សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រុមហ៊ុនសុខា ឈូសឆាយដីព្រៃឧទ្យានជាតិបូកគោ សម្រាប់គម្រោងលំនៅដ្ឋានធំៗ

រូបភាព Screenshots ពីវីដេអូមាតាធម្មជាតិ បង្ហាញពីការឈូសឆាយដីនៅឧទ្យានជាតិបូកគោ ក្នុងខេត្តកំពត
រូបភាព Screenshots ពីវីដេអូមាតាធម្មជាតិ បង្ហាញពីការឈូសឆាយដីនៅឧទ្យានជាតិបូកគោ ក្នុងខេត្តកំពត

សកម្មជន​បរិស្ថាន​​លើក​ឡើ​ង​ថា​ដី​ព្រៃ​ដ៏​ធំ​ក្នុង​ឧទ្យានជាតិព្រះមុនីវង្សបូកគោ​ ខេត្ត​កំពត​ កំពុង​ត្រូវ​បាន​ឈូស​ឆាយ​ដើម្បី​ធ្វើ​ជា​គម្រោង​អភិវឌ្ឍន៍​ជាច្រើន ខណៈ​មន្ត្រី​រដ្ឋាភិបាល​ថា​គម្រោង​ទាំង​នោះ​បានទទួល​ការ​អនុញ្ញាត និង​មានការវាយតំលៃ​លើ​ផលប៉ះពាល់​បរិស្ថាន​បាន​ត្រឹម​ត្រូវ។​

អង្គការ​​​មាតាធម្មជាតិ បាន​ចេញ​វីដេអូ​មួយ​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២០ ដោយ​បាន​ប្រើ​រូបភាព​វីដេអូ​ថត​​ដោយ​ដ្រូន​ (Drone) នៅ​លើ​ឧទ្យានជាតិបូកគោ និង​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ទី​តាំង​ផ្សេងៗ​ដែល​ត្រូវ​បាន​ឈូស​ឆាយ និង​កំពុង​មាន​សកម្មភាព​សាង​សង់​សំណង់​ផ្សេងៗ​ផងដែរ​។ ​សកម្មជន​បរិស្ថាន​និយាយថា​ប្លង់មេ​​របស់​គម្រោង​​នៅ​ក្នុង​ឧទ្យានជាតិបូកគោ​ចែកចេញ​ជា​បីគម្រោង​ធំៗ ស្ថិត​នៅ​ក្រោម​គម្រោង​អភិវឌ្ឍន៍ទី​ក្រុង​បូកគោ។​

សកម្មជន​បរិស្ថាន​នៅ​ក្នុង​វីដេអូ ​និយាយ​ដោយ​លាក់អត្តសញ្ញាណ​ខ្លួនផង​នោះ​បាន​លើកឡើង​ថា៖ «យើង​សង្ស័យ​ថាគម្រោង​នេះ​គ្រាន់តែជា​លេស​ ដើម្បី​ផ្គត់​ផ្គង់​ប្រយោជន៍​ដល់​បុគ្គលមួយចំនួន​ដែល​តែង​តែកេងប្រវ័ញ្ចលើ​ធនធាន​ធម្មជាតិ​ខ្មែរ​តែ​ប៉ុណ្ណោះ»។​

សកម្មជនដដែល​និយាយ​ទៀតថា៖ «អ្វី​ដែល​លោក​អ្នក​បានឃើញ​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​​នៃការឈូសឆាយ​ដ៏ធំសម្បើម​ប៉ុណ្ណោះ នៅ​មាន​ទីតាំង​មួយ​ចំនួន​ធំទៀត​នឹង​ត្រូវ​បានគេ​​ឈូស​ឆាយ​នាថ្ងៃខាង​មុខ»។​

ក្រោយ​ពីបាន​ដាក់​ជា​ឧទ្យានជាតិ​កាល​ពី​ឆ្នាំ​១៩៩៣ ឧកញ៉ាដ៏​​មាន​ឥទ្ធិពល​ និង​ជា​ម្ចាស់​ក្រុម​ហ៊ុន​សូគីមិច គឺ​លោក សុខ គង់ បាន​ទទួល​សិទ្ធិជួល​ដី​ចំនួន​២០ ០០០​ហិកតា ក្នុង​ចំណោម​១៥០ ០០០​ហិកតា​របស់ឧទ្យាន​ក្នុង​រយៈពេល​៩៩​ឆ្នាំ ដោយ​គម្រោង​អភិវឌ្ឍន៍នេះ​មាន​តម្លៃ​ទឹក​ប្រាក់​​១ពាន់​លាន​ដុល្លារ​ក្នុង​ខេត្ត​កំពត។​

ឧទ្យានជាតិ​​បូកគោ​បច្ចុប្បន្នមាន​សណ្ឋាគារ​សុខា និង​កាស៊ីណូ ដែល​បាន​ជួសជុល​ឡើង​វិញ​​ពីអគារ​សេស​សល់​ពី​សម័យ​អាណានិគម​បារាំង​ក្នុង​ទសវត្សវ៍​ឆ្នាំ​១៩២០​ ដែល​ក្រោយ​មកទៀត​ត្រូវ​អតីត​ព្រះ​មហាវីរៈក្សត្រ​នរោត្តម សីហនុ​ យក​មកធ្វើ​ជា​ព្រះ​រាជដំណាក់​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​។​

នៅ​លើ​វិបសាយ​ក្រុមហ៊ុន​អចលនទ្រព្យ របស់​លោក ​សុខ គង់ Sokha Real Estate បាន​​បង្ហាញពី​គម្រោង​អភិវឌ្ឍន៍ ដែល​ស្ថិត​នៅ​ក្រោម​អាជីវកម្ម​របស់​លោក​ សុខ គង់ មួយ​ផ្សេង​ទៀត គឺ​ក្រុម​ហ៊ុន Sokha Hotel Group ​។ គម្រោង​ដែល​ត្រូវអភិវឌ្ឍន៍​ដំបូង​មាន​ឈ្មោះ​ថា​បុរីអម្រឹតឋានសួគ៌  មាន​ផ្ទះ​ល្វែង​កម្ពស់​បីជាន់​​ជាង​៤ ២០០​​ល្វែង​។​

គម្រោង​អភិវឌ្ឍន៍​ទីពីរ​មាន​ឈ្មោះ​ថា​បុរី​មរកតឋានសួគ៌ តែមិន​បាន​បញ្ជាក់​ច្បាស់​ពីចំនួន​វីឡា​ដែល​ត្រូវ​សាង​សង់នោះទេ។ សម្រាប់​គម្រោង​ទី​បី​ Crown Estates គឺធ្វើ​ឡើង​លើ​ផ្ទៃ​ដី​៦០០​ហិកតា រួម​បញ្ចូល​ដោយ​ «វីឡាប្រណិតៗ​ចំនួន​៥ ៥៨៥ខ្នង ផ្ទះល្វែង​ចំនួន​១៥ ៩៥២​ល្វែង និង​ដីជា​ច្រើន​ប្លង់ទៀត​ទុក​សម្រាប់​សង់​វីឡា និង​អាផាតមិន​ផ្សេងៗទៀត»។

នៅ​លើ​ខិតបណ្ណ​ពី​គម្រោង​​ទាំងនេះ​បាន​ដាក់​បង្ហាញ​រូប​ភាព​ការឈូសឆាយ និង​រៀបចំដី​សម្រាប់​សាង​សង់​សំណង់ ដោយ​បាន​អះអាងថា​សំណង់​ទាំង​នោះនឹង​ស្ថិត​នៅ​ក្នុង​«តំបន់​ពាណិជ្ជកម្ម»។​ ក្នុង​ខិតបណ្ណ​ដដែល​ក៏​មាន​បន្ថែម​គម្រោង​ទី​បួន​មាន​ឈ្មោះ​ថា​ Borey Mount Seaview Bokor ប៉ុន្តែ​មិន​បាន​បញ្ជាក់​លម្អិត​នោះទេ។​

នៅ​ចុង​បញ្ចប់​វីដេអូ សកម្មជន​បរិស្ថាន​បាន​ដាក់ជាសំណួរ​ចំនួន​ពីរ​ដល់​រដ្ឋាភិបាល ដោយ​សំណួរ​ទី​មួយ​សួរថា​តើ​រដ្ឋ​​បាន​ចំណូល​ប៉ុន្មាន​ពី​ដី​សម្បទាននេះ? និង​សំណួរ​ទី​ពីរ សួរ​ថា​ តើ​មានការធានាទេ​ថា​ដីព្រៃ​ដែល​នៅ​សល់​នឹង​ត្រូវ​អភិរក្ស?។​

មន្ត្រី​ក្រ​សួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ និង​ក្រ​សួង​បរិស្ថាន​បាន​រុញ​សំណួរទាក់ទង​នឹង​ចំណូល​បាន​ពី​ដីសម្បទាន​នេះ​ដាក់គ្នាទៅ​វិញ​ទៅ​មក​ ដោយ​អ្នក​នាំពាក្យ​ក្រសួង​និមួយៗ​បដិសេធឆ្លើយ​សំណួរ​នេះ។​

សកម្មជន​បរិស្ថាន​លាក់​អត្តសញ្ញាណ​ដោយ​បាន​បិទបាំង​មុខ​របស់​ខ្លួន ទំនងជា​ព្រោះតែ​អ្នក​គាំទ្រ​អង្គការ​មាតាធម្មជាតិ​ ត្រូវ​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​រដ្ឋាភិបាល​ចំពោះ​សកម្មភាព​របស់​ពួកគេ ដោយ​សកម្មជន​ខ្លះ​កំពុង​រង​ការ​ចោទ​ប្រកាន់។​ សមាជិក​អង្គការ​មាតាធម្មជាតិ កញ្ញា ឡុង គន្ធា ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែកញ្ញា ដោយ​សារ​បាន​ព្យាយាម​ដើរ​​ម្នាកឯងទៅ​កាន់​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន តវ៉ា​ចំពោះ​ការ​លុ​ប​បឹង​តាមោក ភាគខាងជើងទីក្រុងភ្នំពេញ​។​

សមាជិក​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​សីហា និង​កញ្ញា ឆ្នាំ​២០២០ ដោយ​សារ​បាន​ចូល​រួម​តវ៉ា​ប្រឆាំង​នឹង​ការ​ឃុំខ្លួនបណ្ដោះ​អាសន្ន​លើ​លោក រ៉ុង​ ឈុន កាលពី​ខែ​កក្កដា ទាក់​ទង​នឹង​ការ​លើកឡើងពី​រឿង​ព្រំ​ដែន​កម្ពុជា-វៀតណាម។​

លោក សុខ គង់ មិន​អាចទាក់ទង​សុំ​ការអត្ថាធិប្បាយ​បានទេ។ ជំនួយ​ការ​ផ្ទាល់​រប់​លោក ឈ្មោះ សេង ចន្ធូ បាន​និយាយ​ថា​គម្រោង​សំនៅ​ដ្ឋាន​ទាំង​នោះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​កូន​លោក សុខ គង់។ ជំនួយ​ការ​ខាង​លើ​បដិសេធ​ផ្ដល់​លេខទាក់ទំនង និង​ថា​កូនប្រុស​​លោក សុខ គង់ រូប​នេះ​កំពុង​នៅ​សហរដ្ឋអាមេរិក។​

លោក វិត វឌ្ឍនា អ្នកនាំ​ពាក្យ​សាលាខេត្ត​កំពត បាន​ត្រឹម​បញ្ជាក់​ថា​រដ្ឋាភិបាល​បាន​ជួល​ដីនៅ​ឧទ្យានជាតិ​បូកគោ​នោះ​រយៈពេល​៩៩​ឆ្នាំ និង​ថា​សកម្មភាព​អភិវឌ្ឍន៍​នានា​នៅ​ទី​នោះ​មិន​ប៉ះពាល់​បរិស្ថាន​នោះទេ​។​

លោក​មាន​ប្រ​សាសន៍ថា៖ «គ្មា​ន​ផល​ប៉ះពាល់​ទេ ព្រោះ [ក្រុម​ហ៊ុន​សុខា] អភិវឌ្ឍ​ន៍តែ​ក្នុង​ប្លង់​មេ​របស់​ពួកគេ»។ លោក​បាន​បង្វែរសំណួរ​ផ្សេង​ទៀត​ទៅ​កាន់​ក្រ​សួង​បរិស្ថាន និង​តំណាង​របស់​ក្រុម​ហ៊ុន​។​

អ្នក​នាំពាក្យ​ក្រ​សួង​បរិស្ថាន​លោក នេត ភ័ក្រ្តា​ ថ្លែង​ឲ្យ​ដឹង​តាម​ប្រព័ន្ធតេឡេក្រាម​ថា មន្ត្រី​ក្រ​សួង​បាន​ធ្វើការ​សិក្សា​វាយ​តម្លៃ​លើ​ផល​ប៉ះពាល់​បរិស្ថាន​រួច​រាល់​ហើយ និង​បាន​ច្រាន​ចោល​​ថា​តំបន់​ព្រៃការពារ​រង​ការ​ឈូស​ឆាយ​សម្រាប់​គម្រោង​នេះ។​

លោក​បន្ថែមថា៖ «យើងដឹងច្បាស់ពីការអភិរក្ស និងការការពារបរិស្ថាន…ការលើកឡើងពីក្ដីបារម្ភរបស់អង្គការណាមួយនោះ គឺវាជារឿងរបស់ពួកគេ ប៉ុន្តែរដ្ឋាភិបាល និងក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់ចំពោះការពារធនធានធម្មជាតិរបស់យើង»

កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញមាន​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​យ៉ាង​លឿន ជា​ពិសេស​ការបំផ្លាញ​ដោយ​គម្រោង​អភិវឌ្ឍន៍ និង​គម្រោង​កសិកម្ម​ធំៗ​លើ​ដី​គម្រប​ព្រៃ​ឈើ។ រូបភាព​ពី​ផ្កាយ​រណប​វិភាគដោយ​សាកល​វិទ្យាល័យ Maryland សហរដ្ឋអាមរិក បាន​បង្ហាញ​ថា​កម្ពុជា​បាន​បាត់ដីគម្រប​ព្រៃឈើ​៦៣ ០០០​ហិកតា​ក្នុង​ឆ្នាំ​២០១៩ ជាប់​ចំណាត់ថា្នក់​​ទី​១០​នៅ​លើ​ពិភព​លោក​​​ក្នុង​ឆ្នាំ​នោះ។​

​ជាក់ស្ដែងដែន​ជម្រក​សត្វព្រៃនៅ​តំបន់ព្រៃឡង់ សាកលវិទ្យាល័យ​​​ Maryland បាន​និយាយ​ថា​​តំបន់ព្រៃ​​ការ​ពារ​បាន​បាត់​បង់​៧ ៥១០​ហិកតា ដែល​ចំនួន​បំផ្លាញ​ននេះ ​រាល់​មួយ​ម៉ោង​ម្ដង គឺ​​មាន​ទំហំ​ធំជាង​តារាង​បាល់​ទាត់​មួយទៅទៀត​ កាល​ឆ្នាំ​២០១៩​។​​

​ លោក ស៊ុយ ធា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពត បាន​គាំទ្រ​ចំពោះការ​លើក​ឡើង​របស់​លោក នេត ភ័ក្រ្តា​ ដោយថា​គម្រោង​ទាំងនេះ​មិន​មាន​ផល​ប៉ះពាល់​បរិស្ថាន​នោះទេ និង​ថា​ដីព្រៃខ្លះ​ក៏បាន​អភិរក្ស​ផង​ដែរ។​

លោក​បន្ថែម​ថា៖ «ពួកគេ​មាន​ប្លង់មេ​របស់​គេ កន្លែង​ខ្លះមាន​ព្រៃឈើ ហើយ​ពួកគេនឹង​រក្សា​ព្រៃទាំងនោះ និង​ខ្លះទៀត​នឹង​ត្រូវ​ឈូស​ឆាយ​ទៅ​តាម​ប្លង់មេ»។ យ៉ាងណា លោក បដិសេធ​អត្ថាធិប្បាយ​​បន្ថែម​លើសពី​នេះ។​

លោក សាយ ស៊ីណុល ប្រធាន​មន្ទីរទេសចរណ៍​ខេត្ត​កំពត ស្វាគមន៍​ចំពោះគម្រោង​អភិវឌ្ឍន៍​ថ្មីៗ និង​ថា​គម្រោង​ទាំង​នោះបានជួយ​ដល់​ «អេកូទេសចរណ៍»  និង​ជា​ប្រ​យោជន៍​សម្រាប់ជាតិ​ផង​ដែរ។​

លោក​បន្ថែមថា៖ «ខ្ញុំ​គិត​ថាវាមានសារៈសំខាន់​ទាក់ទាញ​ភ្ញៀវទេសចរ រួមទាំងការ​អភិវឌ្ឍ និង​ដំណង់​ហេដ្ឋារចនាសម្ព័ន្ធ»។​

មន្ត្រីទេសចរណ៍រូបនេះ​​ឲ្យ​ដឹងទៀតថា​ដើមឈើ​នៅ​លើ​ភ្នំបូកគោ​ក្នុង​តំបន់​ការ​ដ្ឋាន ​គឺ​មិន​មែនជាឈើ«ធំ» នោះទេ​ ហើយ​ថា​​ក៏មិន​មែនជា​ «ព្រៃស្រោង ឬ​ដើមឈើខ្ពស់ៗ»​ នោះដែរ​។​

លោក​ ស៊ីណុល មានប្រសាសន៍ថា៖ «​ជាមួយ​នឹង​ការ​អភិវឌ្ឍ តែងតែ​មាន​ផលប៉ះពាល់​តិច​តួច ឬ​ច្រើន ប៉ុន្តែ​យើង​ត្រូវ​គិតពី​ផល​ប្រ​យោជន៍​ធំ[សម្រាប់​ជាតិ]។

លោក​បន្តថា៖ «​[ផលប៉ះពាល់] គឺ​មិន​មាន​ទំហំ​ធំដូច​ការ​កាប់​បំផ្លាញ​ព្រៃឈើទេ»។​

​អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​កំពត លោក យន់ ផល្លី មាន​ប្រ​សាសន៍​ថា នៅ​មាន​ដីជា​ច្រើនផ្សេង​ទៀត​ដែល​រដ្ឋាភិបាល​អាច​ឲ្យ​ទៅ​គម្រោង​អភិវឌ្ឍន៍ ជាជាង​ឲ្យ​តំបន់​ការ​ពារទាំងនោះ។ លោក​ក៏​មាន​ចម្ងល់​ចំពោះ​ផល​ប្រ​យោជន៍បាន​ពី​គម្រោង​អភិវឌ្ឍន៍នេះ​បាន​ដល់​ប្រជា​ជពល​រដ្ឋបែបណា​។​

លោក​មានប្រសាសន៍ថា៖ «សម្រាប់​ប្រជា​ពល​រដ្ឋ​យើង​មាន​ប្រាក់ចំណូលទាប ពួកគេ​មិន​អាច​មាន​លទ្ធភាព​ទិញ​គម្រោង​លំនៅ​ដ្ឋាន​ប្រណិតៗបែប​នេះនោះទេ  ពិសេស​សង់​នៅ​លើ​កំពូល​ភ្នំបែបនេះទៀត»។ ដោយលោក​បន្ថែម​ថាគម្រោង​នេះគឺសម្រាប់​តែ​ក្រុម​អ្នក​មានប្រាក់​ និង​ឥស្សរជន​ជាន់ខ្ពស់​តែ​ប៉ុណ្ណោះ។​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Sokha group clearing Bokor National Park forests for massive housing projects

278 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម