សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ពិបាក​ស្វែងរកសេវា​ថែទាំសុខភាព​នៅពេលពួកគេ​​​​កាន់តែ​ចាស់​

អ្នក​ស្រី ហុង សាវ៉ាត អាយុ៦០ឆ្នាំ ជា​អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​ទស្សនា​​សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ក្នុងរាជធានីភ្នំពេញអតី​ត​​មន្ទីរ​សន្តិសុខ​ ស-២១។ រូបភាព​៖ ម៉ិច ជូឡាយ /HaRDstories
អ្នក​ស្រី ហុង សាវ៉ាត អាយុ៦០ឆ្នាំ ជា​អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​ទស្សនា​​សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ក្នុងរាជធានីភ្នំពេញអតី​ត​​មន្ទីរ​សន្តិសុខ​ ស-២១។ រូបភាព​៖ ម៉ិច ជូឡាយ /HaRDstories

នៅពេលដែលអ្នក​ស្រី​ ប៉ែន សុចាន់ ដើរចូលបន្ទប់​ប្រឹក្សាយោបល់​ ដើម្បីទទួលវេជ្ជបញ្ជា​​​ជាទៀងទាត់របស់​អ្នកស្រី​កាល​ពី​​ខែមករា អ្នក​ស្រី​រំ​ពឹង​ថា នឹង​ទទួ​ល​បាន​ថ្នាំព្យាបាល​ជំងឺធ្លាក់ទឹកចិត្តដែលអ្នក​ស្រី​ធ្លាប់​បានទទួលច្រើនឆ្នាំកន្លង​មកហើយនោះ។ ផ្ទុយ​ទៅ​វិញ អ្នក​ប្រឹក្សាយោបល់​​ម្នាក់បាន​​ប្រាប់​អ្នក​​ស្រី​​ថា ​ថ្នាំអស់​​ហើយ ចំណែក​គម្រោងនេះក៏​ត្រូវបានបញ្ចប់ដែរ​​។ គ្មាននរណាអាច​និយាយបាន​ថា ពេលណា ឬថាតើ វានឹងចាប់ផ្តើមឡើងវិញឬយ៉ាងណានោះទេ​។

អស់រយៈពេលប្រាំបីឆ្នាំ អ្នកស្រី សុចាន់ បានជួយ​ដល់​សាលាក្តី​ ដើម្បី​កាត់ទោសមេ​ដឹក​នាំ​ខ្មែរក្រហម ដោយផ្តល់ចម្លើយ​អំពីការរៀបការដោយបង្ខំ និងអំពី​​​របួសផ្លូវ​ចិត្តរបស់​អ្នកស្រី​ ដើម្បីជួយធានាដល់ដំណើរ​ការកាត់ទោសមេដឹកនាំនៃ​របប​ប្រល័យពូជសា​សន៍នេះ​។ ពីរឆ្នាំបន្ទាប់ពីសាលាក្តី​បិទបញ្ចប់​ សេវា​ថែទាំសុខភាពផ្លូវ​ចិត្តរបស់អ្នក​ស្រី​ក៏ត្រូវ​បានបញ្ចប់ផងដែរ។
អ្នកស្រី សុចាន់ អាយុ ៦៧ឆ្នាំមាន​ជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្ត និងជំងឺធ្លាក់​​ទឹកចិត្ត ជា​ស្ថានភាព​ ​ដែល​អ្នកចិត្តសាស្រ្តបានប្រាប់អ្នកស្រី​ថា ត្រូវការការព្យា​បាលជាបន្ត។ អ្នកស្រី​បាន​និយាយ​ថា៖​ «​គាត់​បាន​ប្រាប់​ខ្ញុំ​ថា បើ​គ្មាន​ការព្យបាល​​​​ទេ ខ្ញុំ​នឹងទៅជា​មនុស្សដែល​​និយាយ​ជាមួយ​ខ្លួន​ឯង ឬ​និយាយ​ជាមួយ​​ខ្យល់​»។
នៅខួបលើកទី៥០ នៃការឡើង​កាន់អំណាចរបស់​ពួក​ខ្មែរក្រហម អ្នករស់រានមានជីវិតដែលបាន​ផ្តល់​សក្ខីកម្ម​នៅ​សាលាក្តីប្រឆាំងនឹង​របបនេះ​បាននិយាយថា ពួកគា​ត់​បានរំ​ឭក​ឡើងវិញជា​ប្រចាំ​នូវការឈឺចាប់របស់ពួកគាត់​ ដើម្បីអប់រំពិភពលោក​អំពីផលប៉ះពាល់នៃអំពើប្រល័យពូជសាសន៍។ ឥឡូវនេះ ពួកគាត់​មានធន​ធាន​នៅសល់​តិច​តួច ដើម្បីដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តរបស់អ្នក​នៅរស់​រាន​មាន​ជីវិត​​។
មិន​មែនមាន​តែ​អ្នក​ស្រី សុចាន់ តែ​ម្នាក់ទេ ដែល​បាត់បង់​សេវាថែទាំងសុខភាព​ផ្លូវ​ចិត្ត​ មាន​ដើមបណ្តឹងរដ្ឋប្បវេណីជាច្រើននាក់ទៀត​ ដែលបានផ្តល់ចម្លើយ​ ឥឡូវនេះ បាត់បង់ឱកាស​ទទួលបានការប្រឹក្សា និងថ្នាំពេទ្យ ដោយសារកម្មវិធីរបស់​ម្ចាស់​ជំនួយបានថយ​ចុះ ដោយនៅសល់​ជម្រើសតិច​តួច​ប៉ុណ្ណោះ​សម្រាប់ពួកគាត់​។

សវនាការ​ប្រើ​​ពេល​ច្រើន​ឆ្នាំ​

ចាប់ពីដើមទស្សវត្សរ៍ឆ្នាំ១៩៧០ ចលនាជ្រុលនិយមនេះ មានបំណងរៀបចំប្រ​ទេស​​ឡើងវិញ​ដោយ​ប្រកាន់​យក​របបកសិកម្ម ហើយបានឡើង​គ្រប់គ្រងប្រទេសកម្ពុជា​នៅឆ្នាំ១៩៧៥ ។​ ផ្ទុយ​ទៅវិញ​ ពួកគេបានធ្វើ​ឱ្យ​ប្រទេសកម្ពុជា​ធ្លាក់ក្នុងភាពអត់ឃ្លាន និងពលកម្ម​ដោយ​បង្ខំ​អស់រយៈ​ពេល​ជិត៤ឆ្នាំ ដោយបានសម្លាប់មនុស្ស​ប្រហែល២លាននាក់ និងរាប់លាននាក់ផ្សេង​ទៀតបានផ្លាស់ទីលំនៅ។
បន្ទាប់ពីការលុកលុយរបស់វៀតណាមនៅ​ឆ្នាំ១៩៧៩ ដើម្បីបញ្ឈប់របបនេះ និងក្រោម​ការត្រួតត្រារបស់វៀតណាមមួយរយៈ​ អង្គការសហប្រជាជាតិបានបង្កើត​រដ្ឋា​ភិបាលអន្តរកាលមួយ​នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩២ និងរៀប​ចំ​ការ​បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៩៣។ បន្ទាប់មក ស្ថាប័នតុលាការ​កូន​កាត់​មួយ​ត្រូវ​បានបង្កើតឡើង​ គឺអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម។
បន្ទាប់ពីចំណាយ​ពេល១៦​ឆ្នាំ និងដំណើរ​ការ​ជំនុំជម្រះលើ​​សំណុំរឿងជា​ច្រើនរួច​​មក​ សាលាក្តីខ្មែរ​ក្រហមបានកាត់ទោសមេដឹកនាំរបបខ្មែរក្រហម​និងអ្នករៀបចំចំនួន​៤​រូប​ ត្រឹម​ឆ្នាំ២០២២ ប៉ុន្តែ​មាន​មនុស្សជាច្រើនផ្សេងទៀតរួមទាំងមេដឹកនាំ​ដែល​មាន​​ឈ្មោះអសោច​ ប៉ុល ពត បានស្លាប់មុនពេលពួកគេអាចត្រូវបានចាប់ខ្លួន​​​។ សាលាក្តីបានទទួលស្គាល់ជាផ្លូវការនូវរយៈ​ពេល​នោះថា ជារបបប្រល័យពូជសាសន៍ ហើយបានបង្កើតសំណងជានិមិត្តរូបមួយចំនួនដល់ប្រជាជនកម្ពុជាទាំងមូល។
ប៉ុន្តែដើមបណ្តឹងរដ្ឋប្បវេណីដែលបានផ្តល់សក្ខីកម្មនិយាយថា ពួកគាត់នៅតែ​បន្ត​មាន​បញ្ហា​សុខភាពផ្លូវចិត្ត​ច្រើនទសវត្សរ៍ក្រោយ​មក​ទៀត​​​ ហើយពួកគាត់ពិបាក​ក្នុង​ការ​ដោះស្រាយបញ្ហា​នេះ។
អ្នកស្រី​ សុចាន់ បាន​និយាយ​​ថា៖ «ពីដំបូង​ គេ​ប្រាប់​យើង​ថា​ គេ​នឹង​ជួយ​រហូត​ដល់​យើង​ជា​សះស្បើយ ឬ​លែង​ត្រូវ​ការ​ថ្នាំ​ទៀត​។ ប៉ុន្តែឥឡូវនេះ [ការគាំទ្រ] បានបញ្ចប់ ហើយគ្មាននរណាម្នាក់អាចពន្យល់ប្រាប់​ខ្ញុំថា មក​ពី​មូលហេតុអ្វីទេ»។
ទាហានខ្មែរក្រហមចូលទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ រូបភាព​ដោយ​លោក​ Roland Neveu និងផ្តល់សិទ្ធិប្រើប្រាស់ដល់​ Asia Horizons Books Co Ltd.
 
ការ​ស្វែងរកអ្វីផ្សេងមក​ជំនួស​ថ្នាំពេទ្យ​
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​ ដែលបានផ្តល់​បទសម្ភាស​ដល់​ HaRDstories និយាយថា ពួក​គាត់​បានទទួលការគាំទ្រផ្នែកសុខភាពផ្លូវចិត្តតិចតួច អំឡុងពេល និងក្រោយ​ពេល​នៃ​ដំណើរ​ការ​របស់​សាលាក្តី។ ឥឡូវនេះ ពួកគាត់​ជាច្រើនស្វែងរកជម្រើសសម្រា​ប់​​ការថែទាំសុខភាព ដោយសារតែលទ្ធភាព​ទទួល​បាន​ ឬតម្លៃ​។
នៅពេលដែលអ្នកស្រី​ ឡាយ គឹមឈាន​ អាយុ៦៨ឆ្នាំ បានផ្តល់ចម្លើយ​អំពីការរៀប​​ការដោយបង្ខំនៅដើមទសវត្សរ៍ឆ្នាំ២០១០ អ្នក​ស្រី​បានធ្វើដំណើររៀង​រាល់​ខែពី​ផ្ទះរបស់អ្នក​ស្រី​នៅ​ក្នុងខេត្តពោធិ៍សាត់មកទីក្រុងភ្នំពេញ ដើម្បីបើក​​ថ្នាំពីអង្គការ​ចិត្ត​សង្គម​អន្តរវប្បធម៌កម្ពុជា (TPO Cambodia)។
នៅ​ក្នុងឆ្នាំ២០១២ អ្នក​ស្រី​ចាប់ផ្តើមមានអាការៈវិលមុខ និងដួលសន្លប់ ដូច្នេះអ្នក​ស្រី​​ឈប់ប្រើថ្នាំ ដើម្បីកុំឱ្យ​មាន​ការ​លំបាក​នៅពេល​ធ្វើដំណើរ។ ដូចអ្នកនៅរស់រានមានជីវិតដទៃទៀតដែរ អ្នកស្រី គឹម​ឈាន​ មិនបានដឹងពីមូលហេតុពិតប្រាកដនៃសុខភាពផ្លូវកាយ ឬផ្លូវចិត្តនោះទេ។
មួយរយៈ​ពេលកន្លងមក​នេះ​​ អ្នក​ស្រី​បានព្យាយាមលេបថ្នាំងងុយដេក​ ប៉ុន្តែនៅទីបំ​ផុត អ្នក​ស្រី​បានចាប់ផ្តើមទៅវត្តញឹកញាប់ជាងមុនវិញ​ ដោយទទួល​យកនូវពាក្យទូន្មាន​​ប្រៀនប្រដៅរបស់ព្រះពុទ្ធអំពីការអនុគ្រោះ​ និងសេចក្តីសប្បុរស។
អ្នកស្រី​​បាន​និយាយ​ថា៖​ «​​ខ្ញុំ​​សូត្រ​ធម៌ និង​ថ្វាយ​បង្គំ​​ព្រះ​​នៅ​ផ្ទះ ហើយ​វា​ជួយ​ឲ្យ​ខ្ញុំ​ដេក​​លក់​ស្រួល​បន្តិច​។ ប៉ុន្តែ​យប់​ខ្លះ​ ខ្ញុំ​ដេក​​បាន​តែ​មួយ​ម៉ោង​ឬ​ពីរ​ម៉ោង​ប៉ុណ្ណោះ​ពេល​ខ្លះ [ដឹងខ្លួន​] ​ដល់​ភ្លឺ»។ 
ចំណែក​អ្នករស់រានមានជីវិតផ្សេងទៀតបានរកឃើញវិធីផ្សេងគ្នា ដើម្បីដោះស្រាយបញ្ហា​នេះ​​។ អ្នកស្រី ហុង សាវ៉ាត អាយុ៦០ឆ្នាំ ផឹកស្រាបៀររាល់យប់ ដើម្បីបំបាត់ការភ័យខ្លាច និងជួយឱ្យអ្នក​ស្រី​ដេក​លក់ស្រួល​។
អ្នកស្រី​​បាន​និយាយ​ថា៖​ «​ខ្ញុំ​តែង​តែ​ផឹក​ស្រា​បៀរ​ព្រោះ​បើ​គ្មាន​វា ខ្ញុំ​មាន​អារម្មណ៍​មិន​ស្រួល​​​ទេ»។ អ្នកស្រី​បានបន្ថែមថា៖ «ជាតិអាល់កុលផ្តល់ផលរំខានតិចជាងថ្នាំពេទ្យ​។ “ខ្ញុំ​មាន​អារម្មណ៍​ញ័រ​ដៃ និង​ញ័រខ្លួន​ ហើយ​ដេកមិន​​​លក់​​ទេ»។
រូបភាព​អ្នកស្រី​ ប៉ែន សុចាន់ (ឆ្វេង) ជាមួយលោក ពេជ្រ អង្គ​ អតីតសហមេធាវីនាំមុខ​របស់​ដើមបណ្តឹង​រដ្ឋប្បវេណី នៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ក្នុងរាជធានីភ្នំពេញ។ នៅពីក្រោយពួកគាត់​ គឺ​រូបថតអ្នករស់រានមានជីវិតពីខ្មែរក្រហមមួយចំនួន​​ទៀត​។ រូបភាព​៖ ម៉ិច ជូឡាយ​/HaRDstories
អ្នកស្រី​ ប៉ែន សុចាន់ ចូលទស្សនា​បណ្ណសាររបស់ អ.វ.ត.ក. ជាមួយលោកស្រី​ លី ប៊ុនឡុង ជំនួយការបណ្ណសារ។ រូបភាព​៖ ម៉ិច​ ជូឡាយ​ /HaRDstories
អង្គការ​ TPO Cambodia មិនបានឆ្លើយតបទៅនឹងសំណើជាច្រើនលើក​ ដើម្បី​សុំ​ការអត្ថាធិប្បាយ ឬដើម្បី​បញ្ជាក់ពី​កម្មវិធីដែលមានសម្រាប់អ្នករស់រានមានជីវិតពី​របបខ្មែរក្រហម​នោះទេ។ ទោះបី​ជាយ៉ាងណាក៏ដោយ គេហទំព័ររបស់​អង្គការ​នេះ​​បង្ហាញថា អង្គការបានផ្តល់ការថែទាំសុខភាពផ្លូវចិត្តដល់អ្នករស់រានមានជីវិតយ៉ាងហោចណាស់រហូតដល់ត្រឹម​ឆ្នាំ២០១៩។
ពីរក្នុងចំណោម​សំណុំរឿងទាំងបួនរបស់សាលាក្តីរួមបញ្ចូល​ជំនួយផ្នែកសុខភាពផ្លូវ​​​ចិត្តដែលជាផ្នែកមួយនៃ «សំណង» ជានិមិត្តរូបសម្រាប់ជនស៊ីវិល ប៉ុន្តែ​តុលា​ការ​​បានផ្តល់ការគាំទ្រជា​សហគមន៍​ដូចជាក្រុមជួយខ្លួនឯងជាជាងផ្តល់ការ​គាំទ្រលើការថែទាំសុខភាពផ្លូវចិត្តដោយ​ផ្ទាល់​សម្រាប់ដើមបណ្តឹងរដ្ឋប្បវេណី ឬជនស៊ីវិល​​។ ដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងសំណុំរឿងដំបូងរបស់សាលាក្តីខ្មែរក្រហមដែលបានបញ្ចប់ក្នុងឆ្នាំ២០១២ បានស្នើសុំសំណងជា​ការថែទាំសុខភាពផ្លូវចិត្ត​និង​ថ្នាំ​ដោយឥតគិតថ្លៃ ប៉ុន្តែអង្គជំនុំជម្រះបានច្រានចោលសំណើ​នេះ។
យោងតាមលោក Milan Jovančević ជា​មន្ត្រី​គ្រប់គ្រងកម្មវិធីនៃជំនួយអង្គការសហ​​ប្រជាជាតិសម្រាប់​ការជំនុំ​ជម្រះ​ក្តី​ខ្មែរក្រ​ហម (UNAKRT) ជាទីភ្នាក់ងារគ្រប់​គ្រងតុលាការកូនកាត់នេះ បានឱ្យដឹងថា សាលាក្តីក្នុង​រយៈពេល១៦ឆ្នាំនេះ បានដំ​​ណើរ​ការជាមួយ​នឹង​​ថវិកាចំនួន២៩០លានដុល្លារអាមេរិក ដែលផ្តល់ដោយប្រ​ទេសចំនួន៣០ និងសហភាពអឺរ៉ុប ជាមួយនឹងទឹកប្រាក់បន្ថែមចំនួន៦៨លានដុល្លារ​ទៀត​​ពីមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីចំណាយ​លើការខ្វះខាត​ក្នុងការស៊ើបអង្កេត ការជំនុំជម្រះ​ក្តី និងតំណាងផ្នែកច្បាប់ដើមបណ្តឹងរដ្ឋប្ប​វេណី​។
លោក Jovančević បានមាន​ប្រសាសន៍​ថា អង្គការសហប្រជាជាតិមិនដែលមានកាតព្វកិច្ចផ្តល់សេវា​ថែទាំសុខភាពផ្លូវចិត្តរយៈពេលវែងដល់អ្នករស់រានមានជីវិតនោះ​ទេ។
លោកមានប្រសាសន៍ថា៖ «ទាំង UNAKRT និង អ.វ.ត.ក. មិនមានអាណត្តិក្នុងការផ្តល់​សេវា​គាំពារ​សុខុមាលភាពសង្គម ឬសុខភាព​ផ្លូវចិត្តដល់សាធារណជនទូទៅនោះ​ទេ។ នេះ​​មិន​មែន​ជា​អ្វី​ដែល​តុលាការ​ធ្វើ ហើយ​ក៏​មិន​មែន​ជា​អ្វី​ដែល​ អ.វ.ត.ក. ​គ្រោង​នឹង​​ធ្វើដែរ»។
លោក​មាន​ប្រសាសន៍​ថា ជំនួស​មកវិញ ទីភ្នាក់ងាររបស់លោក​ផ្តល់មូលនិធិដល់កម្ម​វិធី​ផ្សព្វផ្សាយជាមួយអ្នករស់រានមានជីវិត និងសម្ភារៈអប់រំ ហើយ​ «គាំទ្រវត្ត​មាន​របស់អ្នកជំនាញសុខភាពផ្លូវចិត្តនៅក្នុងកម្មវិធី​ផ្សព្វផ្សាយ»។
អ.វ.ត.ក. បានបញ្ជាក់ថា បន្ទាប់ពីការបិទបញ្ចប់​មក​ គ្មាន​ប្រព័ន្ធតាមដានជាមួយដើម​បណ្តឹងរដ្ឋប្បវេណីសម្រាប់ការថែទាំសុខភាពឬសុខភាព​ផ្លូវចិត្តទេ។ លោក សុខ ហាំង​ឃាង តំណាង​របស់​សាលាក្តី​បាន​ថ្លែង​ថា ខណៈ​ដែល TPO មាន​មូលនិ​ធិ​មួយ​ចំ​នួន​សម្រាប់​គាំទ្រ​ដើម​បណ្ដឹង​រដ្ឋប្បវេណី ប៉ុន្តែ​ក៏​មិន​មាន​មូលនិធិ​បន្ត​ឬ​ត្រូវបាន​ធា​នានោះ​​ដែរ។
លោក ហាំងឃាង មានប្រសាសន៍ថា៖ «TPO មានគម្រោង ឬថវិកាផ្ទាល់ខ្លួន ដើម្បីគាំ​ទ្រដល់ដើមបណ្តឹងរដ្ឋប្បវេណីដែលមានបញ្ហាសុខភាពផ្លូវចិត្ត ប៉ុន្តែនឹងមិនមាន​មូលនិធិដែលត្រូវ​បាន​ធានាសម្រាប់សេវាដោយ​គ្មានទីបញ្ចប់នោះទេ​​»។
ម្ចាស់ជំនួយជាច្រើនបានផ្តល់ជំនួយផ្នែកសុខភាពផ្លូវចិត្តដល់ដើមបណ្តឹងរដ្ឋប្ប​វេណី​ក្នុងរយៈពេលជាច្រើនឆ្នាំ ប៉ុន្តែកម្មវិធីនេះមានពេល​កំណត់។
អង្គការ USAID ជា​ទីភ្នាក់ងារផ្តល់​ជំនួយបរទេសដែលបច្ចុប្បន្ន​លែងដំណើរការបានផ្តល់ប្រាក់ជិត ៩០០ ០០០​ដុល្លារដល់អង្គការ TPO និងអង្គការកសាងសន្តិភាពក្តីករុណា​ កាលពីឆ្នាំ​២០១៦​ សម្រាប់គាំទ្រ​ផ្នែក​សុខភាពផ្លូវចិត្ត ប៉ុន្តែកម្មវិធីរយៈ​ពេលបីឆ្នាំនេះ ផ្តោតលើកម្មវិធី​ព្យាបាលជាក្រុម និងការបណ្តុះបណ្តាល​អ្នកព្យា​បាល​ នេះបើយោងតាមគេហទំព័ររបស់អង្គការ​ TPO ។
ក្រោយមក អង្គការ USAID បានផ្តល់ថវិកាចំនួន ៥លានដុល្លារបន្ថែមទៀតនៅឆ្នាំ២០២១ ដល់មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-CAM) ដើម្បីស្រាវជ្រាវបញ្ហាសុខភាព​ដែលប៉ះពាល់ដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ការសិក្សាបានរកឃើញថា បញ្ហាសុខភាពផ្លូវចិត្តស្ថិតក្នុងចំណោមបញ្ហាចម្បង ដែលប៉ះពាល់ដល់អ្នក​រស់រានមានជីវិត ប៉ុន្តែពួកគេកម្រស្វែងរកជំនួយដោយសារតែបន្ទុកផ្នែកហិរ​ញ្ញ​វត្ថុ​​ក្នុងការព្យាបាលតាមវេជ្ជសាស្ត្រ​ ដោយ​ធ្វើ​​ត្រឹមតែ​ការណាត់ជួប​ព្យាបាលឬ​ផ្នែក​​ផ្លូវចិត្តប៉ុណ្ណោះ​។
អ្នកទស្សនានៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង អតីតមន្ទីរ​សន្តិសុខ​ (ស-២១) ដែលខ្មែរ​ក្រហមបាន​ធ្វើទារុណកម្ម និងសម្លាប់អ្នកទោស នៅ​រាជធានីភ្នំពេញ។ រូបភាព​៖ ម៉ិច ជូឡាយ /HaRDstories

គ្មាន​ការ​ពន្យល់​ច្បាស់​លាស់​

អ្នក​ស្រី សុចាន់ និង​អ្នក​ស្រី គឹមឈាន បានលើកឡើងថា ពួកគាត់​បានទទួលថ្នាំពីអង្គ​​ការ​ TPO Cambodia ដើម្បីជួយសម្រួល​ការ​​ចូលរួមរបស់​ពួកគាត់​ក្នុងដំណើរការ​ជំនុំជម្រះ​ និងការ​ផ្តល់​សំណងពេល​បន្ទាប់ ដែលបន្តរហូតដល់ឆ្នាំនេះ។
អ្នក​ស្រី គឹមឈាន បាននិយាយថា បន្ទាប់ពីអ្នកស្រី​ឈប់ធ្វើដំណើរទៅបើក​​ថ្នាំប្រ​ចាំ​​ខែ​មក​ អង្គការ TPO មិនដែលសួរពីមូលហេតុអ្វី​នោះទេ។ អ្នកស្រី​បានបាត់ទំនាក់ទំនង​ជាមួយ​អង្គការនេះ បន្ទាប់ពីអ្នកប្រឹក្សាយោបល់​បានឈប់​ពី​អង្គការ​នេះ​​។ អ្នកស្រីនិយាយថា៖ «គេធ្លាប់​ហៅខ្ញុំទៅជួប​នៅខេត្តពោធិ៍សាត់ និងបាត់​ដំ​បង​ពីរបីដង​ដែរ​ ប៉ុន្តែខ្ញុំប្រាប់គេថា ខ្ញុំមិនអាចចូលរួមបានទេ ព្រោះខ្ញុំឈឺ។ ខ្ញុំ​នៅតែ​​ផ្ទះ ហើយ​កូនស្រីខ្ញុំមើលថែខ្ញុំ»។
ចំណែក​អ្នកស្រី សុចាន់ បានបន្តប្រើថ្នាំព្យាបាល​ជំងឺធ្លាក់ទឹកចិត្តដែលផ្តល់ដោយអង្គការ​ TPO Cambodia រហូតដល់ដើមឆ្នាំនេះ។ នៅពេលដែលអ្នក​ស្រី​ដើរចូលទៅ​ក្នុងអង្គការ​ TPO ដើម្បី​ទទួល​ការណែនាំ​ប្រើ​ប្រាស់ថ្នាំ​ដូច​ធម្មតា ប៉ុន្តែ​អ្នក​ប្រឹ​ក្សាយោបល់​ម្នាក់បានប្រាប់អ្នកស្រី​ថា លែង​មាន​ថ្នាំផ្តល់​ឱ្យ​ដោយ​ឥតគិតថ្លៃទៀតហើយ​​។
អ្នក​ស្រី​​បាន​និយាយ​ថា៖​ «​ពួកគេ​បាន​និយាយ​ថា ​គម្រោង​ដែល​ធ្លាប់​ជួយ​ខ្ញុំ​ត្រូវ​បាន​បញ្ចប់ ហើយ​ពួកគេ​មិនដឹងថា ​ពេលណា​គម្រោងនេះ ​នឹង​ចាប់ផ្តើម​ម្តងទៀត​ទេ​»។ អ្នកស្រី​ទទួលបាន​ការពន្យល់អំពីគម្រោង ដែលបានផ្តល់មូលនិធិសម្រាប់​ថ្នាំព្យា​បាល​របស់​អ្នកស្រី​ ហើយវេជ្ជបញ្ជារបស់អ្នកស្រី ដែលត្រូវបានពិនិត្យដោយ HaRDstories មិនបាន​បញ្ជាក់ច្បាស់លាស់អំពីម្ចាស់ជំនួយ ឬកម្មវិធីណាមួយ​នោះ​​ទេ។​
លោកស្រី Eleonor Fernandez អតីតមេធាវីអន្តរជាតិសម្រាប់ដើមបណ្តឹងរដ្ឋប្ប​វេណី​​ចន្លោះឆ្នាំ២០០៩​ដល់​២០១៧​ បាននិយាយថា ដើមបណ្តឹងរដ្ឋប្បវេណីបានទទួល «ការព្យាបាលពិសេស» ដោយសារ​ការចូលរួមរបស់ពួកគេនៅក្នុង​សាលាក្តី និងតាមរយៈកម្មវិធី ដែលផ្តល់មូលនិធិដោយអ្នកផ្តល់ជំនួយបន្ថែម។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេ​ជាច្រើនប្រហែលជាមិនបានដឹងថា អត្ថប្រយោជន៍របស់ពួកគេ គ្រាន់តែជា​បណ្តោះអាសន្ននោះទេ បើទោះបីជា​មនុស្ស​មួយ​ចំនួន​ដូចជា​អ្នកស្រី សុចាន់ បាន​បន្តទទួល​ការ​គាំទ្រ​រហូតដល់ឆ្នាំនេះ​ក៏ដោយ​។
លោកស្រី​ Fernandez បាននិយាយថា "ពួកគេត្រូវបានព្យាបាលតាមរបៀបពិ​សេសជាយូរណាស់មកហើយ ហើយមនុស្សជាច្រើនទទួល​បាន​អត្ថប្រយោជន៍ជា​​យូរ​មកហើយ គឺ​រយៈពេលជាងដប់ឆ្នាំ ​ដែល​ពួកគេ គឺ​ជាផ្នែកមួយនៃដំ​ណើរ​ការ​នេះ​។ ប៉ុន្តែ​សាលាក្តី​មិន​មាន​គម្រោង​បន្ត​នៅទីនោះ​យូរ​ពេក​ទេ”​។
លោកស្រី​ Fernandez និយាយ​ថា ការទទួល​ខុសត្រូវ​សម្រាប់​ការ​បន្ត​គាំទ្រ​ផ្នែក​សុខ​ភាព​ផ្លូវចិត្ត​គួរតែ​ត្រូវ​បាន​ផ្ទេរ​ទៅ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ទាប់​ពី​សាលាក្តី​នេះ។
អ្នក​​ស្រី សុចាន់ យល់ថា អង្គការ​សហប្រជា​ជាតិ​និងម្ចាស់ជំនួយអន្តរជាតិគួរតែអាច​​រ៉ាប់រងលើការថែទាំសុខភាពផ្លូវចិត្តដល់ដើមបណ្តឹងរដ្ឋប្បវេណីអស់មួយជីវិត​។
អ្នកស្រី​មាន​ចម្ងល់​ថា៖ «តុលាការមានថវិកាច្រើន។ ខ្ញុំដឹងថា ពួកគេបានទទួលពីស្ថា​​ប័នអន្តរជាតិជាច្រើន។ ខ្ញុំ​ជឿ​ថា ​ឥឡូវ​នេះ​ ពួក​គេ​នៅ​មាន​ថវិកា​គ្រប់​គ្រាន់​ដើម្បី​​បន្ត​មើល​ថែ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ដូចជា​ពួក​យើង។ ដូច្នេះ ហេតុ​អ្វី​បាន​ជា​ពួក​​គេ​មិន​អាច​បន្ត​ជួយ​យើង​ទៀត?»។
 
ការ​ឈឺចាប់​ថ្មីដោយ​សារ​បណ្តាញសង្គម

ក្នុងចំណោមអ្នករស់រានមានជីវិតទាំងប្រាំមួយនាក់ ដែលបានផ្តល់​បទសម្ភាស​ដល់​ HaRDstories មាន ៥នាក់បាននិយាយថា ពួកគាត់​បានប្រាប់អង្គការ​ TPO ថា ពួកគាត់​មិនត្រូវការជំនួយណាមួយឡើយ ភាគច្រើនដោយសារតែអង្គការនេះ​បានអះអាងថា ថវិការបស់ខ្លួនតិច​ពេកមិន​អាច​គាំទ្រដើមបណ្តឹងរដ្ឋប្បវេណីបានទេ​​​។​​

អ្នកស្រី ហេង គុយលាង អាយុ៧០ឆ្នាំ បានឱ្យដឹងថា អ្នក​ស្រី​បានប្រើ​ថ្នាំ ដែល​ភាគ​ច្រើន​នៅពេលអ្នក​ស្រី​ចូលរួមពេល​ជំនុំជម្រះ​ ឬទៅទស្សនា​ទីកន្លែង​ដូចជា ស-២១ ជាអតីតពន្ធនាគារដែល​បានប្រែក្លាយជាសារមន្ទីរខ្មែរក្រហម​ក្នុងទីក្រុងភ្នំពេញ​។ អ្នកស្រី​បានឈប់លេបថ្នាំបន្ទាប់ពីអ្នកស្រី​ផ្តល់សក្ខីកម្មរួច​ ដោយនិយា​យ​ថា អ្នក​ស្រី​អាចព្យាបាលបញ្ហាសុខភាពរបស់​អ្នក​ស្រី​ជាមួយនឹងឱសថបុរាណខ្មែរ និងគ្រឿងស្រវឹងបាន​។

អ្នក​ស្រី​បាន​និយាយ​ថា៖ «TPO មិន​ដែល​សន្យា​អ្វីធំដុំ​​ទេ គ្រាន់​តែ​និយាយ​ថា គេ​អា​ណិត​យើង ព្រោះ​យើង​ក្រ និង​​មិន​អាច​ទិញ​ថ្នាំ​ខ្លួន​ឯង​បាន។ ហើយ​ពួកគេ​បាន​និយា​យ​ថា ​ថវិកា​របស់​ពួកគេ​មាន​កម្រិត ប៉ុន្តែ​ពួកគេ​នឹង​បន្ត​ជួយ​តាម​ដែល​អាច​ធ្វើ​​​ទៅបាន​»។

សំណងរបស់សាលាក្តីរួមមានកិច្ចខិតខំប្រឹងប្រែង ដើម្បីអប់រំយុវជនជំនាន់ក្រោយ​​តាមរយៈការ​ចងក្រង​ឯកសារ​តាម​របៀប​ឌីជីថល និងធនធានតាមអនឡាញ​អំពីខ្មែរក្រហម។ ប៉ុន្តែនៅពេលដែលព័ត៌មាន​ត្រូវ​បាន​គេដាក់បង្ហាញ​នៅលើប្រព័ន្ធ​អ៊ីន​ធឺណិត យ៉ាងហោចណាស់មាន​ដើមបណ្តឹងរដ្ឋប្បវេណីម្នាក់​បានរកឃើញថា សក្ខីកម្មរបស់ខ្លួន​ត្រូវបានគេប្រើប្រាស់មិន​ត្រឹមត្រូវ​ និងផ្សព្វផ្សាយ​ហួស​​ពីគោលបំណង​​ដើម​នៃសក្ខីកម្មនោះ​។

អ្នក​ស្រី ហុង សាវ៉ាត អាយុ ៦០ឆ្នាំ បានផ្តល់ចម្លើយ​ក្នុងសំណុំរឿងចំនួនពីរនៅ​សា​​លាក្តី​ ប៉ុន្តែមិនដែលរំពឹងថា នឹងឃើញរូប​ភាព​ខ្លួនឯងរៀបរាប់ពីបទពិសោធន៍ដ៏ឈឺចាប់បំផុតនេះ​នៅលើ TikTok និង Facebook នោះទេ។

អ្នកជិតខាងម្នាក់បានប្រាប់​រឿងនេះ​ដល់​អ្នក​ស្រី​ បន្ទាប់ពីចំណាំ​មុខអ្នក​ស្រី​ សាវ៉ាត បាន​នៅក្នុងវីដេអូមួយ​។ នៅពេលដែលអ្នក​ស្រី សាវ៉ាត ស្វែងរកមើល​ អ្នក​ស្រី​បាន​រកឃើញថា អ្នក​ស្រី​កំពុងនិយាយអំពីការដែល​ត្រូវ​គេ​រំលោភកាលពីនៅ​ក្មេង​ ហើយ​វីដេអូ​ត្រូវបានគេ​កែសម្រួល ដើម្បីផ្តោតលើតែអ្នក​ស្រី​ប៉ុណ្ណោះ ដោយមិន​មាន​និយា​យ​អំពី​បរិបទនៃការរៀបការដោយបង្ខំ ខ្មែរក្រហម ឬដំណើរការនៃ​តុលាការនោះទេ។

អ្នក​ស្រី​បាន​និយាយ​ថា៖​ «​ពេល​ខ្ញុំ​មើល​វីដេអូរួច​ ខ្ញុំ​មាន​អារម្មណ៍​​មិន​សប្បាយ​ចិត្ត​សោះ​​។ ខ្ញុំ​មិន​ដឹង​ថា ​អ្នក​ណា​បង្ហោះ​វីដេអូនេះ ​ហើយ​មាន​ចេតនា​អ្វី​ទេ»។ អ្នក​ស្រី​​មិន​បាន​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​ប្រើ​វីដេអូ​នេះ​ទេ ជាពិសេស​នៅ​ក្រៅ​បរិបទ​។ អ្នកស្រីបន្ថែមថា៖ «វាធ្វើ​ឱ្យ​មាន​ការ​ភាន់ច្រឡំ​ និងរំខានចិត្ត​ ហើយធ្វើឱ្យអ្វីៗមើលទៅគួរឱ្យភ័យខ្លាច»។

វីដេអូនេះ ត្រូវបានចែករំលែកដោយអ្នកបង្កើតមាតិកា «រកលុយតាមអនឡាញ​» ឬ​អ្នកប្រើប្រាស់អ៊ីនធឺណិត ដែលបង្ហោះ ដើម្បីទទួលបានប្រាក់ចំណូលពី​ប្រព័ន្ធផ្សព្វ​​ផ្សាយសង្គមផ្សេងៗ ឬអ្នកផ្សាយពាណិជ្ជកម្មឯកជន។

HaRDstories បានទាក់ទងទៅគណនីដ៏ពេញនិយមមួយ ដែលមានឈ្មោះថា “Eka” ដែលផ្សាយឡើងវិញនូវមាតិកា​ ដែល​មាន​អ្នក​ចូល​ទស្សនា​ច្រើន​​ ដើម្បីសាក​​សួរថា តើពួកគេនឹង​ធ្វើ​តាម​ការ​ស្នើ​សុំ​របស់អ្នកស្រី សាវ៉ាត​ ឱ្យ​លុបវីដេអូនេះចេញវិញ​​ដែរឬទេ។ Eka បាន​ច្រានចោល​សំណើ​នេះ។

ពួកគេបានសរសេរសារតាម​ Telegram ថា៖ «វីដេអូនេះមាននៅគ្រប់ទីកន្លែងរួច​ហើយ​​។ ប្រសិនបើអ្នកចង់ឱ្យដកវីដេអូនេះ​ចេញ ទាល់តែ​ដក​ចេញពីគ្រប់​ផេក​ទាំង​​អស់។​ មិនមែនដកចេញតែពីផេក​របស់ខ្ញុំទេ»។ អ្នក​ស្រី សាវ៉ាត ​បាន​បន្ត​ថា ការ​ឆ្លើយ​តប​នេះ​ មិន​ត្រឹម​តែ​​ខ្វះ​ការ​គោរព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើ​​ឱ្យ​អ្នក​ស្រី​​នឹកឃើញ​ការ​ឈឺចាប់​ឡើងវិញ​​។

អ្នក​ស្រី​បាន​និយាយ​​ថា៖ «ខ្ញុំ​មិន​ដឹង​ថា ​តើ អ.វ.ត.ក. អាច​ជួយ​ខ្ញុំ​ដោះ​ស្រាយ​​បញ្ហា​នេះ​​បាន​ឬ​អត់​ទេ ព្រោះ​ខ្ញុំ​លែង​​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​ទៀត​ហើយ​។ ម្យ៉ាង​វិញ​ទៀត ខ្ញុំ​មិន​ដែល​ឮ​ពី​ការ​គាំទ្រ​ណាមួយ​ចំពោះ​អតីត​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទេ។​ ដូច្នេះ​ ខ្ញុំ​ពិត​ជា​មិន​ដឹង​ទេ»។ អ្នកស្រី​​បាន​បន្ថែម​ថា អ្នក​ស្រី​មិន​ដឹង​ពី​របៀបដក​​​វីដេ​អូ​ទាំង​នេះ​ចេញ​ទេ ហើយ​វា​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​រួច​ហើយ។

ភ្លាមៗបន្ទាប់ពីដំណើរការកាត់ក្តីរួច​រាល់​ អ្នកស្រី​បានប្រាប់អង្គការ​ TPO ថា អ្នក​ស្រី​​លែងត្រូវការជំនួយផ្នែកសុខភាពផ្លូវចិត្តទៀតហើយ ដោយចង់កាត់​បន្ថយ​ការ​ចំណាយ​ប្រាក់របស់អង្គការ ដូច្នេះអង្គការ​នេះ អាចជួយដល់​អ្នករស់រានមានជីវិតផ្សេងទៀត។ ប៉ុន្តែការកេងប្រវ័ញ្ចតាម​ប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ ហាក់មិនធ្លាប់មានពីមុនមកទេ ហើយអ្នក​ស្រី​មិនដឹងថា ត្រូវធ្វើអ្វីបន្ទាប់ទៀតទេ។

អ្នកស្រី​​បាន​និយាយ​ថា៖​ «​ផេក​ទាំង​នេះ​បង្ហោះ​រឿង​របស់​ខ្ញុំ​ខុស ​ដើម្បី​តែ​កេរ្តិ៍ឈ្មោះ និង​លុយកាក់​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ប៉ុណ្ណោះ​​។ ពួកគេមិនខ្វល់ពីសេចក្តីថ្លៃថ្នូររបស់ខ្ញុំ ឬថា តើ​វីដេអូរបស់ពួកគេនឹង​នាំមកនូវភាពអាម៉ាស់ និងការរើសអើងបន្ថែមទៀត​​ដល់ខ្ញុំ និងគ្រួសាររបស់ខ្ញុំយ៉ាង​​ណាទេ»។

អ្នកស្រី​ ហុង សាវ៉ាត មក​ទស្សនា​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង ​ជា​​កន្លែង​ឃុំឃាំង​ដែល​គេហៅ​​ថា ​មន្ទីរ​​សន្តិសុខ ស-២១ ក្នុង​រាជធានី​ភ្នំពេញ។ រូបភាព​៖ ម៉ិច​ ជូឡាយ​ /HaRDstories

សហគមន៍ផ្តល់ការគាំទ្រដោយ​​ខ្លួនឯង​​

ដោយសារ​គ្មានធនធានច្បាស់លាស់សម្រាប់ការ​គាំទ្រ​សុខភាពផ្លូវចិត្ត អ្នករស់រាន​​មានជីវិតពីរបបខ្មែរក្រហម​មួយចំនួននៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសបង្កើតបណ្តាញផ្ទាល់ខ្លួន។

នៅពេលដែលអ្នក​ស្រី​ អានណែត ហួយ (Anneth Houy) ជនជាតិអាមេរិកដើមកំណើតខ្មែរ រស់នៅក្នុងទីក្រុងឈីកាហ្គោ​ រដ្ឋអ៊ីលីណយ​ បាននាំកូនប្រុសអាយុ១២ឆ្នាំរបស់គាត់មកលេង​ទីក្រុងភ្នំពេញកាលពីឆ្នាំមុន កូន​ប្រុស​របស់គាត់​ទទូចចង់ទៅទស្សនា​ពន្ធនា​គារ ស-២១ ដែលជាជំរំ​ពន្ធនាគារដ៏ឃោរឃៅបំផុតមួយនៅក្នុងចំណោម​ជំរុំ​ពន្ធនាគារ​ក្រោម​របបខ្មែរក្រហម។

អ្នក​ស្រី ហួយ កើត​ក្នុង​ជំរំ​​ជនភៀសខ្លួន​នៅ​ព្រំដែន​កម្ពុជា​ជាមួយ​ប្រទេស​ថៃ ហើយ​​បន្ទាប់​មកត្រូវ​​បាន​នាំ​ទៅ​សហរដ្ឋអាមេរិក​នៅ​អាយុ៧ឆ្នាំ។ ប្តី​របស់​អ្នកស្រី​​ឈ្មោះ ផូល​ ឆោម​ ជា​ក្មេង​​រស់រាន​មាន​​ជីវិត​ពី​របប​ខ្មែរ​ក្រហម។

អ្នក​ស្រី  ហួ​យ​ បាន​បន្ត​​ថា៖ «ដំបូង​ឡើយ ខ្ញុំ​មិន​ចង់​ត្រឡប់​ទៅ​វិញ​ទេ ប៉ុន្តែ​គាត់​​ចង់ទៅ​​រៀន។ ក្នុងនាមខ្ញុំជាម្តាយ ខ្ញុំមានអារម្មណ៏ថា វាសំខាន់ណាស់ក្នុងការអនុញ្ញាតឱ្យគាត់បាន​ឃើញ​ប្រវត្តិសាស្ត្រដោយ​ផ្ទាល់​ភ្នែក​»។

បទពិសោធន៍​ គឺ​​ក្តុក​ក្តួល​សម្រាប់​ពួកគាត់​​ទាំងពីរ។ អ្នក​ស្រីបាន​និយាយ​អំពី​អ្នក​នៅ​​រស់រាន​មាន​ជីវិត​ដែល​បាន​ចែក​រំលែក​សក្ខីកម្ម​របស់​គាត់​​​នៅ​សារមន្ទីរ​ជា​រៀង​រាល់​​ថ្ងៃនោះ ​ថា៖​ «ខ្ញុំ​បារម្ភ​ថា ​ពួកគាត់​​មាន​ការ​តក់ស្លុត​រាល់​ពេល​ដែល​ពួកគាត់​​និយា​យ​រឿង​រ៉ាវ​របស់​ពួកគាត់​ ជា​ពិសេស​ប្រសិនបើ​គ្មាន​អ្នក​ណាម្នាក់​គាំទ្រ​ពួកគាត់​​នៅ​ពេល​ក្រោយ​​»។

បន្ទាប់​ពី​ត្រឡប់មកដល់​ទីក្រុងឈីកាហ្គោវិញ អ្នក​ស្រី​និងលោក​ ឆោម ដឹកនាំគំ​និតផ្តួចផ្តើមជាច្រើន​ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នករស់រានមានជីវិតពីអំពើប្រ​ល័យពូជសា​សន៍​​នៅ​កម្ពុជា តាមរយៈសារមន្ទីរខ្មែរ​ និងសមាគមខ្មែរ​រដ្ឋអ៊ីលី​ណយ​។ កម្មវិធីរបស់ពួកគេក៏ជួយ​គាំទ្រ​ដល់​អ្នករស់រានមានជីវិតដែល​មាន​វ័យ​ចំណាស់​ដោយ​ផ្តល់​ថ្នាំនិង​ការ​ថែទាំសុខភាពផ្លូវចិត្តផងដែរ។

ពេលដែលលោក ឆោម ធ្វើដំណើរមកប្រទេសកម្ពុជានៅឆ្នាំនេះ ដែលជាដំណើរទស្សនកិច្ចលើកទី២របស់លោកតាំងពីកុមារភាពមកនោះ​ លោកបានឃើញជី​វភា​ព​រស់​នៅរបស់ប្រជាពលរដ្ឋ​មាន​ការអភិវឌ្ឍ​ ប៉ុន្តែព្រួយបារម្ភថា ប្រជាពលរដ្ឋ​កម្ពុជា​នៅតាមជនបទ មិនមានធនធាន ដើម្បីពិភាក្សាអំពីបទពិសោធន៍របស់ពួកគាត់ អំឡុង​របបខ្មែរក្រហម។

លោក ឆោម ​បាន​បញ្ជាក់​​ថា៖​ «ពេល​និយាយ​ដល់បញ្ហា​​សុខភាព​ផ្លូវចិត្ត ខ្ញុំ​មាន​អា​រម្មណ៍​ថា ​ប្រជាជន​ខ្មែរ​នៅ​បរទេស​និយាយ​ច្រើន​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​ជាង​អ្នក​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប្រជាជន​ក្នុង​ប្រទេស​កម្រ​ពិភាក្សា​អំពី​ប្រវត្តិសាស្ត្រ​ឈឺចាប់​​នេះ​ណាស់ គឺ​មិនមែន​តែ​សម័យ​ខ្មែរក្រហមទេ សូម្បី​តែ​សង្គ្រាម​​មុន​សម័យ​ខ្មែរក្រហម​​»។

តាមរយៈ​សារមន្ទីរ និង​វគ្គ​​ចែករំលែក​ក្នុង​សហគមន៍​រវាង​មនុស្ស​ចាស់​ និង​យុវជន​ជំនាន់​ក្រោយ ពួកគេ​ព្យាយាម​ជួយ​គាំទ្រ​ដល់​អ្នក​ដែល​កំពុង​ជួប​ការ​លំបាក​។

លោក ឆោម បាននិយាយ​ថា៖ «ដើម្បីជា​ការ​ព្យាយបាល​ពិតប្រាកដ យើងត្រូវមាន​ការ​សន្ទ​​នាអ​​ន្តរជំនាន់ ដែលមិនមែនគ្រាន់តែជាសៀវភៅ ឬមេរៀនប្រវត្តិសាស្ត្រនោះទេ​។​ យើងត្រូវបង្កើតកន្លែងសម្រាប់ការសន្ទនាពិតប្រាកដ។ នោះហើយជារបៀប​ដែល​យើងទម្លាយភាពស្ងៀមស្ងាត់។ នោះហើយជារបៀបដែលយើងចាប់ផ្តើមព្យាបាល​​យ៉ាងពិតប្រាកដ»។

ការព្យាបាលនៅទី​កន្លែងដ៏​ពិសិដ្ឋ

នៅក្នុងប្រទេសកម្ពុជា ទីតាំង​ប្រតិបត្តិ​សាសនាមួយចំនួនបានក្លាយជាកន្លែងព្យា​បាល​បែប​​លក្ខណៈ​ប្រមូលផ្តុំ​។ វត្ត​ភ្នំឆ្មា និងព្រះសង្ឃមួយ​អង្គ​ព្រះជន្ម​៧៥​ ព្រះ​វស្សា ដែលជាអ្នកមើលការខុសត្រូវ សុទ្ធតែ​ត្រូវបានប្រើប្រាស់​ដោយ​របបឃោរ​ឃៅ​នេះ​។ ឥឡូវ​នេះ ព្រះអង្គ​​ ទេស ឌីង កំពុង​ព្យាយាម​ព្យាបាល​អតីតកាល​ដ៏ឈឺ​ចាប់​​​របស់​ព្រះអង្គផ្ទាល់​ផង និង​របស់​វត្ត​ផងដែរ​។

ព្រះអង្គ ទេស​ ឌីង បាន​ត្រឡប់​មកកាន់​វត្ត​​ភ្នំ​ឆ្មា​វិញ​នៅ​ក្នុង​ឆ្នាំ២០២០ រយៈ​ពេល​ជិត៥០ ឆ្នាំ​ ​បន្ទាប់​ពី​ព្រះ​អង្គ​បាន​ចាក​ចេញ​ពីវត្តនេះ​កាល​នៅ​​វ័យ​ជំទង់។ ភ្លាមៗបន្ទាប់ពីព្រះ​អង្គ​លា​ចាក​សិក្ខា​បទកាល​នៅ​វ័យជំទង់ ព្រះ​អង្គ​ត្រូវបានបង្ខំឱ្យចូលរួម​​ជា​មួយ​​កងជីវពលខ្មែរក្រហម ដោយ​បាន​ឃើញការ​សម្លាប់​មនុស្ស​រាប់មិនអស់ និងត្រូវបានបង្ខំឱ្យ​រៀប​​ការផងដែរ​។

ព្រះអង្គ​មាន​សង្ឃដីកា​ប្រាប់ HaRDstories ថា៖ «ប្រសិនបើយើងបដិសេធបញ្ជា នោះ យើងឬក្រុមគ្រួសាររបស់យើងនឹងត្រូវប្រហារជីវិត។ ខ្ញុំ​មិន​បាន​សម្លាប់​នរ​ណា​​​​ម្នាក់​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​តាម​​បញ្ជា»។

ព្រះអង្គ ទេស ឌីង មាន​សង្ឃដីកា​​ថា មនុស្ស​ជាង ៤០០នាក់​ ត្រូវ​បាន​សម្លាប់ និង​រាប់​​រយ​នាក់ទៀត​ត្រូវ​​បាន​ធ្វើ​ទារុណកម្ម​នៅ​លើ​ទីតាំង​ព្រះពុទ្ធ​សាសនា​ដ៏​ពិសិដ្ឋនេះ​​។

ព្រះសង្ឃ ទេស ឌីង​ ពិនិត្យមើល​ផ្ទាំងគំនូរក្នុងចេតិយនៅវត្ត​ភ្នំឆ្មា ដែលពណ៌នាអំ​ពី​អំពើឃោរឃៅរបស់ខ្មែរក្រហម។ រូបភាព៖ ម៉ិច ជូឡាយ /HaRDstories

បន្ទាប់ពីដំណើរ​ការ​របស់​សាលាក្តី អង្គការក្តីករុណា ដែលជាអ្នកទទួលជំនួយពីទីភ្នាក់ងារ USAID បានឧបត្ថម្ភថវិកាពាក់កណ្តាលនៃថ្លៃ​ចំណាយសម្រាប់​ការ​សាងសង់​ចេតិយនេះ​ ចំណែក​ការ​ចំណាយ​ពាក់កណ្តាលទៀតត្រូវបានអ្នកភូមិរៃអង្គាស​​​។ វត្ត​ភ្នំ​ឆ្មា​​បាន​ក្លាយ​ជា​កន្លែង​សម្រាប់​ព្យាបាល​អ្នក​រស់រាន​មាន​ជីវិតពី​របបខ្មែរ​​ក្រហ​ម​ និងជា​កន្លែង​សម្រាប់​​ការ​ជួប​ជុំ។

ជាផ្នែកមួយនៃការព្យាបាលជំងឺផ្លូវ​ចិត្ត​ ព្រះអង្គ ទេស ឌីង​ ត្រូវ​ប្រ​ឈម​​មុខនឹងអ្នកនៅរស់រានមានជីវិត និងក្រុមគ្រួសារដែលមានទុក្ខព្រួយផ្សេងទៀត​ ជាដំណើរការ​ដ៏លំបាកមួយ។ ព្រះ​អង្គ​មាន​​សង្ឃដីកា​​ថា៖ «ទោះ​បី​ជាមាន​​ការ​ពន្យល់​ច្បាស់​លាស់​ក៏​ដោយ ក៏​មនុស្ស​ជា​ច្រើន​នៅ​តែ​មិន​អាច​អត់​ទោស​ឲ្យ​អតីត​ទាហាន​។ ពួកគេ​​ចាប់ផ្តើម​ខឹង​សម្បារ​ ហើយ​​នៅតែ​ទាម​ទារ​យុត្តិធម៌»។​

អ្នករស់រានមានជីវិតភាគច្រើនមានវ័យកាន់តែចាស់ ហើយព្រះអង្គ​ ទេស ឌីង​​ ជឿ​ថា សុខភាពរាងកាយរបស់ពួកគាត់​កាន់តែទ្រុឌទ្រោម​ជាងមុន ដោយសារតែស្ថាន​ភាពផ្លូ​វចិត្តរបស់ពួកគាត់​។ ចាប់តាំងពីសាលាក្តី​បានបិទបញ្ចប់​នៅឆ្នាំ២០​២២​ មានកម្មវិធី​រំលឹកខួប​ពីរ​បីលើក​នៅវត្ត​នេះ​ ប៉ុន្តែនៅពេលដែលអ្នកស្រាវ​ជ្រាវ និងអ្នកសារព័ត៌មាន​បរទេសមកទស្សនា ដើម្បីស្វែងយល់អំពីរបបខ្មែរក្រហម ព្រះ​អង្គ​ ទេស ឌីង មាន​សង្ឃដីកា​ថា ព្រះអង្គ​តែងតែប្រាប់ពួកគេឱ្យគិតពីសុខភាព​របស់អ្នករស់រានមានជីវិតដែល​នៅ​រស់​សល់​តិចតួច។

ព្រះអង្គមាន​សង្ឃដីកា​​​ថា៖​ «​​នៅ​សល់​មិន​ច្រើន​ទេសព្វ​​ថ្ងៃ​នេះ​ ហើយ​អ្នក​ដែល​នៅ​រស់​​មិន​អាច​រស់​បាន​យូរ​ទៀត​ទេ ​ព្រោះ​ពួកគាត់​ចាស់​ណាស់​ហើយ»។

ប៉ុន្តែព្រះអង្គ​ ទេស ឌីង​ បាន​​ឃើញថា ​​​ការ​ឈឺចាប់​​​ដែល​​មិនទាន់​​ត្រូវ​បាន​​ដោះស្រាយនេះ ​បន្ត​រាលដាល​មាន​ពេញ​សង្គម​កម្ពុជា។ ព្រះ​អង្គ​មាន​សង្ឃ​ដីកា​ថា ការឈឺ​ចាប់ដោយសារការធ្វើទារុណកម្ម ការបាត់បង់សមាជិកគ្រួសារ និងកំហឹងវិលវល់​​មិន​ទាន់​រលត់​ទៅណា​ឆ្ងាយ​ទេ។​ វាបង្ហាញតាម​រយៈ​​អំពើហិង្សាក្នុងគ្រួសារ អា​កប្ប​​​កិរិយាបែប​គឃ្លើន​ និង​គ្រួសារបែកបាក់។

ព្រះអង្គ​​មាន​សង្ឃដីកា​​ថា៖ «អាត្មា​គិត​ថា ឥទ្ធិពល​នៃ​របប​ខ្មែរ​ក្រហម​នៅ​តែ​ប៉ះពាល់​​ដល់​មនុស្ស​សព្វ​ថ្ងៃ​នេះ និង​សង្គម​យើង​ទាំង​មូល។ ការឈឺចាប់នៅតែបន្តប៉ះពាល់​ដល់​គ្រួសាររបស់ពួកគាត់​ បង្កជាជម្លោះ អំពើហិង្សាក្នុងគ្រួសារលើប្រពន្ធ និង​លើ​កូន និង​អាកប្បកិរិយាឃោរឃៅ។ មួយចំនួនក្នុងចំណោម​អ្នក​ទាំងនោះ ដែលធ្លាប់សម្លាប់​មនុស្សក្នុងរបបនេះ នៅតែមាន​អាកប្បកិរិយា​គឃ្លើនដល់​សព្វថ្ងៃនេះ»។

ព្រះអង្គ​មាន​សង្ឃដីកា​ថា កិច្ចប្រជុំផ្សះផ្សារវាងអតីតទាហានខ្មែរក្រហម និងជនរងគ្រោះ ដែលត្រូវ​បាន​លើកទឹកចិត្ត​ដោយ​សាលាក្តីនោះ​ មិនអាចដោះស្រាយអ្វីៗគ្រប់យ៉ាងបានទេ។ ទោះបីព្រះពុទ្ធសាសនាអាចជួយមនុស្សឱ្យមាន​ចិត្ត​ស្ងប់ ប៉ុន្តែ​ក៏មិនអាចដោះស្រាយបញ្ហាបានទាំងស្រុងដែរ។

ទោះបីជា​យ៉ាងណា​ ព្រះអង្គ​ ទេស ឌីង​ ជឿថា ដំណោះស្រាយមិនត្រូវ​ការ​ចំ​ណា​យ​ច្រើន​​ទេ។ ព្រះអង្គ​មាន​សង្ឃដីកាបន្ថែមថា៖ «វា​មិនចំណាយច្រើនទេ ក្នុង​ការបង្កើត​គម្រោង ដើម្បី​ជួយ​សម្រាលការឈឺចាប់ទាំង​ផ្លូវ​កាយ​និង​ផ្លូវចិត្តរបស់ពួកគាត់នោះ​​»៕​

រាយការណ៍ព័ត៌មានដោយ៖ កុល វិច្ឆិកា

ចំណាំ៖ អត្ថបទបកប្រែនេះត្រូវបានស្នើសុំចុះផ្សាយនៅសារព័ត៌មានខេមបូចា ដែលមានអត្ថបទដើមជាភាសាអង់គ្លេស link: After testifying against the Khmer Rouge, survivors face uncertain care

ព័ត៌មានថ្មី

អត្ថបទពេញនិយម