អតីតទាហានអង្គភាពកងដឹកជញ្ជូនលេខ២៥០របស់ខ្មែរក្រហមនៅបណ្តាស្រុកជាប់ព្រំដែនខេត្តបាត់ដំបងបានអះអាងថា ពួកគេចំណាយលុយច្រើនទៅឱ្យអតីតមេបញ្ជាការអង្គភាព២៥០នៃកងដឹកជញ្ជូនខ្មែរក្រហមឈ្មោះ នី កន បច្ចុប្បន្នជាទីប្រឹក្សាក្រសួងការពារជាតិទាំងភាពមិនច្បាស់លាស់ដើម្បីរត់ការបញ្ចូលឈ្មោះបានប្រាក់សោធននិវត្តន៍។
អតីតទាហានខ្មែរក្រហមម្នាក់អ្នកស្រី កឹម បុល អាយុ៦៧ឆ្នាំ បានប្រាប់ថាគាត់និងប្តីបានប្រគល់លុយពីរលើកអស់៤០០ដុល្លារឱ្យមេភូមិ មេឃុំ រៀបចំឯកសាររត់ការទៅក្រសួងការពារជាតិដើម្បីបានបញ្ចូលលឈ្មោះទទួលបានប្រាក់សោធននិវត្តន៍។ អ្នកស្រីបន្តថា គាត់ឃើញអ្នកភូមិដែលជាអតីតខ្មែរក្រហមគេនាំគ្នាទៅចុះឈ្មោះនិងឱ្យលុយរត់ការស្ទើរគ្រប់គ្នា គាត់ក៏ទៅចុះឈ្មោះតាមគេទាំងដែលមិនបានទទួលព័ត៌មានអ្វីច្បាស់លាស់។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំធ្វើតាមគេមិនដឹងបានរឺអត់ ហើយមិនដឹងគេទាមទារប៉ុន្មានដងទៀតនោះទេ! បើសិនជាទារយកលុយបន្ថែមទៀតខ្ញុំមិនដឹងបានប្រាក់ឯណាឱ្យនោះទេ ព្រោះ លុយឱ្យកន្លងមកគឺដើរចងការប្រាក់គេមកឱ្យ»។
អតីតទាហានខ្មែរក្រហមម្នាក់ទៀតអ្នកស្រី កឹម វ៉ាង ក៏បានបញ្ជាក់ដែរថា គាត់ក៏បានដើរខ្ចីបុលគេយកទេឱ្យមេភូមិ ឃុំបញ្ជាក់ឯកសារនិងរត់ការអស់២០០ដុល្លារដែរដោយកន្លះខែមុន គេយក ១០០ដុល្លារហើយ ក្រោយមកគេយកថែម១០០ដុល្លារបន្ថែមទៀត។ អ្នកស្រីមានការព្រួយបារម្ភខ្លាចតែមិនបាននិងគ្មានលុយសងគេវិញ។
អ្នកស្រី គឹម វ៉ាង បញ្ជាក់ថា៖ «មេភូមិប្រាប់ថា ឱ្យធ្វើទៅយើងធ្លាប់តស៊ូចឹងដើម្បីបានប្រាក់មកឧបត្ថម្ភខ្លួន គេតម្រូវឱ្យបង់លុយគេយកដំបូង១០០ សារក្រោយ១០០ទៀត មិនដឹងយកប៉ុន្មានដងទៀតទេ ខ្ញុំអត់ដឹងដែរ! ខ្ញុំឱ្យគេពីរដងហើយ»។
ទាក់ទងករណីនេះអ្នកស្រី ប្រាក់ សុផា មេភូមិដីក្រហមដែលជាអតីតទាហានខ្មែរក្រហមនៃកងដឹកជញ្ជូន លេខ២៥០ដែរបាននិយាយថាពិតជាមានការរៀបចំបញ្ជីឈ្មោះដើម្បីរត់ការបញ្ចូលឈ្មោះស៊ីប្រាក់សោធនពិតប្រាកដមែនគឺក្នុងភូមិរបស់អ្នកស្រីមាន៧៥នាក់ក្នុងបញ្ជីដែលយកទៅឱ្យលោក នី កន រត់ការទៅថ្នាក់លើ។
អ្នកស្រីបានបញ្ជាក់ថា អាជ្ញាធរអត់បានបង្ខំរឺដើរប្រមូលលុយពីប្រជាពលរដ្ឋនោះទេគឺប្រជាពលរដ្ឋស្ម័គ្រចិត្តឱ្យដោយខ្លួនឯង បើបងប្អូនណាមានលុយក៏ចុះឈ្មោះមក បើអត់ចូលក៏អត់ទៅមិនបង្ខំនោះទេ។
មេឃុំតាសែន អ្នកស្រី ស្រី សុផល បានបដិសេធធ្វើអត្ថាធិប្បាយដោយអ្នកស្រីថាកំពុងជាប់ប្រជុំ ។
អ្នកស្រីមេឃុំថ្លែងថា៖ «ខ្ញុំអត់ដឹងផង អាហ្នឹងខ្ញុំអត់ដឹងទេអូន អត់ដឹងទេ ខ្ញុំជាប់រវល់ ជាប់រវល់ប្រជុំអូន»។
ទោះបីយ៉ាងណាលោក សុខ ដែន អភិបាលនៃអភិបាលស្រុកកំរៀងបានមានប្រសាសន៍ថា ពិតជាមានការប្រមូលលុយពីអតីតទាហានខ្មែរក្រហមក្នុងកងដឹកជញ្ជូនម្នាក់ម្តង១០០ដុល្លារ យកទៅឱ្យលោក នី កន ដើម្បីរត់ការប្រាកដមែន។ លោកបញ្ជាក់ថាក្នុងឃុំទាំង៦ របស់ស្រុកកំរៀង គឺមានការប្រមូលចោះៗតាមឃុំ ខ្ទង់រយនាក់តែវាមិនមែនជាគោលការណ៍របស់អាជ្ញាធរនោះទេ។
លោកអភិបាលស្រុកបានបញ្ជាក់ថាលោកបានទទួលព័ត៌មាននេះភ្លាមហើយបានសាកសួរបន្តទៅថ្នាក់លើនិងមន្រ្តីជំនាញថាមិនមានគោលការណ៍ឱ្យជ្រើសរើសយោធិនជាអតីតកងដឹកជញ្ជូនអីនោះទេ។ បញ្ហានេះលោកបានរាយការណ៍ទៅអាជ្ញាធរខេត្តរួចហើយ និងបានផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹងប្រយ័ត្នចាញ់បោកគេ។
លោក សុខ ដែន បន្ថែមថា៖ «គេដើរប្រមូលចោះៗទាំង៦ឃុំខ្លះគេទៅខ្លះគេមិនទៅ ខ្ញុំបានរាយការណ៍ទៅអភិបាលខេត្តហើយ អត់មានគោលការណ៍ណែនាំពីលើមកយើងអត់ហ៊ានទេ អត់ហ៊ានហាមរឺឃាត់ឃាំងគាត់មិនឱ្យចូលទេ ព្រោះខ្លាចគេបានទៅវាខុសយើងវិញ»។
លោក សើ សាម៉េត អភិបាលស្រុកសំឡូតបានចេញសេចក្តីជូនដំណឹងកាលពីដើមខែវិច្ឆិកាថា មានការលេចលឺពាក្យចចាមអារាមនិងឃោសនាពីជនឆ្លៀតឱកាសមួយចំនួនអំពាវនាវឱ្យប្រជាពលរដ្ឋជាអតីតកងទ័ពពីមុនដែលពុំទទួលបានប្រាក់ឧបត្ថម្ភគោលនយោបាយជាអតីតយុទ្ធជន មកដាក់ពាក្យនិង តម្រូវឱ្យបង់នូវថវិកាមួយចំនួនឱ្យពួកគេដើម្បី រត់ការសុំចូលជាអតីតយុទ្ធជន។
លោក សាម៉េត បញ្ជាក់ទៀតថា៖ «រដ្ឋបាលស្រុកនិងការិយាល័យជំនាញចំណុះរដ្ឋបាលស្រុក ពុំបានចាត់តាំងឬប្រគល់ភារកិច្ចជូនមន្រ្តីណាម្នាក់ក្នុងការជ្រើសរើសនេះទេ បើមានមន្រ្តីណាម្នាក់ប្រព្រឹត្តគឺជារឿងបុគ្គលពុំមានពាក់ព័ន្ធនឹងរដ្ឋបាលស្រុកឡើយ»។
ចំណែកលោក ហម សំខាន់ អភិបាលស្រុកសំពៅលូនបានឱ្យដឹងថា លោកក៏ទទួលបានព័ត៌មានថា មានក្រុមការងារប្រមូលលុយប្រជាពលរដ្ឋដែលជាអតីតខ្មែរក្រហមកងដឹកជញ្ជូន២៥០ទៅឱ្យលោក នី កន បច្ចុប្បន្នជាទីប្រឹក្សាក្រសួងការពារជាតិនិងជាអនុប្រធានក្រុមការងារចុះជួយស្រុកសំពៅលូនដែរ។
លោកបន្ថែមថា៖ «នៅពេលខ្ញុំសួរនាំទៅរឿងនេះក៏ស្ងាត់ទៅវិញទៅ ដោយគេមិនឱ្យខ្ញុំដឹងនោះទេ»។
លោក សឿម ប៊ុនរិទ្ធ អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានបដិសេធធ្វើអត្ថាធិប្បាយដោយលោកថាមិនទាន់បានទទួលព័ត៌មានខាងលើនេះនៅឡើយទេ។
លោក ប៊ុនរិទ្ធ ថ្លែងថា៖ «ខ្ញុំមិនទាន់បានជ្រាបរឿងហ្នឹងទេ ចាំខ្ញុំសួរនាំទៅមូលដ្ឋានសិន តើមានករណី ដូចបានលើកឡើងនេះរឺអត់?»។
ដោយឡែកលោក វង្ស រដ្ឋា អនុប្រធានមន្ទីរសង្គមកិច្ចនិងអតីតយុទ្ធជនខេត្តបាត់ដំបង បានថ្លែងថា ក្រសួងរបស់លោកអត់មានគោលនយោបាយណាឱ្យដើរប្រមូលឈ្មោះនិងប្រមូលលុយពីអតីតទាហានខ្មែរក្រហមដើម្បីបានបញ្ចូលឈ្មោះស៊ីប្រាក់សោធននិវត្តន៍នោះទេ។
លោក រដ្ឋា បានបញ្ជាក់ថា៖ «តែអានេះជាជនឆក់ឱកាសតែម្តង បើចង់រកជននេះមិនពិបាកទេ ព្រោះបើកើតភូមិឃុំណា យើងរកឃើញហើយមិនពិបាកទេ ខ្ញុំបានឱ្យមន្រ្តីខ្ញុំផ្សព្វផ្សាយនៅមូលដ្ឋានដែរ កុំឱ្យចាញ់បោកគេតែយើងមិនមានលិខិតស្នាមទេ»។
លោក រដ្ឋា បានបន្ថែមថា លោកធ្លាប់បានទទួលព័ត៌មានពីការដើរជ្រើសរើសនិងប្រមូលលុយពីអតីតទាហានខ្មែរក្រហមនេះកន្លងមកនៅស្រុកសំពៅលូន ភ្នំព្រឹក និង រុក្ខគីរី ហើយសប្តាហ៍មុនទទួលព័ត៌មាន នៅស្រុកសំឡូត និងបន្ទាប់មកស្រុកកំរៀងទទួលព័ត៌មាននេះចុងក្រោយគេ។
ជុំវិញករណីនេះលោក នី កន អតីតមេបញ្ជាការអង្គភាពកងដឹកជញ្ជូន២៥០របស់ខ្មែរក្រហមដែលបច្ចុប្បន្នមានតួនាទីជាទីប្រឹក្សាក្រសួងការពារជាតិបានថ្លែងទទួលស្គាល់ថា លោកពិតជាធ្វើការប្រមូលឈ្មោះអតីតទាហានខ្មែរក្រហមក្នុងកងដឹកជញ្ជូនខាងលើទៅក្រសួងការពារជាតិដើម្បីស្នើសុំគោលនយោបាយ បញ្ចូលឈ្មោះពួកគាត់ស៊ីប្រាក់សោធននិវត្តន៍មែន។ លោកបន្ថែមថា ការប្រមូលនេះគឺមានការអនុញ្ញាតពីក្រសួងការពាជាតិដែលមកទល់ពេលនេះ លោកបានបញ្ជូនឈ្មោះទៅអស់ហើយគឺចំនួនជាង៩០០នាក់។
លោក នី កន បានបញ្ចាក់ថា៖ «អតីតរណសិរ្ស២៥០ហ្នឹងយូរហើយ ក្រសួងការពារជាតិឱ្យធ្វើ ឥឡូវឡើងទៅក្រសួងការពារជាតិអស់ហើយ បើចង់ច្បាស់ទៅសួរឯកឧត្តម សេង សាវុធ នៅក្រសួងការពារជាតិបាទ! គោលការណ៍ជាផ្លូវការមានការអនុញ្ញាតច្បាស់លាស់»។ លោកបន្ថែមថា៖ «លទ្ធផលមិនទាន់ដឹងយ៉ាងម៉េចទេអានេះជាពាក្យស្នើសុំទេ»។
ទាក់ទងការប្រមូលលុយម្នាក់អស់២០០ដុល្លារដើម្បីយកទៅរត់ការនោះលោកបានឆ្លើយតបថាគឺយកថ្លៃសេវាឱ្យអ្នករត់ការទៅលើ ប៉ុន្តែមិនមានការយកច្រើនដូចការលើកឡើងនោះទេ គឺខ្លះតិចខ្លះច្រើនតាមលទ្ធភាព។
លោក នី កន បន្ថែមថា៖ «អាហ្នឹងធម្មតាខាងសេវាគេតិចតួចទេ មិនដូចគេថាទេ ខ្លះមួយលាន ខ្លះ១០០ដុល្លារ តាមអ្នកមានអ្នកអត់ បើគេមិនស្ម័គ្រចិត្តក៏អត់ទៅ»។
ខេមបូចា មិនអាចទំនាក់ទំនងលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ និងលោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិដើម្បីបំភ្លឺបន្ថែមបាននោះទេ ។
លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលអង្គការសិទ្ធមនុស្ស លីកាដូ ប្រចាំខេត្តបាត់ដំបង និងប៉ៃលិន បានចាត់ទុកការទារប្រាក់ពីអតីតទាហានខ្មែរក្រហមខាងលើដើម្បីរត់ការនេះវាប៉ះពាល់ទៅលើជីវភាពរស់នៅរបស់គាត់ដែលកំពុងជួបការលំបាកនាពេលបច្ចុប្បន្ន។
លោក គង់ជិត ថ្លែងថា៖ «បើសិនចង់ឱ្យពួកគេចេញថ្លៃរត់ការគួរធ្វើដោយតម្លាភាពដែលចេញប្រកាសដោយក្រសួងហិរញ្ញវត្ថុរឺក្រសួងសង្គមកិច្ចរឺក្រសួងការពារជាតិ ដោយប្រកាសជាសាធារណៈ ថាតម្រូវឱ្យបង់ប៉ុន្មាន? ដើម្បីសម្រួលឱ្យពួកគាត់មានឈ្មោះ បានទទួលគោលនយោបាយ ឧបត្ថម្ភតាមច្បាប់ខណៈពួកគាត់ពេលនេះបានក្លាយជាអតីតយោធិនពិការនិងអតីតយុទ្ធជនទៅហើយ»៕