អង្គការយូនីសេហ្វ និងក្រុមអ្នកជំនួញធំៗបានព្រមានថា ភាពមិនប្រាកដប្រជានៅតំបន់ព្រំដែនកម្ពុជា-ថៃ កំពុងរំខានដល់ពាណិជ្ជកម្ម សេវាកម្មទេសចរណ៍ និងខ្សែច្រវ៉ាក់ផលិតកម្ម ខណៈ ជនភៀសសឹកដែលមិនទាន់អាចវិលទៅកាន់លំនៅឋានវិញបានត្រូវការជាចាំបាច់នូវជំនួយមនុស្សធម៌។
ក្នុងកម្មវិធីមួយរៀបចំដោយសភាពាណិជ្ជកម្មអ៊ឺរ៉ុបប្រចាំកម្ពុជាហៅកាត់ថា EuroCham និងអង្គការហសប្រជាជាតិ វាគ្មិនដែលបានចូលរួមកម្មវិធីបានអំពាវនាវឲ្យមានការសម្របសម្រួលដោយយកចិត្តទុកដាក់រវាងវិស័យឯកជន រដ្ឋាភិបាល និងអង្គការមនុស្សធម៌ ទាក់ទងនឹងបញ្ហាជម្លោះប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ ទោះបីជាមានបទឈប់បាញ់ហើយក្ដី។
អ្នកស្រី Kelly Wyett តំណាងឱ្យកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) មានប្រសាសន៍ក្នុងកម្មវិធីនោះថា ការអូសបន្លាយ ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាលើច្រើនចំណុច រួមមានការធ្លាក់ចុះចំនួនអ្នកទេសចរ ការវិលត្រឡប់ដ៏ច្រើននៃពលករចំណាកស្រុក ការរំខានដល់ខ្សែច្រវ៉ាក់ផលិតកម្ម ធ្វើឲ្យមានជនភៀសសឹក និងភាពមិនច្បាស់លាស់អំពីស្ថានភាពនៅតាមព្រំដែនក៏បានដាក់បន្ទុកដល់អ្នកជំនួញផងដែរ។
អ្នកស្រីលើកឡើងថា ការលក់សំបុត្រចូលទស្សនាតំបន់អង្គរបានធ្លាក់ចុះ២ភាគរយនៅក្នុងឆមាសទីពីរឆ្នាំ២០២៥។ អ្នកស្រីបន្ថែមថា អន្តរជាតិបានដាក់សម្ពាធលើកកម្ពុជាជុំវិញការចោទប្រកាន់រឿងមជ្ឈមណ្ឌលឆបោកអនឡាញ ដែលការណ៍នេះបានធ្វើឱ្យចំនួនអ្នកធ្វើដំណើរមកពីប្រទេសនានាដូចជាកូរ៉េខាងត្បូង «ស្ទើរតែធ្លាក់ដល់សូន្យ»។
ការវិលត្រឡប់របស់ពលករចំណាកស្រុកកម្ពុជាពីប្រទេសថៃកាលពីឆ្នាំមុនមានជិត១លាននាក់ហើយបច្ចុប្បន្នកំពុងប្រកបរបរក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលការណ៍នេះបានបង្កជាកង្វល់មួយសម្រាប់វិស័យការងារ។ ដូចគ្នាដែរ ខាងភាគីថៃក៏ជួបបញ្ហាលំបាកទាក់ទងនឹងការខ្វះកម្លាំងពលកម្មដូចគ្នាដែរ។
រដ្ឋាភិបាលបានលើកឡើងថា ពលករចំណាកស្រុកមកពីថៃប្រហែល៦២ម៉ឺននាក់បានការងារក្នុងស្រុកធ្វើ តែអ្នកស្រី Wyett បានលើកឡើងថា មានអតីតពលករចំណាកស្រុកជាច្រើនទៀតបានប្រឈមបញ្ហាមានជំនាញមិនត្រូវជាមួយការងារដែលមានក្នុងស្រុក ក៏ដូចជាការប្រឈមនឹងទីកន្លែងការងារផងដែរ។
អ្នកស្រីបន្ថែមថា៖ «វាមានរឿងរ៉ាវជាច្រើនដែលធ្វើឲ្យប៉ះពាល់ដល់កម្ពុជាក្នុងពេលតែមួយ»។ អ្នកស្រីបានលើកពីបញ្ហាពន្ធគយ តម្លៃទំនិញធ្លាក់ចុះ ការដាក់ទណ្ឌកម្ម និងផលប៉ះពាល់ទាក់ទងនឹងឧស្សាហកម្មឆបោកតាមអនឡាញ ព្រមជាមួយនឹងបញ្ហាជម្លោះព្រំដែន។ អ្នកស្រីបន្តថា កម្ពុជាគួរជំរុញឲ្យមានការវិនិយោគលើការកែច្នៃផលិតផលកសិកម្មឲ្យបានច្រើន ដែលនេះទំនងជាអាចសម្រាលបន្ទុកកម្ពុជាបានមួយផ្នែក។

ក្នុងនាមជាអ្នកជំនួញ លោក សុធា រ៉ាមី សម្បត្តិ ជាប្រធាន EuroCham និងជាអគ្គនាយកក្រុមហ៊ុន Auskhmer Import Export បានលើកឡើងថា កម្ពុជាបានពឹងផ្អែកជាយូរមកហើយលើប្រទេសថៃ និងវៀតណាចំពោះមុខទំនិញប្រើប្រាស់ប្រចាំថ្ងៃ ដោយមានទាំងផលិតផលម៉ាកយីហោអន្តរជាតិ និងផលិតផលវេចខ្ចប់នៅប្រទេសថៃ។
ព្រំដែនគោករវាងកម្ពុជា-ថៃបានបិទអស់ពេលជាច្រើនខែមកហើយតាំងពីប្រទេសទាំងពីរមានភាពតានតឹងនឹងគ្នានៅតាមបណ្ដោយព្រំដែនតាំងពីឆ្នាំមុនមក។
លោកសម្បត្តិ បន្ថែមថា ភាពតានតឹង និងការពហិការលើទំនិញថៃបានរំខានដល់ការផ្គត់ផ្គង់ និងមានអ្នកទិញជាច្រើនបានចៀសវាងប្រើប្រាស់ទំនិញដែលពួកគាត់យល់ថាជាប់ពាក់ព័ន្ធនឹងថៃ សូម្បីតែផលិតផលរបស់អ៊ឺរ៉ុបវេចខ្ចប់នៅក្នុងប្រទេសថៃ។
លោកឲ្យដឹងដែរថា អ្នករកស៊ីនៅពេលនេះបានបង្វែរប្រភពផ្គត់ផ្គង់ទៅកាន់ប្រទេសវៀតណាម និងប្រទេសជិតខាងផ្សេងទៀត និងក្នុងករណីខ្លះក៏បានពិចារណាប្ដូរទីតាំងវេចខ្ចប់ ឬរោងចក្រទៅកាន់ប្រទេសម៉ាឡេស៊ី ឬឥណ្ឌា។ លោកក៏បានអំពាវនាវឲ្យមានការសម្របសម្រួលល្អរវាងវិស័យឯកជន និងរដ្ឋផងដែរ។
លោក Rutger Heijsteeg អនុប្រធានគណៈកម្មការដឹកជញ្ជូន និងភស្តុភារ របស់ EuroCham ឲ្យដឹងថា ទំនិញជាច្រើនរាំងស្ទាំងមិនអាចដឹកជញ្ជូនបាន។ លោកបន្តថា ជាធម្មតាកាលមុនផ្ទុះការប៉ះទង្គិចគ្នានៅតាមព្រំដែនលើកទី១ កាលពីខែកក្កដា ឆ្នាំ២០២៥ មានរថយន្តដឹកទំនិញឆ្លងកាត់ច្រកប៉ោយប៉ែតប្រហែល៧ ០០០គ្រឿងក្នុងមួយសប្ដាហ៍ៗ។
គិតចាប់តាំងពីមានការហាមឃាត់ការនាំចូលបន្លែ និងប្រេងឥន្ធនៈពីប្រទេសថៃ ពាណិជ្ជកម្មតាមផ្លូវគោកបានធ្លាក់ចុះជាគំហុក។ ការនាំចូលពីប្រទេសថៃធ្លាក់ចុះជិត៥០ភាគរយក្នុងខែមករា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។ នេះបើតាមការបញ្ជាក់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
លោក Heijsteeg មានប្រសាសន៍ទៀតថា នៅពេលព្រំដែនគោកបិទ ទំនិញទាំងអស់ត្រូវប្ដូរទៅដឹកជញ្ជូនតាមផ្លូវទឹកដែលមានតម្លៃថ្លៃ និងយឺតជាងមុន ដែលពន្យារពេលពីមួយថ្ងៃទៅប្រហែល១២ថ្ងៃ។
ក្រៅតែពីមានការរំខានដល់ផ្នែកសេដ្ឋកិច្ច ជំនួយមនុស្សធម៌ក៏នៅតែត្រូវការជាបន្ទាន់ដែរ។ Cho Seaving មន្ត្រីទំនាក់ទំនងរបស់អង្គការយូនីសេហ្វ មានប្រសាសន៍ថា យូនីសេហ្វ និងអង្គការដៃគូបានដាក់ចេញនូវវិធានការបន្ទាន់ជាច្រើនដើម្បីជួយដល់ក្រុមគ្រួសារជនភៀសសឹក។
ការប៉ះទង្គិចគ្នាជាថ្មីនៅខែធ្នូ ឆ្នាំ២០២៥ បណ្ដាលឲ្យមានជនភៀសសឹកប្រហែល១លាននាក់ទាំងសងខាង។ ខណៈដែលមានជនភៀសសឹកខ្មែររាប់សិបម៉ឺននាក់ ដែលភាគច្រើនស្រ្តី និងកុមារ បានត្រឡប់ទៅលំនៅឋានវិញ ក៏នៅមានជនភៀសសឹកប្រហែល៨៥ ០០០នាក់ផ្សេងទៀតកំពុងបន្តរស់នៅក្នុងជំរំជនភៀសសឹក ឬមិនទាន់បានត្រឡប់ទៅវិញ។ នេះបើតាមតួលេខរបស់រដ្ឋាភិបាល។
Cho Seaving ឲ្យដឹងទៀតថា៖ «យើងបានដាក់ចេញនូវផែនការស៊ីជម្រៅមួយព្រោះថាតម្រូវការរបស់កុមារនៅតាមតំបន់ដាច់ស្រយាលនៅមិនទាន់បំពេញនៅឡើយ។ ពួកគេត្រូវការការថែទាំសុខភាព ការរៀនសូត្រ ការគាំពារ និងការគាំទ្រសង្គមផ្សេងៗទៀតក្នុងពេលជាមួយគ្នា»។ Seaving បន្តថា ការចូលរួមរបស់វិស័យឯកជនពិតជាមានសារសំខាន់ក្នុងការឆ្លើយតបបន្ទាន់ និងជួយកសាងសហគមន៍ដែលរងផលប៉ះពាល់។
អ្នកនាំពាក្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមន្នី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងធ្វើការជាមួយកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរថ្នាក់ខេត្ត និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតដើម្បីរៀបចំឲ្យមានកន្លែងស្នាក់នៅកាន់តែល្អប្រសើរសម្រាប់អ្នកដែលមិនទាន់អាចវិលទៅលំនៅឋានវិញបាន។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លោក មាស សុខសេនសាន មិនបានឆ្លើយតបសំណួរអ្នកសារព័ត៌មានទេគិតមកទល់នឹងម៉ោងផ្សាយនេះ។
គ្រួសារជនភៀសសឹកមកពីខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ពួកគេនៅមិនទាន់ច្បាស់ទេថាពេលណាអាចផ្លាស់ទៅនៅទីតាំងថ្មីដែលរដ្ឋាភិបាលគ្រោងនឹងរៀបចំឲ្យនោះ។
លោក គឹមកុលមន្នី បាបឱ្យដឹងបន្ថែមថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានសម្របសម្រួលជាមួយនឹងអង្គការមនុស្សធម៌អន្តរជាតិ ដូចជាអង្កការកម្មវិធីស្បៀងអាហារពិភពលោក ដើម្បីផ្ដល់ជាជំនួយដល់សហគមន៍ជនភៀសសឹក ដោយផ្ដោតលើការសាងសង់ជំរំថ្មីដើម្បីធានាថាប្រជាពលរដ្ឋជាជនភៀសសឹកបានទទួលកន្លែងស្នាក់នៅស្របតាមស្តង់ដារមនុស្សធម៌អន្តរជាតិ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ UN, Business Leaders Warn Border Strains Pressure Economy, Displaced








