បុគ្គលិកស្រ្តីដែលបម្រើការងារនៅផ្នែកសេវាកម្សាន្ត និងចំណីអាហារ បានលើកឡើងពីក្ដីបារម្ភអំពីសុខភាពរបស់ពួកគេ ខណៈអ្នកទាំងនោះមិនទាន់មានប័ណ្ណ ប.ស.ស សម្រាប់ទទួលការព្យាបាលជំងឺនៅពេលឈឺថ្កាត់ និងជំរុញរដ្ឋាភិបាលផ្ដល់កិច្ចគាំពារសង្គមទៅដល់ពួកគេឱ្យកាន់តែប្រសើរឡើង។
បើតាមអង្គការពលកម្មអន្តរជាតិបានឱ្យដឹងថា ប្រជាជនកម្ពុជាភាគច្រើន ជាអ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ហើយក្នុងនោះនិយោជកត្រូវបានតម្រូវឱ្យចូលរួមចំណែកផ្តល់អត្ថប្រយោជន៍ ប.ស.ស ក្រោមច្បាប់ស្តីពីរបបសន្តិសុខសង្គមឆ្នាំ២០១៩។
ប៉ុន្តែរហូតមកដល់ពេលនេះ មានកម្មករ ដែលម្រើការងារក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធតិចតួចប៉ុណ្ណោះដែលអាចទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិរបបសន្តិសុខសង្គម បើទោះជាជារឿយៗ ពួកគេមានការងារដោយខ្លួនឯងស្របច្បាប់ដូចករណីអ្នករត់រ៉ឺម៉កកង់បីក៏ដោយ។
អនុប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា លោកស្រី អ៊ុំ ម៉ានិត បានថ្លែងថា បុគ្គលិកស្រ្តីដែលបម្រើការងារក្នុងផ្នែកសេវាកម្សាន្តភាគច្រើន មិនមានប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ខណៈការងារដែលពួកគេបម្រើការងារងាយប្រឈមនឹងហានិភ័យទាំងសុខភាព និងងាយរងនូវការបៀតបៀនរាងកាយ ធ្វើការលើសម៉ោងកំណត់ ដោយខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធររដ្ឋ។
លោកស្រី ម៉ានិត និយាយថា៖ «បងប្អូនដែលធ្វើការនៅក្នុងវិស័យសេវាកម្សាន្ត ដែលមានថៅកែ ឬមួយក៏ម្ចាស់សហគ្រាសធំៗបានចុះបញ្ជីវាស្ថិតក្នុងប្រព័ន្ធហើយ ដោយសារតែវាមានការខ្វះចន្លោះមួយចំនួន ធ្វើឱ្យពួកគាត់មិនទទួលបានការគំាពារ ឬចុះបញ្ជី ប.ស.ស ឱ្យបានគ្រប់ទេ»។
បុគ្គលិកដែលបម្រើការងារនៅក្នុងវិស័យក្រៅប្រព័ន្ធ ដូចជាផ្នែកកាស៊ីណូ ផ្នែកខារ៉ាអូខេ បៀហ្គាឌិន មិនមានប័ណ្ណ ប. ស.ស ឡើយ ដោយសារតែពួកគេមិនមានឯកសារគ្រប់គ្រាន់។ ទន្ទឹមនឹងនោះ ពួកគេមិនមានកិច្ចសន្យាការងារជាមួយនិយោជកឡើយ ដែលជាហេតុដែលពួកគេមិនទទួលបានអត្ថប្រយោជន៍ទៅតាមច្បាប់ការងារ។
អ្នកស្រីបន្តថា៖ «បញ្ហាដែលពួកគាត់មិនទទួលបានប័ណ្ណ បសស គឺពួកគាត់មិនមានអត្តសញ្ញាណប័ណ្ណ ឬមួយឯកសារណាដែលអាចចុះបញ្ជីបាន ដោយសារតែពួកគាត់មួយចំនួនចំណាកស្រុក»។
បុគ្គលិកដែលបម្រើការងារផ្នែកសេវាកម្សាន្ត ពួកគេគ្មានប្រាក់ខែគោលឡើយ ពួកគេរកចំណូលបានតាមរយៈលុយធីប ឬគេហៅថាលុយលើកទឹកចិត្តពីភ្ញៀវពេលបំពេញការងារ។ ពួកគេរកប្រាក់ចំណូលបានតិច ឬច្រើន គឺអាស្រ័យលើការលក់ស្រាបៀរ ឬកំដរភ្ញៀវហូបគ្រឿងស្រវឹង។ កត្តានេះ ដែលធ្វើឱ្យពួកគេប្រឈមនឹងបញ្ហាសុខភាព ដោយសារតែការហូបស្រាកំដរភ្ញៀវហួសប្រមាណ បូករួមទាំងការធ្វើការលើសម៉ោង និងមិនទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត។
លោកស្រី ម៉ានិត បញ្ជាក់ថា៖ «ពួកគេចូលម៉ោងមានកំណត់ តែចេញវាអត់កំណត់ គ្មានការថែមលុយឬក៏ទទួលបានប្រាក់កម្រៃអីទេ។ កម្មករមិនទទួលបានសិទ្ធិឈប់សម្រាកលំហែមាតុភាព ឱកាសក្នុងការទទួលបានការគាំពារពីរដ្ឋក្នុងការឈប់សម្រាកលំហែមាតុភាព គឺសូន្យសម្រាប់យើង។ ហើយយើងមើលឃើញថាវិស័យសេវាកម្មកម្សាន្ត ស្រ្តី៩៩ភាគរយគាត់ទៅបំពេញការងារនៅទីនោះ»។
អ្នកស្រី កញ្ចនា ជាអ្នកបម្រើការងារនៅផ្នែកសេវាកម្សាន្តនៅភោជនីយដ្ឋានមួយកន្លែងក្នុងរាជធានីភ្នំពេញ បានឱ្យដឹងថា ទោះបីពេលខ្លះរូបគាត់មានជំងឺក្ដី ប៉ុន្តែគាត់សុខចិត្តទ្រាំមិនទៅឱ្យពេទ្យពិនិត្យដោយសារមិនមានថវិកាគ្រប់គ្រាន់ និងពេលខ្លះត្រូវខ្ចីលុយគេដើម្បីទៅពិនិត្យជំងឺនៅពេលដែលវាធ្វើទុក្ខខ្លាំង ខណៈពួកគាត់មួយចំនួនធំក៏កំពុងជំពាក់ធនាគារផងដែរ។
អ្នកស្រីបន្តថា គោលបំណងដែលអ្នកស្រីចង់ទទួលបានប័ណ្ណ ប.ស.ស នោះគឺដើម្បីអាចជួយកាត់បន្ថយការចំណាយនៅពេលដែលមានជំងឺ ដោយសារថាពួកគាត់ជាអ្នកដែលងាយប្រឈមនឹងជំងឺជាងគេ ព្រោះតែតម្រូវឱ្យមានការបរិភោគគ្រឿងស្រវឹងជារៀងរាល់ថ្ងៃ។
អ្នកស្រីឱ្យដឹងថា៖ «រាល់ថ្ងៃមិនមែនខ្ញុំអត់មានជំងឺឯណា! ពេលខ្លះខ្ញុំអត់មានលុយសុខចិត្តទ្រាំ ពេលខ្លះទៅយើងខ្ចីលុយគេទៅពេទ្យសិន ដោយសារយើងឈឺខ្លាំងគឺយើងត្រូវតែរត់ទៅរកពេទ្យ។ ឥឡូវកំពុងឈឺក្រពះខ្លាំង ៣-៤ថ្ងៃហ្នឹង មិនទាន់បានរកថ្នាំរកអីផង ណាមួយបើមានប័ណ្ណ ប.ស.ស ពេលទៅពេទ្យទៅថតមើលអី វាមិនអស់លុយហើយបានដឹងគ្រឿងក្នុងយើងសព្វគ្រប់ទៀត»។
ការចងក្រងជាសហជីពនៅក្នុងវិស័យសេវាកម្សាន្ត គឺជាឧបស្គគមួយសម្រាប់អ្នកបម្រើការងារក្នុងវិស័យនេះ ដោយការចុះបញ្ជីការមិនបានសម្រេច និងមានការរើសអើងពីសំណាក់ថៅកែ។ នេះបើតាមការលើកឡើងរបស់លោកស្រី ម៉ានិត។
លោកស្រី កញ្ចនា លើកឡើងថា៖ «ច្បាប់សហជីពក៏ជាឧបស្គគដែរ ពេលដែលបងប្អូនបង្កើតសហជីពនៅកន្លែងធ្វើការពិបាកចុះបញ្ជីណាស់ ពេលដែលដល់អាណត្តិមានលក្ខណៈសាំញាំសម្រាប់ពួកយើង។ ហើយការជួបប្រជុំផ្សេងៗក៏មានការរើសអើងដែរ អាជ្ញាធរតែងមកសួរនាំយើង ជីកឬសជីកគល់ ថាយើងជាអ្នកឃោសនាបក្សនយោបាយ»។
អ្នកស្រី កញ្ចនា បានបន្តទៀតថា ដោយសារតែកាលពីមុនអ្នកស្រីមិនសូវយល់ច្បាស់ពីសិទ្ធិទទួលបានប័ណ្ណ ប.ស.ស នេះ និងគិតថាអ្នកដែលទទួលបានគឺមានតែកម្មកររោងចក្រតែប៉ុណ្ណោះ។ ដូច្នេះហើយនៅពេលដែលគាត់បានយល់ពីសិទ្ធិក្នុងការដែលអាចទទួលបាន ទើបពួកគាត់ស្នើឱ្យមានការផ្ដល់ប័ណ្ណនេះជូនពួកគាត់ឱ្យបានក្នុងពេលកំណត់ណាមួយ។
អ្នកស្រីបន្ថែមថា៖ «មិនមែនថាយើងអត់ដឹងនោះទេ តែមកពីថាយើងអត់មានអ្នកពន្យល់អ្នកអីអ៊ីចឹង វាអត់ដឹងថាប័ណ្ណ ប.ស.ស ហ្នឹង! ព្រោះដំបូងស្មានតែគេធ្វើដើម្បីតែពួករោងចក្រទេ។ ហើយខ្ញុំអត់ដឹងថាខាងពួកខ្ញុំហ្នឹងអាចថាស្នើទៅគេ គេធ្វើឱ្យដែរ ទើបតែពេលដឹងមួយរយៈកន្លងមក ឆ្នាំមុននេះឯង»។
ក្រោមច្បាប់ស្តីពីរបបសន្តិសុខសង្គមឆ្នាំ២០១៩ បានចែងថា កម្មករតាមផ្ទះ និងនិយោជក ត្រូវតែរួមវិភាគទានរួមគ្នាដល់គម្រោងអត្ថប្រយោជន៍សោធននិវត្តន៍ និងការថែទាំសុខភាព ខណៈដែលនិយោជកត្រូវតែរ៉ាប់រងការរួមចំណែកសម្រាប់ហានិភ័យការងារ ឬគ្រោះថ្នាក់ ការធានារ៉ាប់រង
លោក សេន រ៉េ ជាបុគ្គលិកបម្រើការផ្នែកសេវាកម្សាន្តបានលើកឡើងថា លោកធ្វើការក្នុងវិស័យសេវាកម្សាន្ត មិនដែលមានប័ណ្ណ ប.ស.ស ទេ ហើយលោកចាត់ទុកថាប័ណ្ណនេះ មានសារៈសំខាន់ណាស់សម្រាប់រូបលោក ក៏ដូចជាបុគ្គលិកដទៃទៀត។
លោករ៉េ និយាយថា៖ «ប័ណ្ណ ប.ស.ស ហ្នឹងខ្ញុំឮយូរហើយតែអ្នកខ្លះមានអ្នកខ្លះអត់មាន តែសម្រាប់ខ្ញុំអត់មានទេ។ ពួកខ្ញុំក៏ចង់បានដែរ ពេលយើងឈឺថ្កាត់អត់មានលុយទៅ ចឹងប័ណ្ណ បសស ហ្នឹងសំខាន់សម្រាប់ពួកខ្ញុំធ្វើការសេវាកម្សាន្ត ពិនិត្យសុខភាពអត់អស់លុយ យើងផឹកគ្រឿងស្រវឹងយូរខែ ចឹងចង់បានប័ណ្ណ បសស ហ្នឹង»។
លោក រ៉េ ប្រាប់ទៀតថា ប្រកបអាជីពជាអ្នកធ្វើការផ្នែកសេវាកម្សាន្ត គឺពិបាក និងប្រឈមនឹងបញ្ហាសុខភាព ពិសេសបញ្ហាជំងឺក្រពះ ដោយសារតែត្រូវហូបស្រាកំដរភ្ញៀវ ដែលជារឿងខានមិនបាន។
លោក រ៉េ បញ្ជាក់ថា៖ «ពិបាកដែរ អាជីពយើងខាងហ្នឹង បើយើងមានលុយច្រើនយើងឈប់ធ្វើការងារហ្នឹងក៏បានដែរ តែឥឡូវយើងអត់លុយ បើអត់ហូបជាមួយភ្ញៀវយើងអត់បានលុយធីប ណាមួយតម្រូវតាមក្រុមហ៊ុនដែរយើងចូលលេងជាមួយភ្ញៀវ ផឹកលេងជាមួយភ្ញៀវទៅ ដើម្បីដាច់ប៊ីយែរច្រើន អស់ម្ហូបច្រើន ដើម្បីបានលុយចូលក្រុមហ៊ុន»។
លោកស្រី សំ សោភ័ណ អនុប្រធាននាយកដ្ឋានការពារផ្លូវច្បាប់ ក្រសួងកិច្ចការនារី មានប្រសាសន៍ថា ទាក់ទងនឹងបញ្ហារបស់បុគ្គលិកផ្នែកសេវាកម្សាន្ត ខាងក្រសួងកិច្ចការនារីតែងតែបានយកចិត្តទុកដាក់ និងធ្វើកិច្ចការងារក្នុងការគាំពារមកលើស្រ្តីជាយូរមកហើយ។
លោកស្រី សោភ័ណ និយាយថា៖ «ក្រសួងធ្វើការងារហ្នឹងយូរមកហើយ តាំងពីសម្ដេចនាយកឱ្យមេធាវីមកខាងគណៈមេធាវីមកខាងក្រុមប្រឹក្សាកម្ពុជាដើម្បីស្រ្តី និងក្រសួងកិច្ចការនារីសម្រាប់ការពារដល់ជនក្រីក្រ»។
គណបក្សកាន់អំណាចទើបតែបានប្រកាសចេញនូវ គោលនយោបាយរបស់ខ្លួន ដោយគាំទ្រដល់កម្មករនិយោជិត ដែលធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយសន្យាថានឹងផ្តល់ឱ្យពួកគេនូវអត្ថប្រយោជន៍សន្តិសុខសង្គម ក្នុងអំឡុងពេលសមាជវិសាមញ្ញរបស់គណបក្សកាលពីចុងខែមករា ឆ្នាំ២០២៣នេះ។
យ៉ាងណាមិញ រដ្ឋាភិបាលបានអនុវត្តគម្រោងសាកល្បងមួយរួចហើយដើម្បីផ្តល់អត្ថប្រយោជន៍ប.ស.ស ដល់អ្នកបើករ៉ឺម៉កកង់បីចំនួន ២ ០៥០នាក់ ដែលជាសមាជិក IDEA និងកម្មករតាមផ្ទះ ៣០០នាក់មកពីសមាគមកម្មករតាមផ្ទះ(ADW)។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ ថា ចំពោះកិច្ចគាំពារសម្រាប់អ្នកដែលធ្វើការក្នុងវិស័យសេវាកម្សាន្ត រដ្ឋាភិបាលបានកំពុងចាប់ផ្ដើមរៀបចំជាបណ្ដើរៗ ដោយនឹងអនុវត្តហើយដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងរដ្ឋាភិបាលនីតិកាលទី៧ខាងមុខនេះ។
លោក ឥសាន ថ្លែងថា៖ «យើងចាប់ផ្ដើមពីថ្ងៃដែលយើងប្រកាសផ្សាយហ្នឹងហើយ! យើងចាប់ផ្ដើមហើយ ហើយ ជាពិសេសដំណើរការគិតចាប់ពីរដ្ឋាភិបាលនីតិកាលទី៧ពីព្រោះអាហ្នឹងវាជាកម្មវិធីនយោបាយយើងទើបតែដាក់ចេញនោះណា។ ក៏ប៉ុន្តែយើងដំណើរការរៀបចំបណ្ដើរៗហើយយន្តការហ្នឹង!»។
បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា មានមណ្ឌលកម្សាន្តចំនួន ១ ២៩៣កន្លែងទូទាំងប្រទេស ក្នុងនោះមានខារ៉ាអូខេ(KTV) ចំនួន ១ ០៨៤កន្លែង ក្លិបឌីស្កូ ចំនួន១០៩កន្លែង រង្គក្រសាលចំនួន ១៦កន្លែង អាជីវកម្មបៀរហ្គាឌិន ចំនួន ៨៤កន្លែង ដែលផ្ដល់ការងារសម្រាប់ពលរដ្ឋកម្ពុជានៅក្នុងវិស័យសេវាកម្សាន្តនៅកម្ពុជា គិតត្រឹមខែមីនា ឆ្នាំ២០២០៕