សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កុមារកម្ពុជាម្នាក់ក្នុងចំណោមបីនាក់ក្រិសក្រិន និងម្នាក់ក្នុងចំណោម១០នាក់ស្គមស្គាំង ដោយសារកង្វះអាហាររូបបត្ថម្ភ

ស្រ្តីម្នាក់អូសរទេះអេដចាយនិងកូនស្រីរបស់គាត់ នៅតាមដងផ្លូវក្នុងខេត្តកណ្ដាល។ រូបភាពថតថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
ស្រ្តីម្នាក់អូសរទេះអេដចាយនិងកូនស្រីរបស់គាត់ នៅតាមដងផ្លូវក្នុងខេត្តកណ្ដាល។ រូបភាពថតថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

អង្គការយូនីសេហ្វ(UNICEF) បានរកឃើញថាកុមារកម្ពុជាម្នាក់ក្នុងចំណោមបីនាក់មានជំងឺក្រិសក្រិន និងម្នាក់ក្នុងចំណោម១០នាក់មានជំងឺស្គមស្គាំង ដោយសារគ្រួសារពួកគេពី៤០ទៅ៥០ភាគរយមានបញ្ហាចំ​ណូធ្លាក់ចុះ និងជាពិសេសក្នុងវិបត្តិជំងឺកូវីដ១៩ ដែលបង្ខំឱ្យពួកគេ​កាត់បន្ថយថ្លៃអាហារ ឬប្រើប្រាស់យុទ្ធសាស្ត្រទប់ទល់កាន់តែច្រើនជាងមុនជុំវិញការបរិភោ​គ​​អាហា​រប្រចាំថ្ងៃ។

យោងតាមការសិក្សាស្រាវជ្រាវ របស់អង្គការយូនីសេហ្វ ដែលបានចេញផ្សាយនៅសប្តាហ៍នេះបានឲ្យដឹងថា កុមារនៅកម្ពុជាមានតែ ៤០ភាគរយនៃកុមារដែលមានអាយុប្រាំមួយ ទៅ ២៣​ខែប៉ុណ្ណោះដែលបានទទួលក្រុមអាហារក្នុងកម្រិតអប្បបរមា ​ដែលទិន្នន័យ​ទាំងនេះបង្ហាញឱ្យឃើញថា ទម្លាប់ផ្តល់អាហារពុំបានល្អប្រសើរទេ ហើយកំពុងបានបន្តកើតឡើងពេញមួយទសវត្សរ៍ចុងក្រោយ​នេះ។

ក្នុងចំណោមឧទាហរណ៍នៃបណ្តាប្រទេសជាច្រើន ការអង្កេតស្រាវជ្រាវមួយនៅកម្ពុជា ដែលបានធ្វើឡើង​ដោយយូនីសេហ្វ កម្មវិធីស្បៀងអាហារពិភពលោក និងដៃគូផ្សេងទៀត ចាប់ពីខែសីហា ឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២១ បានរកឃើញថា ចំនួនពី ៤០ ទៅ៥០ភាគរយនៃគ្រួសារទាំងនោះមាន​បញ្ហាចំណូលថយចុះ ដែលនាំឱ្យពួកគេត្រូវប្រើប្រាស់យុទ្ធសាស្ត្រទប់ទល់កាន់តែច្រើនជាងមុនជុំវិញកា​របរិភោគអាហារ ដែលបង្កឱ្យមានផលប៉ះពាល់ដល់គុណភាពនៃរបបអាហាររបស់ពួកគេ។

ទិន្នន័យពីខែកក្កដា ឆ្នាំ ២០២១​ បានបង្ហាញថា មានកុមារអាយុក្រោមប្រាំឆ្នំា ត្រឹមតែ ៣៥ភាគរយប៉ុណ្ណោះដែលបានបរិភោគអាហារក្នុងកម្រិត​អាចទទួលយកបានជាអប្បបរមា។

កុមារអាយុក្រោម ពីរឆ្នាំ គឺជាក្រុមដែលងាយរងគ្រោះបំផុត ដោយសារបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ដូចជា ក្រិសក្រិន ស្គម​ស្គាំង និងការខ្វះមីក្រូសារជាតិជាដើម​(លើសទម្ងន់ និងធាត់ជ្រុល)ដែលកើតឡើង​ដោយសាររបបអាហារមិនសមស្រប ព្រោះ​កុមារនៅក្នុងវ័យនេះត្រូវការសារជាតិចិញ្ចឹមសំខាន់ចំាបាច់ ក្នុងមួយគីឡូក្រាម​នៃទម្ងន់របស់ពួកគេ ច្រើនជាងមនុស្សនៅវ័យផ្សេងទៀត។

លោកស្រី  ហ្វ័រូហ្គ ហ្វយូហ្សិថ (Foroogh Foyouzat) នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានថា តាងនាមឱ្យទីភ្នា​ក់​ងា​រសហប្រជាជាតិនានាដែលកំពុងធ្វើការ​ងារជាមួយ​រាជរដ្ឋាភិបាលកម្ពុជា អ្នកស្រីស្នើសុំឲ្យកម្ពុជាពង្រីកការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីកាត់បន្ថយទុក្ខលំបាក ជាពិសេសលើវិស័យគាំពារមាតា និងអាហារូបត្ថម្ភរបស់កុមារ។

លោកស្រីមានប្រសាសន៍ថា៖«យើងត្រូវតែវិនិយោគ ដើម្បីបន្តផ្តល់ការគាំទ្រដល់រយៈពេល ១០០០ថ្ងៃដំបូងរបស់ទារក ដែលជារយៈពេលដ៏សំខាន់បំផុតនៃជីវិតរបស់ពួកគេ។ ការវិនិយោគទាំងនេះក៏រួមចំ​ណែ​កបង្កើនកម្រិតការអប់រំ និងផលិតភាពរបស់កុមារម្នាក់ៗសម្រាប់អនាគតនៃជីវិតរបស់ពួកគេ»។

លោកស្រីបន្ថែមថា ឥឡូវនេះគឺជាពេលសំខាន់ជាងពេលណាៗទំាងអស់ ដែលចាំបាច់ត្រូវបង្កើនថវិកាជាតិសម្រាប់ពង្រីកវិសាលភាពនៃកម្មវិធីអាហារូបត្ថម្ភ។ តាមរយៈការសហការជាមួយ​ដៃគូបច្ចុប្បន្នដែ​ល​គាំទ្រដល់ការពន្លឿនអនុវត្តផែនការជាតិដូចជា យុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខ​ស្បៀង ​និងអាហារូបត្ថ​​ម្ភលើកទី២ គោលនយោបាយ ​និងផែនការសកម្មភាពជាតិស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូចៗ ផែ​ន​ទី​បង្ហាញផ្លូវស្តីពី GAP ​ដើម្បីដាក់ជូនកិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធស្បៀង។

ស្ត្រីម្នាក់ពរកូន និងបណ្ដើរក្មួយរបស់នាង លក់ចំណីព្រាបនៅមាត់ទន្លេ ក្នុងរាជធានីភ្នំពេញថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

លោកស្រី ញេប សុភាព អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​ បានថ្លែងថា លោកស្រីមិនជំទាស់នឹងរបាយការណ៍នេះទេ ប៉ុន្ដែទោះជាយ៉ាងណា រាជរដ្ឋាភិបាលបាននិងកំពុងប្រឹងប្រែងរៀបចំគោលនយោបាយជាក់លាក់មួយ ដើម្បីដោះស្រាយមិនឱ្យមានវិបត្តិនេះកាន់តែ​ធ្ងន់ធ្ងរឡើងថែមទៀតនោះទេ។

លោកស្រី មានប្រសាសន៍ថា៖ «ការខ្វះចន្លោះអាហារូបត្ថម្ភ គឺវាខ្វះ​ហើយ ប៉ុន្ដែយើងត្រូវតែប្រឹងប្រែងពិនិត្យ​មើលលើភាពខ្វះចន្លោះនេះ ដើម្បីឈានទៅផ្ដល់ការអភិវឌ្ឍកុមារតាំងពីក្នុងផ្ទៃម្ដាយរហូតដល់អាយុ ២​ឆ្នាំ​ឱ្យមានសុខភាពល្អ និងការលូតលាស់បានល្អ»។ ដោយលោកស្រីបន្ថែមថា៖ «យើងក៏មានការព្រួយបារម្ភខ្លាំងដូចនៅក្នុងរបាយការ​ណ៍ហ្នឹងដែរ អ៊ីចឹងទេ គឺត្រូវតែប្រញាប់ដោះស្រាយបន្ទាន់តាមរយៈការរៀបចំគោលនយោ​បាយ​ឱ្យ​បានច្បាស់លាស់ជាមុនសិន»។  

​លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មិនទាន់​អាច​ទាក់​ទង​សុំការបញ្ជាក់បន្ថែមជុំវិញរបាយការណ៍នេះបានទេ។

ចំណែកលោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏បានបដិសេធការធ្វើអត្ថាធិប្បាយដែរ ដោយលោក​បាន​បង្វែសំនួរទៅឱ្យលោក តូច ចាន់នី ជាអ្នកឆ្លើយវិញ។

ទោះបីជាយ៉ាងណាលោកស្រី ញេប សុភាព បានឱ្យដឹងថា ការដោះស្រាយបញ្ហានេះមិនមែន​នៅលើ​ស្ថាប័នណាមួយជាអ្នកទទួលបន្ទុកដាច់មុខទេ ពោលគឺត្រូវតែមានការចូលរួមទាំងអស់គ្នាពី​សំណាក់​ឱពុកម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដើម្បីកាត់​បន្ថ​យ​​ផ​លប៉ះពាល់​ទៅលើកុមារ។   

 លោក អោម តារា ស្ថាបនិកអង្គការមេត្រីភាព ដើម្បីកុមារ និងចាស់ជរា បានថ្លែងថា លោកក៏មានការ​ព្រួយបារម្ភដែរជុំវិញកង្វះខាតរបបអាហារ និងខ្វះអាហារូបត្ថម្ភចំពោះកុមារ។ ការផ្ដល់អាហារូបត្ថម្ភ​នៅតាមប្រទេសជឿនលឿន ឬប្រទេសក្រីក្រភាគច្រើនមានតែនៅតាមសាលារៀនប៉ុណ្ណោះ ប៉ុន្ដែប្រសិនសាលារៀនត្រូវ​បាន​បិទ ការផ្ដល់អាហារូបត្ថម្ភសម្រាប់ពួកគាត់ ក៏ត្រូវបានផ្អាកដែរ។

លោកមានប្រសាសន៍ថា៖ «ការផ្ដល់អាហារូបត្ថម្ភនេះ គឺរដ្ឋាភិបាលត្រូវតែបង្ហាញពីសកម្មភាព​ឱ្យបាន​លេចធ្លោជាងគេ បន្ទាប់មកអាណាព្យាបាលក៏ត្រូវជួយជ្រោមជ្រែងដោយផ្ទាល់ជាមួយកុមារដែរ។ ហើយបើ​សិន​ជាពឹងផ្អែកតែទៅលើអង្គការសង្គមស៊ីវិល គឺមិនអាចទៅរួចទេ ព្រោះអង្គការក្រៅរដ្ឋាភិបាល​នានា​ក៏​កំពុងខ្វះថវិកាអនុវត្តគម្រោងដែរ»។

លោក អោម តារា បន្ថែមថា អង្គការលោកផ្ដល់ការអប់រំ និងអាហារូបត្ថម្ភដល់កុមារប្រមាណ ៩០ ទៅ១០០នាក់ក្នុងមួយថ្ងៃៗ។ កុមារទាំងនោះភាគច្រើនចេញពីគ្រួសារមានជីវភាពក្រីក្រ លំបាកវេទនាដូចជា​ កូនអ្នករើសអេដចាយគ្មានទីកន្លែងស្នាក់អាស្រ័យច្បាស់លាស់ កូនអ្នកលក់បន្លែតាមចិញ្ចើមផ្លូវ និងកូន​អ្នកប្រកបមុខរបសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្សេងៗទៀត។

ក្មេងៗលក់ចំណីព្រាបលេងឈូសទ្រនាប់ជើងជាមិត្តភ័ក្រ្តនៅមាត់ទន្លេ នៅរាជធានីភ្នំពេញ។ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ស្រ្តីម្នាក់ឈ្មោះ តាន់ សុភី ដែលមាន​វ័យ ៤០ឆ្នាំ​ កំពុងអង្គុយសម្រាកក្រោមម្លប់ឈើតាមចិញ្ចើម​ផ្លូវ​ជាមួយនឹងកូនស្រីម្នាក់អាយុប្រហែល ៥ឆ្នាំ ដែលអង្គុយក្នុងរទេះអូសរបស់របរអេដចាយទាំងទឹកមុខ​ហេវ​ហត់អស់កម្លាំង។ អ្នកស្រីបាននិយាយទាំងទឹកមុខស្ងួតថា អ្នកស្រីនាំកូនស្រីម្នាក់ដើររើសអេដចា​យ​​ជាមួយ ដោយសារគ្មានអ្នកនៅមើលថែ រីឯប្ដីអ្នកស្រីក៏ធ្វើជាកម្មករសំណង់ទៀត។

អ្នកស្រីនិយាយថា៖ «​ជីវភាពខ្ញុំរកមួយថ្ងៃរស់បានមួយថ្ងៃបែបនេះ តើខ្ញុំបានអាហារល្អៗពីណាមកឱ្យកូនញ៉ាំគ្រប់គ្រា​ន់​​ដូចគេនោះ?»។ ដោយបន្ថែមថា៖​ «ខ្ញុំពីរនាក់ម៉ែកូនអូសរទេះអេដចាយទាំងថ្ងៃក្ដៅ ហត់កន្លែងណាសម្រាកកន្លែងហ្នឹង ឃ្លាន​កន្លែងណាក៏រកទិញចំណីថោកៗឱ្យកូនញាំកន្លែងហ្នឹង ពេលខ្លះខ្ញុំសុខចិត្តមិនហូបខ្លួនឯង គឺទុកឱ្យកូនញ៉ាំ។ អ៊ីចឹងជីវិតខ្ញុំបែបនេះរាល់ថ្ងៃរយៈពេលជិត ១០ឆ្នាំហើយ»។

ស្រី្តម្នាក់ទៀតឈ្មោះ ថោង ចាន់រី ដែលមានវ័យ ៣៥ឆ្នាំ កំពុងឈររៀបចំបន្លែនៅលើគ្រែតូចមួយ​លើ​ចិញ្ចើមផ្លូវហាក់ដូចជាមមារញឹកខ្លាំង ប៉ុន្ដែអ្នកស្រីឆ្លៀតពេលនិយាយជាមួយអ្នក​យកព័ត៌មាន​ខេមបូចា។ អ្នក​ស្រី​ប្រាប់ថា មាន​កូនពីរនាក់ ប្រុសម្នាក់អាយុ​ ៣ឆ្នាំ និងកូនស្រីអាយុ ៥ឆ្នាំ។ អ្នកស្រីមិនបាន​នាំ​ពួក​គេ​មកផ្សារទេ ដោយទុក​ឱ្យស្នាក់នៅផ្ទះជួលជាមួយអ្នកជិតខាងក្បែរបន្ទប់ជួល។

អ្នកស្រីនិយាយថា៖ «រឿងហូបចុកហ្នឹង ខ្ញុំក៏មិនសូវបានឱ្យកូនៗហូបបានគ្រប់គ្រាន់ដែរ ព្រោះរវល់​លក់ដូរបន្លែ ហើយប្ដីខ្ញុំរត់ម៉ូតូឌុប តែគាត់ឆ្លៀតពេលចូលទៅមើលកូន ដាំបាយឱ្យកូនញ៉ាំដែរ»។ អ្នកស្រីបន្តថា៖ «និយាយរួម​កូនខ្ញុំហូបតែបាយ​ម្ហូបធម្មតាៗ ត្រីអាំង ពងទាចៀន គឺម្ហូបយើងងាយៗហ្នឹង ព្រោះអីខ្ញុំប្រញាប់​មក​លក់​ដូរ​ អ៊ីចឹងរឿងហូបចុកនេះ គឺបានត្រឹមម៉ារស់ៗហ្នឹងឯង»។

យូនីសេហ្វ  បានបង្ហាញរបាយការណ៍មួយដែលមានចំណងជើងថា៖ «ចិញ្ចឹមឱ្យបរាជ័យឬ? វិបត្តិនៃរបបអាហាររបស់កុមារក្នុងអំឡុងពេលដំបូងនៃជីវិត» ត្រូវបានចេញផ្សាយនៅមុនពេល កិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្ដីពីប្រព័ន្ធស្បៀង នៅសប្តាហ៍នេះ។

របាយការណ៍បានព្រមានពីការកើនឡើងនៃភាពក្រីក្រ វិស​ម​ភាព ជ​ម្លោះ​ គ្រោះមហន្តរាយដោយសារអាកាសធាតុ និងស្ថានភាពអាសន្នផ្នែកសុខភា​ពដូចជា ការឆ្លង​រាត​ត្បា​តជាសកលនៃជំងឺកូវីដ-១៩ កំ​ពុ​ង​រួមចំណែកធ្វើឱ្យមានវិបត្តិអាហារូបត្ថម្ភចំ​ពោះ​មនុស្សវ័យ​ក្មេង​​បំផុ​ត​លើពិភពលោក ដែលនៅតែបន្តអូ​ស​បន្លា​យពេ​លជាយូរ និងបង្ហាញពីភាពល្អប្រសើរតិចតួចបំផុតក្នុងអំ​ឡុ​ងពេ​ល ១០ឆ្នាំ​ចុងក្រោ​យ​នេះ​។

លោកស្រី ហិនរីតា ហ្វ័រ (Henrietta Fore) នាយិកាប្រតិបត្តិអង្គការយូនីសេហ្វ បានមានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានថា របកគំហើញនៃរបាយការណ៍នេះ ស្តែងចេញយ៉ាងច្បាស់ថាក្នុងអំឡុងពេលដ៏សំខាន់បំផុតនៃជីវិតកុមារជាច្រើនលាននាក់ត្រូវបានចិញ្ចឹមឱ្យបរាជ័យ។

លោកស្រីបន្តថា ការស្រូបយកសារធាតុចិញ្ចឹមមិនបានល្អនៅក្នុងរយៈពេល ២ឆ្នាំដំបូងនៃជីវិត ធ្វើឱ្យអន្តរាយដោយមិនអាចស្រោចស្រង់បានដល់រាងកាយ និងខួរក្បាលដែលកំពុងលូតលាស់យ៉ាងឆាប់រហ័ស​របស់កុមារ។ លើសពីនេះ​ក៏អាចបង្កផលប៉ះពាល់ដល់ការសិក្សារៀនសូត្រ សមត្ថភា​ពធ្វើ​ការ​ងារ លទ្ធភាពប្រកបមុខរបរ និងអនាគតទាំងស្រុងរបស់ពួកគេ។

លោកស្រីបញ្ជាក់ថា៖ «យើងបានដឹង​​បញ្ហា​នេះជាច្រើនឆ្នាំមកហើយ​ ប៉ុន្តែយើងសង្កេតឃើញថា មានការយកចិត្តទុកដាក់តិចតួចណាស់ក្នុង​ការផ្តល់​ប្រភេទអាហារដែលមានសារជាតិចិញ្ចឹមត្រឹមត្រូវ និងមានសុវត្ថិភាពដល់កុមារ។ ជាងនេះ​ទៅ​ទៀត ផលរំខានដែលបង្កដោយជំងឺកូវីដ១៩ ដែលកំពុងអូសបន្លាយនាពេលបច្ចុប្បន្ន អាចធ្វើឱ្យស្ថានភាពអាហារូបត្ថម្ភរបស់កុមារកាន់តែដុនដាបថែមទៀត»។

យោងតាមរបាយកាណ៍សកល កុមារអាយុ ៦-២៣​ខែ ដែលរស់នៅតំបន់ជនបទ ឬមកពីគ្រួសារដែលមានជីវភាពក្រីក្រ ច្រើនតែទទួលបានរបបអាហារពុំសមស្រប បើធៀបនឹងកុមារក្នុងក្រុមអាយុនេះដែលរស់នៅទីប្រជុំជន ឬមកពីគ្រួសារដែលមានជីវភាពធូរធារជាង។ សមាមាត្រនៃកុមារដែលទទួលបានអា​ហា​រទៅតាមចំនួនក្រុមអប្បបរមាដូចដែលត្រូវបានផ្តល់ជា​អនុសាសន៍ នៅទីប្រជុំជន (៣៩ ភាគរយ) មា​ន​កម្រិតខ្ពស់ជាងនៅតំបន់ជនបទ (២៣ ភាគរយ) ពីរដង។

របាយការណ៍ដដែលបានផ្តល់អនុសាសន៍ថា ដើម្បីផ្តល់របបអាហារដែលសំបូរសារធាតុចិញ្ចឹម មានសុវត្ថិភាព និងមានតម្លៃសមរម្យដល់កុមារគ្រប់រូប របាយការណ៍សកលនេះបានអំពាវនាវឱ្យរដ្ឋាភិបាល អ្នកផ្តល់ជំនួយ អង្គការសង្គមស៊ីវិល និងតួអង្គក្នុងវិស័យអភិវឌ្ឍន៍នានាពួតដៃគ្នា ដើម្បីធ្វើការផ្លាស់ប្តូរប្រព័ន្ធស្បៀង ប្រព័ន្ធសុខាភិបាល ព្រមទាំងប្រព័​ន្ធ​គាំពារសង្គម តាមរយៈការដឹកនាំការអនុវត្តសកម្មភាពសំខាន់ៗដូចជា​ បង្កើនជម្រើស និងធ្វើឱ្យអា​ហា​រ​ដែល​សំបូរសារធាតុចិញ្ចឹមមានតម្លៃសមរម្យដូចជា បន្លែ​ផ្លែឈើ ស៊ុត ត្រី សាច់ និងអាហារដែលមានមីក្រូសារជាតិ ដោយផ្តល់ការលើកទឹកចិត្តដល់ផលិតកម្ម ការចែកចាយ និងការលក់រាយ​អាហារទាំងនេះ​៕

539 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម