អង្គការ Save the Children បានផ្តួចផ្តើមគំនិតកម្រិតថ្នាក់តំបន់មួយនៅអាស៊ីអាគ្នេយ៍ដើម្បីជួយកុមារពីហានិភ័យនៃការប្រែប្រួលអាកាសធាតុ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនាថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៦ គំនិតផ្តួចផ្តើមនេះនឹងគ្របដណ្តប់លើប្រទេសចំនួន ៤ រួមមានកម្ពុជា ថៃ ឡាវ និងវៀតណាមក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុបក្នុងទំហំទឹកប្រាក់ចំនួន ៤,៥ លានអឺរ៉ូ ឬស្មើប្រមាណជាង ៥លានដុល្លារអាមេរិក។ បើតាមអង្គការ Save the Children គំនិតផ្តួចផ្តើមនេះមានវិសាលភាពចំនួន ២ឆ្នាំដែលសហការជាមួយដៃគូ និងរដ្ឋាភិបាលរបស់ប្រទេសទាំង ៤ ដើម្បីជួយដល់ខេត្ត ស្រុក និងសហគមន៍ជិត ១០០កន្លែង។
អង្គការ Save the Children ធានាថា មានមនុស្សយ៉ាងតិច ២៧ម៉ឺននាក់នឹងទទួលបានការ គាំពារដោយផ្ទាល់ពីគ្រោះមហន្តរាយធម្មជាតិ ដូចយ៉ាងគ្រោះទឹកជំនន់ ខ្យល់ព្យុះ និងគ្រោះរាំងស្ងួត តាមរយៈការតភ្ជាប់ប្រព័ន្ធប្រកាសអាសន្នរួម។ អង្គការការពារកុមារដដែលនេះសង្កេតឃើញថា ការប្រែប្រួលអាកាសធាតុជាញឹកញាប់បានធ្វើឱ្យកុមាររាប់សែននាក់រងគ្រោះយ៉ាងធ្ងន់ធ្ងរ ខណៈបាតុភូតអែលនីញ៉ូ និងកំណើនកម្តៅផែនដីនឹងបង្កឱ្យមានគ្រោះរាំងស្ងួត និងទឹកជំនន់នៅទូទាំងតំបន់។ ក្នុងន័យនេះ Save the Children ថា ការបំពាក់ប្រព័ន្ធប្រកាសអាសន្នជាមុនគឺជារឿងសំខាន់ដែលអនុញ្ញាតឱ្យមនុស្សអាចត្រៀមខ្លួន និងសង្គ្រោះជីវិតបានភ្លាមៗ។
គួរជម្រាបជូនថា ក្រោមគំនិតផ្តួចផ្តើមក្នុងកម្រិតថ្នាក់តំបន់ថ្មីមួយនេះ កម្ពុជានឹងទទួលបានថវិកាជាង ៦២ម៉ឺនអឺរ៉ូ ឬជាង ៧០ម៉ឺនដុល្លារសម្រាប់ការបង្ហាត់បង្រៀនជំនាញ និងចំណេះដឹងក្នុងការប្រើប្រាស់ប្រព័ន្ធព្រមានជាមុនសម្រាប់ពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម។ នេះបើតាមសហភាពអឺរ៉ុបប្រចាំកម្ពុជា។ លោក Arshad Malik នាយកប្រចាំតំបន់អាស៊ីរបស់អង្គការ Save the Children អះអាងថា គ្រោះធម្មជាតិមិនស្គាល់ព្រំដែនទេ និងមានជំនឿថា គំនិតផ្តួចផ្តើមនេះនឹងបានទៅដល់ក្រុមមនុស្ស ពិសេសកុមារដែលងាយរងគ្រោះបំផុត ខណៈសហគមន៍មូលដ្ឋានអាចមានលទ្ធភាពដឹងពីកម្រិតអាសន្នជាមុន។ បើតាមលោក Arshad Malik រដ្ឋាភិបាល និងអង្គការថ្នាក់តំបន់អាចយកគំនិតនេះទៅពង្រីកបន្ថែមដើម្បីបង្កើតស្ថិរភាពយូរអង្វែង៕
ប្រភព៖ RFI | ដោយ៖ សើ ដាវី







