សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកស្រី វណ្ណ ស៊ុន ជូនប្តីទៅរកការព្យាបាល៥កន្លែងប៉ុន្តែពេទ្យមិនទទួលរហូតប្តីស្លាប់

លោក អ៊ុច ភា និងអ្នកស្រី វណ្ណ ស៊ុន អង្គុយជាមួយចៅស្រីនៅក្នុងបន្ទប់ជួលមួយនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រូបភាពថតនៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២១។ ខេមបូចា/ អាន វិចិត្រ
លោក អ៊ុច ភា និងអ្នកស្រី វណ្ណ ស៊ុន អង្គុយជាមួយចៅស្រីនៅក្នុងបន្ទប់ជួលមួយនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រូបភាពថតនៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២១។ ខេមបូចា/ អាន វិចិត្រ

អ្នកស្រី វណ្ណ ស៊ុន រំឭកថាប្តីរបស់គាត់មានជំងឺប្រចាំកាយត្រូវការប្រើថ្នាំជាប្រចាំរយៈពេលជាង៣ឆ្នាំហើយ។ លុះដល់ខែមិថុនាកន្លងទៅនេះ ជំងឺប្តីរបស់គាត់ធ្វើទុក្ខដែលត្រូវឱ្យពេទ្យពិនិត្យ ដើម្បីទិញថ្នាំបន្ត ហើយគាត់បានទៅពេទ្យរដ្ឋ៥កន្លែង ប៉ុន្តែពេទ្យមិនទទួលរហូតប្តីគាត់ស្លាប់។​

ប្តីរបស់អ្នកស្រី វណ្ណ ស៊ុន ឈ្មោះ អ៊ុច ភា អាយុ៥៦ឆ្នាំ។ លោក អ៊ុច ភា ត្រូវបានមន្ទីរពេទ្យរុស្ស៊ី រកឃើញថា មានជំងឺក្រិនសួតកាលពីខែកញ្ញាឆ្នាំ២០១៩ ហើយបញ្ហាសុខភាពរបស់លោកនេះ ត្រូវការថ្នាំទទួលទានជាប្រចាំ។​

រហូតដល់ពាក់កណ្តាលខែមិថុនាកន្លងទៅនេះ ជំងឺលោក អ៊ុច ភា ចាប់ផ្តើមធ្វើទុក្ខឡើងវិញដែលតម្រូវឱ្យមានការពិនិត្យពីពេទ្យជំនាញដើម្បីវាយតម្លៃស្ថានភាពជំងឺ និងទិញថ្នាំទទួលទានបន្ត។​

អ្នកស្រី វណ្ណ ស៊ុន បញ្ជាក់ថា អាការៈជំងឺប្តីរបស់គាត់ពេលនោះធ្វើទុក្ខក្អក និងហត់ជាប្រចាំ។​

លោក ស្រី វណ្ណ ស៊ុន និយាយថា៖«គាត់តែងក្អកហើយហត់។ តែចាប់ផ្តើមហត់ៗគឺក្អក តាំងពីដើមមកតែចឹងតែម្តង។​ មិនដែលក្អកជាប្រចាំទេគឺឱ្យតែធ្វើទុក្ខគឺក្អកហើយ ពេលក្អកទៅហត់»

អ្នកស្រី វណ្ណ ស៊ុន ថ្លែងថា គាត់បានហៅពេទ្យឯកជននៅក្បែរកន្លែងគាត់ស្នាក់នៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ ឱ្យទៅពិនិត្យ និងចាក់ថ្នាំដល់បន្ទប់តែពេទ្យមិនហ៊ានទៅ ហើយពេលយកទៅពេទ្យឯកជននៅក្បែរៗនោះក៏គេមិនហ៊ានទទួល។

លុះដល់ថ្ងៃទី២០ខែមិថុនា អ្នកស្រីបានសម្រេចចិត្តជូនប្តីទៅពេទ្យរដ្ឋ៥កន្លែង តែពេទ្យមិនទទួលដោយកន្លែងខ្លះឱ្យទៅធ្វើតេស្តរកកូវីដជាមុនសិន និងពេទ្យខ្លះទៀតថា ពេទ្យពេញហើយមិនអាចទទួលអ្នកជំងឺទៀតបានទេ។

​​អ្នកស្រី វណ្ណ ស៊ុន បានបន្តថា៖«ដំបូងឡើយទៅពេទ្យជ័យជម្នះ ពីមុនគាត់ធ្លាប់សម្រាន្តនៅហ្នឹង។ គេថា គេអត់ទទួលទេ គេថា ចាំទៅពិនិត្យកូវីដហើយចាំមកវិញ។​ ដល់យកមកពិនិត្យនៅចាក់អង្រែគេថា អត់មានកន្លែងពិនិត្យ អត់មានកន្លែងទទួល»។ ដោយ អ្នកស្រីបន្ថែមថា៖ «គេឱ្យទៅពេទ្យរុស្ស៊ីទៅដល់គេថាអត់ទទួលទៀត គេថាពេញកន្លែងអស់ហើយអត់មានកន្លែងទទួលទៀតទេ។​ ហើយឱ្យទៅបន្តទៅពេទ្យលោកសង្ឃ អស់ពីពេទ្យលោកសង្ឃទៅពេទ្យអង្គឌួងទៀត។ ទៅគេឆ្លើយដូចតែគ្នា ឃើញគេយាម គេមិនឱ្យយើងចូលតាហ្មង»។​

អ្នកស្រីបន្តថា ការធ្វើដំណើរតាមរ៉ឺម៉កកង់បីពេញ១ថ្ងៃពីពេទ្យ១ទៅពេទ្យ១ទៀតនោះ ធ្វើឱ្យប្តីរបស់អ្នកស្រីអស់កម្លាំងរហូតលែងដឹងខ្លួន។

ពេលដែលឃើញស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ ហើយរកការព្យាបាលមិនបានទើបអ្នកស្រី វណ្ណ ស៊ុន បញ្ជូនប្តីទៅខេត្តព្រះសីហនុ ដើម្បីជួបជុំសាច់ញាតិហាក់ដូចជាការត្រៀមខ្លួនជូនដំណើរប្តីចុងក្រោយ។ លុះដល់រំលងអធ្រាត្រថ្ងៃទី៣០ខែមិថុនា លោក អ៊ុច ភា ក៏ទទួលមរណភាព​។​

បើទោះជាប្តីស្លាប់បូជារួចរាល់ហើយក៏ដោយ ប៉ុន្តែពេលរំឭកដល់ប្តីគាត់ អ្នកស្រី វណ្ណ ស៊ុន ហាក់នៅតែនឹកអាល័យខ្លាំង ហើយថា ប្តីគាត់បើមានថ្នាំហូបខ្លះក៏មិនស្លាប់ដែរ។

អ្នកស្រី វណ្ណ ស៊ុន បានបន្ថែមថា៖«លោកគ្រូអើយ ខ្ញុំថា ប្តីខ្ញុំអត់ទាន់អស់ជីវិតទេ ព្រោះគាត់ដាច់ថ្នាំគាត់តាហ្មង។ ដាច់ថ្នាំទី១ សារ៉ូម ថ្នាំចាក់ ថ្នាំកម្លាំង។ ត្បិតតែអត់ក្រមែន ប៉ុន្តែថ្នាំចាក់ ដាក់សារ៉ូមរាល់ខែណាលោកគ្រូ»។

រថយន្តសង្គ្រោះបន្ទាន់បើកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។ ខេមបូចា/ អាន វិចិត្រ
រថយន្តសង្គ្រោះបន្ទាន់បើកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។ ខេមបូចា/ អាន វិចិត្រ

បញ្ហាជួបការលំបាកក្នុងការស្វែងរកសេវាព្យាបាលជំងឺមិនមែនជួបតែក្រុមគ្រួសារអ្នកស្រី វណ្ណ ស៊ុននោះទេ គឺប្រតិកម្មពីពលរដ្ឋផ្សេងទៀតក៏កើតឡើងជាបន្តបន្ទាប់ដែរ។ ចាប់តាំងពីព្រឹត្តិការណ៍ផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍លើកទី៣នៅថ្ងៃទី២០ ខែកុម្ភៈ មានការរអ៊ូរទាំពីសាធារណជនជាបន្តបន្ទាប់ពីបញ្ហាលំបាកក្នុងការរកសេវាព្យាបាលដោយករណីខ្លះរងការចោទថា ពេទ្យមិនទទួលព្យាបាលទុកឱ្យអ្នកជំងឺស្លាប់ ករណីខ្លះថា មានការទាមទារសេវាពិនិត្យរកមេរោគកូវីដ-១៩ មុនទទួលការព្យាបាល និងថ្លៃពេកជាដើម។​

យុវជន សំ បុរី មានស្រុកកំណើតនៅស្រុកស្អាងខេត្តកណ្តាលថ្លែងថា លោកបានជូនម្តាយទៅពេទ្យដើម្បីព្យាបាលជំងឺគ្រុនពោះវៀន ប៉ុន្តែថា ទាំងពេទ្យរដ្ឋ និងពេទ្យឯកជន៤កន្លែងបានរុញដាក់គ្នាដោយសារម្តាយរបស់លោកក្តៅខ្លាំង។

លោក សំ បុរី និយាយថា៖«លក្ខណៈដូចជាគេមិនចង់មើលយើងម៉េចទេ គេដេញយើងពី១ទៅ១ ខ្ញុំក៏ឃើញអាការៈកាន់តែធ្ងន់ធ្ងរ»។​

យុវជន សំ បុរី បន្តថា  ដោយសារតែពេទ្យនៅតែមិនព្រមទទួល ទើបលោកបានប្រើប្រាស់ថ្នាំបញ្ចុះកម្តៅឱ្យម្តាយប្រើហើយទើបពេទ្យឯកជនមួយកន្លែងព្រមទទួលពិនិត្យតែមិនឱ្យសម្រាកនៅពេទ្យទេគឺឱ្យថ្នាំហើយឱ្យទៅតាមដានជំងឺនៅផ្ទះវិញ។

លោក សំ បុរី ថ្លែងថា លោកអាណិតម្តាយពេលដែលឈឺ ហើយក្រុមគ្រូពេទ្យមិនព្រមទទួលព្យាបាលឱ្យបានទាន់ពេល។

លោក សំ បុរី បន្ថែមថា៖«យើងវាហួសចិត្តដែរណាបង! យើងជួយគាត់អត់បាន ហើយខំជូនគាត់ទៅពេទ្យទៅអី ឱ្យគេជួយហើយគេមិនជួយមិនដឹងទៅធ្វើអីគេ»។​

សាច់ញាតិអ្នកជំងឺម្នាក់ទៀតគឺ អ្នកស្រី  ញឹម គឹមឈីម ថ្លែងថា រូបគាត់បាននាំកូនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យអង្គឌួង ប៉ុន្តែដោយសារទៅដល់ទីនោះសាកសួរព័ត៌មានហើយ ទទួលដំណឹងថាត្រូវរង់ចាំយូរ និងត្រូវឆ្លងកាត់ការធ្វើតេស្តរកមេរោគកូវីដ-១៩ផងនោះ ទើបអ្នកស្រីសម្រេចទៅរកសេវាព្យាបាលនៅពេទ្យឯកជនវិញ។

អ្នកស្រី ញឹម គឹមឈីម៖«គិតថា ចូល[មន្ទីរពេទ្យ]អង្គឌួងត្រូវធ្វើតេស្តធ្វើអីចឹង រញ៉េរញ៉ៃយូរចឹង ខ្ញុំខ្ជិលចូលណាស់ ចឹងខ្ញុំមើលពេទ្យនៅក្រៅទៅ»។​

ជុំវិញបញ្ហានេះ នៅពេលដែល ខេមបូចា សាកសួរទៅអ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន ថាលោកស្រី មានដែលទទួលព័ត៌មានពីករណីចោទថា ពេទ្យមួយចំនួនមិនទទួលអ្នកជំងឺដោយសារតែមន្ទីរពេទ្យពេញគ្មានកន្លែងសម្រាក ឬមានការភ័យមេរោគកូវីដឬទេ? លោកស្រី ឱ វណ្ណឌីនថ្លែងយ៉ាងខ្លីថា មិនមានករណីនេះទេ។

លោកស្រី ឱ វណ្ណឌីន និយាយថា៖«អេ! មិនអាចទេ មិនមានករណីចឹងកើតឡើងទេ»

ក្នុងឱកាសនៃការថ្លែងសារពិសេសស្តីពីការដោះស្រាយស្ថានភាពនៃការឆ្លងរាលដាលមេរោគកូវីដ-១៩ កាលពីថ្ងៃទី១ខែកក្កដា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានលើកឡើងពីបញ្ហាខ្វះខាតសម្ភារ និងមន្ត្រីពេទ្យ។ លោកបញ្ជាក់ថា លោកបានបញ្ជាឱ្យបញ្ជូនសម្ភារចាំបាច់ទៅឱ្យក្រុមគ្រូពេទ្យបានគ្រប់គ្រាន់ និងអនុញ្ញាតឱ្យអ្នកសិក្សាផ្នែកពេទ្យចូលក្របខណ្ឌរដ្ឋដោយមិនបាច់ប្រឡងចំនួន​៣០០០នាក់ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩។

លោកនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យមានការអនុញ្ញាតឱ្យស្ថាប័នឯកជនអាចធ្វើតេស្តរកមេរោគកូវីដ-១៩ដោយខ្លួនឯង ព្រោះពេទ្យមានចំនួនតិចធ្វើកិច្ចការមិនទាន់ពេលវេលាដែលលោកថា នៅស្រុកខ្លះមានពេទ្យតែ១៥នាក់ប៉ុណ្ណោះ។

លោក ហ៊ុន សែន មានប្រសាសន៍ថា៖«ចំណុចនេះជាចំណុចដែលខ្ញុំធ្វើការសម្រេចជួសឱ្យរដ្ឋមន្ត្រីសុខាភិបាល ដែលកន្លងទៅនៅស្ទាក់ស្ទើរថា ទាល់តែពេទ្យ ប៉ុន្តែពេទ្យស្រុកខ្លះមាន១៥នាក់ ប្រជាជនមានដល់១០ម៉ឺននាក់ តើធ្វើរួចទេ? យើងត្រូវពិចារណាឱ្យក្រុមហ៊ុនឯកជនធ្វើតេស្តលើបុគ្គលិករបស់គេ»។​

លោកវេជ្ជបណ្ឌិត គួច ម៉េងលី លើកឡើងថា ស្ថានភាពបច្ចុប្បន្នដែលមានករណីខ្លះពេទ្យមិនទទួលអ្នកជំងឺនោះគឺជាចំណុចដែលគួរឱ្យព្រួយបារម្ភ។ លោកអំពាវនាវដល់រដ្ឋាភិបាលឱ្យចេញសេចក្តីណែនាំឱ្យបានច្បាស់លាស់ក្នុងការកំណត់ និងព្យាបាលអ្នកជំងឺក្នុងស្ថានភាពនេះជៀសវាងការមិនទទួលអ្នកជំងឺ។

លោកវេជ្ជបណ្ឌិត គួច ម៉េងលី៖«យើងចេញសារាចរណ៍ទៅថា ជំងឺហ្នឹងគាត់ព្យាបាលម៉េចបើគាត់នៅផ្ទះមានបញ្ហា។ ចេញវិធានការឆៅៗទៅថា មុខសញ្ញាចឹងៗគួរតែញ៉ាំថ្នាំចេះៗ ដើម្បីកុំឱ្យកើតជំងឺហ្នឹងឡើងហើយធ្វើទុក្ខធ្ងន់ធ្ងរនៅផ្ទះចឹង»។

លោកវេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានជំរុញលើកឡើងទឹកចិត្តឱ្យគ្រូពេទ្យបើកទូលាយក្នុងការទទួលព្យាបាលដល់ប្រជាពលរដ្ឋដែលមានជំងឺ ដោយគ្រាន់តែប្រកាន់ភ្ជាប់នូវវិធានការការពារ។​

ខេមបូចា បានសាកសួរអ្នកដែលធ្លាប់ស្វែងរកការព្យាបាលជំងឺនៅក្នុងអំឡុងពេលកូវីដ-១៩ ទាំងព្យាបាលជំងឺខ្លួនឯង និងព្យាបាលឱ្យសាច់ញាតិជាង១០នាក់ក្នុងនោះភាគច្រើនអះអាងថា ជួបការលំបាកខ្លាំង។ ក្នុងចំណោមនោះអ្នកខ្លះថា មិនបន្ទោសពេទ្យទេដោយសារតែស្ថានភាពកូវីដធ្វើឱ្យពេទ្យមានការលំបាកច្រើនទើបការព្យាបាលមានការខ្វះចន្លោះ ប៉ុន្តែខ្លះទៀតបន្ទោសពេទ្យថា ហាក់មិនមានទឹកចិត្តអាណិតអាសូរដល់អ្នកជំងឺទេ។​

បើទោះជាអ្នកខ្លះបន្ទោសពេទ្យ និងអ្នកខ្លះមិនបន្ទោសពេទ្យ ប៉ុន្តែពួកគេសុទ្ធតែលើកឡើងពីការលំបាកក្នុងការស្វែងរកសេវាព្យាបាល រួមទាំងបង្ហាញអារម្មណ៍ឈឺចាប់ អាឡោះអាល័យសាច់ញាតិដែលទទួលមរណភាពក្នុងអំឡុងពេលនេះ។

អ្នកស្រី វណ្ណ ស៊ុន នៅតែនឹកឃើញពាក្យសម្តីដែលគាត់ទើបនិយាយជាមួយប្តីរបស់គាត់នៅពេលថ្មីៗនេះ។​

អ្នកស្រី វណ្ណ​ ស៊ុន និយាយថា៖«ខ្ញុំចេះតែលោម! លោមតាថា តាឯងកុំអាលឈឺណាតា!​ កុំឈឺម៉េចយាយបើខ្ញុំហត់យ៉ាងហ្នឹង? គាត់ក៏ចេះតែលោមខ្ញុំវិញ! ខ្ញុំថា តាកុំអាលទៅណាតា ស្រុកទេសកំពុងមានបញ្ហាចឹងខ្ញុំមិនដឹងជូនតាទៅណាទេ»៕​

11,024 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម