សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ក្រសួងសុខាភិបាលប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្ន និងមានវិធានការការពារសុខភាពពីវីរុសណូរ៉ូ

ក្រសួងសុខាភិបាល ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)
ក្រសួងសុខាភិបាល ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាសអំពីវិធានការ​ពារ​​សុខភាពពីជំងឺបង្កដោយវីរុសណូរ៉ូ «Norovirus» ដែលជាប្រភេទវីរុសម្យ៉ាងធ្វើឱ្យក្អួត និងរាក និងជំងឺដែលបណ្តាលមកពីអាហារ ដែលបង្កឱ្យមានជំងឺរលាកក្រពះស្រួចស្រាវរលាកក្រពះពោះវៀន។​

បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ដែលក្រសួងសុខាភិបាលបានដកស្រង់​មកឲ្យដឹងថា ជារៀងរាល់ឆ្នាំនៅលើសកលលោក មាន៦៨៥លានករណី បង្កដោយវីរុសណូរ៉ូ ស្លាប់ប្រមាណ ២០០ ០០០នាក់ ក្នុងនោះដែរ ២០០លានករណី កើតលើកុមារអាយុក្រោម៥ឆ្នាំ និងមានកុមារចំនួន ៥០ ០០០នាក់បានស្លាប់។

បើតាមក្រសួងសុខាភិបាល ការផ្ទុះរាតត្បាតនៃជំងឺបង្កដោយវីរុសណូរ៉ូ ភាគច្រើនកើតមាននៅប្រទេសមានរដូវត្រជាក់ កន្លែងមានការប្រមូលផ្ដុំ អាកាសធាតុត្រជាក់មេរោគរស់យូរ រដូវ​ត្រជាក់ធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយ។ បុគ្គលគ្រប់វ័យអាចឆ្លង និងឈឺដោយវីរុស​ណូរ៉ូ រោគសញ្ញាជាទូទៅ កើតមានចន្លោះពី១២ ទៅ ៤៨ម៉ោង បន្ទាប់ពីប៉ះពាល់ ឬប្រឈមនឹងវីរុសណូរ៉ូ។

តាមសេចក្ដីប្រកាសដដែល រោគសញ្ញាភាគច្រើនមាន រាក ក្អួត ចង្អោរ ចុកពោះ និងអាចមាន ក្តៅខ្លួន ឈឺក្បាល និងឈឺខ្លួន។ ភាគច្រើនជាសះស្បើយឡើងវិញ ក្នុងរយៈពេល ១ទៅ ៣ថ្ងៃ ប៉ុន្តែអាចចម្លងមេរោគទៅអ្នកដទៃបានក្នុងអំឡុង២សប្តាហ៍ ឬលើសបន្ទាប់ពីជាសះស្បើយ។

ក្រសួងបានបញ្ជាក់ថា ការបរិភោគអាហារសមុទ្រ ជាពិសេសអយស្ទ័រឆៅ អាចមានផ្ទុកវីរុស ហើយ កុមារអាយុក្រោម៥ឆ្នាំ មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ទំនងជាងាយរងគ្រោះធ្ងន់ធ្ងរពេលឆ្លងវីរុសប្រភេទនេះ។

ក្រសួងសុខាភិបាល លើកឡើងថា វីរុសណូរ៉ូ រីករាលដាលយ៉ាងងាយ និងរហ័សតាមវិធីផ្សេងៗ​គ្នាដូចជា ការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដែលមានវីរុសណូរ៉ូ ដូចជាការថែទាំអ្នកជំងឺ ការចែករំលែកអាហារ សម្ភារៈប្រើប្រាស់ និងទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកមានវីរុសណូរ៉ូជាពិសេសការពិសាអាហារ ទឹក ឬភេសជ្ជៈ ដែលមានមេរោគវីរុសណូរ៉ូ។

ដូច្នេះរបៀបដែលបង្ការនៃការចម្លង ក្រសួងលើកទឹកចិត្តឲ្យមានអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ សម្អាត និងសម្លាប់មេរោគលើផ្ទៃដែលមានមេរោគ និងចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ពិសេសអាហារសមុទ្រ ពីព្រោះមេរោគស្លាប់នៅសីតុណ្ហភាពលើសពី៦០អង្សាសេ​។

លោក លី សូវ៉ាន់ អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលបានប្រាប់ សារព័ត៌មានខេមបូចា ថាពាក់ព័ន្ធទៅនឹងជំងឺឆ្លងដោយវីរុសណូរ៉ូនេះ វាមិនបង្ករឲ្យគ្រោះថ្នាក់ដល់ជីវិតនោះទេ ប៉ុន្តែជំងឺមួយនេះអាចងាយរងគ្រោះថ្នាក់ទៅដល់កុមារអាយុក្រោមប្រាំឆ្នាំ និងទៅលើមនុស្សវ័យចាស់ ចាប់ពីអាយុ៦៥ឆ្នាំ។ លោកបន្តថា ដោយសារនៅក្នុងវ័យនេះមានប្រព័ន្ធភាពស៊ាំរបស់រាងកាយខ្សោយ ដែលបង្ករឲ្យរាក និងក្អួតច្រើន ដែលបណ្តាលឲ្យខ្សោះជាតិទឹក រីឯក្នុងការព្យាបាលត្រូវការបំពេញជាតិទឹក។

លោកប្រាប់ថា វិធានការការពារគឺគ្មានអ្វីក្រៅពីអនាម័យខ្លួនប្រាណមុននឹងចេញបន្ទប់ទឹកជាមួយនឹងសាប៊ូ  ចំណែកបរិភោគអាហារត្រូវការចម្អិនឲ្យឆ្អិន និងពិសារទឹកឆ្អិនឲ្យបានច្រើនក្នុងកំឡុងរដូវធ្លាក់ត្រជាក់មួយនេះ។

លោកបានប្រាប់ថា រីឯប្រទេសកម្ពុជាវិញមិនទាន់មានការរកឃើញអ្នកដែលឈឺដោយវីរុសណូរ៉ូនៅឡើយទេ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបន្តតាមដានស្ថានភាព។

លោកមានប្រសាសន៍ថា៖ «នាយកដ្ឋានក៏សំណូមពរដែលក្នុងគ្រួសារ ឬមួយក៏ក្នុងសហគមន៍នៅក្នុងកន្លែងធ្វើការហ្នឹង […]ដែលមានករណីរាក រូសទៅកើតជាបណ្តុំច្រើនគ្នាសូមរាយការណ៍ជាបន្ទាន់ទៅមណ្ឌលសុខភាព ពេទ្យដែលនៅជិតបំផុត ឬក៏មកប្រព័ន្ធ១១៥ ដើម្បីក្រុមអង្កេតស្រាវជ្រាវចុះទៅ»

លោក ទុំ វីរ៉ា នាយកប្រតិបត្តិ​អង្គការ​មនុស្ស​ចាស់​កម្ពុជា យល់ឃើញថា ក្រសួងសុខាភិបាលបានចេញវិធានការមួយនេះជារឿងមួយដែលល្អក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ។ យ៉ាងណាមិញ លោកប្រាប់ថា ជំងឺមួយនេះជាជំងឺថ្មីមួយដែលត្រូវតែមានចំណាត់ការផ្សព្វផ្សាយឲ្យបានទូលំទូលាយជាពិសេសទៅកាន់វ័យមនុស្សចាស់។

លោកមានប្រសាសន៍ថា៖ «យើងនឹង take action[ចាត់វិធានការ]តាមរយៈការខលផ្តល់ព័ត៌មានបបន្តនឹងតាមបណ្តាញមនុស្សចាស់កម្ពុជាដែលយើងមានសមាជិក សមាជិកានៅក្នុងខេត្តចំនួន១៤ក្នុងប្រទេសកម្ពុជាយើង និងបន្តចែករំលែកព័ត៌មាននឹងមនុស្សចាស់បន្ថែមទៀត»

លោក ឈន សាម៉េត គណៈកម្មការបណ្តាញសមាគមមនុស្សវ័យចាស់កម្ពុជា បានប្រាប់ ខេមបូចា ថា ពាក់ពន្ធ័រឿងមានការព្រួយបារម្ភដោយសារតែជាប្រភេទជំងឺឆ្លងដោយវីរុសថ្មីនឹងត្រូវការប្រុងប្រយត្ន័ខ្ពស់ផងដែរ ។

ទន្ទឹមនឹងនេះក្នុងនាមលោកតំណាងសមគមមនុស្សចាស់ចង់ស្នើដល់ក្រសួងសុខាភិបាលផ្សព្វផ្សាយពាក់ព័ន្ធទៅនឹងជំងឺឆ្លងមួយនេះឲ្យបានទូលំទូលាយ ដើម្បីឲ្យមនុស្សវ័យចាស់ទូទៅទទួលដឹងវិធានការនៃវីរុសមួយនេះ។

លោកបានថ្លែងថា៖ «សូមឲ្យក្រសួងជួយផ្សព្វផ្សាយតាមប្រព័ន្ធ[សង្គម] ឲ្យបានទូលំទូលាយផង ពេទ្យបង្អែកនឹងមណ្ឌលសុខភាព ផ្សព្វផ្សាយបន្ថែមផងដោយសារមនុស្សចាស់មិនប្រាដកថា​មានស្មាតហ្វូត [ទូរស័ព្ទ] ទទួលដំណឹងភ្លាមៗទេ ទាល់តែមនុស្សចាស់ហ្នឹងធ្លាប់ប្រើទូរសព្ទ»

លោក សាម៉េត យល់ឃើញថា មនុស្សវ័យចាស់ គឺពិបាកទទួលបានព័ត៌មាននៅក្នុងបណ្តាញសង្គម មានការផ្សព្វផ្សាយពីថ្នាក់ភូមិ-ឃុំ ដើម្បីឲ្យពួកគាត់ដឹងព័ត៌មានបានគ្រប់ជ្រុងជ្រោយ ។

ជាអាណាព្យាបាលមួយរូបអ្នកស្រី កែវ សុមាលី  អាយុ៣៩ឆ្នាំ រស់នៅទីក្រុងភ្នំពេញបានឲ្យដឹងថា អ្នកស្រីមានការព្រួយបារម្ភអំពីការលេចចេញនូវជំងឺ ឬវីរុសប្លែកៗ ដែលបញ្ហាទាំងនេះតិចឬច្រើនវានឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន  ជាពិសេស គឺសុខភាពសាធារណៈ។

អ្នកស្រី សុមាលី បន្តថា ដោយសារតែអ្នកស្រីមានកូនស្រីអាយុជាង៣ខួប អ្នកស្រីក៏ភ័យព្រួយចំពោះការរីករាលដាលនៃវីរុសឈ្មោះ «ណូរ៉ូ» នេះផងដែរ ដោយសារតែកូនអ្នកស្រីនៅតូច ហើយប្រសិនក្នុងករណីប្រជាពលរដ្ឋមិនបានដឹងច្បាស់អំពីវិធីការពារ ឬប្រុងប្រយ័ត្នទេនោះ វានឹងធ្វើឲ្យមានការឆ្លងបន្តគ្នាជាមិនខាន។

អ្នកស្រី សុមាលី និយាយថា៖ «ខ្ញុំសំណូមពរក្រសួងឲ្យផ្ដល់ព័ត៌មាន និងថ្នាំព្យាបាល ការការពារ​។ មិនទាន់ដឹងអីផងចេញជំងឺថ្មីមកទៀតហើយ ដល់តែពេលចឹងការងារក៏ស្ងាត់ សេដ្ឋកិច្ចកំពុងតែពិបាកផង»

សូមជម្រាបជូនថា ប្រទេសកម្ពុជាធ្លាប់ឆ្លងរាលដាលដោយជំងឺកូវីដ-១៩ នៅក្នុងកំឡុងឆ្នាំដើមឆ្នាំ២០២០មក ហើយមានការប្រសើរឡើងវិញនៅចុងឆ្នាំ ២០២១ ។ បើយោងតាមក្រសួងសុខាភិបាល កម្ពុជា​មាន​កំណត់ត្រា​ករណី​​ឆ្លង​ជំងឺ​កូវីដ-១៩​  គឺមានជាងរ១០ម៉ឺននាក់​ និងមានអ្នកស្លាប់ជាង៣ពាន់នាក់។

បើយោងតាមអង្គការសហប្រជាជាតិលើកឡើងថា ការរាតត្បាតនៃជំងឺកូវីដ១៩ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មកាត់ដេរនៅកម្ពុជា។ ការរាតត្បាតជាសកលនេះ នាំឲ្យមានរោងចក្រជាច្រើនបិទទ្វារ និងមានការផ្អាក និងព្យួរការងារកម្មកដោយពុំបានទទួលប្រាក់ឈ្នួលដែលបង្កផលប៉ះពាល់ដល់ជីវិត និងជីវភាពរបស់កម្មករក្នុងវិស័យកាត់ដេរប្រមាណ ៩០០ ០០០នាក់៕

234 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម