដដែលនេះ សមត្ថកិច្ចបានដកហូតគ្រឿងញៀន និងសារធាតុផ្សំគ្រឿងញៀនសរុបប្រមាណជាង ៤៨ ០០០គីឡូក្រាម និងបិទទីតាំងអាជីវកម្មចំនួន ១២កន្លែង។ មានមន្ត្រីក្នុងជួររដ្ឋាភិបាលកម្ពុជាយ៉ាងតិច ១០០នាក់ត្រូវបានបណ្តេញចេញពីក្របខណ្ឌ ក្រោយតេស្តឃើញមានផ្ទុកសារធាតុញៀន។ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ថា ប្រសិនបើរដ្ឋាភិបាលចង់អនុវត្តយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មគ្រឿងញៀនមានប្រសិទ្ធភាព សមត្ថកិច្ចត្រូវតែចុះអនុវត្តសកម្មភាពជាប្រចាំ និងត្រូវដាក់ទោសមេខ្លោងគ្រឿងញៀនដោយគ្មានការលើកលែង៕
ប្រភព៖ RFI | ដោយ៖ សើ ដាវី






