សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កងកម្លាំងខេត្តកំពង់ធំដកហូតដីព្រៃជាង ៤៣០០ហិកតាពីជនល្មើស ក្នុងរយៈពេល២ឆ្នាំ

កងកម្លាំងខេត្តកំពង់ធំដកហូតដីព្រៃជាង ៤៣០០ហិកតាពីជនល្មើស ក្នុងរយៈពេល២ឆ្នាំ
កងកម្លាំងខេត្តកំពង់ធំដកហូតដីព្រៃ ជាង ៤៣០០ហិកតាពីជនល្មើស ក្នុងរយៈពេល ២ឆ្នាំ © Royal Cambodian Army

នៅក្នុងបទអន្តរាគមន៍ស្ដីពីលទ្ធផលការងារបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ លោក សោម ស៊ុន បានបញ្ជាក់ថា បច្ចុប្បន្ននេះ កងកម្លាំងចម្រុះកំពុងគ្រប់គ្រងការពារដីដែលត្រូវបានដកហូតទុកជាសម្បត្តិរបស់រដ្ឋ។

ដោយឡែក លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានប្រកាសដាក់បទបញ្ជាដល់មន្រ្តីក្រោមឱវាទក្នុងស្រុកក្រុងទាំង ៦ ត្រូវគ្រប់គ្រងឱ្យបាននូវទំហំដី នៅក្នុងតំបន់៣ និងត្រូវការពារទប់ស្កាត់ បង្ក្រាបឱ្យបាននូវបទល្មើសព្រៃឈើ និងការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

ជុំវិញបញ្ហានេះដែរ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានបញ្ហាបទល្មើសធនធានធម្មជាតិបានប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះថា វាមិនមែនជារឿងងាយស្រួល នៅក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ។ មិនងាយស្រួល ព្រោះតែជនល្មើសភាគច្រើន ជាអ្នកមានលទ្ធភាព ប្រើប្រាស់គ្រឿងចក្រឈូសឆាយ ធំៗទៅរានយកដីព្រៃ។ អំពើពុករលួយ នៅតែជាបញ្ហាចម្បងដែលបង្កឧបសគ្គដល់ការដោះស្រាយបង្រ្កាបបទល្មើសព្រៃឈើ។ ចំពោះលោក សុខ ទូច មានការតែអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ទេ ទើបអាចដោះស្រាយបញ្ហាព្រៃឈើបាន។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦ ការបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅទូទាំងប្រទេសមានសរុបចំនួន ៩៦៧ ករណី។ ក្នុងនោះមាន បទល្មើសព្រៃឈើ ៣១៨ករណី បទល្មើសឈូសរានដីព្រៃ ចំនួន២៦២ករណី បរបាញ់សត្វព្រៃ ២៤២ករណី បទល្មើសនេសាទ ១៣២ករណី និងធនធានរ៉ែ ១២ករណី។ បើតាមរបាយការណ៍របស់ក្រសួងបរិស្ថានដដែល តួលេខនេះថយចុះ ១៩ ករណី បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥៕

ប្រភព៖ RFI | ដោយ៖ សាំ ឧត្តម