តុលាការខេត្តកំពង់ឆ្នាំងបានកោះហៅសកម្មជនដីធ្លីបីនាក់ដើម្បីមកសាកសួរជុំវិញការចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម និងបទបំផ្លិចបំផ្លាញដោយចេតនា បន្ទាប់ពីក្រុមសកម្មជននេះត្រូវបានចោទប្រកាន់ថា បានប្រើប្រាស់កាំបិត ដើម្បីបំផ្លាញសំណាញ់ ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច។ ក្រុមសកម្មជននេះបានលើកឡើងថា បឹងពោធិ៍ជាផ្នែកមួយនៃបឹងអភិរក្ស បើទោះបីជាអាជ្ញាធរមូលដ្ឋានមិនយល់ស្របក៏ដោយ។
យោងទៅតាមដីកាតុលាការ ចុះហត្ថលេខាដោយព្រះរាជអាជ្ញារង លោក ឡុង ស៊ីថា សកម្មជន អ្នកស្រី អ៊ុំ សុភី លោក ស្ងួន ញឿន និង អ្នកស្រី អ៊ុន ម៉ុន ត្រូវបង្ហាញខ្លួនដើម្បីសាកសួរនៅថ្ងៃទី១៥ ខែកញ្ញា ពាក់ព័ន្ធនឹងពាក្យបណ្តឹងដោយឈ្មោះ ប៉ក់ សុទន ដែលបានប្តឹងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ដីកាកោះហៅនោះត្រូវបានចុះកាលពីចុងខែកក្កដា ហើយក្រុមសកម្មជនបានទទួលកាលពីថ្ងៃចន្ទ។
អ្នកស្រី អ៊ុំ សុភី អាយុ ៤២ឆ្នាំ ដែលជាសកម្មជនដីធ្លីជាយូរមកហើយ បានប្រាប់ ខេមបូចា ថារូបអ្នកស្រី ស្វាមីរបស់អ្នកស្រីលោក ស្ងួន ញឿន និងសកម្មជនមួយរូបទៀតគឺអ្នកស្រី អ៊ុន ម៉ុន ត្រូវបានបុរសម្នាក់ចោទប្រកាន់ពីបទព្យាយាមរារាំងការនេសាទនៅក្នុងតំបន់ដែលក្រុមសកម្មជននេះថា ជាតំបន់អភិរក្ស។ ប៉ុន្តែអ្នកស្រីបានបដិសេធចំពោះការប្រើប្រាស់នូវអំពើហិង្សាណាមួយលើបុរសរូបនោះ។
អ្នកស្រីសុភីបាននិយាយថា៖ «ខ្ញុំមិនដឹងថា យើងធ្វើសកម្មភាពអីដែល [លោកប៉ក់ សុទន] បានប្តឹងយើងនោះទេ ពីព្រោះយើងមិនមានសកម្មភាព ឬហេតុផលណាមួយ ដើម្បីប្រព្រឹត្តបទល្មើស ដូចពាក្យបណ្តឹងរបស់គាត់នោះទេ»។
អ្នកស្រីសុភីបានលើកឡើងថា កាលពីខែមករា អ្នកស្រីបានរឹបអូសសំណាញ់របស់លោកប៉ក់ សុទន។ អ្នកស្រីបានបន្តថា មួយខែក្រោយមក អ្នកនេសាទរូបនេះជាសមាជិកក្រុមមនុស្សដែលបានដុតរោងអភិរក្ស ប្រើប្រាស់ដោយក្រុមសកម្មជន ដើម្បីការពារតំបន់អភិរក្ស។ អ្នកស្រីបានបន្ថែមថា ទោះបីជាក្រុមអ្នកស្រីបានដាក់ពាក្យបណ្តឹងទៅតុលាការប្រឆាំងនឹងលោកសុទន ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទែក៏ដោយ រឿងក្តីនេះមិនត្រូវបានយកមកពិនិត្យមើលនោះទេ។
អ្នកស្រីបានថ្លែងថា៖ «ខ្ញុំមិនយល់ថា ហេតុអ្វីបានជាតុលាការដំណើរការ [ពាក្យបណ្តឹង] លោកប៉ក់ សុទន មុនពីព្រោះគាត់បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងយើងនៅខែមេសា តែយើងបានប្តឹងគាត់តាំងពីថ្ងៃទី២២ ខែកុម្ភៈ ប៉ុន្តែតុលាការមិនដំណើរការរឿងរបស់យើងនោះទេ។ ខ្ញុំស្នើឲ្យតុលាការទម្លាក់បទចោទប្រកាន់ប្រឆាំងនឹងខ្ញុំ និងក្រុមរបស់ខ្ញុំ ដោយសារតែយើងមិនបានធ្វើអ្វីខុសនោះទេ»។
សកម្មជនមួយរូបទៀតអ្នកស្រី អ៊ុន ម៉ុន អាយុ ៦១ឆ្នាំ បាននិយាយថា អ្នកស្រីជាសមាជិកម្នាក់នៃក្រុមការពារតំបន់អភិរក្សបឹងពោធិ៍ ហើយអ្នកស្រីក៏បានបដិសេធបទចោទប្រកាន់នានាប្រឆាំងនឹងអ្នកស្រីផងដែរ។
អ្នកស្រីម៉ុនបានថ្លែងថា៖ «ពួកគេបានប្តឹងខ្ញុំពីបទប៉ុនប៉ងឃាតកម្ម និងធ្វើឲ្យខូចខាតដោយចេតនា ប៉ុន្តែខ្ញុំមិនពាក់ព័ន្ធនឹងបទចោទប្រកាន់ទាំងនោះទេ» ដោយបន្ថែមថា អ្នកស្រីមិនដែលស្គាល់លោកសុទន ឬធ្លាប់ទាក់ទងបុរសរូបនេះ និងថា អ្នកស្រីមិនបានចូលរួមសកម្មភាពរឹបអូសសំណាញ់ពីប្រជាពលរដ្ឋនោះទេ។
អ្នកស្រីបានថ្លែងថា៖ «យើងការពារបឹងនេះផ្អែកលើច្បាប់នេសាទផងដែរ ពីព្រោះប្រជាពលរដ្ឋនៅក្នុងសហគមន៍ក៍មានសិទ្ធិការពារបឹងធម្មជាតិ ដើម្បីការពារធនធានធម្មជាតិសម្រាប់មនុស្សគ្រប់គ្នា ដោយសារយើងមិនបានការពារតំបន់នេះសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួននោះទេ»។
អ្នកស្រីបានលើកឡើងថា៖ «ខ្ញុំតូចចិត្តចំពោះអាជ្ញាធរមូលដ្ឋាន ពីព្រោះយើងគ្រាន់តែចង់ការពារធនធានធម្មជាតិ ប៉ុន្តែពួកគេបានចោទប្រកាន់យើងថាខុសច្បាប់ ខណៈពេលអ្នកដែលប្រព្រឹត្តបទល្មើសពិតប្រាកដ បែរជាត្រូវវិញ»។
អ្នកស្រីបានបន្ថែមថា អ្នកស្រីសង្ឃឹមថា តុលាការខេត្តនឹងទម្លាក់បទចោទប្រកាន់ចំពោះអ្វីដែលអ្នកស្រីហៅថា ពាក្យបណ្តឹងដែលមិនមានមូលដ្ឋានច្បាស់លាស់។
អ្នកស្រីម៉ុន បាននិយាយថា៖ «ខ្ញុំសូមស្នើឲ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ និងសហការដើម្បីការពារបឹងនេះ ពីព្រោះវាជាប្រយោជន៍សាធារណៈ»។
លោក ឌុច ប៊ុនហេង មេភូមិឡពាង ក្នុងឃុំតាជេស បាននិយាយថា ក្រុមសកម្មជនបានធ្វើការការពារការនេសាទនៅបឹងនោះ ពេលខ្លះដោយរឹបអូស ឬបំផ្លាញឧបករណ៍រកត្រីទៀតផង។ ប៉ុន្តែលោកបន្តថា ពួកគេមិនបានទទួលការអនុញ្ញាតឲ្យធ្វើដូចនេះទេ ហើយបឹងនេះមិនត្រូវបានទទួលស្គាល់ជាផ្លូវការជាតំបន់អភិរក្សនៅឡើយទេ។
លោកប៊ុនហេង បានថ្លែងថា៖ «[អ្នកស្រីសុភី] និងក្រុមរបស់គាត់បានទៅការពារតំបន់បឹងពោធិ៍ តាមតែចិត្តពួកគេ ដោយខ្លួនឯង។ ពួកគេបានអភិរក្សដោយខ្លួនឯង ហើយមេភូមិទាំងបីនាក់ទៀតមិនបានដឹងនោះទេ»។
លោកបានលើកឡើងថា លោកបានប្រាប់ទៅក្រុមសកម្មជនថា មុនពេលពួកគេបានធ្វើអ្វីមួយដើម្បីការពារតំបន់នេះ ពួកគេត្រូវមានឯកសារផ្លូវការ ហើយពលរដ្ឋដែលចេញពីភូមិទាំងបី ដូចជា ឡពាង សំរោង និង សូវង្ស អាចក្លាយជាសមាជិក ឬប្រធានគណៈកម្មាការតំបន់អភិរក្សបឹងពោធិ៍នេះបាន។ លោកបានបន្ថែមថា រដ្ឋបាលមូលដ្ឋានមានគម្រោងជីកបឹងឲ្យជ្រៅជាមុនសិន ហើយកិច្ចការពារគួរតែធ្វើឡើង បន្ទាប់ពីគម្រោងជីកនេះបានបញ្ចប់។
លោក មួ ហាក់ មេភូមិសំរោង បាននិយាយថា លោក និងមេភូមិដទៃទៀតគិតថា ប្រសិនបើពលរដ្ឋមូលដ្ឋានចង់ការពារតំបន់នេះ បឹងនេះត្រូវតែជីកឲ្យជ្រៅជាមុនសិន ហើយបន្ទាប់មកអាជ្ញាធរអាចរៀបចំធ្វើជាតំបន់អភិរក្ស។
លោកបានបន្តថា អ្នកស្រីសុភី និងក្រុមអ្នកស្រីបានរឹបអូសឧបករណ៍នេសាទ រាល់ពេលដែលពលរដ្ឋចូលទៅនេសាទនៅតំបន់នោះ ដោយធ្វើឲ្យមនុស្សមួយចំនួននៅក្នុងសហគមន៍មិនសប្បាយចិត្ត។
លោកបានថ្លែងថា៖ «ពួកគេមិនអាចការពារតំបន់នោះតាមតែពួកគេចង់នោះទេ វាគួរតែត្រូវកំណត់ដោយអាជ្ញាធរ» ដោយកត់សម្គាល់ថា បឹងនោះមានទំហំជិត ៣០ហិចតា ហើយពលរដ្ឋរាប់ពាន់នាក់ពឹងផ្អែកលើការនេសាទនៅទីនោះ។
លោក ហ៊ីម វិបុល មេភូមិសូវង្ស បាននិយាយថា បឹងនេះមិនអាចជាតំបន់អភិរក្សបាននោះទេ ដោយសារតែកម្រិតទឹកទាបនៅរដូវប្រាំង។ នៅពេលដែលក្រុមរបស់អ្នកស្រីសុភីបានសាងសង់រោងអភិរក្ស ដើម្បីការពារបឹងនេះ លោកបានប្រាប់ពួកគាត់ថា មិនទាន់អាចការពារតំបន់បឹងនេះបាននៅឡើយទេ។
លោកបាននិយាយថា៖ «ខ្ញុំគិតថា ប្រសិនបើយើងចង់ការពារបឹងនេះ យើងគួររង់ចាំផែនការពីភូមិ និងឃុំដើម្បីធ្វើឲ្យបឹងនេះកាន់តែជ្រៅជាងឥឡូវសិន»។
លោកវិបុលបានបន្តថា លោក សុទន ដែលជាដើមបណ្តឹង ដែលរស់នៅក្នុងភូមិគាត់ បានបឹ្តងទៅរូបលោក បន្ទាប់ពីសំណាញ់របស់គាត់ត្រូវបានរឹបអូស ហើយរូបលោកបានពិនិត្យថាសកម្មភាពកំទេចឧបករណ៍នេសាទនេះជាបទល្មើសព្រហ្មទណ្ឌ និងស្នើឲ្យលោកសុទនប្តឹងទៅប៉ូលិស។
លោកបានថ្លែងថា៖ «ខ្ញុំក៍ត្រូវបានកោះហៅឲ្យធ្វើជាសាក្សីនៅតុលាការខេត្តនៅខែកញ្ញាដែរ»។
លោក ពេជ្រ សំអាត អធិការរងប៉ូលិសស្រុកកំពង់ត្រឡាច បាននិយាយថា ដំបូងលោកសុទន បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងអ្នកស្រីសុភី និងក្រុមរបស់អ្នកស្រីទៅកាន់ប៉ូលិសស្រុក ហើយលោកចង់ឲ្យពួកគេចរចារកដំណោះស្រាយមួយ ប៉ុន្តែមិនអាចសម្រេចបាន ដូច្នេះលោកបានស្នើឲ្យដើមបណ្តឹងដាក់ពាក្យបណ្តឹងទៅតុលាការខេត្តដោយផ្ទាល់។
លោក សំអាត បានថ្លែងថា៖ «ខ្ញុំគិតថា ប្រសិនបើខ្ញុំអញ្ជើញពួកគាត់ [អ្នកស្រីសុភី និងក្រុមរបស់អ្នកស្រី] ពួកគាត់នឹងមិនមកបំភ្លឺនោះទេ ដូច្នេះហើយខ្ញុំស្នើឲ្យដើមបណ្តឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាការខេត្តដោយផ្ទាល់»។
លោកបានបន្តថា អ្នកស្រីសុភី និងក្រុមរបស់អ្នកស្រីក៏មានជាប់ពាក់ព័ន្ធនឹងជម្លោះដីធ្លីដទៃទៀតផងដែរ។
កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ តុលាការក្រុងភ្នំពេញបានកាត់ទោសអ្នកស្រីសុភី និងអតីតមេភូមិឡពាងលោក ទូច លី ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងផ្តន្ទាទោសជាការព្យួរទោសរយៈពេលមួយឆ្នាំចំពោះការពាក់ព័ន្ធរបស់អ្នកស្រីនៅក្នុងជម្លោះដីធ្លីដែលមានជាយូរមកហើយនៅ ខេត្តកំពង់ឆ្នាំង។ អ្នកស្រីត្រូវបានជាប់ទោសពីបទញុះញង់ឲ្យអ្នកភូមិធ្វើកសិកម្មលើដីដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន KDC ដែលជារបស់លោកស្រី ជា ខេង ភរិយារដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលលោក ស៊ុយ សែម។
សហគមន៍ឡពាងបានជាប់នៅក្នុងជម្លោះដីធ្លីអស់រយៈពេលជាងពីរទសវត្សរ៍មកហើយជាមួយនឹងក្រុមហ៊ុន KDC ដែលអះអាងថា មានកម្មសិទ្ធិលើដីចំនួន ៥១២ហិកតា ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច។ គ្រួសារមួយចំនួនមិនទាន់បានដោះស្រាយជម្លោះនេះរួចរាល់ជាមួយនឹងក្រុមហ៊ុន KDC នៅឡើយទេ ដែលពួកគេបាននិយាយថា បានរំលោភយកដីធ្លីរបស់ពួកគេប្រមាណ ១០០ហិចតា កាលពីឆ្នាំ ២០០២៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Three longtime Kampong Chhnang activists summoned to questioning in attempted murder case