សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សិស្សជាប់បាក់ឌុប២០២០ បន្តពុះពារសិក្សា នាបរិបទកូវីដ-១៩

ភ្នំពេញ៖ សិស្សានុសិស្សដែលបានប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយស្វ័យប្រវត្តិ ឆ្នាំសិក្សា២០១៩-២០២០ ហាក់បង្ហាញក្ដីបារម្ភ និងទុក្ខកង្វល់ ចំពោះការសិក្សារបស់ពួកគេនៅសាកលវិទ្យាល័យ ជាពិសេសបាត់បង់ឱកាសផ្សេងៗ ដោយសារការរីករាលដាលជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។

និស្សិត សុខា រីននី ដែលជាអតីតសិស្សនៅវិទ្យាល័យព្រះស៊ីសុវត្ថិ បានជ្រើសរើសមុខជំនាញទេសចរណ៍នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ផលលំបាកដែល រិននី ជួបប្រទះពេលបន្តការសិក្សានៅសាកលវិទ្យាល័យ ក្នុងបរិបទកូវីដ-១៩ នេះ គឺការដាក់ពាក្យចូលរៀនតាមអនឡាញ ឬការសិក្សាតាមអនឡាញជាដើម។ នោះក៏ព្រោះតែ រិននី មិនសូវយល់ពីដំណើរការដាក់ពាក្យ ក៏ដូចជាបច្ចេកទេសរៀនអនឡាន ដោយសារតម្រូវឱ្យមានការប្រើប្រាស់កម្មវិធីច្រើន និងស្មុគស្មាញសម្រាប់សិស្ស។

 និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងរូបនេះ ថ្លែងថា៖ «ពេលរៀនអនឡាញគេត្រូវបង្កើតកម្មវិធីច្រើន ត្រូវមាន Classroom, Email, Google slide អីចឹង។ ពួកគាត់ខ្លះទើបឡើងមកពីខេត្តចឹងអត់សូវជំនាញខាងហ្នឹងទេគឺពួកគាត់ពិបាកមែនទែនក្នុងការចុច។ […] ជួនកាលអ្នកខ្លះមួយអាទិត្យពេញអត់ទាន់ធ្វើចេញ»។

មិនត្រឹមតែមានផលលំបាកក្នុងការសិក្សាទេ រីននី ក៏បាត់បង់ឱកាសកសាងសមិទ្ធផល ដែលខ្លួនចង់បាននិទ្ទេសល្អ ក្នុងការប្រឡងបាក់ឌុបដែរ។ រីននី ចង់ដឹងពីសមត្ថភាព និងបញ្ចេញឱ្យអស់លទ្ធភាពខ្លួន នៅពេលប្រឡង ប៉ុន្តែដោយសារកូវីដ-១៩ រាតត្បាតខ្លាំងពេក រីននី ក៏ដូចជាសិស្សទូទាំងប្រទេស ត្រូវបានរដ្ឋាភិបាល សម្រេចឱ្យជាប់ដោយស្វ័យប្រវត្តិ។

ជាអតីតសិស្សនៅវិទ្យាល័យហ៊ុនសែនជម្ពូវ័ន យុវតី ស៊ន សូហ្វៀ បានប្រលងជាប់ចូលរៀនបរិញ្ញាបត្រភាសាកូរ៉េ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយត្រៀមខ្លួនចូលរៀនដំបូង នៅថ្ងៃទី១៥ ខែមីនា ប៉ុន្តែការសិក្សានេះ ត្រូវបានពន្យារពេលទៅវិញ ដោយសារស្ថានភាពកូវីដ-១៩ មិនទាន់ធូរស្រាល។ អាក់ខានការសិក្សាជារឿងមួយហើយ ប៉ុន្តែយុវតីរូបនេះ បាត់បង់ឱកាសធំមួយទៀត គឺការងារជាគ្រូបង្រៀនថ្នាក់មត្តេយ្យ ។

«ខ្ញុំបាត់បង់ការងារ ដោយសារខ្ញុំបានចូលបង្រៀននៅក្នុងសាលាមួយ ដល់ពេលទៅ(បង្រៀន)សាលាហ្នឹងក៏បិទ អ៊ីចឹងខ្ញុំអត់បានបង្រៀន។ ដោយសារកូវីដ ខ្ញុំអត់បានរៀន»។ នេះជាការលើកឡើងរបស់ ស៊ន សូហ្វៀ។

អតីតសិស្សនៅវិទ្យាល័យជាស៊ីមសាមគ្គីម្នាក់ទៀត ក៏បានអាក់ខានសិក្សាមុខវិជ្ជាស្ថាបត្យកម្ម ដោយសារការផ្ទុះឡើងវិញនូវជំងឺកូវីដ-១៩។ ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ យុវតីរូបនេះ ពុំទាន់ទទួលបានព៌ត័មានទាក់ទងនឹងការសិក្សា តាមប្រព័ន្ធអនឡាញពីសាលារបស់នាងឡើយ ។ សម្រាប់យុវតីរូបនេះ ការរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឱ្យរូបនាងបាត់បង់ឱកាសជាច្រើន ដូចជា ការទទួលបានបទពិសោធន៍ពេញលេញក្នុងនាមជានិស្សិតសាកលវិទ្យាល័យ និងការកសាងនូវបណ្ដាញទំនាក់ទំនងថ្មីៗ ជាមួយបុគ្គលផ្សេងៗនៅក្នុងសង្គម។

យុវតីរូបនេះ ថ្លែងបែបនេះ៖ «ខ្ញុំសោកស្ដាយមែនទែនដែលយើងមានកូវីដកើតឡើង ដោយសារតែវាប៉ះពាល់ខ្លាំងមែនទែន ទីមួយ រឿងសេដ្ឋកិច្ចរបស់ប្រទេសធ្លាក់ចុះដោយសារកូវីដ។ ហើយទីពីរ គឺខាងគ្រួសារមួយៗក៏មានការធ្លាក់ចុះនូវរឿងសេដ្ឋកិច្ចហ្នឹងដែរ។ ទីបី គឺវាប៉ះពាល់ដល់ការរៀនសូត្រខ្លាំងមែនទែន ដោយសារតែវា ធ្វើឱ្យយើងផ្អាក(ការសិក្សា) ជាពិសេសគឺថ្នាក់ទី១២។ […] វាប៉ះពាល់ទាំងផ្លូវអារម្មណ៍យើងទៀត សតិរបស់យើងរបៀបថាយើងខ្លាចពីវា»។

ជាគ្រូបង្រៀនរូបវិទ្យានៅវិទ្យាល័យហ៊ុនសែនជម្ពូវ័ន លោកគ្រូ វង អរុណ បានថ្លែងថា បញ្ហាកូវីដ-១៩ បានធ្វើឱ្យសិស្សបាត់បង់នូវឱកាលប្រកួតប្រជែងនានា ជាពិសេសឱកាសទទួលបានអាហារូបករណ៍សិក្សាក្នុងស្រុក និងក្រៅប្រទេស។
 គ្រូបង្រៀនរូបនេះ បានផ្ដាំផ្ញើទៅសិស្សានុសិស្សគ្រប់រូប ត្រូវយល់ឱ្យច្បាស់ពីស្ថានភាពសព្វថ្ងៃនេះ និងត្រូវសម្របខ្លួនទៅនឹងបរិបទកូវីដ-១៩នេះ ដោយខិតខំសិក្សារៀនសូត្រ រក្សាអនាម័យ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមួយនេះ។

ដ្បិតជំងឺកូវីដ-១៩ នេះ ជះឥទ្ធិពលអវិជ្ជមានដល់ការសិក្សា ប៉ុន្តែសិស្សទាំងអស់មិនត្រូវបោះបង់ឡើយ។ នេះជាការលើកឡើងរបស់ សុខា រីននី និង ស៊ន សូហ្វៀ សិស្សជាប់បាក់ដោយស្វ័យប្រវត្តិ ២០២០ ដែលផ្ដាំផ្ញើទៅសិស្សថ្នាក់ទី១២ នៃឆ្នាំសិក្សា២០២១ ទាំងអស់ ត្រូវប្រឹងប្រែងសិក្សាតាមអនឡាញ ទោះជាមិនយល់ក៏ត្រូវខិតខំស្វ័យសិក្សា។ ជាពិសេសកុំបាក់ទឹកចិត្ត និងធ្វេសប្រហែស សូម្បីតែ១វិនាទី ហើយកុំគិតថាអាចនឹងជាប់ដោយស្វ័យប្រវត្តិទៀត ព្រោះសំណាង មិនមែនចេះតែកើតឡើងរហូតនោះទេ។

សិស្សជាប់បាក់ដោយស្វ័យប្រវត្តិ ២០២០រូបនេះ ក៏លោកគ្រូ -អ្នកគ្រូ ជួយពន្យឺតការបង្រៀនដល់សិស្ស ដើម្បីឱ្យពួកគេងាយស្រួលយល់មេរៀន ។ ជាពិសេសយកចិត្តទុកដាក់ចំពោះសិស្សគ្រប់ៗរូប ឱ្យដូចបង្រៀនផ្ទាល់ផងដែរ៕

ដោយ៖ ពលរដ្ឋសារព័ត៌មាន តេង យ៉ាលីរ៉ូហ្ស៊ី

449 views

ព័ត៌មានទាក់ទង