សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

រដ្ឋមន្ត្រីធនធានទឹកថា ការធ្វើអាជីវកម្មខ្សាច់លើសកម្រិត នឹងបណ្តាលឱ្យបាក់ច្រាំង

រដ្ឋមន្ត្រីធនធានទឹកថា ការធ្វើអាជីវកម្មខ្សាច់លើសកម្រិត នឹងបណ្តាលឱ្យបាក់ច្រាំង
កប៉ាល់បូមខ្សាច់ នៅក្នុងទន្លេ © សហការី

យោងតាមការចេញផ្សាយព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានគូសបញ្ជាក់ថា ការធ្វើអាជីវកម្មធនធានខ្សាច់ហួសកម្រិត នៅស្ទឹង ទន្លេ និងតំបន់ឆ្នេរនឹងបង្កឲ្យមានផលវិបាកអវិជ្ជមានជាច្រើន ដូចជាការបាក់ច្រាំង ការប្រែប្រួលចរន្តទឹក ការប្រែប្រួលរបបជលសាស្ត្រ និងការខូចខាតប្រព័ន្ធអេកូឡូស៊ី។ នេះគឺជាហានិភ័យដ៏ធ្ងន់ធ្ងរចំពោះសេដ្ឋកិច្ច និងសង្គមជាតិ។

ជាការកត់សម្គាល់ គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់បើកកិច្ចប្រជុំ ស្របពេលដែលកំពុងមានការផ្ទុះ វែកញែកក្នុងចំណោមមហាជន ជុំវិញការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ នៃក្រសួងរ៉ែ និងថាមពល ដែលថា ការបាក់ច្រាំងទន្លេមិនមែនបណ្តាលមកពីការបូមខ្សាច់របស់ក្រុមហ៊ុនឯកជនទាំងស្រុងនោះទេ ប៉ុន្តែ ករណីនេះអាចបូកផ្សំពីកត្តាធម្មជាតិ និងកត្តាមួយចំនួនរបស់មនុស្ស។

នៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃអាទិត្យទី៥ ខែកក្កដា កន្លងទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ របស់ក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា បានថ្លែងថា ការបូមខ្សាច់ត្រឹមត្រូវតាមបច្ចេកទេសមិនបណ្តាលឲ្យបាក់ច្រាំងទន្លេទេ។ បើតាមលោក អ៊ឹង ឌីប៉ូឡា ការបូមខ្សាច់ ដែលអនុវត្តស្របតាមបច្ចេកទេស និងដែនអាជ្ញាបណ្ណកំណត់ អាចជួយឲ្យច្រាំងទន្លេមានភាពរឹងមាំជាងមុន។ នៅត្រង់ចំណុចនេះ មហាជន និងសកម្មជនបរិស្ថានមួយចំនួនយល់ឃើញថា ការអះអាងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល ពុំមានហេតុផលគ្រប់គ្រាន់ និងគួរឲ្យជឿជាក់បាន។

សូមបញ្ជាក់ថា ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលនេះធ្វើឡើង បន្ទាប់ពីមានហេតុការណ៍តវ៉ាប៉ះទង្គិចគ្នាដោយហិង្សានៅក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនបូមខ្សាច់ឈ្មោះ «ចតុមុខ» ដែលអាជ្ញាធរអះអាងថា មានអាជ្ញាបណ្ណត្រឹមត្រូវ។ តាមក្រសួងរ៉ែ និងថាមពល ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ រដ្ឋប្រមូលចំណូលបានពីសួយសារអាករនាំចេញខ្សាច់សរុបប្រមាណ ៦០០លានដុល្លារ៕

ប្រភព៖ RFI | ដោយ៖ ញឹម សុផល