សូរសំឡេងរំពងលាន់ឮទូទាំងភូមិ តាមបណ្តោយព្រំដែនខ្មែរ-ថៃ ក្នុងខេត្តព្រះវិហេារ និងឧត្តរមានជ័យ ដែលប្រជាជនវ័យចំណាស់ស្តាប់មិនច្រឡំថាជាស្នូរកាំភ្លើង ដ្បិតធ្លាប់បានឆ្លង់កាត់សម័យសង្គ្រាមដ៏ជូរចត់ ដិតដាមក្នុងការចង់ចាំ ដែលដូចគ្នាទៅនឹងសំឡេងគ្រាប់កាំភ្លើងលើកនេះបានបង្កឲ្យមានការចលាចល និងការភិតភ័យពីសំណាក់ប្រជាជនគ្រប់វ័យដែលរស់នៅតាមតំបន់ជាយដែន។
ក៏ប៉ុន្តែជំនួយជាសម្ភារៈចាំបាច់ និងការគាំពារជាច្រើនត្រូវបានផ្តល់ជូនដល់ប្រជាជនដែលរងគ្រោះ ជាបន្តបន្ទាប់ដោយសម្បុរសជនទូទាំងប្រទេស។
ស្ថាប័នសុខភាពផ្លូវចិត្ត ក្នុងស្រុកក៏បាននិងកំពុងធ្វើការយ៉ាងសកម្មដើម្បីផ្តល់ការគាំពារ ដល់ប្រជាជនដែលរងគ្រោះក្នុងភាពលំបាកនេះតាមរយៈយុទ្ធការសម្បុរសធម៌ កិច្ចពិគ្រោះលើបណ្តាញសង្គម ការដាក់លេខទំនាក់ទំនង បន្ទាន់លើផ្ទាំងបដាតាមតំបន់មានជម្លោះប្រដាប់អាវុធ។
ក្នុងនោះក៏មានការផ្តួចផ្តើមនូវយុទ្ធនាការគាំពារសុខភាពផ្លូវចិត្តសម្រាប់ជនភៀសសឹក ដោយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា (SIC) បន្ទាប់ពីបានឃើញពីភាពខ្វះខាត និងសេចក្តីត្រូវការជាបន្តបន្ទាប់របស់ប្រជាពលរដ្ឋ បើទោះជាមានការឧបត្ថម្ភគាំទ្រនានា និងការព្យាបាលឥតគិតថ្លៃដោយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក៏ដោយ។
កញ្ញា អឹម រចនា ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា មានប្រសាសន៍ថា៖ «យើងឃើញថាបញ្ហាសុខភាពផ្លូវចិត្តនេះមិនត្រឹមតែមានសារៈសំខាន់សម្រាប់ជនភៀសសឹកទេវាបានប៉ះពាល់ផ្លូវចិត្តរបស់ប្រជាជនកម្ពុជាទាំង ១៧លាននាក់ ទាំងក្នុងនិងក្រៅប្រទេស»។
កញ្ញា រចនា បានបន្តថា៖ «អ្នកដែលនៅជួរក្រោយបារម្ភពីអ្នកដែលនៅជួរមុខ ហើយអ្នកដែលនៅជួរមុខបារម្ភពីអ្នកដែលនៅជួរក្រោយ គាត់បារម្ភពីផ្ទះសម្បែងរបស់គាត់ គាត់បារម្ភពីការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់»។
បន្ទាប់ពីរយៈពេល ៥ថ្ងៃនៃការប៉ះទង្គិចប្រដាប់អាវុធ ដែលមានទាំងការវាយប្រហារដោយកាំភ្លើងធំ និងការវាយប្រហារតាមអាកាស មានជនស៊ីវិលជាង ១២ម៉ឺននាក់ ត្រូវបានផ្លាស់ទីលំនៅក្នុងខេត្តចំនួន៥ រួមទាំងសិស្សជាង ១៥ម៉ឺននាក់ មិនអាចចូលរៀនបានគិតចាប់ពីថ្ងៃទី២៨ ឧសភា មក។ គួរឱ្យដឹងថា បទឈប់បាញ់ត្រូវបានចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ប៉ុន្តែការប៉ះទង្គិច និងការញុះញង់របស់ថៃនៅតែត្រូវបានគេរាយការណ៍ជាបន្តបន្ទាប់។
យុទ្ធការនេះផ្តល់ជូនសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃទៅកាន់ជនរងគ្រោះ ហើយអ្នកជំនាញផ្នែកចិត្តសាស្រ្តក៏ បានអប់រំកុមារ ផ្តល់ការប្រឹក្សាផ្លូវចិត្ត និងការគាំទ្រផ្នែកផ្លូវចិត្តទៅកាន់អាណាព្យាបាល និងនាំកុមារលេងល្បែងកំសាន្ត ដើម្បីរំសាយអារម្មណ៍ភ័យខ្លាច និងក្ដីព្រួយបារម្ភ បន្ទាប់ពីបានទទួលរងនូវការប៉ះទង្គិចផ្លូវចិត្តនៅពេលផ្លាស់ទីលំនៅ ដោយសារសង្គ្រាម។

លោកស្រី យឹម សុធារី ជាអ្នកជំនាញចិត្តសាស្ត្រ និងជាស្ថាបនិកមជ្ឈមណ្ឌល ស្នេហា មានប្រសាសន៍ថាការគាំទ្រសុខភាពផ្លូវចិត្ត ជាផ្នែកមួយនៃជំនួយមនុស្សធម៌ ដែលចាំបាច់ក្នុងការបង្ការការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ។
អ្នកស្រី និយាយថា៖ «ប្រជាជនកម្ពុជាទាំងអស់កំពុងប៉ះពាល់ផ្លូវចិត្ត ប៉ុនែ្តមិនអាចនិយាយថាអ្នកណាធ្ងន់ជាងអ្នកណាទេ»។
លោកស្រី សុធារី បានឱ្យដឹងថា៖ «តាមការចុះជួប និងការស្រាវជ្រាវរបស់ខ្ញុំ ខ្ញុំមើលឃើញថាពួកគាត់ មានជំងឺបាក់ទឹកចិត្ត ក៏មានថប់អារម្មណ៍ក៏មាន ហើយស្រ្តេសក៏មានដែរ មានទាំងបីហ្នឹងតែម្តង។ ទោះបីរោគសញ្ញាទាំងនេះជាការឆ្លើយតបទៅនឹងស្ថានការពិបាក ប៉ុន្តែ (Somehow) វាមកចាក់ចំរបួសដែលមានស្រាប់ទៀត ហេតុដូចនេះហើយ បើយើងមិនបានដោះស្រាយ ឬជួយគាំទ្រគាត់ទេវាអាចវិវត្តទៅជាជំងឺប៉ះទង្គិចផ្លូវចិត្ត»។
លោកស្រីបន្តថា៖ «ខ្ញុំនៅតែគាំទ្រឲ្យមានជំនួយផ្លូវកាយ ស្បៀងអាហារ ចំណីអាហារ ដែលជាតម្រូវការចំបាច់។ ប៉ុន្តែយើងមិនអាចបំភ្លេចតម្រូវការសុខភាពផ្លូវចិត្តទេ»។ លោកស្រី សុធារី គាត់ក៏សំណូមពររដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធបង្កើនការគាំទ្រដល់សុខុមាលភាពផ្លូវចិត្តរបស់ប្រជាជនក្នុងស្ថានភាពបច្ចុប្បន្ន។
លោកស្រី តាំង សុភាព អនុប្រធានអង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO) បាននិយាយថា វាមានសារៈសំខាន់ណាស់ក្នុងការគាំទ្រដល់សុខភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋដែលផ្លាស់ទីលំនៅ ដោយសារស្ថានភាពរស់នៅក្នុងជំរំមិនសូវល្អ។ លើសពីនេះ ស្ត្រី និងកុមារមានអារម្មណ៍តានតឹង និងគ្មានសុវត្ថិភាព ដោយសារអវត្តមាននៃតួនាទីប្រចាំថ្ងៃរបស់ពួកគេ។
លោកស្រី បានឱ្យដឹងថា៖ «សម្រាប់អាណាព្យាបាល យើងអប់រំឲ្យគាត់ដឹងអំពីប្រតិកម្មក្នុងស្ថានភាពនេះ តើគាត់អាចដឹងឬកត់សម្គាល់ថាគាត់មានសញ្ញាអ្វីខ្លះ និងតើពួកគាត់អាចជួយខ្លួនគាត់យ៉ាងម៉េច ដើម្បីបញ្ជៀសពីការវិវត្តទៅជាការដែលមានវិបត្តផ្លូវចិត្តធ្ងន់ធ្ងរនៅពេលអានាគត»។
បុរសវ័យ៦៦ឆ្នាំម្នាក់ មកពីខេត្តព្រះវិហារ ដែលណែនាំខ្លួនឈ្មោះ អៀម បាននិយាយថា គាត់សប្បាយចិត្តណាស់ដែលបានទទួលអំណោយ រួមទាំងទឹកស្អាត និងសម្ភារៈអនាម័យ ដែលកាត់បន្ថយបន្ទុករបស់គាត់នៅក្នុងជម្រក ប៉ុន្តែគាត់សោកស្តាយដែលបាត់បង់កសិផលនៅឯផ្ទះ។
លោក អៀម បាននិយាយថា៖ «ខ្ញុំនៅតែបន់ស្រន់សម្រាប់ទាហានជួរមុខរបស់យើងឲ្យគាត់មានសេចក្តីសុខ។ ការប៉ះទង្គិចគ្នាដោយអាវុធនេះ ខ្ញុំនឹកដល់ការឈឺចាប់ដែលខ្ញុំបានឆ្លងកាត់ក្នុងរបបខ្មែរក្រហម នៅពេលដែលខ្ញុំដាច់បាយ»។
លោកស្រី សុធារី បាននិយាយថា ប្រជាពលរដ្ឋវ័យចំណាស់ដែលមានការចងចាំពីសម័យខ្មែរក្រហមមានការព្រួយបារម្ភថាជម្លោះ
ព្រំដែនអាចកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។
លោកស្រី សុធារី បញ្ជាក់ថា៖ «ចាស់ៗមួយចំនួន ថ្មីៗមានលេចសញ្ញាផ្លូវកាយ ឈឺនេះឈឺនោះទៅពេទ្យ ប៉ុន្តែនៅពេលដែលទៅពេទ្យ ផ្លូវកាយរបស់គាត់អត់អីទេ អីចឹងវាបញ្ជាក់ថាជាសញ្ញាផ្លូវចិត្ត ប៉ុន្តែ (Somehow) គាត់ក៏រឹងមាំជាងក្មេងត្រង់ថាគាត់ធ្លាប់ពិបាកហើយ»។
ក្រុមការងារមជ្ឈមណ្ឌល ស្នេហា បានរៀបចំល្បែងកម្សាន្តសម្រាប់កុមារ ផ្តល់ការអប់រំផ្លូវចិត្ត និងលើកទឹកចិត្តពួកគេឲ្យបង្ហាញពីក្តីសង្ឃឹម និងការភ័យខ្លាចរបស់ពួកគេក្នុងអំឡុងពេលសកម្មភាពកំសាន្ត។ ការធ្វើដូច្នេះបានជួយកុមារបំបាត់ការថប់អារម្មណ៍របស់ពួកគេ និងបង្កើតអារម្មណ៍សុវត្ថិភាពឡើងវិញ។
អ្នកស្រី គង់ យុត អាយុ ៦៦ឆ្នាំ ដែលបានស្នាក់នៅជំរំជិតម្ភៃថ្ងៃរួចមកហើយ បានប្រាប់ ខេមបូចា ថាការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ
មិនបានធ្វើឲ្យអ្នកស្រីភ័យខ្លាចខ្លាំងនោះទេ ព្រោះអ្នកស្រីធ្លាប់ឆ្លងកាត់ភាព «ជូរចត់ជាងនេះ» ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
ទោះបីជាស្ថានភាពនៅជំរំមានភាពក្តៅ និងមិនស្រណុកដូចផ្ទះផ្ទាល់ខ្លួនក៏ដោយ ក៏គាត់សប្បាយចិត្តដែលបានទទួលការគាំទ្រផ្នែកផ្លូវចិត្តពីអង្គការ ដែលជួយសម្រាលទុក្ខព្រួយរបស់គាត់បានច្រើន។
លោកស្រី យុត និយាយថា៖ «ពីតូចមកមិនដែលមានអ្នកណាមកពន្យល់ពីសុខភាពផ្លូវចិត្តទេ។ ហើយឥឡូវខ្ញុំនៅមានភ័យខ្លាចតិចតួច មិនទាន់បាត់អស់ទេ»។
យោងតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) បានឲ្យដឹងថា ៨៧% នៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅតែជួបប្រទះនឹងការចងចាំរំខានពីរបបនេះ ជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្ត (PTSD) ជំងឺធ្លាក់ទឹកចិត្ត និងជំងឺដែលទាក់ទងនឹងការប៉ះទង្គិចផ្លូវចិត្ត។
ក្រសួងការពារជាតិ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែសីហា មានជនភៀសសឹកចំនួនន ១២៤,៩៤០នាក់ ដែលមកពីខេត្តចំនួន៥។ ជនភៀសសឹកច្រើនជាងគេ គឺនៅខេត្តព្រះវិហារ (៤២,០១៦នាក់) បន្ទាប់មកគឺខេត្តសៀមរាប (៣៩,៤៨៦នាក់) និងខេត្តឧត្តរមានជ័យ (៣៤,០២៧)។
ទោះជាយ៉ាងណា ពលរដ្ឋរាប់ពាន់គ្រួសារដែលភៀសខ្លួនបានត្រឡប់មកផ្ទះវិញ បន្ទាប់ពីកម្ពុជា និងថៃ បានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងចំនួន១៣ចំណុច រួមមានបទឈប់បាញ់ និងការប្រើប្រាស់អាវុធគ្រប់ប្រភេទ ការវាយប្រហារលើជនស៊ីវិល និងដើម្បីបញ្ចៀសការបាញ់ប្រហារដោយឥតញញើតចំពោះគ្នាទៅវិញទៅមក កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅប្រទេសម៉ាឡេស៊ី ៕
ប្រែមស្រួលពីអត្ថបទភាសាអង់គ្លេស៖ Displaced People Likely to Suffer from Mental Health Conditions Due to Border Conflict









