លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យដឹងថារដ្ឋាភិបាលត្រៀមថវិកាយ៉ាងតិច១០០លានដុល្លារសម្រាប់ទិញវ៉ាក់សាំងបង្ការកូវីដ១៩ តែថាត្រូវរង់ចាំវ៉ាក់សាំងណាមានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកជាមុនសិន។
ក្នុងសេចក្ដីថ្លែងការប្រហែលបួនម៉ោងកាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថាកម្ពុជានឹងបញ្ជាទិញវ៉ាក់សាំងបង្ការកូវីដ១៩ នៅពេលណាអង្គការសុខភាពពិភពលោកទទួលស្គាល់។ លោកបន្ថែមថា កម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន២០ភាគរយនៃតម្រូវការពីអង្គការថ្នាំបង្ការកូវីដ១៩ខូវ៉ាក់(COVAX)។ ការផ្ដល់ឲ្យ២០ភាគរបស់ខូវ៉ាក់អាចប្រើសម្រាប់ប្រជាជន៣,២លាននាក់ ប៉ុន្តែរដ្ឋាភិបាលថាខ្លួនកំពុងត្រៀមវ៉ាក់សាំងជូនពលរដ្ឋ៨០ភាគរយ ឬប្រហែលនឹង១៣លាននាក់។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖«ខ្ញុំចង់បញ្ជាក់ច្បាស់ថាកម្ពុជាគឺជាសមាជិករបស់ខូវ៉ាក់ ដែលគាំទ្រដោយអង្គការសុខភាពពិភពលោក។ យើងនឹងធ្វើតាមយន្តការរបស់ខូវ៉ាក់ និងមិនទិញវ៉ាក់សាំងណាដែលមិនមានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកនោះទេ»។
រដ្ឋាភិបាលបានប្រកាសម្ដងហើយពីគោលបំណងទិញវ៉ាក់សាំងមួយលានដូសដើម្បីចាក់ជូនអ្នកប្រឈមខ្ពស់នឹងវីរុសកូវីដ១៩ ចំនួន៤១ម៉ឺននាក់ដំបូង ដែលរួមមានក្រុមគ្រូពេទ្យ គ្រូបង្រៀន យោធា នគរបាល និងបុគ្គលិកប្រមូលសំរាម ជាដើម។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «យ៉ាងណា ខ្ញុំមិនអាចឆ្លើយបានទេថាពេលណាវ៉ាក់សាំងនឹងមកដល់ ព្រោះថាកម្ពុជានឹងទិញតែវ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក យើងមិនយកប្រជាជនតេស្តវ៉ាក់សាំងនោះទេ»។
កាលពីសប្ដាហ៍មុនលោកនាយករដ្ឋមន្ត្រីបានទទួលការបរិច្ចាកថវិកាជាច្រើនលានដុល្លារសម្រាប់ទិញវ៉ាក់សាំង។ ថវិកាទាំងនោះបានមកពីឥស្សរជនជាន់ខ្ពស់ និងឧកញ៉ាល្បីឈ្មោះជាច្រើនរូបមានលោក គិត ម៉េង លោក សុខ គង់ លោក ឡៅ ម៉េងឃិន និងលោកស្រី ជឹង សុភាព ព្រមទាំងទទួលបានពីព្រះមហាក្សត្រ និងសម្តេចម៉ែផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថារដ្ឋាភិបាលបានប្រមូលថវិកាពីសប្បុរសជនប្រហែល៤៨លានដុល្លារ ហើយក្នុងនោះមាន២៦លានដុល្លារបានផ្ទេរចូលថវិកាក្រសួងសុខាភិបាលរួចហើយ។
តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី Ailan Li មានប្រសាសន៍កាលពីសប្ដាហ៍មុនថាវ៉ាក់សាំងបង្ការកូវីដ១៩ ដែលខាងខូវ៉ាក់យកមកប្រើត្រូវមានការត្រួតពិនិត្យ និងយល់ព្រមយ៉ាងម៉ត់ចត់ពីអាជ្ញាធរនិយ័តកម្ម ឬអាជ្ញាធរប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក ឬក៏ត្រូវមានការវាយតម្លៃជាមុនសិន។
លោកស្រីបន្តថា៖ «យើងរំពឹងថាវ៉ាក់សាំងនឹងទៅដល់ប្រទេសនានានៅពេលណាមួយក្នុងឆ្នាំ២០២១។ យើងសង្ឃឹមថាវ៉ាក់សាំងនឹងមកដល់កម្ពុជានៅដើមឆ្នាំក្រោយ ឬពាក់កណ្ដាលឆ្នាំក្រោយ ប៉ុន្តែមិនអាចកំណត់ពេលជាក់លាក់ទេ»។
កម្ពុជាមានចំនួនអ្នកឆ្លងកូវីដ១៩ក្នុងហសគមន៍ឡើងដល់៤១ករណី ដែលគេហៅថាជាព្រឹត្តិការណ៍ «២៨ វិច្ឆិកា» ដែលនាំឲ្យចំនួនឆ្លងឡើងដល់៣៦២ករណី និងកំពុងសម្រាកព្យាបាលមានចំនួន៤៣នាក់ ដោយគិតត្រឹមថ្ងៃពុធ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថារដ្ឋាភិបាលបានគ្រប់គ្រងការឆ្លងក្នុងសហគមន៍នេះបានហើយ តែលោកស្ទាក់ស្ទើរថា «ព្រឹត្តិការណ៍ ២៨ វិច្ឆិកា» បានបញ្ចប់ ដោយថានៅមានមនុស្សមួយចំនួមិនទាន់បានធ្វើតេស្ត និងមានខ្លះធ្វើចត្តាឡីស័កមិនបានត្រឹមត្រូវ។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «យើងបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលបន្តតាមដានចំនួន១៤ថ្ងៃទៀតរកមើលករណីនេះ។ យើងធ្វើនេះ ដើម្បីបញ្ជាក់ថាការឆ្លងក្នុងសហគមនម៍ត្រូវបញ្ចប់ទាំងស្រុង នៅយ៉ាងហោចត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២១»។
រដ្ឋាភិបាលបានពន្យាពេលប្រឡងបាក់ឌុបទៅដល់ពាក់កណ្ដាលខែមករា ឆ្នាំក្រោយ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីបានសម្រេចឲ្យសិស្សថ្នាក់ទី១២ទាំងអស់ជាប់ដោយស្វ័យប្រវត្តិ។
លោកក៏បានទទួលស្គាល់ដែរថាការបង្ហាញរូបថត និងព័ត៌មានឯកជនរបស់អ្នកជំងឺគឺប៉ះពាល់សិទ្ធិអ្នកទាំងនោះ តែលោកថារដ្ឋាភិបាលគឺ «ស្ថិតក្នុងភាពងងឹត» ជាមួយនឹងហេតុការណ៍ឆ្លងក្នុងសហគមន៍ និងថានឹងមិនបន្តបញ្ចេញព័ត៌មានអ្នកផ្សេងទៀតទេ។

លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា មានប្រសាសន៍ថារដ្ឋាភិបាលជោគជ័យលើការគ្រប់គ្រងការឆ្លងជាចង្កោមក្នុងសហគមន៍ ជាមួយនឹងវិធានការស្ងៀមស្ងាត់មួយចំនួន។
លោកឲ្យដឹងថា៖ «យើងបានឃើញស្ថានភាពហាក់ស្ងប់ស្ងាត់បន្តិច តែយើងមិនទាន់ទុកចិត្តថានឹងមានការរាលដាលនៅពេលខាងមុខឬយ៉ាងណា ប៉ុន្តែយើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ការពារកុំឲ្យឆ្លងកូវីដ១៩»។
លោកបន្ថែមថាក្រុមការងាររដ្ឋាភិបាលគួរតែវាយតម្លៃឲ្យបានច្បាស់លាស់លើវ៉ាក់សាំង និងប្រសិទ្ធភាពរបស់វាលើក្រុមគោលដៅ ខណៈទិន្ន័យទាំងនេះគួរតែគ្រប់គ្នាអាចរកបាន និងមានតម្លាភាព។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលហាក់ឃ្លាតពីគោលការណែនាំពីវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក ដែលត្រូវចាក់ឲ្យបុគ្គលិកសុខាភិបាល និងមនុស្សចាស់មុនគេ។ លោកស្រីបន្ថែមថា រដ្ឋាភិបាលបានដាក់បញ្ចូលកងកម្លាំងប្រដាប់អាវុធទៅក្នុងបញ្ជីអ្នកទទួលវ៉ាក់សាំង។
លោកស្រីបន្តថា៖ «យើងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់គោលការណែនាំរបស់អង្គការសុខភាពពិភពលោក ពេលអនុវត្តការចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីឆ្លើយតបទៅនឹងវិធានការផ្សេងៗ និងប្រាកដថាបានចែកចាយវ៉ាកសាំងរៀបចំដោយមានសមភាព និងគ្មានការរើសអើស ផ្ដល់អាទិភាពដល់ជនងាយរងគ្រោះ ឬអ្នកមានប្រព័ន្ធភាពស៊ាំខ្សោយ»។
លោកស្រីបន្ថែមថា រដ្ឋាភិបាលត្រូវតែធានាថានឹងមិនមានរបាំងក្នុងការទទួលបានវ៉ាក់សាំង ដែលនាំឲ្យប្រជាពលរដ្ឋមួយចំនួនមិនបានទទួលវ៉ាក់សាំងនេះ។
លោកស្រីថា៖ «យើងជឿថាការសម្រេចចិត្តពន្យាពេលទទួលបានវ៉ាកសាំងគឺជាការសម្រេចចិត្តល្អ និងអាចប្រាដកថាមានប្រសិទ្ធភាព និងសុវត្ថិភាពពេលបានវ៉ាក់សាំងប្រើក្នុងប្រទេស»។
លោកស្រី អ៊ុក ឆាយាវី ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា បង្ហាញការខកចិត្តទៅនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលដែលលុបចោលការប្រឡងបាក់ឌុប ដោយថាវានឹងប៉ះពាល់ដល់គុណភាពអប់រំ។
លោកស្រី បន្ថែមថា៖ «ខ្ញុំគិតថាគុណភាពអប់រំនឹងមិនប្រសើរទេ ព្រោះសិស្សជាប់បាក់ឌុបដោយមិនប្រឡង ប្រសិនបើយើងប្រៀបធៀបទៅនឹងឆ្នាំមុនៗ»។
លោកស្រី ឲ្យដឹងទៀតថារដ្ឋាភិបាលអាចរៀបចំការប្រឡងនៅតាមសាលានីមួយៗ និងរក្សាគម្លាតសុវត្ថិភាពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។ ក្រសួងអប់រំបានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃពុធថា ដោយផ្អែកលើអនុសាសន៍របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន សិស្សថ្នាក់ទី៩ និងទី១២ កំណត់ឲ្យជាប់ជាស្ថាពរ ប៉ុន្តែមិនកំណត់និទ្ទេសនោះទេ។
ក្រសួងក៏បានចេញសេចក្តីប្រកាសដាច់ដោយឡែកមួយទៀតនៅលើទំហ្វេសប៊ុករបស់ខ្លួនថា សិស្សស្វៃរិនបំពេញវិជ្ជា ដែលបានចុះឈ្មោះប្រឡង ក៏ជាប់ជាស្ថាពរផងដែរ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Vaccine budget increases to at least $100 million, WHO to guide acquisition