ពលរដ្ឋកម្ពុជាកាន់តែច្រើនបានងាកទៅស្វែងរកសេវាកម្មពិគ្រោះយោបល់ផ្លូវចិត្ត ដោយសារបញ្ហាអារម្មណ៍ភ័យខ្លាចនិងស្រេ្តស ដែលបង្កឡើងដោយវិបត្តិជំងឺកូវីដ១៩។ អ្នកជំនាញនិយាយថា ការបាត់បង់ការងារដោយសារការធ្លាក់ចុះសេដ្ឋកិច្ច ក៏ដូចជាការរឹតត្បិតពីសំណាក់រដ្ឋាភិបាល និងការបិទសាលារៀនបាននាំឲ្យមានការកើនឡើងនូវជំងឺបាក់ទឹកចិត្ត និងអារម្មណ៍ភ័យព្រួយ។
សុខេន អាយុ ២០ឆ្នាំ គឺជាពលរដ្ឋខែ្មរវ័យក្មេងម្នាក់ ដែលបានប្រឈមនឹងជំងឺបាក់ទឹកចិត្ត អំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩។ ដោយនិយាយមកកាន់ខេមបូចា យុវជនរូបនេះលើកឡើងថា ក្នុងរយៈពេលជាច្រើនខែបន្ទាប់ពីព្រឹត្តិការណ៍ផ្ទុះការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ ២០ កុម្ភៈ រូបគេមានអារម្មណ៍មិនចង់ប្រាស្រ័យទាក់ទងទៅខាងក្រៅ ហើយចង់នៅក្នុងបន្ទប់ជួលដ៏តូចនិងងងឹតរបស់ខ្លួន។ ដំបូងឡើយ សុខេនមិនដឹងថា នឹងត្រូវទៅរកជំនួយនៅកន្លែងណានោះទេ។ លោកមិនស្គាល់កន្លែងផ្តល់សេវាកម្មពិគ្រោះយោបល់ណាមួយ ហើយខ្លាចនឹងប្រាប់អារម្មណ៍របស់ខ្លួនទៅមិត្តភក្តិ និងក្រុមគ្រួសារ។
លោកនិយាយថា៖ «សង្ឃឹមនឹងរកបានការងារសមរម្យមួយដើម្បីជួយទ្រទ្រង់ការរៀនសូត្រ និងការរស់នៅជាអ្វីដែលខ្ញុំតែងប្រាថ្នា ដើម្បីជួយសម្រាលបន្ទុកគ្រួសារខ្ញុំ ដែលកំពុងជួបការលំបាកផ្នែកលុយកាក់នៅខេត្ត។ ប៉ុន្តែខ្ញុំមិនអាចរកការងារបាននោះទេ ដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ចបង្កឡើងដោយជំងឺកូវីដ១៩»។
ដោយមិនឃើញមានជម្រើសច្រើន សុខេនក៏ធ្លាប់គិតពីរឿងធ្វើអត្តឃាតផងដែរ។
លោកបាននិយាយថា៖«ខ្ញុំមានអារម្មណ៍សោកសៅខ្លាំងណាស់កាលពីគ្រានោះ។ ខ្ញុំមិនឃើញអ្វីមានភាពប្រសើរឡើងនោះទេ ដោយសារតែយល់ឃើញថា ខ្លួនឯងជាបញ្ហាមួយសម្រាប់គ្រួសារទាំងមូល។ ដូច្នេះ ការបញ្ចប់ជីវិតប្រហែលអាចជួយដោះស្រាយបញ្ហា និងជួយទប់ទឹកភ្នែកដែលស្រក់រាល់យប់បាន»។
ក្រោយមក សុខេនរកការងារធ្វើបាន ប៉ុន្តែពលរដ្ឋកម្ពុជាជាច្រើននាក់បានរងការប៉ះពាល់យ៉ាងខ្លាំងដោយសារការរាតត្បាតជំងឺកូវីដ១៩។ វណ្ណា និស្សិតអាយុ ២២ឆ្នាំ ត្រូវបង្ខំចិត្តធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ បន្ទាប់ពីប៉ះពាល់ជាមួយនឹងអ្នកកើតជំងឺកូវីដ១៩។ លោកបាននិយាយថា ទោះបីជានៅដោយឡែកអស់រយៈពេលពីរសប្តាហ៍ក៏ដោយ លោកនៅតែភ័យខ្លាចនៅក្នុងការចាកចេញពីផ្ទះ ដោយព្រួយបារម្ភពីការឆ្លងជំងឺនេះ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំមានអារម្មណ៍ធុញថប់ខ្លាំងណាស់។ ខ្ញុំនៅផ្ទះរាល់ថ្ងៃ។ ខ្ញុំមិនអាចទៅជួបនរណាម្នាក់នៅខាងក្រៅដូចមុននោះទេ។ ហើយការភ័យខ្លាចពីជំងឺកូវីដ១៩ ក៏បានប៉ះពាល់អារម្មណ៍របស់ខ្ញុំដោយផ្នែកផងដែរ»។
ការរាតត្បាតជំងឺកូវីដ១៩ និងការរឹតត្បិតពីសំណាក់រដ្ឋាភិបាលជាលទ្ធផល បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្តពលរដ្ឋកម្ពុជាវ័យក្មេងមួយចំនួន។ យោងតាមរបាយការណ៍អង្គការយូនីសេហ្វ ចុះផ្សាយកាលពីខែតុលា ឆ្នាំ២០២០ ការបិទសាលារៀនបានធ្វើឲ្យកុមារនិងមនុស្សពេញវ័យបាត់បង់ការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ហើយបានបង្កជាបញ្ហាក្នុងការទទួលទានដំណេក និងអារម្មណ៍ភ័យព្រួយ ដែលជំរុញពីក្រោយដោយការហូបចុកមិនទៀងទាត់ ការធ្វើលំហាត់ប្រាណតិចជាងមុន និងការចំណាយពេលច្រើនជាងមុនមើលទូរសព្ទ ឬទូរទស្សន៍ជាដើម។ គួបផ្សំជាមួយនឹងបន្ទុកផ្នែកសេដ្ឋកិច្ច និងការព្រួយបារម្ភជាប្រចាំពីសុខភាពរបស់ខ្លួន និងអ្នកជិតដិតនឹងខ្លួន បញ្ហាស្រេ្តសនេះអាចនាំឲ្យមានជាជំងឺរ៉ាំរៃ ដូចជា បញ្ហាបាក់ស្បាត (PTSD) ជាដើម។
កម្ពុជាមានកំណត់ត្រាករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៥៨៩ និងការស្លាប់ចំនួន ១១ករណីកាលពីថ្ងៃព្រហស្បតិ៍ ដោយធ្វើឲ្យចំនួនករណីឆ្លងសរុបកើនដល់ ៩៧.៥២៤ និងការស្លាប់ចំនួន ២.០០៧ករណី។
កុមារនិងមនុស្សពេញវ័យជាអ្នករងគ្រោះខ្លាំងជាងគេដោយសារវិធានការរដ្ឋាភិបាលដើម្បីទប់ទល់នឹងការឆ្លងជំងឺកូវីដ១៩។ ចាប់តាំងពីខែមីនា ឆ្នាំ២០២០ សាលារៀនបានបិទទ្វារអស់រយៈពេលជាង ២០០ថ្ងៃ ដើម្បីពន្យឺតការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលការណ៍នេះបានបង្កផលប៉ះពាល់ដល់សិស្សចំនួនជាង ៣លាននាក់នៅទូទាំងប្រទេស។ លោក ហឿ សេធុល ប្រធានសមាគមអ្នកប្រឹក្សាយោបល់និងអ្នកជំនាញផ្នែកចិត្តសាស្រ្ត បានប្រាប់ខេមបូចា ថាចំនួនអ្នកស្វែងរកសេវាកម្មពិគ្រោះយោបល់ផ្លូវចិត្តបានកើនឡើងបីទៅបួនដង បើបៀបនឹងមុនពេលមានការរាតត្បាតជំងឺកូវីដ១៩។ លោកបានបន្តថា នៅស្របពេលដែលអ្នកទាំងនោះមានអាយុ និងលក្ខខណ្ឌជីវប្រវត្តិផ្សេងគ្នា ក្រុមចម្បងដែលមករកសេវាកម្មពិគ្រោះយោបល់ផ្លូវចិត្តពីលោកគឺ ឪពុកម្តាយនាំកូនរបស់ខ្លួនមក។
លោកមានប្រសាសន៍ថា៖ «[កុមារ] អាយុរវាងពីរទៅដប់ឆ្នាំកំពុងជួបការលំបាកនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមកនេះ ដែលអាចនាំឲ្យមានការធ្លាក់ចុះសមត្ថភាពសិក្សា និងការប្រែប្រួលអាកប្បកិរិយា»។ ដោយលោកបន្ថែមថា៖ «ឪពុកម្តាយមួយចំនួនបានមករកខ្ញុំឲ្យជួយផ្តល់ការប្រឹក្សា ដើម្បីអាចឲ្យយល់ច្បាស់ពីការវិវត្តសុខភាពផ្លូវចិត្តរបស់កុមារ។ ហើយចំនួនអ្នកស្វែងរកការពិគ្រោះយោបល់បានបន្តកើនឡើង ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ១៩មក»។

លោកសេធុល បានលើកឡើងថា ដោយផ្អែកលើការស្រាវជ្រាវធ្វើឡើងដោយអង្គការក្រៅរដ្ឋាភិបាល កុមារចំនួន ៧០ភាគរយ កំពុងជួបប្រទះនឹងបញ្ហាសុខភាពផ្លូវចិត្ត ដោយសារសាលារៀនបានបិទទ្វាររយៈពេលយូរ និងការនៅដាច់ដោយឡែកតែឯង។ កាលពីថ្ងៃទី០៩ ខែកញ្ញា រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសបន្តវិធានការទប់ស្កាត់ចំនួន ១៤ថ្ងៃ បន្ថែមទៀត គិតចាប់ពីថ្ងៃទី១០ ខែកញ្ញា ដើម្បីទប់ទល់នឹងការឆ្លងវីរុសបំប្លែងថ្មីដែលតា។ គ្រប់គ្រឹះស្ថានអប់រំដែលមិនទាន់មានគោលការណ៍អនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ត្រូវបន្តការសិក្សាតាមប្រព័ន្ធអនឡាញ ដែលបានធ្វើឡើងអស់រយៈពេលរាប់រយថ្ងៃមកហើយគិតចាប់តាំងពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩។ ប៉ុន្តែយោងទៅតាមរបាយការណ៍មួយទៀតរបស់អង្គការយូនីសេហ្វ ចុះផ្សាយនៅខែមិថុនា ឆ្នាំ២០២១ ការរៀនតាមប្រព័ន្ធអនឡាញមិនអាចជំនួសការរៀនដោយផ្ទាល់បាននោះទេ។
របាយការណ៍បានសរសេរថា៖ «កុមារដែលមិនបានរៀននៅក្នុងថា្នក់រៀន ប្រឈមនឹងការកើនឡើងនូវភាពឯកា ការលំបាកក្នុងការផ្ចង់អារម្មណ៍ និងការភ័យព្រួយនៅក្នុងការសិក្សា។ បញ្ហាទាំងនេះនឹងកាន់តែអាក្រក់ជាងមុន ប្រសិនបើសាលារៀននៅបន្តបិទទ្វារ»។
លោកសេធុលបាននិយាយថា បញ្ហាសុខភាពផ្លូវចិត្តបានក្លាយជាចំណុចផ្តោតនៅអំឡុងពេលវេលាដ៏លំបាកនេះ។ ដោយសារតែស្ថានភាពមិនច្បាស់លាស់ ការភ័យខ្លាចជាទូទៅពីជំងឺកូវីដ១៩ និងការប៉ះពាល់សេដ្ឋកិច្ច មនុស្សមួយចំនួនហាក់ដូចជាបានតាមដានពីរបៀបការពារសុខភាព និងសុខមាលភាពរបស់ពួកគេ។
លោកបានថ្លែងថា៖ «មុនពេលមានការរាតត្បាតជំងឺកូវីដ១៩ ខ្ញុំមានវគ្គបង្រៀនចំនួនប្រាំពាក់ព័ន្ធនឹងការការពារសុខភាពផ្លូវចិត្ត និងសុខមាលភាពសម្រាប់ក្រុមហ៊ុនឯកជន និងបុគ្គលិកអង្គការក្នុងមួយខែ ប៉ុន្តែឥឡូវនេះ ខ្ញុំមានរហូតដល់ដប់ ឬច្រើនជាងនេះ»។
ពលរដ្ឋកម្ពុជាវ័យចំណាស់ច្រើនជាងមុនក៏បានស្វែងរកសេវាកម្មពិគ្រោះយោបល់សុខភាពផ្លូវចិត្តផងដែរ។ ដោយមានជំនួយផ្តល់ដោយអង្គការយូនីសេហ្វ និងអង្គការ Plan International Cambodia អង្គការ TPO បានផ្តល់សេវាកម្មពិគ្រោះយោបល់ផ្លូវចិត្តដល់ពលរដ្ឋងាយរងគ្រោះអំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩។ លោកស្រី សុខ ផាណែត អ្នកពិគ្រោះយោបល់ផ្នែកសុខភាពផ្លូវចិត្តប្រចាំអង្គការចិត្តសង្គម និងអន្តរវប្បធម៌ (TPO) បានប្រាប់ខេមបូចា ថាចាប់ពីខែមេសា ឆ្នាំ២០២០ មកដល់ខែកក្កដា ឆ្នាំ២០២១ មានករណីស្វែងរកសេវាកម្មជំនួយផ្នែកសុខភាពផ្លូវចិត្តចំនួន ២.៤៧០ករណី នៅអង្គការ TPO។ នៅក្នុងចំណោមអ្នកស្វែងរកជំនួយ មនុស្សពេញវ័យស្ថិតនៅក្នុងក្រុមមនុស្សឈានមុខគេ ចំនួន ២.៣៣៥ ករណី (ស្រ្តី ១.៤៧៤ ករណី និងបុរស ៨៦១ករណី) ចំណែកឯកុមារមាន ១៣៥ករណី (កុមារី ៩១ ករណី និងកុមារា ៤៤ករណី)
លោកស្រីផាណែតបានថ្លែងថា៖ «អំឡុងពេលមានការរាតត្បាតជំងឺ ចំនួនអ្នកស្វែងរកការប្រឹក្សាផ្នែកសុខភាពផ្លូវចិត្តតាមប្រព័ន្ធអនឡាញបានកើនឡើងយ៉ាងខ្លាំង។ ពួកគាត់មានបញ្ហាប្រឈមផ្លូវចិត្តផ្សេងៗ ហើយនៅក្នុងចំណោមករណីចំនួន ២.៤៧០ អ្នកដែលកំពុងធ្វើចត្តាឡីស័ក និងអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ក៏បានស្នើសុំជំនួយផងដែរ»។
លោក ងិន រតនរមនា សហស្ថាបនិក Arom Station ដែលជាគេហទំព័រអនឡាញមួយ មានគោលដៅលើកកម្ពស់ការយល់ដឹងពីសុខភាពផ្លូវចិត្ត និងផ្តល់ការពិគ្រោះយោបល់ ដោយឥតគិតថ្លៃបានមានប្រសាសន៍ថា ចាប់តាំងពីខែមេសា រហូតមកទល់ពេលនេះ គេហទំព័រ Arom Station បានផ្តល់សេវាពិគ្រោះយោបល់ដល់មនុស្សចំនួន ១៥០នាក់ អាយុរវាង ១៥ ទៅ៣៥ឆ្នាំ។ លោកបាននិយាយថា អ្នកដែលស្វែងរកជំនួយបានជួបប្រទះបញ្ហាអារម្មណ៍ភ័យព្រួយ និងជំងឺបាក់ទឹកចិត្ត បង្កឡើងដោយស្ថានភាពដុនដាបដោយសារវិបត្តិជំងឺកូវីដ១៩។
លោកបានថ្លែងថា៖ «អ្នកជំងឺដែលមករកពួកយើង ស្ថិតនៅក្នុងដំណាក់កាលបញ្ហាសុខភាពផ្លូវចិត្តផ្សេងៗគ្នា ដោយមានចាប់ពីរោគសញ្ញាកម្រិតស្រាល រហូតដល់កម្រិតធ្ងន់»។ ដោយលោកបន្ថែមថា៖ «ពួកគាត់មួយចំនួនបាននិយាយថា ពួកគាត់មិនអាចសម្រាន្តបានពេលយប់ ដោយសារពួកគាត់គិតច្រើន និងមានបញ្ហាធុញថប់អារម្មណ៍ខ្លាំង។ ហើយអ្វីដែលយើងបានរកឃើញនាពេលថ្មីៗនេះ គឺថា អ្នកជំងឺកំពុងចូលក្នុងដំណាក់កាលលំបាកមួយដែលមិនអាចឲ្យពួកគេបំពេញការងារបាន»។
លោក ខាន់ សារ៉េត សាស្រ្តាចារ្យផ្នែកចិត្តវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមានប្រសាសន៍ថា លោកបានផ្តល់ការពិគ្រោះយោបល់សុខភាពផ្លូវចិត្តដោយឥតគិតថ្លៃចំពោះនិស្សិតនៅសាកលវិទ្យាល័យនេះ។
លោកបានថ្លែងថា៖ «និស្សិតភាគច្រើន អាយុរវាង ១៨ ទៅ២០ឆ្នាំ បានមករកខ្ញុំដើម្បីស្វែងការប្រឹក្សាផ្នែកសុខភាពផ្លូវចិត្ត ដោយសារតែពួកគេជួបប្រទះការលំបាកលើបញ្ហានេះខ្លាំងអំឡុងពេលវិបត្តិជំងឺកូវីដ១៩។ ខ្ញុំគិតថា មនុស្សដទៃទៀតក៏ត្រូវការជំនួយដូចនេះដែរ ប៉ុន្តែពួកគេមិនដឹងថា ត្រូវទៅណា ហើយខ្លាចដោយសារព្រួយបារម្ភពីការរើសអើង»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodians seek mental health services amid COVID-19 crisis