សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ជប៉ុនចាប់ខ្លួនមនុស្ស ៣នាក់ពាក់ព័ន្ធបទល្មើសជួញដូរសរីរាង្គនៅប្រទេសកម្ពុជា

ជប៉ុនចាប់ខ្លួនមនុស្ស ៣នាក់ពាក់ព័ន្ធបទល្មើសជួញដូរសរីរាង្គនៅប្រទេសកម្ពុជា
រូបតំណាង © The Japan Times

យោងតាមអត្ថបទចុះផ្សាយដោយកាសែតជប៉ុន The Asahi Shimbun នៅថ្ងៃពុធទី៨ ខែកក្កដា មន្ទីរពេទ្យព្រះកេតុមាលា ឬស្គាល់ជាទូទៅថា មន្ទីរពេទ្យទាហាននៅទីក្រុងភ្នំពេញបានទទួលវះកាត់ប្តូរក្រលៀនឱ្យអ្នកជំងឺជប៉ុនម្នាក់ក្នុងតម្លៃជាង ១៥ម៉ឺនដុល្លារ។ ការវះកាត់ប្តូរក្រលៀននោះធ្វើឡើងដោយក្រុមគ្រូពេទ្យជនជាតិចិន ហើយត្រូវគេសង្ស័យថា ទទួលបានសរីរាង្គពីស្ត្រីខ្មែរម្នាក់។

ករណីនេះបានបែកលេចធ្លាយជាសាធារណៈ បន្ទាប់ពីប៉ូលិសជប៉ុនបានចាប់ខ្លួនជនសង្ស័យ ៣នាក់ ដោយ ១នាក់ជាអ្នកគ្រប់គ្រង និង​២នាក់​ទៀតជាសមាជិកនៃការិយាល័យប្រឹក្សាវេជ្ជសាស្ត្រអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ជនសង្ស័យទាំង ៣នាក់នេះត្រូវប៉ូលិសជប៉ុនចោទប្រកាន់ថា បានគប់គិតគ្នាបញ្ចុះបញ្ចូលអ្នកជំងឺជប៉ុនខាងលើដែលត្រូវការផ្លាស់ប្តូរក្រលៀន ឱ្យទទួលសេវាប្រឹក្សា និងរៀបចំឯកសារវះកាត់ប្តូរក្រលៀននៅកម្ពុជា។

បើតាមកាសែតជប៉ុន The Asahi Shimbunដដែល អ្នកជំងឺជប៉ុននោះបានធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីវះកាត់ប្តូរក្រលៀននៅមន្ទីរពេទ្យព្រះកេតុមាលាក្នុងអំឡុងខែមករា ឆ្នាំ២០២៦។ ក្រុមស៊ើបអង្កេតកំពុងបន្តតាមដានករណីរៀបចំការវះកាត់ប្តូរសរីរាង្គនេះ បន្ទាប់​ពីទទួលដំណឹងថា មានអ្នកជំងឺជាច្រើនផ្សេងទៀតកំពុងរង់ចាំការវះកាត់ប្តូរសរីរាង្គនៅកម្ពុជា។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី បានបញ្ជាក់យ៉ាងខ្លីប្រាប់វិទ្យុបារាំងអន្តរជាតិ Rfi នៅថ្ងៃទី៩ ខែកក្កដានេះ ថា ក្រសួងសុខាភិបាលនឹងបន្តតាមដានសំណុំរឿងជួញដូរសរីរាង្គនេះដោយយកចិត្តទុកដាក់។

យោងតាមអត្ថបទចុះផ្សាយរបស់កាសែតជប៉ុន គិតត្រឹមចុងឆ្នាំ២០២៥ អ្នកជំងឺប្រមាណ ១៧ ០០០នាក់ ក្នុងប្រទេសជប៉ុនកំពុងរង់ចាំការវះកាត់ប្តូរសរីរាង្គ។ ក្នុងនោះអ្នកជំងឺ ១៥ ០៤៣ នាក់ រង់ចាំប្តូរក្រលៀន អ្នកជំងឺ ៧៩៤នាក់រង់ចាំការវះកាត់ប្តូរបេះដូង និងអ្នកជំងឺ ៥៩៩នាក់ផ្សេង​ទៀតរង់ចាំការប្តូរថ្លើម។ ក្នុងឆ្នាំ២០២៥ដដែល នៅប្រទេសជប៉ុនមានអ្នកបរិច្ចាគសរីរាង្គដែលជាអ្នកស្លាប់ដោយសារគាំងបេះដូង និងប្រព័ន្ធខួរក្បាលឈប់ដំណើរការត្រឹមតែ១៥៨នាក់ប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យអ្នកជំងឺជាច្រើនត្រូវសម្រេចចិត្តស្វែងរកការវះកាត់ប្តូរសរីរាង្គនៅក្រៅប្រទេស៕

ប្រភព៖ RFI | ដោយ៖ សាំ ឧត្តម