អង្គការចិត្តសង្គមអន្តរវប្បធម៌កម្ពុជា ហៅកាត់ថា TPO បានឲ្យដឹងកាលពីថ្ងៃអង្គារថា កម្ពុជានឹងបើកផ្ដល់សេវាថែទាំសុខភាពផ្លូវចិត្តសម្រាប់ប្រជាពលរដ្ឋភៀសសឹកពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃកាលពីឆ្នាំមុនជាង២ម៉ឺននាក់។
គម្រោងផ្ដល់សេវានេះដឹកនាំដោយអង្គការ TPO គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ហៅកាត់ថា UNFPA ដែលមានថវិកាគាំទ្រ១,៣លានដុល្លារពីរដ្ឋាភិបាលជប៉ុន។ គម្រោងនេះនឹងរៀបចំឲ្យមានមណ្ឌលប្រឹក្សាយោបល់នៅជំរំជនភៀសសឹក និងតំបន់ផ្ទះបណ្ដោះអាសន្ននៅតាមខេត្តជាប់ព្រំដែន។
កម្មវិធីនេះធ្វើឡើងមួយឆ្នាំក្រោយអង្គការទស្សនៈពិភពលោកបានបង្ហាញរបាយការណ៍មួយដោយរកឃើញថា ប្រហែលពីរភាគបីនៃគ្រួសារប្រជាពលរដ្ឋភៀសសឹកដោយជម្លោះព្រំដែនកាលពីខែកក្ដដា ឆ្នាំ២០២៥ បានជួបវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ។ ការសិក្សានេះបានធ្វើឡើងនៅជំរំជនភៀសសឹកជាង៤០កន្លែងនៅក្នុងខេត្តព្រះវិហារ បន្ទាយមានជ័យ និងសៀមរាប។
ការសិក្សានេះបានរកឃើញថា ការជម្លៀសចេញ ការជួបនឹងការទម្លាក់គ្រាប់បែក ឬការបាញ់ប្រហារ និងការបាត់បង់សាច់ញាតិ គឺជាកត្តាមានទំនាក់ទំនងសំខាន់ក្នុងការបង្កឲ្យមានវិបត្តិផ្លូវចិត្តទាំងនេះ។ កុមារក៏រងផលប៉ះពាល់ដែរ ដោយក្នុងរបាយការណ៍បង្ហាញថាកុមារមានភាពភ័យខ្លាចពេលជួបប្រទះនឹងអំពើហិង្សា និងការភៀសខ្លួន។
អ្នកស្រី តាំង សុភាព នាយិការងអង្គការ TPO បានឲ្យដឹងថា មណ្ឌលប្រឹក្សាយោបល់គឺមានចេតនាលើកកម្ពស់សុខុមាលភាពស្រ្តី និងជាពិសេសកុមារ។
លោកស្រីឲ្យដឹងថា៖ «បន្ទប់ប្រឹក្សាយោបល់ដែលយើងបង្កើតឡើងគឺមានគោលបំណងជួយស្ដារសុខុមាលភាពផ្លូវចិត្ត និងពង្រឹងជំនឿចិត្តរបស់ពួកគាត់ឡើងវិញ»។
អ្នកស្រីឲ្យដឹងទៀតថា ចាប់តាំងពីខែកុម្ភៈមក មានមណ្ឌលប្រឹក្សាយោបល់នេះចំនួនប្រាំកន្លែងហើយត្រូវបានបង្កើត និងកំពុងផ្ដល់សេវានៅតាមតំបន់ផ្ទះបណ្ដោះអាសន្នរបស់ប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តព្រះវិហារ សៀមរាប និងបន្ទាយមានជ័យ។
អ្នកស្រីបានបន្ថែមថា ប្រជាពលរដ្ឋមួយចំនួនបានស្វែងរកសេវានេះនៅមណ្ឌលផ្ទាល់ ហើយភាគច្រើនជាស្រ្តី ខណៈមានខ្លះទៀតហាក់នៅមានភាពស្ទាក់ស្ទើរក្នុងការមកទទួលសេវា។
អ្នកស្រី អូហ្សាវ៉ា ណូប៊ូអេ (Ozawa Nobue) ប្រធានផ្នែកសេដ្ឋកិច្ច និងជំនួយអភិវឌ្ឍន៍របស់ស្ថានទូតជប៉ុនប្រចាំក្រុងភ្នំពេញ មានប្រសាសន៍ថា ជប៉ុននឹងបន្តគាំទ្រដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន តាមរយៈកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល និងអង្គការអន្តរជាតិ។
អ្នកស្រី ឌឿ រក្សា ពលរដ្ឋភៀសសឹកមួយរូបកំពុងរស់នៅក្នុងភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាតាមរយៈមណ្ឌលនេះ អ្នកស្រីមានកន្លែងសម្រាប់ចែករំលែកអារម្មណ៍ពិបាកក្នុងចិត្ត និងថាវាពិតជាមានប្រយោជន៍។
អ្នកស្រីបន្តថា៖ «ពេលខ្លះយើងចង់និយាយអ្វីដែលមាននៅក្នុងចិត្តក្រោយពីចាកចេញពីភូមិរបស់យើង…អ្វីដែលខ្ញុំមិនអាចបំភ្លេចបានគឺគ្រាប់ផ្លោងធ្លាក់នៅពេលខ្ញុំកំពុងលក់កាហ្វេ។ ខ្ញុំខ្លាចជាខ្លាំង ព្រោះវាបានកើតឡើងភ្លាមៗ និងខ្ញុំមិនបានត្រៀមខ្លួនអ្វីទាំងអស់»។
អ្នកស្រីឲ្យដឹងទៀតថា គ្រួសារអ្នកស្រីមានការលំបាកក្នុងជីវភាពជាខ្លាំងក្រោយពីបាត់បង់ផ្ទះ និងដីស្រែចម្ការ។ ដូចជនភៀសសឹកផ្សេងទៀតដែរ គឺអ្នកស្រីជួបការលំបាកក្នុងការរកការងារធ្វើសម្រាប់ចិញ្ចឹមជីវិត។
ចំណែកលោក ខុម អឿប ប្រជាពលរដ្ឋភៀសសឹកម្នាក់ទៀត ដែលពីមុនលោករស់នៅភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ ក៏បានស្វាគមន៍ចំពោះវត្តមានមណ្ឌលប្រឹក្សាយោបល់ថ្មី។
លោកឲ្យដឹងថា៖ «ការរៀបចំនេះល្អ ប៉ុន្តែយើងនៅតែនឹកផ្ទះ…យើងនៅតែភ័យខ្លាចពីរូបភាពនៃសង្គ្រាម សំឡេងគ្រាប់ផ្ទុះ និងការគ្មានកន្លែងជ្រកកោន។ ចំណែកឯរោងចក្រវិញមានតែនៅខេត្តឆ្ងាយៗ។ សេដ្ឋកិច្ចគ្រួសារពេលនេះមិនល្អទេ គ្មានការងារធ្វើ»។
បើតាមរដ្ឋាភិបាល ប្រជាពលរដ្ឋជាង២ម៉ឺននាក់ ភាគច្រើនជាស្រ្តី និងកុមារកំពុងបន្តស្នាក់នៅតំបន់ភៀសសឹកនៅឡើយគិតតាំងពីមានបទឈប់បាញ់កាលពីខែធ្នូ កន្លងមក។
ប្រជាពលរដ្ឋទាំងនោះភាគច្រើនមកពីតំបន់ដែលទាហានថៃចូលកាន់កាប់ ហើយផ្ទះសម្បែងរាប់រយខ្នងត្រូវទាហានថៃបំផ្លាញចោល។ យ៉ាងណារដ្ឋាភិបាលក្រុងបាងកកបានអះអាងថា ដីដែលទាហានថៃចូលកាន់កាប់បច្ចុប្បន្នគឺស្ថិតក្នុងអធិបតេយ្យរបស់ខ្លួន ឬជាតំបន់ស។ ការលើកឡើងរបស់ថៃបែបនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជាច្រានចោល និងថាថៃបានទន្ទ្រានចូលកាន់កាប់ដីរបស់កម្ពុជាដោយខុសច្បាប់៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Japan Funds Mental Health Support for Displaced Border Residents








